និន្នាការ «អតិផរណាឧកញ៉ា» ឬការកើនឡើងចំនួនបុគ្គលអ្នកមានលុយមានអំណាចខ្មែរដែលទទួលបានគោរមងារជា «ឧកញ៉ា» ហើយយកងារនេះទៅកាងអំណាចឲ្យអ្នកធំដើម្បីប្រព្រឹត្តទង្វើខុសច្បាប់ កំពុងចោទជាបញ្ហាជុំវិញការធ្លាក់ចុះគុណតម្លៃនៃងារនេះនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន។
អ្នកវិភាគនយោបាយឥតសំចៃមាត់ដែលបច្ចុប្បន្នកំពុងរស់នៅប្រទេសហ្វាំងឡង់ (Finland) លោក គឹម សុខ និយាយថា បុគ្គលមួយចំនួនកំពុងតែធ្វើឲ្យគោរមងារជាឧកញ៉ាលែងមានតម្លៃនៅក្នុងសង្គមខ្មែរ។ លោកថា បុគ្គលទាំងនោះ ជាជាងផ្តល់វិភាគទានជួយសង្គម ភាគច្រើន ទទួលបានងារនេះតាមរយៈបក្សពួកសែស្រឡាយ ហើយយកងារនេះទៅប្រើប្រាស់ដើម្បីការពារផលប្រយោជន៍អាជីវកម្មឲ្យពួកអ្នកមានអំណាច៖ « ដូច្នេះ គឺជាគម្រូអាក្រក់ណាស់សម្រាប់សង្គមជាតិយើង ហើយកាលណាមានឧកញ៉ាប្រភេទហ្នឹង គឺបង្ហាញអំពីការដឹកនាំសង្គមធ្លាក់ចុះទាបធ្ងន់ធ្ងរមែនទែនដែលប្រជាពលរដ្ឋតែងតែនិយាយថា ឥឡូវហ្នុង តួនាទីដែលធ្លាក់អន់ខុសច្បាប់ជាងគេ គឺនាយករដ្ឋមន្ត្រី ហើយងារដែលធ្លាក់ថោកជាងគេ គឺឧកញ៉ា ចំណែកឯបទដែលល្បីល្បាញជាងគេ មិនមែនបទលោក ស៊ិន ស៊ីសាមុត ឬ បទលោក ព្រាប សុវត្ថិ ទេ គឺបទញ៉ុះញ៉ង់ »។
រីឯអ្នកវិភាគនយោបាយមួយរូបទៀត គឺបណ្ឌិត មាស នី លោកចោទជាចម្ងល់ជុំវិញប្រភពលុយកាក់របស់បុគ្គលនីមួយៗមុននឹងទទួលបានគោរមងារជាឧកញ៉ាពីរដ្ឋាភិបាល។ លោកឆ្ងល់ថា តើរដ្ឋាភិបាលមានបានពិនិត្យពិច័យបញ្ហានេះឲ្យបានហ្មត់ចត់ដែរឬទេ ដើម្បីចៀសវាងកុំឲ្យមានការរិះគន់ពីការឃុបឃិតជាមួយនឹងឧកញ៉ាដែលមានប្រវត្តិរកស៊ីទុចរិត៖ « ដូច្នេះបើសិនណាជាឧបមាថា ខ្ញុំបានងារជាឧកញ៉ា ប៉ុន្តែ ខ្ញុំបានលុយតាមរយៈការលាងលុយកខ្វក់ ឬក៏ខ្ញុំរកស៊ីជួញដូរគ្រឿងញៀន ឬមួយក៏ខ្ញុំរកស៊ីកាប់ឈើខុសច្បាប់ ហើយខ្ញុំយកលុយដើម្បីជូនទៅរដ្ឋដើម្បីឲ្យបានគោរមងារឧកញ៉ា។ អញ្ចឹង ថាតើអាចមានន័យថា រដ្ឋាភិបាលក៏បានឃុបឃិតជាមួយនឹងខ្ញុំខ្លួនឯងដែលខ្ញុំរកស៊ីអាក្រក់ ហើយខ្ញុំរកលុយហ្នឹងមកបង់ឲ្យរដ្ឋវិញ។ អានេះ គឺសុទ្ធសឹងតែជាចំណោទដែលទាក់ទងនឹងសីលធម៌អាជីពរបស់ឧកញ៉ា »។

