មន្ត្រីបក្សភ្លើងទៀន៖ អាជ្ញាធរបង្កភាពភ័យខ្លាចដល់ពលរដ្ឋនៅមណ្ឌលបោះឆ្នោតមួយចំនួន
2022.06.05

អាជ្ញាធរមូលដ្ឋានមកពីគណបក្សប្រជាជនកម្ពុជាបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅតាមមណ្ឌលបោះឆ្នោតមួយចំនួននៅថ្ងៃឆ្នោតឃុំសង្កាត់ថ្ងៃទី៥ ខែមិថុនា។ មន្ត្រីគណបក្សភ្លើងទៀន និងប្រជាពលរដ្ឋចាត់ទុកទង្វើទាំងនោះ គឺជាការរំលោភបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ និងគំរាមកំហែងដល់ឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលមិនអាចទទួលយកបានឡើយ។ ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជំរុញឱ្យភាគីពាក់ព័ន្ធដាក់ពាក្យបណ្ដឹងតាមនីតិវិធីច្បាប់ ដើម្បី គ.ជ.ប ស៊ើបអង្កេតនិងចាត់វិធានការ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ៥ នៅថ្ងៃទី៥ ខែមិថុនា មន្ត្រីគណបក្សភ្លើងទៀន ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលរកឃើញភាពមិនប្រក្រតីស្ទើរគ្រប់ឃុំ សង្កាត់ ដែលបង្កឡើងដោយអាជ្ញាធរមូលដ្ឋានរបស់គណបក្សប្រជាកម្ពុជា។ ករណីទាំងនោះរួមមានវត្តមានអាជ្ញាធរនៅក្នុងបរិវេណនៃការិយាល័យបោះឆ្នោតដោយឈរក្បែរអ្នកបោះឆ្នោត និងធ្វើសកម្មភាពផ្សេងទៀត។ រីឯទីតាំងនៅក្បែរមណ្ឌលបោះឆ្នោតវិញ អាជ្ញាធរទាំងនោះបានប្រមូលផ្ដុំជាក្រុមតូចៗ អមដោយសៀវភៅ ប៊ិច ជាពិសេសបញ្ជីឈ្មោះអ្នកបោះឆ្នោតថតចម្លងរង់ចាំកត់ឈ្មោះ ឬហៅពលរដ្ឋមកណែនាំមុនទៅអ្នកបោះឆ្នោត និងក្រោយបោះឆ្នោតរួច។ ពួកគេអះអាងទង្វើល្មើសច្បាប់ទាំងនោះ មិនត្រូវបាន គ.ជ.ប ទប់ស្កាត់ឱ្យទាន់ពេលវេលាឡើយ។
ក្រុមការងារបណ្ដោះអាសន្ននៃគណបក្សភ្លើងទៀន ស្រុកឯកភ្នំ ខេត្តបាត់ដំបង លោក ឡី សុខុន ប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី៥ ខែមិថុនាថា មេភូមិ មេឃុំ និងបក្ខពួកជាច្រើននាក់មកពីគណបក្សប្រជាជនកម្ពុជាបានដើរកៀរគរ និងឈរចាំស្ទាក់កត់ឈ្មោះពលរដ្ឋនៅក្បែរការិយាល័យបោះឆ្នោតដូចជាឃុំពាមឯក ឃុំព្រែកនរិន្ទ និងឃុំសំរោងក្នុងជាដើម។ មន្ត្រីបក្សភ្លើងទៀនរូបនេះឱ្យដឹងថាលោកបានស្នើទៅគណៈកម្មការឃុំរៀបចំការបោះឆ្នោត និងប៉ូលិសប្រចាំការនៅទីនោះឱ្យចាត់វិធានការទប់ស្កាត់ដែរ ប៉ុន្តែពួកគេមិនអើពើនោះទេ។ លោកថា ផ្ទុយទៅវិញមន្ត្រីបក្សប្រជាជនបែរជាដាក់ពាក្យប្ដឹងគំរាមកំហែងរូបលោកឱ្យលុបវីដេអូទាក់ទងសកម្មភាពមិនប្រក្រតីទាំងនោះទៅវិញ។ លោក ឡី សុខុន លោកចាត់ទុកទង្វើទាំងនេះ គឺការរំលោភបំពានច្បាប់ និងគំរាមកំហែងដល់អ្នកបោះឆ្នោតយ៉ាងធ្ងន់ធ្ងរដោយមិនអាចទទួលយកបានឡើយ៖ «ថ្ងៃនេះថ្ងៃបោះឆ្នោតសកម្មសម្បើមម្ល៉េះ ក្នុងការហៅប្រជាពលរដ្ឋដោយមានក្រដាសស្នាមគរៗ មានក្រុមការងារឈរហៅប្រជាពលរដ្ឋឱ្យចូលកន្លែងគេ និងធីក (tick) លើឈ្មោះនីមួយៗ អាក្រក់មិនអាចទទួលយកបានទេ»។
