សមត្ថកិច្ចចាប់មន្ត្រីបក្សភ្លើងទៀនម្នាក់ទៀត បញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារខេត្តកំពង់ស្ពឺ
2024.07.30
សមត្ថកិច្ចខេត្តកំពង់ស្ពឺបានចាប់ខ្លួនជំទប់ទី២ ឃុំកក់ ស្រុកបសេដ្ឋ មកពីគណបក្សភ្លើងទៀន គឺលោក តុ តារា នៅព្រឹកនៅថ្ងៃទី២៩ ខែកក្កដា។
ប្រពន្ធរបស់លោក តុ តារា គឺលោកស្រី ឈួន ចាន់រី ប្រាប់វិទ្យុអាស៊ីសេរីថា ប៉ូលិសជាច្រើននាក់ឃាត់ខ្លួនប្ដីលោកស្រី អំឡុងពេលចូលរួមបុណ្យសពសាច់ញាតិនៅឃុំកក់ ស្រុកបសេដ្ឋ ដោយមិនបញ្ជាក់ពីមូលហេតុអ្វីនោះទេ។ លោកស្រីបន្តថា សមត្ថកិច្ច បានរុញប្ដីលោកស្រីបញ្ចូលឡានដឹកទៅសាកសួរនៅតុលាការ ហើយបន្ទាប់មកបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺនៅល្ងាចថ្ងៃទី២៩ ខែកក្កដា។ អ្នកស្រីចាត់ទុកការចាប់ខ្លួនប្ដីលោកស្រី ដែលជាមន្ត្រីបក្សប្រឆាំងនេះជារឿងនយោបាយ ហើយទាមទារឱ្យតុលាការដោះលែងប្ដីឱ្យមានសេរីភាពឡើងវិញ ព្រោះប្តីលោកស្រីគ្មានកំហុសនោះទេ។
ជុំវិញរឿងនេះ អ្នកនាំពាក្យតុលាការខេត្តកំពង់ស្ពឺលោក ផេង ស៊ីភ័ណ ប្រាប់វិទ្យុអាស៊ីសេរីតាមប្រព័ន្ធតេឡេក្រាមថា លោក តុ តារា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងសំណុំរឿងជាមួយលោក អ៊ុក សុវណ្ណឆន លោក ប៊ុន សារុំ និងលោក ចែម សាវឿន ដែលកំពុងជាប់ឃុំ អំពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ ញុះញង់ឱ្យមានការរើសអើង រំលោភលើលំនៅឋាន និងបទប៉ុនប៉ងគំរាមយកមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ»។
សេចក្ដីប្រកាសព័ត៌មាន របស់អយ្យការនៃតុលាការខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៨ ខែកក្កដាឱ្យដឹងថា ការចោទប្រកាន់លើសមាជិកបក្សជំទាស់ទាំងនេះធ្វើឡើងតាមម្ចាស់ដើមបណ្ដឹង លោក ញ៉ែម ឈឿន លោក ញី សីហា និងលោក ចាន់ វត្តនា។
សមត្ថកិច្ចខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៦ ខែកក្កដា បានឃាត់ខ្លួនមន្ត្រីគណបក្សប្រឆាំងបីនាក់ គឺជំទប់ទី២ ឃុំពោធិអង្ក្រង មកពីគណបក្សភ្លើងទៀន ខេត្តកំពង់ស្ពឺ លោក អ៊ុក សុវណ្ណឆន និង២នាក់ទៀតជាសមាជិកក្រុមប្រឹក្សាស្រុកបសេដ្ឋ មកពីគណបក្សឆន្ទៈខ្មែរ គឺលោក ប៊ុន សារុំ និងលោក ចែម សាវឿន។
ទោះជាយ៉ាងណាក្ដី គណបក្សប្រឆាំង ក្រុមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានថ្កោលទោសរឿងទាំងនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ហើយទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បើកលំហប្រជាធិបតេយ្យ បញ្ឈប់ការធ្វើទុក្ខបុកម្នេញគ្រប់រូបភាព ដោយទម្លាក់ចោលការចោទប្រកាន់ និងដោះលែងអ្នកទោសនយោបាយទាំងអស់ឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។