ការលើកឡើងរបស់អ្នកវិភាគនយោបាយបែបនេះកើតមានឡើងស្របពេលដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៩ ខែមេសា បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងដើម្បីសិក្សារៀបចំលិខិតបទដ្ឋានផ្លូវច្បាប់សម្រាប់ការគ្រប់គ្រង ការផ្តល់ និងការដកហូតគោរមងារ «ឧកញ៉ា»។
គិតត្រឹមយប់ថ្ងៃទី១៨ ខែឧសភា អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក មាស សុខសេនសាន នៅមិនទាន់ឆ្លើយតបនឹងសំណួររបស់វិទ្យុអាស៊ីសេរី តាមបណ្តាញសង្គមតេឡេក្រាម (Telegram) ជុំវិញចម្ងល់ទាក់ទងនឹងការពិនិត្យពិច័យលើប្រភពលុយរបស់បុគ្គលនីមួយៗ មុននឹងរដ្ឋាភិបាលសម្រេចផ្តល់គោរមងារជាឧកញ៉ាឲ្យដល់ពួកគេ និងថា តើជាមធ្យមក្នុងមួយៗឆ្នាំៗ រដ្ឋទទួលបានថវិកាសរុបប៉ុន្មានជាថ្នូរនឹងការផ្តល់គោរមងារឧកញ៉ានេះ។
រីឯ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន វិញ លោកធ្លាប់វិទ្យុអាស៊ីសេរីថា ការយកគោរមងារជាឧកញ៉ានេះ ទៅប្រព្រឹត្តទង្វើខុសច្បាប់មិនបានធ្វើឲ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល និងព្រះមហាក្សត្រនោះទេ ព្រោះជាករណីបុគ្គល។
កន្លងទៅ ព័ត៌មានពិតប្រាកដអំពីចំនួនបុគ្គលសរុបដែលមានងារជា «ឧកញ៉ា» ឬ «អ្នកឧកញ៉ា» និងថវិកាប្រមូលបានពីការផ្តល់គោរមងារនេះ មិនត្រូវបានរដ្ឋាភិបាលប្រកាសឲ្យដឹងជាសាធារណៈប្រកបដោយតម្លាភាពនៅឡើយទេ។ ប៉ុន្តែ ផ្អែកតាមការស្រាវជ្រាវក្រៅផ្លូវការនានា គិតរហូតមកទល់ពេលនេះ អ្នកដែលមានងារជាឧកញ៉ាអាចមានមិនតិចជាង ១ពាន់នាក់ឡើយ។ ចាប់ពីឆ្នាំ១៩៩៤មក ក្រោយកម្ពុជាបានរៀបចំការបោះឆ្នោតប្រកបដោយលក្ខណៈប្រជាធិបតេយ្យជាលើកដំបូងតាមរយៈអង្គការសហប្រជាជាតិ សប្បុរសជនដែលផ្តល់អំណោយដល់រដ្ឋចាប់ពី ១០ម៉ឺនដុល្លារឡើងទៅ អាចនឹងត្រូវបានរដ្ឋាភិបាលតែងតាំងជាឧកញ៉ា។ ក៏ប៉ុន្តែ ក្រោយមក នៅឆ្នាំ២០១៧ តម្លៃគោរមងារជាឧកញ៉ានេះបានកើនឡើង ៥ដង គឺតម្រូវឲ្យសប្បុរសជនផ្តល់អំណោយដល់រដ្ឋចាប់ពីកន្លះលានដុល្លារឡើងទៅទើបអាចត្រូវរដ្ឋាភិបាលតែងតាំងជាឧកញ៉ាបាន។

