ស្ថានទូត​អាមេរិក​សម្ដែង​ការ​ខកចិត្ត​ខ្លាំង​ជុំវិញ​រឿងរ៉ាវ​កម្ពុជា​វាយកម្ទេច​អគារ​កងទ័ព​ជើង​ទឹក​រាម

ដោយ មាន ឫទ្ធិ
2020-10-07
Share
Ream រូបខាងឆ្វេង គឺអគារ​បញ្ជាការដ្ឋាន ថតកាលពីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២០។ ឯរូប​ខាង​ស្ដាំ គឺដីទំនេរ​ក្រោយ​អគារនោះត្រូវបានកម្ទេចចោល ថតកាលពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២០។
Screen Capture from CSIS's ASIA MARITIME TRANSPARENCY INITIATIVE Website

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា សម្ដែង​ការ​ខកចិត្ត​ខ្លាំង​ជុំវិញ​រឿងរ៉ាវ​ដែល​អាជ្ញាធរ​យោធា​កម្ពុជា​បាន​វាយកម្ទេច​អគារ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម ដែល​ជា​ជំនួយ​របស់​ខ្លួន​។ ស្ថានទូត​បង្ហាញ​ក្តី​បារម្ភ​ថា ការ​វាយកម្ទេច​នេះ អាច​ពាក់ព័ន្ធ​នឹង​ផែនការ​អនុញ្ញាត​ឲ្យ​ចិន​ដាក់​មូលដ្ឋាន​យោធា​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មី​ម្តង​ទៀត បដិសេធ​ការចោទប្រកាន់​នេះ ហើយ​ប្រកាស​ថា ប្រទេស​នានា​អាច​ចូល​ចត​នៅ​កំពង់ផែ​យោធា​កម្ពុជា​បាន ដោយ​គ្រាន់តែ​សុំ​ការអនុញ្ញាត​ជាមុន។

មន្ត្រី​ផ្នែក​ព័ត៌មាន​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក ឆាត រ៉ូដឺមៀ (Chad Roedemeir) គូសបញ្ជាក់​ថា សហរដ្ឋអាមេរិក​មាន​ការ​ខកចិត្ត​ជុំវិញ​ការណ៍​ដែល​អាជ្ញាធរ​យោធា​កម្ពុជា​បាន​ជ្រើសរើស​យក​ការ​វាយកម្ទេច​ចោល​អគារ​សន្តិសុខ លំហ​សមុទ្រ​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ដែល​លោក​ថា ទើប​តែ​មាន​អាយុកាល ៧​ឆ្នាំ ហើយ​ជា​សញ្ញាណ​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា។ លោក​សង្កត់ធ្ងន់​ថា សហរដ្ឋអាមេរិក​មាន​កង្វល់​ជុំវិញ​ការណ៍​ដែល​ថា ការ​វាយ​កម្ទេច​ចោល​ទាំងស្រុង​នូវ​អគារ​ជា​ជំនួយ​របស់​សហរដ្ឋអាមេរិក​នេះ អាច​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ផែនការ​នានា​ដែល​កម្ពុជា​អនុញ្ញាត​ឲ្យ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដាក់​មូលដ្ឋាន​យោធា ដោយមាន​គ្រឿង​បរិក្ខារ​យោធា និង​កងទ័ព​ចិន​នៅ​ទីនោះ​។ សហរដ្ឋអាមេរិក ព្រមាន​ថា ការអនុញ្ញាត​ឲ្យ​មាន​វត្តមាន​យោធា​ចិន​នៅ​ទីនោះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទំនាក់ទំនង​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ហើយក៏​នឹង​បង្អាក់ និង​បង្ក​ឲ្យ​មាន​អស្ថិរភាព​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ទាំងមូល​ផង​ដែរ។

