នាវាចម្បាំងរបស់អូស្ត្រាលី (Australia) នឹងចូលចតនៅកំពង់ផែរបស់កម្ពុជាស្ថិតក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែតុលា នេះ។ ការចូលចតដ៏កម្ររបស់នាវាចម្បាំងអូស្ត្រាលីនេះ ធ្វើឡើងនៅចំពេលមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជាមានការស្ថាបនាជាច្រើន ដែលអ្នកឃ្លាំមើលសង្ស័យថា ជាការសម្រួលដល់វត្តមានកងទ័ពចិន។ នេះជាលើកដំបូងហើយក្នុងរយៈពេល ៥ឆ្នាំ ដែលនាវាចម្បាំងអូស្ត្រាលីចូលចតនៅកម្ពុជា ។
ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាលោក ផាប្លូ កាំង (Pablo Kang) ឱ្យដឹងលើបណ្ដាញធ្វីតធ័រ (Twitter) នៅថ្ងៃទី១៧ ខែតុលាថា នាវាចម្បាំងដែលមកទស្សនកិច្ចនៅកម្ពុជានេះ ជាប្រភេទនាវាចម្បាំងទំនើប អ៊ែចអែមអេអេស អ៊ែនហ្ស៊ែក (HMAS Anzac)។ លោកឱ្យដឹងទៀតថា នាវាចម្បាំងនេះនឹងពាំនាំមកជាមួយនូវបរិក្ខារការពារខ្លួនទប់ទល់នឹងជំងឺកូវីដ-១៩ ប្រមាណជិត ១តោន (៨០០ គីឡូក្រាម) ហើយនិងមានការរៀបចំជាសិក្ខាសាលាអនឡាញ ស្ដីពី ស្ត្រី សន្តិភាព និងសន្តិសុខ (WSP) អំឡុងពេលសំចតនៅកំពង់ផែនោះទៀតផង។

ការចូលចតរបស់នាវាចម្បាំងអូស្ត្រាលីនៅកម្ពុជានេះ គឺជាផ្នែកមួយនៃសកម្មភាពចូលរួមថែរក្សាសន្តិសុខដ៏សំខាន់របស់អូស្ត្រាលីនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (IPE21)។ នាវាចម្បាំងអូស្ត្រាលីជាច្រើនគ្រឿងបានចេញដំណើរពីទីក្រុងដាវីន (Darwin) ដែលស្ថិតនៅប៉ែកខាងជើងប្រទេស កាលពីចុងខែសីហា ឆ្ពោះទៅកាន់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ហើយត្រូវវិលត្រឡប់ទៅដល់ប្រទេសអូស្ត្រាលីវិញនៅក្នុងខែវិច្ឆិកាខាងមុខ។
ទាក់ទងនឹងការចូលចតនាវាចម្បាំងអូស្ត្រាលីនេះ វិទ្យុអាស៊ីសេរីបានទាក់ទងមេបញ្ជាការរងកងទ័ពជើងទឹកលោក អ៊ុក សីហា ដើម្បីសាកសួរព័ត៌មានបន្ថែម ប៉ុន្តែលោកប្រាប់ថា ជាប់រវល់ទទួលភ្ញៀវ រួចក៏ចុចផ្ដាច់ទូរស័ព្ទ។ រីឯអ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាត និងអ្នកនាំពាក្យមូលដ្ឋានកងទ័ពជើងទឹករាម លោក ម៉ី ឌីណា វិញ វិទ្យុអាស៊ីសេរីក៏មិនអាចសុំការឆ្លើយតបបានដែរ។
