កិច្ចសហប្រតិបត្តិការ​សន្តិសុខលម្ហសមុទ្រ នឹងក្លាយជា​ប្រធានបទ​សំខាន់​នៅឯ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការពារជាតិ​អាស៊ាន​ជាមួយដៃគូ​នៅសៀមរាប

ដោយ មាន ឫទ្ធិ
2022.11.20
កិច្ចសហប្រតិបត្តិការ​សន្តិសុខលម្ហសមុទ្រ នឹងក្លាយជា​ប្រធានបទ​សំខាន់​នៅឯ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការពារជាតិ​អាស៊ាន​ជាមួយដៃគូ​នៅសៀមរាប លោក ឡយដ៍ អូស្ទីន (Lloyd J. Austin) រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក។
រូប៖ US Department of Defense

កិច្ចសហប្រតិបត្តិការ​សន្តិសុខ​លម្ហសមុទ្រ នឹងក្លាយជា​ប្រធានបទ​សំខាន់មួយ​នៅឯ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិអាស៊ាន​ជាមួយ​ដៃគូ​ពាក់ព័ន្ធ (ADMM Plus) ដែល​ប្រព្រឹត្តទៅនៅ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា។ កិច្ចប្រជុំនេះ​មាន​ក្រុមរដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេសដៃគូ​ចំនួន​៨ចូលរួម ក្នុងនោះក៏រួមមាន សហរដ្ឋអាមេរិក (US) អូស្ត្រាលី (Australia) ចិន (China) ឥណ្ឌា (India) និង​ជប៉ុន (Japan) ផងដែរ។

ក្រសួងការពារជាតិ​អាមេរិក ឱ្យដឹងតាមរយៈ​អត្ថបទ​ព័ត៌មាន​ផ្សាយ​កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ថា ក្រុមមន្ត្រី​ដែល​មកចូលរួម​កិច្ចប្រជុំនេះ រំពឹងថា​ នឹងពិភាក្សាគ្នា​អំពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសន្តិសុខ​លម្ហសមុទ្រ និង​ការលើកកម្ពស់​ការយល់ដឹង​លើ​វិស័យ​នេះ។ មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​អាមេរិក និយាយថា តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជា​អាទិភាព​មួយ​របស់​ក្រសួងការពារជាតិ​អាមេរិក ហើយ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិកលោក ឡយដ៍ អូស្ទីន (Lloyd J. Austin) ធ្វើដំណើរ​មកកាន់​ប្រទេសឥណ្ឌូនេស៊ី (Indonesia) និង​កម្ពុជា​នាពេលនេះ គឺដើម្បី​បង្ហាញ​អំពីការប្តេជ្ញាចិត្ត​របស់​សហរដ្ឋអាមេរិក​មកលើ​តំបន់នេះ។

នៅមុនពេល​ធ្វើដំណើរ​មកកាន់​ប្រទេសឥណ្ឌូនេស៊ី និង​កម្ពុជា លោក ឡយដ៍ អូស្ទីន បាននិយាយ​អំពី​ដំណើរទស្សនកិច្ច​របស់​លោក​មកកាន់​តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក​នេះ នៅឯវេទិកា​សន្តិសុខអន្តរជាតិ ហាលីហ្វាកស៏ (Halifax International Security Forum) ថា លោក​ធ្វើដំណើរ​មកកាន់​តំបន់នេះ ដោយសារតែ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជា​ចំណុចសំខាន់​មួយ​ដើម្បីធានា​ឱ្យ​ពិភពលោក​មាន​វិបុលភាព សន្តិសុខ និង​បើកចំហរ។ លោកថា បញ្ហាប្រឈម​កាន់តែខ្លាំងឡើង ​គឺប្រទេសចិន​កំពុង​សម្ញែង​ឥទ្ធិពល​របស់​ខ្លួន​កាន់តែខ្លាំងឡើងៗ​ក្នុងការព្យាយាម​កែប្រែ​ប្រព័ន្ធច្បាប់​នៅក្នុង​តំបន់ និង​អន្តរជាតិ ដើម្បីឱ្យស្រប​ទៅនឹង​បំណង​បែបផ្តាច់ការ​របស់​ខ្លួន។