ឆ្លើយតប​នឹង​កង្វល់​របស់​អាមេរិក​ជុំវិញ​រឿង​ចោទ​ថា កម្ពុជា​ប្រគល់​កំពង់ផែ​យោធា​រាម នៅ​ខេត្ត​ព្រះសីហនុ ទៅ​ឲ្យ​ចិន​គ្រប់គ្រង​ផ្ដាច់មុខ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៧ តុលា ថ្លែង​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត​ខ្នាត​យក្ស​មួយ​នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល បដិសេធ​ការ​ចោទប្រកាន់​នេះ​។ លោក​បញ្ជាក់​ថា មិនមែន​មាន​តែ​ប្រទេស​ចិន​មួយ​ទេ ដែល​មាន​សិទ្ធិ​ប្រើប្រាស់​កំពង់ផែ​យោធា​រាម​នេះ តែ​កម្ពុជា​ស្វាគមន៍​ប្រទេស​ដទៃ​ទៀត​ដែល​ចង់​ចូល​ចត​នៅ​ទីនោះ តែ​ត្រូវ​សុំ​ការអនុញ្ញាត​ជាមុន​សិន ព្រោះ​កំពង់ផែ​រាម ជា​កំពង់ផែ​យោធា មិនមែន​ជា​កំពង់ផែ​ដឹកទំនិញ​នោះ​ទេ​៖ «រហូតដល់​ប៉ុន្មាន​ថ្ងៃ​នេះ ចោទ​ប្រកាន់​ថា កម្ពុជា​ប្រគល់​កំពង់ផែ​រាម​ឲ្យ​ចិន​ប្រើប្រាស់​ផ្ដាច់មុខ​ទៅ​ទៀត ដែល​បង្ខំចិត្ត​ត្រូវ​ចាក់​ឡើងវិញ​នូវ​អ្វី​ដែល​ខ្ញុំ​និយាយ​នៅ​ខេត្ត​ព្រះសីហនុ តាំង​ពី​ខែ​៦ ចាក់​ឡើងវិញ​ឲ្យ​ស្ដាប់ បក​ជា​ភាសា​អង់គ្លេស​ឲ្យ​មើល​ទៀត​។ ហើយ​ធ្វើ​កំណត់​ទូត​ផ្ញើ​ឲ្យ​គ្រប់​ស្ថានទូត​ថា​លោក ហ៊ុន សែន និយាយ​អញ្ចេះ​...ម៉េច​ក៏​ថា ចង់​ធ្វើ​កំពង់ផែ​យោធា​រាម​ឲ្យ​ទៅជា​កំពង់ផែ​អន្តរជាតិ? ម៉ែ​អាណា​ធ្វើ​កំពង់ផែ​យោធា​ឲ្យ​ទៅជា​កំពង់ផែ​អន្តរជាតិ? យើង​អាច​ឲ្យ​ចូល​នៃ​នាវា​ប្រទេស​ច្រើន មិនមែន​កំពង់ផែ​អន្តរជាតិ​ដូច​កំពង់ផែ​ដឹកទំនិញ​។ យើង​មាន​កំពង់ផែ​មួយ កំពង់ផែ​យោធា ជា​កំពង់ផែ​ចម្បាំង​។ អ៊ីចឹង ត្រូវ​សុំ​ការអនុញ្ញាត មិនមែន​គ្រាន់តែ​ចិន​មួយ​មាន​សិទ្ធិ​ប្រើប្រាស់​ទេ​។ ប្រទេស​ដទៃ​ដែល​សុំ​ការអនុញ្ញាត មក​ចូល​ចត ចាក់​ប្រេង ឬ​ឡើងគោក ដើម្បី​សម​យុទ្ធ​ជាមួយ​នឹង​កម្ពុជា ឬ​ធ្វើ​កិច្ចការ​អ្វីមួយ​ជាមួយ​នឹង​កម្ពុជា យើង​ស្វាគមន៍»

យ៉ាងណា លោក ហ៊ុន សែន ព្រលយ​ឲ្យ​ដឹង​ថា បើ​ចិន​មិន​លូកដៃ​ចូល​ជួយ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​នៅ​កម្ពុជា​នោះ​ទេ តើ​ឲ្យ​ប្រទេស​ដទៃ​ណា​ជួយ​កម្ពុជា។

រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ ធ្លាប់​អះអាង​ប្រាប់​អាស៊ីសេរី​ថា ការ​វាយកម្ទេច​អគារ​ដែល​ជា​ជំនួយ​របស់​សហរដ្ឋអាមេរិក​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នេះ គឺជា​សិទ្ធិ​អធិបតេយ្យ​របស់​កម្ពុជា ដូច្នេះ​កម្ពុជា​មិន​ចាំបាច់​ជូនដំណឹង​ប្រាប់​ប្រទេស​ណាមួយ​នោះ​ទេ​។ លោក​ហៅ​ការចោទប្រកាន់​របស់​សហរដ្ឋ​អាមេរិក​ថា គ្រាន់តែ​ជា​មហិច្ឆតា​បម្រើ​ភូមិសាស្ត្រ​នយោបាយ​ប៉ុណ្ណោះ​។ យ៉ាងណា លោក ទៀ បាញ់ មិន​បាន​ចោទប្រកាន់​ប្រទេស​ចិន យ៉ាង​ដូច្នោះ​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី​៥ ខែ​តុលា គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ បញ្ជាក់​ថា ខ្លួន​ធ្លាប់​បាន​ពន្យល់​ប្រាប់​សហរដ្ឋអាមេរិក​អំពី​ផែនការ​ផ្លាស់ប្ដូរ​ទីតាំង​នៃ​ទីបញ្ជាការ​ជួរមុខ​របស់​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​​លម្ហ​សមុទ្រ ដែល​ស្ថិត​ក្រោម​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​សហរដ្ឋអាមេរិក និង​ប្រទេស​អូស្ត្រាលី ហើយ​ពុំ​ទទួល​បាន​នូវ​ការជំទាស់​ជា​ផ្លូវការ​ណាមួយ​ ចំពោះ​ការ​ផ្លាស់ប្ដូរ​នេះ​ទេ​។ ការ​ផ្លាស់ប្ដូរ​ទីតាំង​​នេះ​ទៅ​ទីតាំង​ថ្មី​នៅ​លើ​កោះ​ព្រាប គឺ​ដោយសារតែ​បរិវេណ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​មាន​ទំហំ​តូច ហើយ​កំពង់ផែ​នៅ​ទីនោះ​ពុំ​អាច​ពង្រីក​រចនាសម្ព័ន្ធ​បាន។

អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយ បណ្ឌិត សេង សារី មាន​ប្រសាសន៍ថា កម្ពុជា​កំពុងតែ​ប្រព្រឹត្តិ​កំហុស​ឆ្គង​ផ្នែក​ការទូត​ដោយសារតែ​មិនបាន​ជូនដំណឹង​ដល់​សហរដ្ឋអាមេរិក​ឲ្យ​បាន​ច្បាស់លាស់​អំពី​ការ​វាយកម្ទេច​អគារ​ជា​ជំនួយ​របស់​សហរដ្ឋអាមេរិក​នេះ។ លោក​ថា ប្រសិនបើ​កម្ពុជា​ពិតជា​មាន​ផែនការ​អនុញ្ញាត​ឲ្យ​ចិន​ប្រើប្រាស់​ទីតាំង​នោះ​ជា​មូលដ្ឋាន​យោធា​មែន នោះ​កម្ពុជា​ត្រូវតែ​ចេញមុខ​ទទួលខុសត្រូវ​នៅ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ និង​រដ្ឋធម្មនុញ្ញ​ដែល​បាន​ហាមប្រាម​បញ្ហា​នេះ​៖ «រដ្ឋាភិបាល​ត្រូវ​ទទួលខុសត្រូវ​នៅ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ​ហើយ បើសិនជា​ក្នុង​ករណី​យើង​មិន​ធ្វើតាម​អ្វី​ដែល​យើង​មាន ហើយ​អាវ​ក្រោះ [​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​] មាន​ហើយ​មិន​ព្រម​ប្រើ ហើយ​រដ្ឋធម្មនុញ្ញ​ក៏បាន​កំណត់​ឲ្យ​រដ្ឋាភិបាល​ ដែល​ទទួល​បាន​ការបោះឆ្នោត​ពី​ពលរដ្ឋ​ហ្នឹង ត្រូវតែ​គោរព​តាម​​រដ្ធម្មនុញ្ញ ក៏​យើង​មិន​​គោរព​ទៅតាម​រដ្ឋធម្មនុញ្ញ​។ នេះ​គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា យើង​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ បញ្ហា​ត្រង់​ថា មក​ដល់​ពេល​នេះ រដ្ឋាភិបាល​នៅតែ​ប្រកាស​មិន​ទទួលស្គាល់​លើ​ការចោទប្រកាន់​ទាំងឡាយ​ណា ដែល​បង្ហាញ​ទៅលើ​រដ្ឋាភិបាល​ថា មាន​ភាព​លម្អៀង​ទៅ​មហាអំណាច​ចិន ក៏ប៉ុន្តែ សកម្មភាព​ហើយ​នឹង​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ទៅលើ​រឿង​ហ្នឹង»

ជាថ្មី​ម្តងទៀត មន្ត្រី​ផ្នែក​ព័ត៌មាន​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក រម្លឹក​ឡើងវិញ អំពី​លិខិត​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដែល​ប្រធានាធិបតី​អាមេរិក បាន​បើកផ្លូវ​ឲ្យ​មាន​កិច្ចពិភាក្សា​គ្នា​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សហរដ្ឋអាមេរិក ដែល​នឹង​ការពារ​ដល់​អធិបតេយ្យ​របស់​កម្ពុជា ស្របតាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ លោក​ថា សហរដ្ឋអាមេរិក ស្វាគមន៍​កិច្ច​សន្ទនា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពី​តម្រូវការ​នានា​របស់​កម្ពុជា ដើម្បី​កំណត់​ថា តើ សហរដ្ឋអាមេរិក​អាច​ជួយ​ផ្ដល់​ការ​គាំទ្រ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នេះ​បាន ដោយ​របៀប​ណា ដែល​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​នៃ​ភាព​ឯករាជ្យ​ពិតប្រាកដ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។