ស្រដៀងគ្នានេះដែរ ប្រធានក្រុមការងារបណ្ដោះអាសន្នប្រចាំរាជធានីភ្នំពេញលោក សរ ឡង់ដេត រកឃើញថាស្ទើរគ្រប់សង្កាត់នៅរាជធានីភ្នំពេញដាក់កម្លាំងប៉ូលិសច្រើនលើសលុប និងឈរកៀកការិយាល័យបោះឆ្នោត ហើយអាជ្ញាធរមូលដ្ឋានទៀតសោតឈរឃ្លាំមើលអ្នកបោះឆ្នោតនៅមុខការិយាល័យបោះឆ្នោតផងដែរ។ លោកឱ្យដឹងថាភ្នាក់ងារគណបក្សរបស់លោកបានស្នើដល់គណៈកម្មការសង្កាត់រៀបចំការបោះឆ្នោតដែរ តែពុំមានប្រសិទ្ធិភាពនោះទេ ហើយលោកចាត់ទុកសកម្មភាពនេះ គឺដាក់ការសម្ពាធ និងបំភិតបំភ័យដល់អ្នកបោះឆ្នោត៖ «គឺជារឿងគំរាមកំហែងដល់អង្គបោះឆ្នោត ក៏ដូចប្រជាពលរដ្ឋទូទៅដែរ គឺជារឿងសំខាន់ ហើយវាខុសនីតិវិធីច្បាប់»។
ក្រៅពីការគំរាមកំហែងនៅតាមមណ្ឌលបោះឆ្នោតនៅខេត្តបាត់ដំបង និងរាជធានីភ្នំពេញ ករណីបែបនេះ ក៏កើតមាននៅខេត្តកំពង់ស្ពឺ សៀមរាប ព្រះសីហនុ និងខេត្តមួយចំនួនទៀតដែរ។ សកម្មភាពទាំងនោះភាគច្រើនប្រព្រឹត្តដោយអាជ្ញាធរមូលដ្ឋានដែលគាំទ្រគណបក្សកាន់អំណាច។ មន្ត្រីគណបក្សភ្លើងទៀនអះអាងថា ពួកគេនឹងដាក់ពាក្យបណ្ដឹងទៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតតាមនីតិវិធីច្បាប់ ទោះយ៉ាងពួកគេហាក់គ្មានជំនឿ ថាស្ថាប័នបោះឆ្នោតផ្តល់យុត្តិធម៌ក៏ដោយ។
ទាក់ទងរឿងនេះ គណៈគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ថា តាមច្បាប់ចម្ងាយ ១៥ម៉ែត្រពីការិយាល័យបោះឆ្នោតដាក់សមត្ថកិច្ចម្នាក់ និងចម្ងាយ ១០០ម៉ែត្រដាក់សមត្ថកិច្ចពីរនាក់។ លោកបន្ថែមថាថ្ងៃបោះឆ្នោតនេះច្បាប់ក៏មិនអនុញ្ញាតឱ្យអាជ្ញាធរដើរប្រមូលពលរដ្ឋឱ្យទៅបោះឆ្នោតនោះទេ។ ទោះយ៉ាងណាក្ដី លោកថាបើគណបក្សនយោបាយយល់អាជ្ញាធរអនុវត្តផ្ទុយពីច្បាប់លោកលើកទឹកចិត្តឱ្យដាក់ពាក្យបណ្ដឹងមក គ.ជ.ប តាមនីតិវិធីច្បាប់ ដើម្បីស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់៖ «បើសិនមានអ្នកប្រមូលដឹកជញ្ជូន ហើយថ្ងៃហ្នឹងហើយនៅតែប្រាប់ថា អ្នកឯងត្រូវទៅជាមួយខ្ញុំ ត្រូវបោះឆ្នោតឱ្យខ្ញុំ នោះជាការខុសឆ្គងហើយ អ៊ីចឹងកម្រិតទោសទណ្ឌទាំងឡាយត្រូវផ្នែកទៅលើអ្វីដែលរកឃើញ ប៉ុន្តែបញ្ហាសំខាន់សូមឱ្យមានការប្ដឹងជាលាយលក្ខណ៍អក្សរដោយបញ្ជាក់ទីកន្លែងពិតប្រាកដ»។
ទោះបីច្បាប់ចែងថា ពលរដ្ឋមានសិទ្ធិគូសលើសន្លឹកឆ្នោតដោយសម្ងាត់ ដើម្បីជ្រើសរើសតំណាងមកពីគណបក្សនយោបាយដែលខ្លួនពេញចិត្ត ដោយគ្មានការបំភិតបំភ័យ និងគំរាមកំហែងក៏ដោយ។ ផ្ទុយទៅវិញប្រជាពលរដ្ឋដែលបានបោះឆ្នោតនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សុំមិនបញ្ចេញឈ្មោះអះអាងថាប្រជាការពារ អនុភូមិ មេភូមិជាច្រើននាក់ចាំអង្គុយកត់ឈ្មោះ និងណែនាំប្រជាពលរដ្ឋមុនចូលទៅក្នុងមណ្ឌលបោះឆ្នោត។ លោកបន្តថា សកម្មភាពរបស់អាជ្ញាធរបានធ្វើឱ្យអ្នកបោះឆ្នោតខ្លះភ័យតក់ស្លុត ហើយ គ.