កាសែត Asia Times ប្រកាន់​ជំហរ​ឥត​កែប្រែ​ចំពោះ​អត្ថបទ​របស់​ខ្លួន​រឿង​ទ័ព​ចិន​នៅ​កោះកុង

ដោយ មាន ឫទ្ធិ
2018.11.27
និមិត្តសញ្ញា​កាសែត Asia Times ៦២២ និមិត្តសញ្ញា​កាសែត Asia Times។
Screenshot

កាសែត​ភាសា​អង់គ្លេស ឌឹ អេស៊ា ថាមស៍ (The Asia Times) ប្រកាន់​ជំហរ​ឥត​កែប្រែ​ចំពោះ​អត្ថបទ​របស់​ខ្លួន ដែល​មាន​ចំណងជើង​ថា “​កម្ពុជា​អាច​ក្លាយ​ជា​ចំណុច​ស្នូល​នៃ​សង្គ្រាមត្រជាក់​ថ្មី​” រវាង​អាមេរិក និង​ចិន នោះ​ឡើយ។

និពន្ធ​នាយក​កាសែត Asia Times ផ្នែក​តំបន់​អាស៊ីអាគ្នេយ៍ លោក សន គ្រីស្ពីន (Shawn Crispin) ថ្លែងប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក ឬ​អ៊ីមែល នៅ​ថ្ងៃទី២៦ វិច្ឆិកា នេះ​ថា ស្ថាប័ន​របស់​លោក​មាន​ការ​សោកស្ដាយ​ដែល​មន្ត្រី​របប​លោក ហ៊ុន សែន នាំគ្នា​យល់ឃើញ​ខុស​ចំពោះ​អ្វី​ដែល​អត្ថបទ​បាន​ពណ៌នា​បែបនេះ។

នេះ​ជា​ការ​ឆ្លើយតប​របស់​ស្ថាប័ន​ព័ត៌មាន ឌឹ អេស៊ា ថាមស៍ ទៅ​នឹង​មន្ត្រី​របប​ក្រុងភ្នំពេញ ដែល​នាំគ្នា​ចោទប្រកាន់​អត្ថបទ​ថា ស្ថាប័ន​នេះ​ផ្សាយ​ព័ត៌មាន​បែប​បំផ្លើស ខុស​ពី​ការពិត និង​បង្កប់​ចេតនា​ទុច្ចរិត ទាក់ទង​នឹង​រឿង​មូលដ្ឋាន​ទ័ព​ជើងទឹក​ចិន​ដែល​គេ​សង្ស័យ​ថា អាច​នឹង​កកើត​ឡើង​នៅ​ខេត្ត​កោះកុង។

អត្ថបទ​របស់​កាសែត Asia Times មួយ​ដែល​មាន​ចំណងជើង​ថា “​កម្ពុជា​អាច​ក្លាយ​ជា​ចំណុច​ស្នូល​នៃ​សង្គ្រាមត្រជាក់​ថ្មី​” បាន​រៀបរាប់​អំពី​លទ្ធភាព​នៃ​ការ​កកើត​មូលដ្ឋាន​ទ័ព​ជើងទឹក​របស់​ចិន​ក្នុង​ខេត្ត​កោះកុង តាមរយៈ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ចិន UDG ទំហំ​ជាង ៤​ម៉ឺន ៥​ពាន់​ហិកតារ រយៈពេល ៩៩​ឆ្នាំ ដើម្បី​ឲ្យ​ចិន​សាងសង់​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ ដែល​អាច​ឲ្យ​កប៉ាល់ចម្បាំង​ចិន​ចូល​ចត​បាន​។ ក្នុង​សាច់​រឿង​នេះ អ្នកកាសែត Asia Times បាន​សម្ភាស​ប្រភព​ជាច្រើន រួមមាន អ្នកនយោបាយ អ្នកវិភាគ និង​អ្នកស្រាវជ្រាវ ព្រមទាំង​លើក​យក​នូវ​សាវតារ​រឿង​ជាច្រើន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ចិន UDG ដែល​កំពុង​វិនិយោគ​នៅ​ទីនោះ បូករួម​ទាំង​ការ​វិវត្ត​នយោបាយ សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា​នៅ​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ​។ កាសែត​នេះ​ក៏បាន​ទាក់ទង​ទៅ​អ្នកនាំពាក្យ​បក្ស​កាន់អំណាច និង​មន្ត្រី​ការទូត​ចិន​ដែរ ដើម្បី​សុំ​ការ​បំភ្លឺ​អំពី​រឿង​នេះ ក៏ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ឡើយ។

ទោះជា​យ៉ាងណា មន្ត្រី​របប​ក្រុងភ្នំពេញ​បែរជា​នាំគ្នា​វាយប្រហារ​អត្ថបទ​នេះ និង​ស្ថាប័ន​ព័ត៌មាន Asia Times ទៅវិញ ហើយ​មន្ត្រី​ខ្លះ​ថែមទាំង​បាន​ព្រលយ​ពាក្យ​ថា របប​នេះ​មាន​យន្តការ​គ្រប់គ្រាន់​ដើម្បី​ដាក់​បន្ទុក​លើ​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ ឱ្យ​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់ និង​វិជ្ជាជីវៈ ចំពោះ​អត្ថបទ​មួយ​នេះ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។