កម្លាំងកងទ័ពសម្ព័ន្ធមិត្តចំនួនជាង ១ម៉ឺននាក់ មកពី៣០ប្រទេសបានត្រៀមខ្លួនចូលរួមធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិកនៅក្នុងប្រទេសថៃ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ រហូតទៅដល់ថ្ងៃទី១០ខែមីនាខាងមុខ។ សមយុទ្ធយោធាទ្រង់ទ្រាយធំនេះជាការហ្វឹកហាត់ការជួយសង្គ្រោះមនុស្សធម៌ ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយ។
កម្ពុជានឹងបញ្ជូនកងទ័ពទៅចូលរួមសមយុទ្ធយោធាជាមួយប្រទេសអាស៊ាន និងកងទ័ពសម្ព័ន្ធមិត្តមកពីជាង៣០ប្រទេសដែលគ្រោងនឹងរៀបចំឡើងដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសថៃនៅអំឡុងចុងខែកុម្ភៈខាងមុខនេះ។
អគ្គសេនាធិការកងទ័ពថៃលោក ធិតធីឆៃ ធានថង (Thitichai Tianthong) ដែលបានធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃលោក រ៉ូបឺត អេហ្វ ហ្គោដិចស៍ (Robert F Godec) កាលពីថ្ងៃទី៦ ខែកុម្ភៈ ថា បណ្ដាប្រទេសដែលនឹងចូលរួមសមយុទ្ធយោធាដ៏ធំ នៅប្រទេសថៃមានកម្ពុជា ឡាវ (Laos) វៀតណាម (Vietnam) ប្រុយណេ (Brunei)អាល្លឺម៉ង់ (Germany) ស្វីស (Sweden) ក្រិក (Greece) គុយវ៉េត (Kuwait) ស្រីលង្កា (Sri Lanka) ប្រេស៊ីស (Brazi) និងប៉ាគីស្ថាន (Pakistan) ព្រមទាំងប្រទេសនៅអឺរ៉ុប អាស៊ីបូព៌ានិងអាស៊ីប៉ាស៊ីហ្វិកជាច្រើនទៀត។
សមយុទ្ធយោធាដ៏ធំនេះ ក៏នឹងមានកងទ័ពមកពីប្រទេសសំខាន់ៗនៅក្នុងតំបន់អាស៊ីបូព៌ាដូចជាជប៉ុន(Japan) កូរ៉េខាងត្បូង (South Korea) តំបន់អាស៊ីអាគ្នេយ៍មានថៃ (Thailand) ម៉ាឡេស៊ី(Malaysia)សិង្ហបុរី (Singapore) ឥណ្ឌូណេស៊ី (Indonesia) នឹងចូលរួមហាត់សមប្រយុទ្ធលើវិញ្ញាសាចំនួន ៥ ដូចជាការចុះចត ការលោតឆ័ត្រយោង យុទ្ធសាស្ត្រ ការបាញ់នៅលើដី និងពីលើអាកាសព្រមទាំងសង្គ្រាមតាមអ៊ីនធឺណិត។ សមយុទ្ធក៏មានហ្វឹកហាត់ពីការធ្វើជំនួយមនុស្សធម៌ ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយដោយមានការចូលរួមពីនាវាចម្បាំង(USS Somerset ) និងនាវា(USS Miguel Keith)របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកផង។
កាសែតបាងកកប៉ុស្តិ៍ (Bangkok Post) បានដកស្រង់សំដីអ្នកនាំពាក្យក្រសួងការពារជាតិថៃ មកផ្សាយកាលពីថ្ងៃទី៤ ខែកុម្ភៈ ថា សមយុទ្ធនេះនឹងធ្វើឡើងនៅក្នុងខេត្តលុបបូរី (Lopburi) ខេត្តច័ន្ទបូរី (Chanthaburi) ខេត្តស្រះកែវ (Sa Kaeo)ខេត្តរ៉ាក់យ៉ង (Rayong) និងតំបន់ឈូងសមុទ្រថៃ ជាប់គ្នានិងព្រំដែនកម្ពុជា។
ជុំវិញរឿងនេះ មន្ត្រីគណបក្សនយោបាយ និងអ្នកវិភាគខ្លះយល់ថា បើទោះបីជាសមយុទ្ធយោធាដ៏ធំសម្បើមនេះប្រកាសថា ធ្វើឡើងដើម្បីឆ្លើយតបការងារមនុស្សធម៌ និងសង្គ្រោះនៅពេលមានគ្រោះមហន្តរាយក៏ដោយក៏អាចជាយុទ្ធសាស្ត្រដើម្បីត្រៀមខ្លួនទប់ទល់ និងការវាតទីភូមិសាស្ត្រនយោបាយរបស់ចិននៅក្នុងតំបន់ដែរ។
អ្នកជំនាញប្រឹក្សាយោបល់ផ្នែកផ្នត់គំនិត និងការសិក្សាស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍ថា ជាច្រើនឆ្នាំមកហើយបណ្ដាប្រទេសអាស៊ានមួយចំនួន មានជម្លោះដែនសមុទ្រចិន ភាគខាងត្បូងជាមួយនឹងប្រទេសចិន។ ដូច្នេះសមយុទ្ធយោធានេះអាចពាក់ព័ន្ធនឹងការត្រៀមទប់ទល់ការវាតទីភូមិសាស្ត្រនយោបាយចិន។
