ប្រេសិតពិសេសអាស៊ាន (ASEAN) ស្តីពី បញ្ហាភូមា និងជារដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានទៅដល់ប្រទេសមីយ៉ាន់ម៉ា (Myanmar) ឬភូមាហើយនៅថ្ងៃទី២១ ខែមីនា ក្នុងដំណើរទស្សនកិច្ចការងារជាលើកដំបូងទៅកាន់ប្រទេសនេះរយៈពេល ៣ ថ្ងៃ។ ប្រេសិតពិសេសអាស៊ាន ជួបមេដឹកនាំរបបសឹក ខណៈរងការថ្កោលទោសពីក្រុមប្រឆាំងថា ព្យាយាមគាំទ្ររបបរដ្ឋប្រហារយោធា។

ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយដើម្បីព្យាយាមដោះស្រាយវិបត្តិនយោបាយនៅប្រទេសនេះ ដែលបានអូសបន្លាយអស់រយៈពេលជាងមួយឆ្នាំមកហើយ ក្រោយពីក្រុមមេដឹកនាំយោធានៃប្រទេសនេះបានដឹកនាំធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំស្របច្បាប់ចេញពីអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ដោយចោទប្រកាន់ដោយគ្មានភស្តុតាងថា គណបក្សអ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) បានលួចបន្លំសន្លឹកឆ្នោត។ ដំណើរទស្សនកិច្ចនេះ ក៏មានការចូលរួមពីអគ្គលេខាធិការអាស៊ាន និងនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងមន្ត្រីរដ្ឋាភិបាលមួយចំនួន។
ទីភ្នាក់ងារសារព័ត៌មាន អេ.ភី (AP) របស់អាមេរិក រាយការណ៍នៅថ្ងៃទី២១ ខែមីនា មុនម៉ោងផ្សាយនេះបន្តិចដោយផ្អែកតាមប្រភពពីសេចក្តីថ្លែងការណ៍របស់ក្រសួងព័ត៌មាននៃរបបសឹកភូមាថា លោក ប្រាក់ សុខុន បានជួបជាមួយមេដឹកនាំរដ្ឋប្រហារនៃរបបសឹកខុសច្បាប់ភូមា លោក មីន អ៊ុងលាំង (Min Aung Hlaing) និងមន្ត្រីជាន់ខ្ពស់នៃរបបនេះនៅរដ្ឋធានីណៃពិដោរ (Naypyidaw)។ បើតាមប្រភពដដែល ពួកលោកបានជជែកគ្នាអំពីការអនុវត្តផែនការកុងសង់ស៊ីស ៥ចំណុចរបស់អាស៊ាន ព្រមទាំងលក្ខខណ្ឌនានាសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ និងកិច្ចសហការជាមួយអាស៊ាន។ សេចក្តីថ្លែងការណ៍របស់ក្រសួងព័ត៌មាននៃរបបសឹកភូមា ឱ្យដឹងដែរថា ជំនួបនេះគឺជា «ជំហានដំបូង» ហើយមេដឹកនាំរបបសឹកលោក មីន អ៊ុងលាំង ក៏បានផ្តល់អំណះអំណាងប្រាប់លោក ប្រាក់ សុខុន អំពីមូលហេតុដែលនាំឱ្យក្រុមយោធាឈានទៅគ្រប់គ្រងប្រទេស និងអំពើហិង្សាដែលបានកើតឡើងជាបន្តបន្ទាប់។