ជ.ប មិនចេញមុខដោះស្រាយឡើយ។ ដូច្នេះលោកយល់ថាការបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៥ នេះនឹងមិនយុត្តិធម៌ និងមិនឆ្លុះបញ្ចាំងឆន្ទៈពិតប្រាកដរបស់ពលរដ្ឋនោះទេ៖ «ខ្ញុំចង់សួរទៅ គ.ជ.ប ទាល់តែប្ដឹងទៅទើបមានចំណាត់ការ ឃើញនៅមុខធ្វើអត់ឮអត់ដឹង ឬយ៉ាងណា។ ធ្វើឱ្យល្អទៅប្រជាពលរដ្ឋស្រឡាញ់ហើយ បោះឆ្នោតឱ្យហើយ ដោយមិនបាច់ធ្វើអំពើមិនថ្លៃថ្នូរ ដែលខុសពីច្បាប់អ៊ីចឹងទេ»។
ជុំវិញរឿងនេះ ក្រុមសង្គមស៊ីវិលក៏សង្កេតឃើញស្រដៀងនឹងការលើកឡើងរបស់មន្ត្រីបក្សភ្លើងទៀន និងប្រជាពលរដ្ឋដែរ។ មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្រ្វែល (Comfrel) លោក កន សាវាង្ស មើលឃើញថាមេភូមិ មេឃុំមួយចំនួនបានធ្វើសកម្មភាពដោយសេរីនៅក្នុងបរិវេណការិយាល័យបោះឆ្នោត ដែលផ្ទុយទៅនឹងច្បាប់បោះឆ្នោត។ លោកបន្តថា បញ្ហានេះ ពុំឃើញគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតចុះត្រួតពិនិត្យ ឬមានចំណាត់ការណាមួយណានោះទេ៖ «នីតិវិធីមានតែប្ដឹងទេ ប៉ុន្តែប្ដឹងហើយគេមិនដោះស្រាយវាជារឿងមួយយើងមានអំណះអំណាងគ្រប់គ្រាន់ថា គ.ជ.ប ឬគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត ឬក៏គណៈកម្មការការិយាល័យរៀបចំការបោះឆ្នោតហ្នឹងអត់យកចិត្តទុកដាក់ ហើយបើសិនជាប្ដឹងហើយគាត់អត់ចាត់ការ។ អ៊ីចឹងខ្ញុំថា យន្តការ ដែលដោះស្រាយធ្វើតាមរយៈបណ្ដឹង ឬត្រូវតែប្ដឹងបើសិនមើលឃើញភាពមិនប្រក្រតីណាមួយកើតឡើង ដែលយល់ឃើញថា មិនត្រឹមត្រូវ»។
អង្គការលីកាដូបានទទួលការរាយការណ៍ពីរាជធានី-ខេត្តចំនួន១៦ ដោយមើលឃើញពីវត្តមានរបស់អាជ្ញាធរមូលដ្ឋាន អង្គុយចាំនៅក្នុង ឬក្រៅទីតាំងបោះឆ្នោត ឬជួយសម្របសម្រួលឱ្យពលរដ្ឋបានចូលទៅកាន់ការិយាល័យបោះឆ្នោតដូចជាមេភូមិ មេឃុំ ឬចៅសង្កាត់ ឬអភិបាលស្រុក និងអាជ្ញាធរផ្សេងទៀត។ អង្គការដដែលឱ្យដឹងថា ភាគច្រើនករណីទាំងនេះ អាជ្ញាធរបានកត់ត្រាឈ្មោះ ឬចំនួនប្រជាពលរដ្ឋដែលបានទៅបោះឆ្នោត។ ម្យ៉ាងទៀតមេភូមិ និងអនុប្រធានភូមិ បានអង្គុយនៅក្រៅច្រកចូលនៃទីតាំងបោះឆ្នោត និងតម្រូវឱ្យពលរដ្ឋប្រាប់ឈ្មោះពួកគាត់ក្រោយពីការបោះឆ្នោតរួច។ ក្រៅពីនេះ ក៏មានករណីដែលអាជ្ញាធរមូលដ្ឋានចុះតាមផ្ទះប្រជាពលរដ្ឋនីមួយៗ ដើម្បីសួរនាំប្រជាពលរដ្ឋអំពីអ្នកដែលពួកគេបោះឆ្នោតឱ្យ និងការបង្ហាញវត្តមាននៃទាហានប្រដាប់ដោយអាវុធនៅក្បែរទីតាំងបោះឆ្នោតទៀតផង៕
សូមចុចតំណភ្ជាប់នេះ ប្រសីនបើលោកអ្នកចង់អានព័ត៌មាននេះ ជាភាសាអង់គ្លេស៖ Cambodia opposition decries intimidation as ruling party claims local election sweep…
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។