ក្រសួង​ការពារជាតិ​អាមេរិក​បានស្រង់​ប្រសាសន៍​មន្ត្រីជាន់ខ្ពស់​របស់​ខ្លួន​មួយរូប ឱ្យដឹងថា នេះគឺជា​លើកទីមួយ​ហើយ​ដែល​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​មកចូលរួម​ដោយ​ផ្ទាល់​ក្នុងកិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ានបូក​តាំងពីឆ្នាំ២០១៩មក។ មន្ត្រី​រូបនោះថា វាគឺជា​វេទិកា​តែមួយគត់​សម្រាប់ឱ្យ​រដ្ឋមន្ត្រី​ការពារជាតិ​នៅតំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​មកជួបប្រជុំគ្នា​ជាលក្ខណៈ​ថ្នាក់​រដ្ឋមន្ត្រី​នៅតំបន់​អាស៊ី ដែលជា​ឱកាស​សំខាន់មួយ​សម្រាប់​ដៃគូ​ដែល​មានទស្សនៈ​ស្រដៀងគ្នា និង​ខុសគ្នា មកអង្គុយ​ទល់មុខគ្នា និង​ដាក់បញ្ហា​ទាំងអស់​នៅលើតុ។ ក្រៅពី​បញ្ហា​កិច្ចសហប្រតិបត្តិការ​សន្តិសុខ​លម្ហសមុទ្រ រដ្ឋមន្ត្រីការពារ​ជាតិ​ទាំងនេះ ក៏គ្រោងនឹង​ពិភាក្សាគ្នា​អំពីព្រឹត្តិការណ៍​នានា​ដែល​កំពុងកើតឡើង​នៅអឺរ៉ុប ជុំវិញករណី​ឈ្លានពាន​របស់​រុស្ស៊ី (Russia) នៅប្រទេសអ៊ុយក្រែន (Ukraine) ដែលជះឥទ្ធិពល​ដល់​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ក្រៅពីនោះ បញ្ហា​យោធាចិន​បង្កើន​សកម្មភាព​នៅច្រកសមុទ្រតៃវ៉ាន់ (Taiwan strait) និង​នៅតំបន់​សមុទ្រចិន​ខាងត្បូង​ក៏អាច​ត្រូវបាន​ក្រុមមេដឹកនាំ​នៃ​កិច្ចប្រជុំនេះ​លើកយកមក​ពិភាក្សា​ផងដែរ។

នៅមួយថ្ងៃ​មុនកិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ានបូក រដ្ឋមន្ត្រី​ការពារជាតិ​ចិន និងជា​សមាជិក​ក្រុមប្រឹក្សារដ្ឋ​ចិន លោក វ៉ៃ ហ្វេងហេ (Wei Fenghe) បាន​ជួបដាច់​ដោយឡែក​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា លោក ទៀ បាញ់ និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ទៀ បាញ់ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោកថា ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារជាតិ​ចិន​លើកនេះ​នឹងជំរុញ​កិច្ចសហប្រតិបត្តិការ​កងទ័ព​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ស៊ីជម្រៅ​ឡើង​មួយ​កម្រិតទៀត។ រីឯ​ក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន សែន វិញ រដ្ឋមន្ត្រី​ការពារជាតិ​ចិន​បាន​សន្យាថា ចិន​នឹងបន្តជួយ​ដល់​កម្ពុជា​ថែមទៀត។

គេនៅមិនទាន់ដឹង​នៅឡើយទេថាតើ​អាចនឹង​មាន​ជំនួបទ្វេភាគី​រវាង​ប្រមុខការពារជាតិ​អាមេរិក លោក ឡយដ៍ អូស្ទីន និង​ប្រមុខកាពារ​ជាតិ​ចិន លោក វ៉ៃ ហ្វេងហេ នៅស្របពេល​ដែល​ពួកលោក​មកចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការពារជាតិ​អាស៊ាន​បូក​នៅឯខេត្តសៀមរាប​នេះ ដែរឬយ៉ាងណានោះទេ។ ទោះយ៉ាងណា កាលពី​ថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ក្រសួងការពារជាតិ​ចិន​បានចេញ​ផ្សាយ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ស្រង់ប្រសាសន៍​អ្នកនាំពាក្យ​ក្រសួងការពារជាតិចិន​ដែលអះអាងថា ភាគីទាំងពីរ​កំពុងសម្របសម្រួល​ឱ្យមាន​ជំនួបមួយ​នៅឯ​កិច្ចប្រជុំនេះ ដែលនឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃពុធ សប្តាហ៍នេះ។