បណ្ឌិត មាស នី សាទរសេចក្តីសម្រេចរបស់រដ្ឋាភិបាលក្នុងការបង្កើតក្រុមការងារអន្តរក្រសួងដើម្បីគ្រប់គ្រងបញ្ហានានាពាក់ព័ន្ធនឹងគោរមងារឧកញ៉ានេះ។ លោកជំរុញឲ្យរដ្ឋាភិបាលគិតគូរ និងពិនិត្យពិច័យមើលលក្ខណៈសម្បត្តិ ប្រវត្តិរូប ប្រភពលុយ មុននឹងសម្រេចផ្តល់ងារជាឧកញ៉ានេះ៖ « រឿងសំខាន់គឺ ទីមួយ ត្រូវពិនិត្យទៅលើលក្ខណៈសម្បត្តិ ហើយនឹងប្រវត្តិរូប យើងហៅថា មានប្រវត្តិរូបសុចរិតត្រឹមត្រូវ។ ទីពីរ ត្រូវពិនិត្យមើលអំពីប្រភពលុយ ហើយទីបី ត្រូវយន្តការនៃការផ្តល់ងារនេះក៏ត្រូវសូមឲ្យមានយន្តការដែលមានតម្លាភាពដែរ។ យន្តការចុងក្រោយ គឺយន្តការសម្រាប់គ្រប់គ្រងផងដែរ។ យើងឃើញអំពីឧទាហរណ៍ដែលឧកញ៉ាខ្លះបានយកតួនាទីមកប្រើប្រាស់ខុសបែបបទ »។
រីឯលោក គឹម សុខ វិញ លោកយល់ឃើញថា ដើម្បីកុំឲ្យគោរមងារជាឧកញ៉ានេះចេះតែបន្តធ្លាក់ចុះនូវគុណតម្លៃនៅក្នុងសង្គមខ្មែរ បុគ្គលដែលសមនឹងទទួលបានគោរមងារនេះ ចាំបាច់ត្រូវបំពេញលក្ខខណ្ឌតម្រូវជុំវិញផ្នែកសីលធម៌ និងសុចរិតភាពរបស់ពួកគេ៖ « ខ្ញុំគិតថា ឧកញ៉ាគួរមានគុណតម្លៃ ៣យ៉ាង យ៉ាងតិច។ ទីមួយ ជាគម្រូនៃជនជោគជ័យ។ ការងារ ឬមុខរបររបស់ឧកញ៉ាប្រមូលទ្រព្យ គឺប្រមូលដោយសុចរិត ស្របច្បាប់ ត្រឹមត្រូវ។ មិនមែនប្រើឈ្មោះឧកញ៉ា ទៅប្លន់ដីរាស្ត្រ លួចទ្រព្យសម្បត្តិជាតិ យកមកបង់លុយធ្វើឧកញ៉ាទេ។ ទីពីរ ជាបុគ្គល ដែលមានគម្រូសីលធម៌ថ្លៃថ្នូរទាំងការរស់នៅប្រចាំថ្ងៃ សម្តីសម្តៅ ត្រូវចេះសម្របខ្លួន ចេះសម្រួលឥរិយាបថធ្វើជាជនគម្រូនៅក្នុងសង្គម មិនមែនចាប់រំលោភគេមិនបានហើយប្តឹងគេទៀតទេ។ ទីបី ជាបុគ្គលដែលមានគម្រូគុណសម្បត្តិជួយសង្គមខ្ពស់ណាស់ »។
កន្លងទៅ មានបុគ្គលមានងារជាឧកញ៉ាមិនតិចរូបទេ ដែលបានប្រើប្រាស់គោរមងារនេះទៅប្រព្រឹត្តអំពើខុសច្បាប់នៅក្នុងសង្គម ដូចជា ច្បាមយកដីធ្លីពីពលរដ្ឋក្រីក្រ កាប់បំផ្លាញព្រៃឈើ បូមខ្សាច់ បំផ្លិចបំផ្លាញធនធានធម្មជាតិ ជួញគ្រឿងញៀន និងពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទជាដើម។ ឧកញ៉ាខ្លះ កំពុងទទួលរងនូវទណ្ឌកម្មបង្កកទ្រព្យសម្បត្តិរបស់អាមេរិក រីឯឧកញ៉ាខ្លះទៀត យកលុយទៅទិញសញ្ជាតិបរទេសត្រៀមវេចបង្វិចរត់ចោលលោក ហ៊ុន សែន។ ក៏ប៉ុន្តែ ទន្ទឹមនឹងនោះ ក៏មានបុគ្គលជាឧកញ៉ាមួយចំនួនដែលមានគុណធម៌ ដោយបានបរិច្ចាគលុយពីការរកស៊ីត្រឹមត្រូវ និងសុចរិតរបស់ពួកគេជូនដល់សង្គមជាតិ និងសកម្មភាពមនុស្សធម៌ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។