ប្រពន្ធ និងគាំទ្រអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បង្ហាញក្ដីរំពឹងថា តុលាការប្រកាសសាលក្រមទម្លាក់ការចោទប្រកាន់ ដើម្បីឱ្យលោក ថាច់ សេដ្ឋា ឱ្យមានសេរីភាពព្យាបាលជំងឺ និងត្រឡប់មកចូលរួមធ្វើនយោបាយឡើងវិញ។ មន្ត្រីសង្គមស៊ីវិលយល់ថា សំណុំរឿងលោក ថាច់ សេដ្ឋា គឺជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកញ្ញា បើកសវនាការជំនុំជម្រះលើប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ក្រោមបទចោទ «មិនបានបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន» ឬការចេញសែកដោយគ្មានសាច់ប្រាក់។
ក្រោយពេលចេញពីសវនាការ សហមេធាវី ដែលការពារក្ដីឱ្យលោក ថាច់ សេដ្ឋា គឺបណ្ឌិត សឺន ជុំជួន បានឱ្យដឹងពីភាគីម្ខាងទៀតថា ពុំបានផ្ដល់ភស្តុតាងជាក់លាក់ណាមួយថា លោក ថាច់ សេដ្ឋា ជាអ្នកចេញសែកដោយគ្មានសាច់ប្រាក់នោះទេ។ ដូច្នេះ លោករំពឹងថា សាលាដំបូងនឹងទម្លាក់ចោលការចោទប្រកាន់លើកូនក្ដីរបស់លោក នៅពេលប្រកាសសាលក្រម នាថ្ងៃទី២៦ កញ្ញា ខាងមុខនេះខាងមុខនេះ។
លោក សឺន ជុំជួន៖ «ឥឡូវយើងចាត់ទុកថា យើងសង្ឃឹមច្រើនចុះ នៅក្នុងការវិនិច្ឆ័យ ការសម្រេចសេចក្ដីរបស់ចៅក្រម ប៉ុន្តែ អ្វីដែលជាការស្នើសុំរបស់យើង ការលើកឡើងរបស់យើង ការសម្រេចរបស់តុលាការមិនបានសម្រេចទៅតាមភាពយុត្តិធម៌ទេ យើងនៅតែបន្តនីតិវិធីទៅតុលាការជាន់ខ្ពស់ទៀត»។
ក្រៅពីសំណុំរឿងចេញសែកស្អុយ ឬសែកអត់ប្រាក់នេះ តុលាការបានចោទប្រកាន់លោក ថាច់ សេដ្ឋា ចំនួនពីរករណី ផ្សេងទៀត គឺបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទញុះញង់ឱ្យមានការរើសអើង។
ប្រពន្ធលោក ថាច់ សេដ្ឋា គឺលោកស្រី ថាច់ សុខបូរ៉ានី ថា តាមរយៈការសួរដេញដោលរវាងភាគីដើមចោទ និងប្ដីរបស់លោកស្រីដែលជាចុងចម្លើយ បង្ហាញថា ភាគីដែលជាដើមបណ្ដឹងមិនមានភស្តុតាងជាក់លាក់ចោទប្រកាន់លោក ថាច់ សេដ្ឋា នោះទេ។ លោកស្រី ថាច់ សុខបូរ៉ានី ទទូចសាជាថ្មីដល់តុលាការទម្លាក់ការចោទប្រកាន់នានា ដើម្បីឱ្យប្ដីលោកស្រីមានសេរីភាព។
លោកស្រី ថាច់ សុខបូរ៉ានី៖ «ខ្ញុំមានតែសំណូមពរឱ្យតុលាការដោះលែងប្ដីខ្ញុំឱ្យនៅក្រៅឃុំវិញមក ដោយសារអីដូចខ្ញុំនិយាយដដែលៗ ថា ឱ្យគាត់ចេញមក ឱ្យគាត់ទៅមើលសុខភាព ដោយសារយូរខែហើយ គាត់អត់បានពិនិត្យសុខភាពទេ អ៊ីចឹងទេ ឱ្យគាត់ចេញមកពិនិត្យសុខភាព លេបថ្នាំទៀងទាត់ ដោយសារគាត់រៀងចាស់ដែរហើយ ដាក់បន្ទុកលើគាត់ប៉ុណ្ណឹងលើគាត់បានហើយ»។
ចំណែកនៅខាងមុខតុលាការឯណោះវិញ អ្នកគាំទ្រលោក ថាច់ សេដ្ឋា ជាង ១០នាក់ អង្គុយរង់ចាំដំណឹង និងរង់ចាំមើលលោក ថាច់ សេដ្ឋា។
ប្រធានក្រុមការងារគណបក្សភ្លើងទៀន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល អ្នកស្រី ម៉ី សុផន រំពឹងថា លោក ថាច់ សេដ្ឋា នឹងត្រូវតុលាការទម្លាក់ការចោទប្រកាន់ ដើម្បីឱ្យមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះ អាចត្រឡប់មកចូលរួមជីវភាពនយោបាយ និងចូលរួមលើកស្ទួយសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។
លោកស្រី ម៉ី សុផន៖ «ចង់ឱ្យគាត់ចូលរួមនយោបាយបន្តទៀត ដើម្បីប្រទេសជាតិយើង គាត់ជាអនុប្រធានគណបក្សភ្លើងទៀន ហើយចម្បងសុខភាពរបស់គាត់ ដែលនេះគឺជាក្ដីរំពឹង ក្ដីសង្ឃឹមរបស់ខ្ញុំ គាត់នៅក្រៅឃុំហ្នឹងឯង»។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងជាតំណាងអយ្យការ ដែលចោទប្រកាន់លោក ថាច់ សេដ្ឋា គឺលោក ប្លង់ សុផល និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេនៅថ្ងៃទី៦ ខែកញ្ញា។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៅតែអះអាងដដែលថា ករណីលោក ថាច់ សេដ្ឋា គឺជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។ លោកថា តុលាការគួរតែពិនិត្យ និងធ្វើការទម្លាក់ការចោទប្រកាន់លោក ថាច់ សេដ្ឋា និងអ្នកទោសនយោបាយផ្សេងៗ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ និងរួបរួមជាតិ។
លោក អំ សំអាត៖ «យើងឃើញថា ដើម្បីបញ្ចៀសនូវការរិះគន់ក្រោយពីការបោះឆ្នោតហើយ ទាក់ទងនឹងស្ថានភាពនយោបាយ ពីព្រោះថា សកម្មជននៃគណបក្សនយោបាយ សកម្មជនសិទ្ធិមនុស្សសកម្មជនការងារសង្គមផ្សេងៗ គួរតែពិនិត្យពិចារណាក្នុងការដោះលែង»។
លោក ថាច់ សេដ្ឋា ដែលមានអាយុ ៧០ឆ្នាំ និងមានជំងឺធ្ងន់ធ្ងរប្រចាំកាយជាច្រើន ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅម្ដុំវត្តសំរោងអណ្ដែត ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៦ ខែមករា។ ក្រោយពេលចាប់ខ្លួន លោក ថាច់ សេដ្ឋា ត្រូវបានគេបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នភ្លាមៗ នៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់អំពីបទ «មិនបានបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន» ឬការចេញសែកគ្មានសាច់ប្រាក់ ចំនួន ៥សន្លឹក ទៅឱ្យក្រុមហ៊ុន រិន ឆាយ ផនសប (Pawn Shop) ដែលប្រព្រឹត្តតាំងពីឆ្នាំ២០១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។