ជុំវិញរឿងនេះ អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) លោក វណ្ណ ប៊ុនណា មានប្រសាសន៍ថា ការចូលចតនាវាចម្បាំងអូស្ត្រាលីនេះមានផលល្អមួយចំនួនដល់កម្ពុជា។ លោកថា ករណីនេះអាចបង្ហាញពីភាពចម្រុះនៃទំនាក់ទំនងលើវិស័យយោធារវាងកម្ពុជាជាមួយប្រទេសដទៃ ហើយក៏អាចជាចំណុចចាប់ផ្តើមនៃការសម្រួលទំនាក់ទំនងក្នុងវិស័យយោធាជាមួយក្រុមប្រទេសលោកសេរីដែរ៖ « អូស្ត្រាលីមានទំនាក់ទំនងជាមួយកម្ពុជាមិនមានបញ្ហាអ្វីនោះទេ អ៊ីចឹងនេះជាឱកាសមួយសម្រាប់កម្ពុជាពន្យល់បកស្រាយពីការចោទប្រកាន់កន្លងមក ហើយនិងបញ្ជាក់ថា ខ្លួនហ្នឹងពិតជាមិនមានជំហរណាមួយសម្រាប់កងទ័ពបរទេស។ ហើយការដែលចូលចតនេះ វាជាសញ្ញាមួយធំណាស់ វាបង្ហាញថា កម្ពុជាហ្នឹងបើកទូលាយសម្រាប់កប៉ាល់នាវាចម្បាំងទាំងអស់ដែលចង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ អាហ្នឹងវាជាចំណុចសំខាន់មួយដែលធ្វើការផ្សះផ្សាជាមួយនឹងសហរដ្ឋអាមេរិកផងដែរ តាមរយៈយន្តការជាស្ពានរបស់អូស្ត្រាលី»។

ទំនាក់ទំនងក្នុងវិស័យយោធារវាងកម្ពុជាជាមួយនឹងក្រុមប្រទេសលោកខាងលិច ជាពិសេសជាមួយសហរដ្ឋអាមេរិក បានឡើងកម្ដៅខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ មូលហេតុ គឺដោយសារតែរបបលោក ហ៊ុន សែន បង្ហាញភាពលម្អៀងខ្លាំងទៅរកប្រទេសចិនកុម្មុយនីស្ត ហើយព័ត៌មានស្ដីពីកិច្ចព្រមព្រៀងសម្ងាត់រវាងរបបក្រុងភ្នំពេញ និងប៉េកាំងបានផ្ទុះឡើង ដែលបង្កជាហានិភ័យដល់សន្តិសុខតំបន់ទាំងមូល។ តាមរបាយការណ៍កន្លងមក កិច្ចព្រមព្រៀងសម្ងាត់នោះអនុញ្ញាតឱ្យកងទ័ពចិនគ្រប់គ្រងកំពង់ផែទ័ពជើងទឹករាមផ្ដាច់មុខរហូតដល់ទៅ ៣០ឆ្នាំ ហើយកិច្ចព្រមព្រៀងនេះអាចបន្តបានរៀងរាល់ ១០ឆ្នាំម្ដង។
ភាគីកម្ពុជា និងចិនសុទ្ធតែបានបដិសេធព័ត៌មាននេះ ក៏ប៉ុន្តែស្ថាប័នស្រាវជ្រាវ និងសារព័ត៌មានបរទេសបានរកឃើញ និងចេញផ្សាយជាបន្តបន្ទាប់អំពីការវិវឌ្ឍជាច្រើននៅមូលដ្ឋានទ័ពជើងទឹករាម។ ជាពិសេសក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ការស្ថាបនាអគារ ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន បានកើតមាននៅទីនោះ ដែលករណីនេះត្រូវបានគេសង្ស័យថា ជាការស្ថាបនាដើម្បីសម្រួលដល់វត្តមានកងទ័ពចិននៅកម្ពុជា។
អ្នកសិក្សាស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយលោក វណ្ណ ប៊ុនណា មានប្រសាសន៍ថា ក្នុងបរិបទនៃការប្រជែងឥទ្ធិពលគ្នាដ៏ស្រួចស្រាល់រវាងប្រទេសមហាអំណាចបែបនេះ កម្ពុជាគួរតែព្យាយាមបង្ហាញពីជំហរអព្យាក្រឹត្យរបស់ខ្លួនដើម្បីទទួលបានប្រយោជន៍នានាពីប្រទេសមហាអំណាច ជាពិសេសពេលកម្ពុជាធ្វើជាប្រធានប្ដូរវេនអាស៊ាននៅឆ្នាំ ២០២២ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។