ក្រុម​មេ​ដឹកនាំ​អាស៊ាន​ផ្ដោត​លើ​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ភូមា និង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង

ដោយ ទីន ហ្សាការីយ៉ា
2024.10.09
ក្រុម​មេ​ដឹកនាំ​អាស៊ាន​ផ្ដោត​លើ​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ភូមា និង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ​ក្រុម​មេ​ដឹកនាំ​អាស៊ាន ក្នុង​​កិច្ច​ប្រជុំ​លើកទី៣៥ នៅ​ទី​ក្រុង​វៀងចន្ទន៍ (Vientiane, Lao) ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ

ក្រុម​មេ​ដឹកនាំ​អាស៊ាន​បាន​ពិភាក្សា​លើ​ប្រធានបទ​ពីរ​សំខាន់​គឺ បញ្ហា​វិបត្តិ​នយោបាយ​នៅ​ភូមា ឬ មីយ៉ាន់ម៉ា (Myanmar) និង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង នៅ​ថ្ងៃពុធ ទី៩ តុលា នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤៤ និង ៤៥ នៅ​ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែល​មាន​តំណាង​របប​សឹក​ភូមា​ចូលរួម​ដែរ។

ការ​លើក​ឡើង​អំពី​វិបត្តិ​នយោបាយ​ភូមា​នេះ នៅ​ស្រប​ពេល​របប​យោធា​ឃុំខ្លួន​អតីត​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ស្រប​ច្បាប់​រហូត​ដល់​ស្លាប់ ក្រោយ​ពី​ដោះ​លែង​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ប៉ុន្មាន​ម៉ោង កាល​ពី​ថ្ងៃ​ទី៧ តុលា។

អ្នក​ជំនាញ​វិទ្យា​សាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា មិន​រំពឹង​ថា អាស៊ាន​មិន​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ភូមា និង​ដោះស្រាយ​បញ្ហា​ជម្លោះ​សមុទ្រ​ខាង​ត្បូង​បាន​ឡើយ។

លោក ឯម សុវណ្ណារ៉ា បន្ថែម​ថា បញ្ហា​ចម្បង​គឺ ប្រទេស​ជា​សមាជិក​មួយ​ចំនួន ក៏​មាន​បញ្ហា​នយោបាយ​ប្រហាក់​ប្រហែល​នៅ​មីយ៉ាន់ម៉ា​ដែរ។

ការ​លើក​ឡើង​របស់​លោក ឯម សុវណ្ណារ៉ា នេះ នៅ​ស្រប​ពេល​ក្រុម​មេ​ដឹកនាំ​អាស៊ាន កំពុង​បើក​កិច្ច​ប្រជុំ​នៅ​ទី​ក្រុង​វៀងចន្ទន៍ (Vientiane, Lao) ដោយ​ផ្ដោត​ខ្លាំង​លើ​បញ្ហា​ប្រឈម​ពីរ​សំខាន់​ ក្នុង​ចំណោម​ប្រធាន​បទ​ផ្សេងៗ ជា​ច្រើន​ទៀត​គឺ សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ​នៅ​ភូមា និង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង (South China Sea)

នាយក​រដ្ឋ​មន្ត្រី​ថៃ ដែល​ជា​នាយក​រដ្ឋមន្ត្រី​វ័យ​ក្មេង​ជាង​គេ (៣៨ឆ្នាំ) និង​ជា​កូន​ស្រី​របស់​លោក ថាក់ ស៊ីន បាន​ជំរុញ​ឱ្យ​ក្រុម​មេដឹកនាំ​អាស៊ាន​យក​ចិត្ត​ទុក​ដាក់​លើ​វិបត្តិ​នយោបាយ​នៅ​ភូមា​នេះ​ឱ្យ​បាន​ខ្លាំង​ក្លា។ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paethongtarn Shinawatra) បញ្ជាក់​ថា ថៃ​នឹង​ជួយ​ស្វែង​រក​ដំណោះ​ស្រាយ​នៅ​ភូមា​នេះ ហើយ​អ្នកស្រី​ស្នើ​ឱ្យ​មេដឹកនាំ​អាស៊ាន រៀបចំ​ការ​ពិគ្រោះ​យោបល់​ក្រៅ​ផ្លូវការ ដើម្បី​ព្យាយាម​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​នៅ​ភូមា​នេះ។ អ្នកស្រី​បាន​ប្រាប់​មេ​ដឹកនាំ​អាស៊ាន​ថា អាស៊ាន​គួរ​តែ​ផ្ញើ​សារ​បង្រួបបង្រួម​ទៅ​កាន់​មេដឹកនាំ​ភូមា​ទាំង​អស់ ដើម្បី​ឈាន​ទៅ​មាន​ដំណោះ​ស្រាយ​នៅមុន​ពេល​របប​សឹក​ចង់​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ២០២៥ ខាង​មុខ​នេះ។

ប្រធាន​អាស៊ាន​ប្ដូរ​វេន និង​ជា​នាយក​រដ្ឋមន្ត្រី​ឡាវ លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) ថ្លែង​ថា អាស៊ាន​មាន​បញ្ហា​ជា​ច្រើន។ លោក​បន្ថែម​ថា ជោគជ័យ​របស់​អាស៊ាន​កន្លង​មក ក៏​ដោយសារ​ការ​យល់​ចិត្ត​គ្នា ហើយ​អាស៊ាន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក និង​ដំណើរការ​ទៅ​តាម​របៀប​របប​នៃ​គោលការណ៍​អាស៊ាន។

នេះ​មិនមែន​ជា​លើក​ទី១ ទេ ដែល​ក្រុម​មេ​ដឹកនាំ​អាស៊ាន​ចង់​ដោះស្រាយ​នយោបាយ​នៅ​ភូមា​នេះ។ លោក ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី បាន​បរាជ័យ​មុន​គេ ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​នយោបាយ​នៅ​ភូមា​នេះ។ បន្ទាប់​មក​ឥណ្ឌូនេស៊ី ក្នុងនាម​ជា​ប្រធាន​បណ្ដូរវេន​អាស៊ាន កាល​ពី​ឆ្នាំ២០២៣ ឥណ្ឌូនេស៊ី ក៏​មិន​ទទួល​បាន​ជោគជ័យ​ដែរ ដោយសារ​តែ​មេ​ដឹកនាំ​របប​យោធា​ភូមា​មិន​គោរព​តាម​គោលការណ៍​ទាំង ៥ចំណុច ដែល​បាន​ព្រមព្រៀង​គ្នា។

កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤៤ និង ៤៥ បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៨ ដល់​ថ្ងៃ​ទី១១ តុលា។ ក្រុម​មេ​ដឹកនាំ​អាស៊ាន​ទាំង១០ រួម​ទាំង​កម្ពុជា​ផង និង​ចូលរួម​កិច្ចប្រជុំ​ជាមួយ​មេ​ដឹកនាំ​មហាអំណាច​មួយ​ចំនួន​ទៀត ដូចជា ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី ដែល​នឹង​ពិភាក្សា​អំពី​បញ្ហា​សេដ្ឋកិច្ច ការ​ប្រែប្រួល​អាកាសធាតុ និង​ថាមពល​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។