ជនរងគ្រោះ​គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​ក្នុង​រឿង​ហិង្សា​ចំពោះ​មន្ត្រី​បក្ស​ប្រឆាំង​នោះ​ឡើយ

0:00 / 0:00

ជនរងគ្រោះ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​ជំនឿ​ថា សមត្ថកិច្ច​អាច​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ក្នុង​សំណុំរឿង​ជន​មិន​ស្គាល់​មុខ​លួច​វាយ​សកម្មជន​បក្ស​ប្រឆាំង​បាន​ឡើយ​។ សមត្ថកិច្ច​អះអាង​ថា សំណុំរឿង​ទាំងនេះ កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ដោយ​មន្ត្រី​ជំនាញ ក៏ប៉ុន្តែ​មិន​ទាន់​មាន​លទ្ធផល​ដូច​ការ​ចង់​បាន​របស់​ជនរងគ្រោះ និង​ក្រុម​សង្គម​ស៊ីវិល​នោះ​ទេ។

អតីតមន្ត្រី​គណបក្សប្រឆាំង រិះគន់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថា មិន​មាន​ឆន្ទៈ​ក្នុង​ការ​រក​យុត្តិធម៌​ជូន​ពួកគាត់​នោះ​ទេ ព្រោះ​ជាច្រើន​ខែ​មកនេះ សមត្ថកិច្ច​មិនទាន់​ចាប់​បាន​ជន​ដៃដល់​ណា​ម្នាក់​យក​មក​ផ្ដន្ទាទោស​នៅ​ឡើយ។

ចៅសង្កាត់​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​អូរឫស្សី​៣ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ លោក ស៊ិន សំអាត គឺជា​ជនរងគ្រោះ​មួយ​រូប​ក្នុងចំណោម​ជនរងគ្រោះ​ជាច្រើន​ផ្សេងទៀត​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​មក​វាយ​ពីក្រោយ​ដោយ​ដំបង​ដែក​។ លោក​ឱ្យ​អាស៊ីសេរី​ដឹង​ថា របួស​ក្បាល​របស់​លោក​បាន​ជា​សះស្បើយ​ហើយ ប៉ុន្តែ​របួស​ផ្លូវចិត្ត​របស់​លោក​វិញ មិនទាន់​ជា​នោះ​ទេ ព្រោះ​ជន​ដៃដល់​កំពុង​មាន​សេរីភាព រួច​ផុត​ពី​សំណាញ់​ច្បាប់​។ លោក​ចាត់​ទុក​ការ​វាយដំ​លើ​រូបលោក និង​សកម្មជន​បក្ស​ប្រឆាំង​ដទៃ​ទៀត ជា​អំពើ​ហិង្សា​ផ្នែក​នយោបាយ ហើយ​លោក​គ្មាន​សង្ឃឹមថា នឹង​ទទួល​បាន​យុត្តិធម៌​ឡើយ៖ «ចេះ​តែ​មាន​អំពើ​ហិង្សា​បន្តបន្ទាប់ វា​អត់​មាន​ចាប់​បាន​ជនល្មើស​មួយ​ករណី​ណា អ៊ីចឹង​វា​មានការ​ឈឺចាប់​ដែរ​។ យើង​នៅតែ​ដេក​គិត​ថា យើង​សុំ​តែមួយ​សុខ អត់​បាន​សុខ​។ រស់នៅ​ទាំង​ភ័យខ្លាច អត់​មាន​សិទ្ធិ​សេរីភាព​។ យើង​ចង់​ជួប​មិត្តភ័ក្ដិ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង យើង​អត់​ហ៊ាន​ជួប​គ្នា​ទេ ខ្លាច​គេ​ចោទ​យើង​ហ្នឹង​ថា​ទៅ​ជួបជុំគ្នា​គិត​រឿង​គណបក្ស​ទៀត​។ ដូច្នេះ​យើង​អត់​មានបាន​ជួប​គ្នា រាល់ថ្ងៃ​នឹក​គ្នា តែ​យើង​អត់​ហ៊ាន​ទៅ​ជួប ដោយសារ​ខ្លាច​មាន​បញ្ហា​អំពើ​ហិង្សា​លើ​រូប​យើង​ម្ដងទៀត»។