លោក សេក សុជាតិ៖ «គេអាចនឹងសិក្សាអំពីតំបន់មួយចំនួនដែលនៅព្រំដែនជាប់ និងប្រទេសថៃដូចជាតំបន់នៅក្នុងខេត្តកោះកុងដែលមានព្រលានយន្តហោះមួយដែលបង្កើតឡើងថ្មីៗដោយក្រុមហ៊ុនវិនិយោគចិនអីជាដើម។ ដូច្នេះវាសុទ្ធតែមានការពាក់ព័ន្ធហើយតម្រូវឱ្យប្រទេសដែលមិនទាន់មានភាពច្បាស់លាស់ចំពោះកម្ពុជាជាមួយចិនហ្នឹង ត្រូវធ្វើកិច្ចការជាច្រើនតាមគ្រប់រូបភាពដែលអាចធ្វើទៅបានក្នុងនោះក៏អាចធ្វើសមយុទ្ធដើម្បីបង្ហាញឱ្យឃើញ ឬក៏ត្រៀមខ្លួនដើម្បីទប់ស្កាត់បញ្ហាណាមួយដែលអាចកើតឡើងនៅពេលខាងមុខផងដែរ»។
ស្រដៀងគ្នានេះដែរ អ្នកសិក្សាកិច្ចការសង្គម និងនយោបាយលោក ប៉ោ មករា យល់ថា ដោយសារតែបច្ចុប្បន្នកម្ពុជាបង្ហាញភាពមិនច្បាស់លាស់ជុំវិញរឿងទំនាក់ទំនងយ៉ាងជិតស្និទជាមួយប្រទេសចិនដូចជាការសាងសង់មូលដ្ឋានកងទ័ពជើងទឹកនៅសមុទ្ររាម គំរោងជីកព្រែកហ្វូណន ជាដើមធ្វើឱ្យបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (ASEAN)ខ្លះព្រមទាំងអាស៊ីប៉ាស៊ីហ្វិក(Asia Pacific) ព្រួយបារម្ភអំពីការវាតទីភូមិសាស្ត្រនយោបាយរបស់ចិនទៅក្នុងតំបន់។
លោក ប៉ោ មករា៖ «យើងឃើញយុទ្ធសាស្ត្ររបស់ចិនដែលតែងតែធ្វើ(BRI)ឬជាប្រព័ន្ធសេដ្ឋកិច្ចមួយរបស់ចិនហើយក៏ជាផ្លូវរបស់ចិនដែរ។ ពាក់ព័ន្ធនឹងបញ្ហាកំពង់ផែទឹកជ្រៅ យើងឃើញមាននៅ ៤ប្រទេសដូចជាប្រទេសណាជីប៊ូទី(Naji Buti)ហើយចំណែកកម្ពុជាវិញកំពង់ផែក៏ប្រហាក់ប្រហែលនិងNaji Butiដែរ។ ហើយពីរទៀតគឺនៅស្រីលង្កា(Sri Lanka)នៅប្រទេសប៉ាគីស្ថាន(Pakistan)ហើយចុងក្រោយគឺមានប្រទេសភូមាដែលកំពុងរៀបចំចរចាក្នុងការកសាង។ បញ្ហាទាំងអស់នេះហើយ វាគឺយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយចិនដែលធ្វើ និងវាតទីក្តោបសេដ្ឋកិច្ចរបស់ខ្លួនឯងដើម្បីប្រជែងជាមួយសហរដ្ឋអាមេរិកនោះ»។
វិទ្យុអាស៊ីសេរីមិនអាចសុំការអធិប្បាយដើម្បីឆ្លើយតបបញ្ហាទាំងនេះពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បាននៅឡើយទេ នៅថ្ងៃទី៧ ខែកុម្ភៈ ដោយសារតែទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។
ក៏បុន្តែនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ធ្លាប់បានបដិសេធនៅក្នុងពិធីអបអរខួប ២៥ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកកាលពីថ្ងៃទី២៤ ខែមករា កន្លងទៅថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនហើយក៏មិនមានកងទ័ពរបស់ខ្លួននៅលើទឹកដីប្រទេសណាមួយដែរ។
លោក ហ៊ុន ម៉ាណែត៖ «លើកលែងតែនៅក្រោមឆ័ត្រ របស់អង្គការសហប្រជាជាតិដែលកម្ពុជាមានកងទ័ពនៅក្រៅប្រទេស។ ដូច្នេះកម្ពុជាធ្វើទំនើបកម្មកងទ័ព និងកងកម្លាំងប្រដាប់អាវុធ គឺមិនត្រឹមការពារជាតិការពារបូរណភាពទឹកដីសុខសន្តិភាពផ្ទាល់ខ្លួនទេ ប៉ុន្តែក៏បង្កើនសមត្ថភាពចូលរួមក្នុងការថែរក្សាសន្តិភាពស្ថិរភាពនៅក្នុងតំបន់ និងនៅលើពិភពលោកផងដែរ»។
បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឆ្លើយបដិសេធយ៉ាងនេះក្តី ក៏កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ គេឃើញនាវាចំបាំងរបស់ចិនចំនួន ២គ្រឿងធ្លាប់បានចូលទៅចត នៅក្នុងមូលដ្ឋានកងទ័ពជើងទឹកកម្ពុជាសមុទ្ររាម ហើយជាញឹកញាប់យោធាកម្ពុជាតែងធ្វើសមយុទ្ធយោធាជាមួយប្រទេសចិន ក៏ប៉ុន្តែកម្ពុជាមិនដែលចូលរួមធ្វើសមយុទ្ធយោធាជាមួយនឹងប្រទេសមហាអំណាចសេរីដូចជាសហរដ្ឋអាមេរិកឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។