លោក ហ៊ុន សែន នឹង​ជួប​ប្រជុំ​ជាមួយ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ជាថ្មីទៀត​តាម​ប្រព័ន្ធ​វីឌីអូ

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​ប្រជុំ​ជាមួយ​មេ​ដឹក​នាំ​យោធា​មីយ៉ាន់ម៉ា (Myanmar) មីន អ៊ុងលាំង (Ming AungHlaing) ជា​ថ្មី​ទៀត​តាម​ប្រព័ន្ធ​វីឌីអូ។

ប្រេសិត​ពិសេស​របស់​អាស៊ាន លោក ប្រាក់ សុខុន និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស ថ្លែង​ប្រាប់​ប្រេសិត​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ (អ.ស.ប) អ្នកស្រី ណូលីន ហេហ្សឺរ (Noeleen Heyzer) កាលពីថ្ងៃទី៣១មីនាថា លោក ហ៊ុន សែន នឹង​ជួប​ប្រជុំ​ជាមួយ​លោក មីន អ៊ុងលាំង តាម​ប្រព័ន្ធ​វីឌីអូ​ក្នុង​ពេល​ឆាប់ៗ នេះ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​នៅ​មីយ៉ាន់ម៉ា ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពេល​វេលា​ច្បាស់លាស់​នោះ​ទេ។

លោក ហ៊ុន សែន គ្រោង​ជួប​លោក មីន អ៊ុងលាំង ជា​ថ្មី​ទៀត​នេះ នៅ​ក្រោយ​ពេល​លោក និង​ប្រេសិត​ពិសេស​របស់​អាស៊ាន លោក ប្រាក់ សុខុន មិន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បញ្ចុះបញ្ចូល​ឲ្យ​មេ​ដឹកនាំ​យោធា​ភូមា​អនុវត្ត​តាម​គោលការណ៍​ទាំង ៥ចំណុច​របស់​អាស៊ាន កាល​ពី​ពេល​ថ្មីៗ ទៀត​នេះ។ ប្រេសិត​ពិសេស​លោក ប្រាក់ សុខុន និង​គណៈប្រតិភូ​បាន​ជួប​តែ​ខាង​មេ​ដឹកនាំ​យោធា​ផ្ដាច់ការ ដោយសារ​តែ​មេ​ដឹកនាំ​យោធា​មិន​អនុញ្ញាត​ឲ្យ​លោក ជួប​មេ​ដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​ស្រប​ច្បាប់ គឺ​អ្នកស្រី អ៊ុង សានសូជី (Aung Sann SuKyi) ឡើយ។ ដំណើរ​ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​នេះ ក៏​មិន​ទាន់​លទ្ធផល​អ្វី​ដែរ ទាក់ទង​នឹង​វិបត្តិ​នយោបាយ​នៅ​ភូមា​នេះ។

លោក ហ៊ុន សែន កាល​ពី​ដើម​ខែមករា ក៏​បាន​ទៅ​ធ្វើ​ទស្សនកិច្ច ដ៏​ចម្រូងចម្រាស​នៅ​ប្រទេស​ភូមា ប៉ុន្តែ​មិន​គ្មាន​បាន​លទ្ធផល ហើយ​ថែម​ទាំង​រង​ការ​រិះគន់​ជុំ​ទិស។

ក្រុម​អ្នក​តាមដាន​កិច្ចការ​អន្តរជាតិ លើក​ឡើង​ថា ក្នុង​អាណត្តិ​លោក ហ៊ុន សែន ជា​ប្រធាន​អាស៊ាន​នេះ នឹង​មិន​អាច​ដោះ​ស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​បាន​ឡើយ។ ពួក​គេ​លើក​ឡើង​ថា បញ្ហា​ជម្លោះ​នៅ​មីយ៉ាន់ម៉ា នឹង​អាច​ប្រធាន​ប្ដូរ​វេន​ថ្មី​គឺ ឥណ្ឌូនេស៊ី​ជា​អ្នក​ដោះ​ស្រាយ​បន្ត​នៅ​ឆ្នាំ​ក្រោយ។

លោក ប្រាក់ សុខុន ក៏​គ្រោង​នឹង​ទៅ​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ភូមា​ជា​លើក​ទី២ ទៀត។ លោក​បញ្ជាក់​ថា នៅ​ខែឧសភា​ខាង​មុខ​នេះ នឹង​មាន​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ អំពី​ជំនួយ​មនុស្សធម៌​ដោយ​គ្មាន​ការ​រើសអើង ដើម្បី​ជញ្ជួន​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ភូមា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។