ប្រេសិត​ពិសេស​អាស៊ាន​ទទូច​ឱ្យ​របប​សឹក​ភូមា​បញ្ជូន​លោកស្រី អ៊ុង សានស៊ូជី ត្រឡប់​ទៅ​លំនៅឋាន​វិញ

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ទទូច​ឱ្យ​របប​សឹក​មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា (Burma) បញ្ជូន​អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ត្រឡប់​ទៅ​លំនៅឋាន​វិញ​។ ការ​ទទូច​ស្នើសុំ​នេះ​កើតមានឡើង​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មុន​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​របស់​ប្រេសិត​ពិសេស​អាស៊ាន លោក ប្រាក់ សុខុន ទៅ​កាន់​ប្រទេស​ភូមា ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​។ របប​សឹក​ភូមា​កាល​ពី​សប្តាហ៍​មុន​បាន​សម្រេច​ផ្ទេរ​អ្នកស្រី អ៊ុង សានស៊ូជី ពី​ការ​ឃុំខ្លួន​នៅ​គេហដ្ឋាន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ដាច់​ដោយ​ឡែក​មួយ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី ឱ្យ​ដឹង​តាមរយៈ​សេចក្តី​ថ្លែងការណ៍​ផ្សាយ​កាលពី​ថ្ងៃទី​២៧ ខែ​មិថុនា ថា ប្រេសិត​ពិសេស​របស់​អាស៊ាន​ស្ដីពី​បញ្ហា​មីយ៉ាន់​ម៉ា លោក ប្រាក់ សុខុន បាន​លើកឡើង​នៅក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ការបរទេស​នៃ​របប​សឹក​ភូមា គឺ​លោក វុណ្ណា ម៉ង វីន (Wunna Maung Lwin) ពី​ការ​ទទូច​របស់​សហសេវិក​អាស៊ាន ដែល​ស្នើ​ឱ្យ​របប​សឹក​ភូមា​អនុគ្រោះ និង​សម្រួល​ដល់​ការ​បញ្ជូន​អ្នកស្រី អ៊ុង សានស៊ូជី ទៅកាន់​លំនៅឋាន​វិញ ជាទី​ដែល​អ្នកស្រី​ត្រូវ​បាន​ឃុំខ្លួន​តាំងពី​ដំបូង។ ការ​ធ្វើ​ដូច្នេះ គឺ​ដោយ​ផ្អែកលើ​ហេតុផល​សុខភាព និង​សភាព​ទ្រុឌទ្រោម​របស់​អ្នកស្រី​។ សេចក្តី​ថ្លែងការណ៍​ដដែល​ពុំបាន​បញ្ជាក់​ពី​ជំហរ​ជាក់លាក់​របស់​កម្ពុជា ថា​តើ​កម្ពុជា​ទាមទារ​ឱ្យ​របប​សឹក​ភូមា​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រឆាំង​នឹង​មេដឹកនាំ​ស្របច្បាប់​ភូមា អ្នកស្រី អ៊ុង សានស៊ូជី ដែល​ត្រូវ​បាន​របប​សឹក​ភូមា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​អំណាច​កាលពីដើម​ឆ្នាំមុន ឬ​យ៉ាងណា​នោះ​ទេ​។

លោក ប្រាក់ សុខុន បាន​លើកឡើង​ថា ការផ្សះផ្សា​ជាតិ​ដោយ​សន្តិវិធី​មិនអាច​កើតឡើង​បាន​ឡើយ​នៅ​ពេល​ដែល​ភាគី​មួយ​នៃ​ជម្លោះ​មិន​ត្រូវ​បាន​បញ្ចូល​ទៅ​​ក្នុង​ផ្នែក​មួយ​នៃ​ដំណោះស្រាយ។

មេដឹកនាំ​ស្រប​ច្បាប់​ភូមា អ្នកស្រី អ៊ុង សានស៊ូជី រង​នូវ​ការ​ផ្តន្ទាទោស​ពី​របប​សឹក​ភូមា​ជាច្រើន​ករណី ហើយ​ត្រូវ​បាន​តុលាការ​នៃ​របប​សឹក​ភូមា​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១១​ឆ្នាំ​។ អ្នកស្រី​ក៏​កំពុង​ប្រឈម​នឹង​បទ​ចោទ​ជាច្រើន​ករណី​ផ្សេងទៀត ដែល​អាច​ឱ្យ​អ្នកស្រី​ជាប់គុក​រហូតដល់​ទៅ​ជាង ១៨០​ឆ្នាំ​។ ក្រៅ​ពី​នេះ របប​សឹក​ភូមា​ក៏​មាន​ផែនការ​ប្រហារជីវិត​លើ​បុគ្គល និង​សកម្មជន​នយោបាយ​ភូមា​ចំនួន​៤​នាក់​ ដែល​ប្រឆាំង​នឹង​របប​សឹក ក្នុង​នោះ​មាន​មួយ​រូប​ជា​អតីតៈ​តំណាងរាស្ត្រ​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) របស់​អ្នកស្រី អ៊ុង សាន​ស៊ូជី និង​មួយ​រូប​ជា​ជា​មេដឹកនាំ​នៃ​ចលនា​ងើប​បះបោរ​ប្រឆាំង​នឹង​របប​ផ្ដាច់ការ​យោធា​ភូមា​កាល​ពី​ពេល​អតីតកាល​។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​របប​សឹក​ភូមា​ពិចារណា​ឡើងវិញ និង​ជៀសវាង​ការ​កាត់ទោស​ប្រហារជីវិត​លើ​បុគ្គល​នយោបាយ​ភូមា​ទាំងនេះ។

កម្ពុជា​ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ឆ្នាំ​២០២២ កំពុង​បង្ហាញ​ជំហរ​មិន​ច្បាស់លាស់​ជុំវិញ​ករណី​វិបត្តិ​នយោបាយ​នៅ​ប្រទេស​ភូមា​នេះ ដោយ​បាន​ព្យាយាម​បញ្ចូល​មេដឹកនាំ​របប​សឹក​ខុសច្បាប់​ភូមា​ឱ្យ​មក​ចូលរួម​កិច្ចប្រជុំ​របស់​អាស៊ាន​ឡើងវិញ​។ ជាក់ស្តែង​ដូចជា​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន និង​កិច្ចប្រជុំ​ឧត្តម​មន្ត្រី​អាស៊ាន ដែល​ទើបនឹង​បិទ​បញ្ចប់​កាល​ពី​ពេល​ថ្មីៗ​ នេះ​ជាដើម​។ ទង្វើ​ទាំងនេះ ធ្វើ​ឱ្យ​កម្ពុជា​រង​នូវ​ការ​រិះគន់​ខ្លាំង​ថា កំពុង​ធ្វើ​ផ្ទុយ​ពី​គោលការណ៍​នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច របស់​អាស៊ាន​ស្ដីពី​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ភូមា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។