គិតត្រឹមម៉ោងផ្សាយនេះ វិទ្យុអាស៊ីសេរី នៅមិនទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា លោក ឈុំ សុជាតិ និង​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា លោក ជុំ សុន្ទរី អំពី​ថាតើ​កម្ពុជា​បានអញ្ជើញ​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​របបសឹកភូមា​ខុសច្បាប់​ឱ្យ​មកចូលរួម​កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ​អាស៊ានបូក​នេះដែរ​ឬយ៉ាងណានោះ។

ក្រសួងការពារជាតិ​អាមេរិក​ ឱ្យដឹង​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ថា ក្នុងពេល​មកចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការពារជាតិ​អាស៊ាន​បូក រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក ឡយដ៏ អូស្ទីន នឹងមាន​ជំនួប​ពិគ្រោះយោបល់​ក្រៅផ្លូវការ​ជាលក្ខណៈ​ពហុភាគី​ជាមួយ​សមភាគីអាស៊ាន និង​សមភាគី​កម្ពុជា​របស់​លោក និង​បណ្តាប្រទេស​ជាដៃគូ​មួយចំនួនទៀត។ ជំនួបពិគ្រោះយោបល់​ទាំងនេះ នឹង​ផ្តោលើ​សារសំខាន់​ដែលក្រសួង​ការពារជាតិ​អាមេរិក​កំពុងធ្វើ​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់ខ្លួន​ដើម្បីនាំមកនូវ​តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមួយ​ដែល​មាន​ស្ថិរភាព បើកចំហរ និងប្រកបដោយ​តម្លាភាព។

នេះគឺជាលើក​ទី៥​ហើយ​នៃ​ការបំពេញ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ លោក ឡយដ៍ អូស្ទីន មកកាន់​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក និង​ជាលើកទីមួយ​នៃ​ការបំពេញ​ទស្សនកិច្ច​របស់​លោក​មកកាន់​ប្រទេសកម្ពុជា។ កន្លងទៅ កាលពី​ឆ្នាំ២០១២ ក្នុងពេល​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃកិច្ចប្រជុំកំពូល​អាស៊ាន​លើកទីពីរ អតីត​រដ្ឋមន្ត្រី​ការពារជាតិ និង​ជា​អតីត​នាយក​ភ្នាក់ងារ​ស៊ើបការ​សម្ងាត់​របស់​សហរដ្ឋអាមេរិក (CIA) លោក ឡ៊ីអន ផាណេតតា (Leon E. Panetta) ក៏បាន​មក​បំពេញ​ទស្សនកិច្ច​នៅកម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំរដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក នៅឯ​ខេត្តសៀមរាប​នេះផងដែរ។ កាលនោះ លោក​បាន​ព្រមាន​រដ្ឋាភិបាល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីកំណត់ត្រា​ដ៏យូរលង់​នៃ​អំពើរំលោភសិទ្ធិមនុស្ស​នៅក្នុង​ប្រទេសនេះ។

ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅស្របពេល​ចូលរួម​កិច្ចប្រជុំកំពូល​អាស៊ាន កាលពី​ថ្ងៃទី១២ ខែ​វិច្ឆិកា ប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន បាន​លើកឡើង​ពី​កង្វល់​នានា​ជុំវិញ​ស្ថានភាព​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹករាម និង​បាន​គូស​បញ្ជាក់​ពី​សារសំខាន់​នៃ​ការ​បង្ហាញ​តម្លាភាព​ពេញលេញ​អំពី​សកម្មភាព​នានា​ដោយ​យោធា​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​មូលដ្ឋាន​កំពង់ផែ​រាម។ លោក ចូ បៃឌិន ក៏បាន​ជំរុញ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បើកចំហ​លំហ​សង្គម​ស៊ីវិល និង​នយោបាយ​នៅ​កម្ពុជា​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០២៣​ខាងមុខ។

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក គឺជា​វេទិកា​វិស័យ​ការពារជាតិ និង​សន្តិសុខ​ក្នុងតំបន់មួយ ដែលមាន​រដ្ឋមន្ត្រីការពារជាតិ​អាស៊ាន និង​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​ដៃគូ​ចំនួន៨ ជា​សមាជិក ក្នុងនោះ​រួមមាន អូស្ត្រាលី (Australia) ចិន (China) ឥណ្ឌា (India) ជប៉ុន (Japan) នូវែលហ្សេឡង់ (New Zealand) កូរ៉េខាងត្បូង (South Korea) រុស្ស៊ី (Russia) និង​សហរដ្ឋអាមេរិក (U.S.)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។