គិតរហូតមកទល់ពេលនេះ រដ្ឋាភិបាលរួបរួមជាតិ (National Unity Government) របស់ក្រុមមេដឹកនាំស្របច្បាប់ភូមា ក្នុងនោះក៏រួមមានអ្នកស្រី អ៊ុង សានស៊ូជី ផង នៅមិនទាន់ចេញសេចក្តីថ្លែងការណ៍ណាមួយឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់ប្រេសិតពិសសអាស៊ាននេះនៅឡើយទេ។ ក៏ប៉ុន្តែ ក្រុមប្រឆាំងនឹងរបបសឹកភូមា ឈ្មោះអង្គភាពសម្របសម្រួលការតវ៉ាគ្រប់វិស័យ (General Strike Coordination Body) ដែលមានសមាជិកមកពីអង្គការ៣៦ស្ថាប័ននៅភូមា បានចេញ សេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី២០ ខែមីនា ថ្កោលទោសប្រេសិតពិសសអាស៊ានលោក ប្រាក់ សុខុន ថាជួបជាមួយក្រុមមេដឹកនាំរបបសឹកលោក មីន អ៊ុងលាំង ដែលពួកគេហៅថា ជាភេរវករ។ សេចក្តីថ្លែងការណ៍ដដែលថា ដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន កំពុងតែទាត់ចោលនូវលទ្ធផល និងការស្នើឡើងរបស់ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានដែលបានស្នើឱ្យប្រេសិតពិសេសអាស៊ានជួបប្រជុំផ្លូវការជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងវិបត្តិភូមា រួមទាំងរដ្ឋាភិបាលរួបរួមជាតិភូមាផង។ សេចក្តីថ្លែងការណ៍ហៅដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន នាពេលនេះ ថាធ្វើឡើងផ្ទុយពីឆន្ទៈរបស់ប្រជាពលរដ្ឋភូមា និងកម្លាំងប្រជាធិបតេយ្យនៃប្រទេសនេះ។ ពួកគេចោទថា អាស៊ាន និងប្រេសិតពិសេសរបស់អាស៊ានបានបរាជ័យមិនអាចដោះស្រាយវិបត្តិនៅភូមាបាន។
នៅមុនដំណើរទស្សនកិច្ចនេះ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) កាលពីថ្ងៃទី១៨ ខែមីនា បានអំពាវនាវឱ្យអាស៊ាន និងប្រធានប្តូរវេនរបស់អាស៊ាន គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាមទារឱ្យរបបសឹកភូមាបញ្ឈប់ជាបន្ទាន់នូវរាល់អំពើហិង្សា និងការវាយប្រហារទាំងអស់មកលើប្រជាពលរដ្ឋភូមា ព្រមទាំងធានានូវការបំពេញតាមគោលការណ៍កុងសង់ស៊ីស ៥ចំណុច ដែលរដ្ឋសមាជិកអាស៊ានបានឯកភាពគ្នា។ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ព្រមានថា ការមិនបានបំពេញតាមណាមួយ ប្រឈមនឹងការផ្តល់ឱ្យក្រុមយោធាភូមានូវភាពស្របច្បាប់ក្នុងការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិបន្ថែមទៀត។
វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី ដើម្បីសុំការបញ្ជាក់បន្ថែមពីកម្មវិធីលម្អិតនៃដំណើរទស្សនកិច្ចការងាររបស់ប្រេសិតពិសេសអាស៊ាននាពេលនេះដើម្បីចង់ដឹងថា តើលោកអាចនឹងជួបជាមួយភាគីពាក់ព័ន្ធដទៃទៀត រួមទាំងមេដឹកនាំស្របច្បាប់ភូមា អ្នកស្រី អ៊ុង សានស៊ូជី ដែលត្រូវរបបសឹកយោធាចាប់ដាក់គុក ដែរឬទេ ក៏ប៉ុន្តែ នៅពុំទាន់ទទួលបានការឆ្លើយតបនៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។

ទោះយ៉ាងណា សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី១៨ ខែមីនា ឱ្យដឹងថា ដំណើរទស្សនកិច្ចលើកដំបូងនេះ មានគោលបំណងដើម្បីបង្កើតលក្ខខណ្ឌអំណោយផលឈានទៅដល់ការបញ្ចប់អំពើហិង្សា និងការអត់ធ្មត់ខ្ពស់បំផុតរបស់គ្រប់ភាគីភូមាទាំងអស់។ ក្រៅពីនេះ ក៏មានគោលដៅចែកចាយជំនួយមនុស្សធម៌ និងលើកទឹកចិត្តឱ្យមានកិច្ចពិគ្រោះយោបល់ និងកិច្ចសន្ទនានយោបាយក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ក្រោយឡើងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ កម្ពុជារងការរិះគន់ថា ធ្វើឱ្យអាស៊ានបែកបាក់ និងទន់ខ្សោយដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្នះទៅជួបមេដឹកនាំខុសច្បាប់នៃរបបសឹកភូមា កាលពីដើមខែមករា ក្នុងអ្វីដែលក្រុមអ្នកវិភាគមើលឃើញថាជាការប៉ុនប៉ងទទួលស្គាល់របបនេះដូចតាមបំណងរបស់ចិន។ ក្រោយបរាជ័យមិនអាចរៀបចំកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានដំបូងបាន កម្ពុជាក្រោយមកបានព្យាយាមកែសម្រួលស្ថានការណ៍ដោយមិនអនុញ្ញាតឱ្យមេដឹកនាំរបបសឹកភូមាចូលរួមកិច្ចប្រជុំអាស៊ានបាន។
របាយការណ៍របស់អង្គការសហប្រជាជាតិចេញផ្សាយកាលពីសប្តាហ៍មុនបានរកឃើញថា ចាប់តាំងពីរបបសឹកយោធាភូមាឡើងកាន់អំណាចតាមអំពើរដ្ឋប្រហារមក ក្រុមយោធាភូមាបានបើកយុទ្ធនាការបង្ក្រាបជាប្រព័ន្ធមកលើជនស្លូតត្រង់ស៊ីវិលភូមា ដែលអំពើនេះស្មើនឹងការប្រព្រឹត្ត «ឧក្រិដ្ឋកម្មសង្គ្រាម» និង «ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។