អ្នក​ឃ្លាំមើល​ថា កូនៗ លោក ហ៊ុន សែន ជា​គ្រាប់​គ្រោះ​ក្នុង​សារពាង្គកាយ​ខ្មែរ

ដោយ ជី វិតា
2024.08.29
អ្នក​ឃ្លាំមើល​ថា កូនៗ លោក ហ៊ុន សែន ជា​គ្រាប់​គ្រោះ​ក្នុង​សារពាង្គកាយ​ខ្មែរ កូន​ទាំង ៥នាក់​របស់លោក ហ៊ុន សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ប្រធាន​ព្រឹទ្ធសភា។ ពី​ឆ្វេងទៅស្ដាំ៖ លោក ហ៊ុន ម៉ាណែត អ្នកស្រី ហ៊ុន ម៉ាណា លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ានី​និង​អ្នកស្រី ហ៊ុន ម៉ាលី។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​កូន​ទាំង ៥នាក់​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ថា ជា​ក្រុម​មេ​ដឹកនាំ​ដែល​នាំ​គ្រោះ​ដល់​ប្រជាជាតិ​ខ្មែរ។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន អះអាង​ថា កូន​របស់​លោក​ទាំង ៥នាក់ គឺ​ជា​គ្រាប់​ពេជ្រ និង​ជា​មនុស្ស​មាន​គុណធម៌។

អ្នក​ឃ្លាំមើល​បញ្ហា​នយោបាយ និង​មន្ត្រី​បក្ស​ប្រឆាំង​លើក​ឡើង​ថា កូនៗ របស់​លោក ហ៊ុន សែន ជាពិសេស លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​ឡើង​គ្រង​តំណែង​តាម​រយៈ​ការ​ផ្ទេរ​អំណាច​ពុំ​មាន​គុណធម៌​នោះ​ទេ ដោយសារ​តែ​លោក​នៅតែ​បន្ត​បង្ក្រាប​ឥត​ស្រាកស្រាន្ត​លើ​ក្រុម​​ពលរដ្ឋ និង​អ្នក​មាន​និន្នាការ​មិន​ស្រប​នឹង​រដ្ឋាភិបាល និង​បាន​ឡើង​កាន់​អំណាច​ត​ពី​ឪតាម​រយៈ​ការ​បោះ​ឆ្នោត​មិន​ត្រឹមត្រូវ និង​យុត្តិធម៌ ប៉ុន្តែ លោក​ព្រម​ទទួល​យក​តំណែង​នាយក​រដ្ឋមន្ត្រី​នេះ ដោយ​គ្មាន​ភាព​អៀនខ្មាស។

អ្នក​ធ្វើ​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៩ ខែសីហា​ថា លោក​មិន​ឃើញ​ថា កូន​របស់​លោក ហ៊ុន សែន ទាំង ៥នាក់​ជា​គ្រាប់​ពេជ្រ ឬ​ក្ដី​សង្ឃឹម​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ ផ្ទុយ​ទៅ​វិញ​លោក​ថា ពួក​គេ​ប្រៀប​បី​ដូច​ជា​គ្រាប់​គ្រោះ​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទៅ​វិញ​ទេ។ លោក​បន្ថែម​ថា នៅ​ពេល​ពួក​គេ​កាន់តែ​ធំធាត់​មាន​អំណាច​ពេញ​ដៃ ប្រជាពលរដ្ឋ​កាន់តែ​ក្រីក្រ​ជួប​ទុក្ខ​លំបាក រីឯ​ជោគ​វាសនា​ទឹកដី ក៏​ប្រឈម​បាត់បង់​នា​ថ្ងៃ​អនាគត ដោយសារ​តែ​ដឹកនាំ​រណប​បរទេស។

លោក គឹម សុខ៖ «កូនលោក ហ៊ុន សែន ទាំង ៥នាក់​ហ្នឹង​មិន​ដឹង​ថា រាប់​ថា មាន​សីសធម៌​យ៉ាង​ម៉េច​ទេ បើ​មួយ​ថ្ងៃៗ និយាយ​បោក​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឈប់ កម្ពុជា​កំពុង​តែ​រអិល​ធ្លាក់​ក្នុង​វិបត្តិ​ស្ទើរ​គ្រប់​វិស័យ ក៏​ប៉ុន្តែ កូន​លោក ហ៊ុន សែន បែរ​ជា​បោក​ប្រជាពលរដ្ឋ​ខ្មែរ​ថា រីក​ចម្រើន​ខ្លាំង​ណាស់។ កូនលោក ហ៊ុន សែន ក៏​មិន​រាប់​ថា មាន​គុណធម៌​ដែរ ពីព្រោះ​ពួក​គេ​លួច​ជាតិ​ធ្វើ​មាន សេដ្ឋី​អស់​ហើយ តែ​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​ធ្លាក់​ខ្លួន​ក្រ​វេទនា​វ័ណ្ឌ​ក​នឹង​បំណុល។ កូនលោក ហ៊ុន សែន ក៏​មិន​រាប់​ថា សុភាព​រាបសា​ដែរ ទាំង ហ៊ុន ម៉ាណែត ហ៊ុន ម៉ាណែត ហ៊ុនម៉ានី គំរាម​បង្ក្រាប​ប្រជាពលរដ្ឋ​មិន​ស្វាង ដោយ​គ្រាន់តែ​ប្រជាពលរដ្ឋ​សម្ដែង​មតិ​ទាមទារ​យុត្តិធម៌»

ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន សរសេរ​សារ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី២៩ ខែសីហា​ថា កូនៗ ទាំង ៥នាក់​របស់​លោក រួម​មាន លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ានី អ្នកស្រី ហ៊ុន ម៉ាណា និង​អ្នកស្រី ហ៊ុន ម៉ាលី គឺ​ជា​គ្រាប់​ពេជ្រ ដែល​លោក​បាន​ច្នៃ និង​មាន​ចំណេះដឹង​សីលធម៌ គុណធម៌ សុភាព​រាបសា និង​ចេះ​ជួយ​ពលរដ្ឋ​ក្រីក្រ​តាម​រយៈ​ការ​បញ្ជូន​ពួក​គេ​ឱ្យ​ទៅ​រៀន​សូត្រ​នៅ​ក្រៅ​ប្រទេស​ជា​ដើម។

ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រុម​អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថា នេះ​គ្រាន់តែ​ជា​សារ​បែប​ប្រជាភិថុតិ​សម្រាប់​កូនៗ របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ ខណៈ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កំពុង​ដឹកនាំ​ប្រទេស​កាន់តែ​ច្របូកច្របល់ ជាពិសេស រឿង​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​នៅតែ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដើម្បី​បញ្ចៀស​ការ​បាត់បង់​ទឹកដី​នា​ថ្ងៃ​អនាគត។ ទន្ទឹម​គ្នា​នេះ ក្នុង​ពេល​ពលរដ្ឋ​ជា​ច្រើន​មាន​ជីវភាព​ក្រីក្រ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន បែរ​ជា​ប្រមែប្រមូល​ធនធាន​ទ្រព្យ​សម្បត្តិ​ជាតិ និង​ស្រវា​មាន​បាន​កប់​ក្ដោង តាម​រយៈ​ការ​ធ្វើ​អាជីវកម្ម​នៃ​មុខ​ជំនួញ​របស់​ពួក​គេ។

អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) ធ្លាប់​លាត​ត្រដាង​ទ្រព្យ​សម្បត្តិ​សែស្រឡាយ​ត្រកូល ហ៊ុន កាលពីអំឡុងឆ្នាំ២០១៦ ថា ត្រកូល ហ៊ុន អាច​មាន​ទ្រព្យ​សម្បត្តិ​សរុប​មិន​តិច​ជាង​ពី ៥រយលានទៅ ១ពាន់​ដុល្លារ​ដុល្លារ​នោះ​ទេ តាម​រយៈ​ការ​ធ្វើ​ជំនួញ​​ខុសច្បាប់ និង​រំលោភ​សិទ្ធិមនុស្ស។ ក្រុមហ៊ុន​ទាំង​នោះ រួម​មាន តាំង​ពី​ក្រុមហ៊ុន កាប់​ឈើ រុករក​រ៉ែ ក្រុមហ៊ុន​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ទេសចរណ៍ សំណង់ អចលនទ្រព្យ ថាមពល ក្រុមហ៊ុន​នាំចូល​ថ្នាំ​ពេទ្យ និង​ក្រុមហ៊ុន​បន​ល្បែង​ជា​ដើម។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៩ ខែសីហា។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន លើក​ឡើង​ថា កូនៗ លោក ហ៊ុន សែន ពុំ​មាន​អត្តចរិត​សុភាព​រាបសា និង​គុណធម៌​សម្រាប់​ប្រជាជន​ខ្មែរ​ឡើយ។ លោក​បន្ត​ថា តាម​របៀប​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ត​តំណែង​ពី​ឪពុក នៅតែ​មាន​ចរិត​បែប​ហិង្សា​និយម​បង្ក្រាប​សំឡេង​អ្នក​រិះគន់ និង​បែងចែក​ប្រកាន់​បក្ខពួក​និយម​ស្ទើរ​គ្រប់​ស្ថាប័ន​រដ្ឋ តាំង​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​ក្រោម​ជាតិ។

លោក អ៊ុំ សំអាន៖ «ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ចាប់ចង​សកម្មជន​សង្គម សកម្មជន​បក្ស​ប្រឆាំង បរិស្ថាន​ដាក់​ពន្ធនាគារ​យ៉ាង​ច្រើន​មាន​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ បក្ខពួក​និយម គ្រួសារ​និយម រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​អត់​ការងារ​ធ្វើ​ចំណាក​ស្រុក​ធ្វើការ​នៅ​ស្រុក​ថៃ​ជា​ដើម ដូច្នេះ លោក ហ៊ុន ម៉ាណែត មិនមែន​ជា​គ្រាប់​ពេជ្រ​នោះ​ទេ គឺ​ជា​គ្រោះ​ចង្រៃ​ដ៏​អាក្រក់​សម្រាប់​ប្រទេស​កម្ពុជា នៅ​ពេល​ដឹកនាំ​បន្ត​ពី​ឪពុក​របស់​គាត់ គឺ​បាន​ធ្វើ​ឱ្យ​កម្ពុជា​ដាំ​ក្បាល​ចុះ​មែនទែន​ខាង​ផ្នែក​សេដ្ឋកិច្ច»

អ្នក​ឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​ថា ប្រសិន​បើ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ក្លាហាន​ដឹកនាំ​ប្រទេស​តាម​គន្លង​ប្រជាធិបតេយ្យ ពលរដ្ឋ​អាច​នឹង​មិន​ជួប​បញ្ហា​សេដ្ឋកិច្ច​ដុនដាប​ដូច​ពេល​បច្ចុប្បន្ន​នោះ​ទេ ហើយ​ពលរដ្ឋ និង​យុវជន ដែល​ជា​កូន​អ្នក​កសិករ​ក្រីក្រ ដែល​មាន​ចំណេះដឹង និង​សមត្ថភាព​ក៏​អាច​រួម​ចំណែក​កសាង​ប្រទេស​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។