ករណី​អំពើ​ហិង្សា​លើ​មន្ត្រី​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រព្រឹត្ត​ដោយ​ជន​មិន​ស្គាល់​មុខ បាន​កើត​ឡើងជា​បន្តបន្ទាប់​នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ទី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឈ្នះ​អាសនៈ​ក្រុមប្រឹក្សា និង​ចៅសង្កាត់ ច្រើនជាង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ កន្លងទៅ ។ ករណី​ហិង្សា​ទាំងនេះ​កើតឡើង​ខ្លាំង​នៅ​ស្រប​ពេល​យុទ្ធនាការ​ធ្វើទុក្ខបុកម្នេញ និង​ចាប់ចង​មន្ត្រី​បក្ស​ប្រឆាំង ដែល​គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ទៀត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។ ករណី​ចុង​ក្រោយ​បង្អស់​​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​២០ មករា ថ្មីៗ​នេះ ដោយ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ពោធិ៍សែនជ័យ លោក ខៀវ ឌីន ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​ជិះ​ម៉ូតូ​លួច​វាយ​ពីក្រោយ​បណ្តាល​ឱ្យ​រងរបួស​បែក​ក្បាល​ជា​ទម្ងន់។

ករណី​អំ​ពើហិង្សា​លើ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ច្រើន​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា គឺ​ជន​ដៃដល់​ជិះ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព លួច​វាយ​ជនរងគ្រោះ​ពីក្រោយ​ខ្នង ហើយ​ប្រើ​ដំបង​ដែក​វាយ​សំដៅ​ក្បាល​របស់​ជនរងគ្រោះ​។ ចំណែក​ជនរងគ្រោះ​វិញ គឺ​សុទ្ធសឹងតែ​ជា​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ការ​គាំទ្រ​ច្រើន​ពី​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ហើយ​ពួកគាត់​សុទ្ធតែ​បាន​​អះអាង​​ថា ពួកគាត់​បាន​បញ្ឈប់​សកម្មភាព​នយោបាយ​តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​មក​ម្ល៉េះ​ថែម​ទៀត​ផង។

អគ្គស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន (រូប​អង្គុយ​កណ្ដាល)។
អគ្គស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន (រូប​អង្គុយ​កណ្ដាល)។ (រូប​៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ)

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹមខឿន អះអាង​ថា ការ​ស៊ើប​អង្កេត​រក​ជន​ដៃដល់​ដែល​លួច​វាយ​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​នា​ពេល​កន្លង​ទៅ​នោះ មិន​ទាន់​មាន​លទ្ធផល​ជា​ដុំកំភួន​អ្វី​នោះ​ទេ តែ​យ៉ាងណា​លោក​ថា សមត្ថកិច្ច​នៅតែ​បន្ត​ស្រាវជ្រាវ​ករណី​នេះ​។ លោក​បដិសេធ​មតិ​ចោទប្រកាន់​ដែល​ថា សមត្ថកិច្ច​មិន​អើពើ​ស៊ើបអង្កេត​រឿង​នេះ ប៉ុន្តែ​ជាមួយ​គ្នា​នេះ លោក​ក៏​មិន​ប្រាប់​ពី​មូលហេតុ​ដែល​សមត្ថកិច្ច​ត្រូវ​ប្រើ​ពេល​យូរ​ក្នុង​ការ​ស្រាវជ្រាវ​ករណី​នេះ​ដែរ៖ «ពេល​រឿង​ខ្លះ យើង​រក​ឃើញ​ភ្លាមៗ រឿង​ខ្លះ​យើង​ប្រើ​ពេលវេលា​។ ដោយឡែក សម្រាប់​អ្នក​រង​គ្រោះ ឈឺចាប់ និង​ទន្ទឹង​រង់ចាំ​លទ្ធផល តែ​អ្នក​នៅ​ខាងក្រៅ​ចេះតែ​វាយតម្លៃ ព្រោះ​គាត់​ឆក់​ឱកាស​ហើយ​ពេល​ហ្នឹង​។ ក៏ប៉ុន្តែ ត្រូវ​យល់​ថា រឿង​អ្វី​គាត់​ហ៊ាន​វាយតម្លៃ​មុន​ពេល​គេ​រក​ឃើញ​ហេតុផល»។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ចាត់​ទុក​ការ​បកស្រាយ​របស់​សមត្ថកិច្ច​នេះ​ថា ​ជា​រឿង​លេងសើច និង​មិន​អាច​ទទួល​យក​បាន​។ លោក​បញ្ជាក់​ថា ជាច្រើន​ខែ​មក​នេះ មន្ត្រី​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ភ្នំពេញ​ចំនួន​ ១៤នាក់​ហើយ ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​វាយ ប៉ុន្តែ​សមត្ថកិច្ច​រក​មិន​ឃើញ​ជន​ដៃដល់​ណា​ម្នាក់​យក​មក​កាត់ទោស​នោះ​​ឡើយ​។ លោក​នៅតែ​ចោទ​ប្រកាន់​ថា ករណី​ហិង្សា​ទាំងនេះ ត្រូវ​បាន​រៀបចំ​ដោយ​របប​ដឹកនាំ​បច្ចុប្បន្ន ព្រោះ​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​គឺ​លោក សុខ ឥសាន ធ្លាប់​អះអាង​ថា បក្ស​នេះ​បាន​ចិញ្ចឹម​ឆ្កែ​ដើម្បី​ទុក​ខាំ​ក្រុម​អ្នកប្រឆាំង​ដែល​លោក​ចោទ​ថា ជា​ក្រុម​ឧទ្ទាម។

អនុប្រធាន​សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី​ខេត្ត និង​ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ន ផល្លា ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៤។
អនុប្រធាន​សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី​ខេត្ត និង​ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ន ផល្លា ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៤។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ គ្មាន​ជំនឿ​ថា សមត្ថកិច្ច​នឹង​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​នោះ​ឡើយ ព្រោះ​មាន​ករណី​ហិង្សា និង​ឃាតកម្ម​ជាច្រើន​ដែល​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ មិនដែល​ត្រូវ​បាន​អាជ្ញាធរ​នាំ​ខ្លួន​ជន​ប្រព្រឹត្ត​យក​មក​ផ្ដន្ទាទោស​នោះ​ឡើយ៖ «មក​ឆ្លើយ​បែប​ជា​ដោះសារ​ថា កំពុងតែ​យក​ចិត្តទុកដាក់​រក​ជន​ដៃដល់ ហើយ​ថា ឱ្យ​យល់​ពី​ទុក្ខ​លំបាក​របស់​អាជ្ញាធរ។ អ៊ីចឹង​នេះ​គឺ​លេស​ដោះ​សារ​មួយ មិន​ទទួលខុសត្រូវ​ចំពោះ​អ្វី​ដែល​ខ្លួន​កំពុងតែ​អនុវត្ត​មុខងារ និង​កាតព្វកិច្ច​ធានា​សន្តិសុខ​សណ្ដាប់ធ្នាប់​ជា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ហើយ​ថែមទាំង​ជួយ​បិទបាំង​តទៅទៀត​។ អ៊ីចឹង​ខ្ញុំ​មិន​អាច​ទទួល​យក​បានទេ ទាក់ទង​នឹង​ការ​លើកឡើង​របស់​អគ្គស្នងការ និង​សមត្ថកិច្ច​នៅ​ក្នុង​របប​ក្រុង​ភ្នំពេញ​ទាំងមូល»។

ចំណែក នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា ការ​មិន​អាច​នាំ​​ខ្លួន​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​បែបនេះ ជា​ការ​បង្កើត​វប្បធម៌​និទ្ទណ្ឌភាព និង​ឆ្លុះបញ្ចាំង​ពី​ការរើសអើង​ផ្នែក​នយោបាយ​លើ​សកម្មជន​គណបក្សប្រឆាំង​។ លោក​បន្ថែម​ថា សមត្ថកិច្ច​មិន​អាច​លើក​ហេតុផល​ថា សំណុំរឿង​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត តែ​មិន​មាន​លទ្ធផល​បែបនេះ​ទេ បើ​ពុំ​ដូច្នេះ​ទេ សាធារណជន​នឹង​វាយ​តម្លៃ​ថា សមត្ថកិច្ច​ដែល​មាន​តួនាទី​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​នោះ គ្មាន​ឆន្ទៈ​ក្នុង​ការ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ ហើយ​អំពើ​ហិង្សា​នេះ​គឺជា​ការ​បំភិតបំភ័យ​សកម្មជន​គណបក្ស​ប្រឆាំង​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។