តុលាការ​ឃុំ​ខ្លួន​ប្រធាន​បក្ស​ភ្លើង​ទៀន​ក្រុង​ប៉ោយប៉ែត ពាក់ព័ន្ធ​ការ​គូស​ខ្វែង​សន្លឹក​ឆ្នោត

0:00 / 0:00

សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​ខ្លួន​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ក្រុង​ប៉ោយប៉ែត​ លោក ចៅ វាសនា ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ នៅ​ថ្ងៃ​ទី២៥ កក្កដា។

លោក ​ចៅ វាសនា ត្រូវ​បាន​អាជ្ញាធរ​ចាប់​ ក្រោយ​ពី​លោក​បាន​បង្ហោះ​រូប​គូស​ខ្វែង​សន្លឹក​ឆ្នោត​នៅ​​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

កូនស្រី​របស់​លោក ចៅ វាសនា គឺ​លោកស្រី ចៅ រតនៈ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ទី២៥ កក្កដា​ថា ឪពុក​របស់​នាង គឺ​លោក ចៅ វាសនា ត្រូវ​បាន​សមត្ថកិច្ច​​បញ្ជូន​ទៅ​ពន្ធនាគារ​ហើយ។

វិទ្យុ​អាស៊ី​សេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង អ្នក​នាំ​ពាក្យ​សាលាដំបូង ខេត្តបន្ទាយ​មានជ័យ សំរិទ្ធ សុខុន ដើម្បី​សាកសួរ​អំពី​បទ​ចោទ​ប្រកាន់ លើ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ក្រុង​ប៉ោយប៉ែត​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៥ កក្កដា។

ទន្ទឹម​នឹង​ការ​ឃុំ​ខ្លួន​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​នេះ​ដែរ មាន​មនុស្ស​ចំនួន ៥នាក់​ផ្សេង​ទៀត ​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន​នៅ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី២៣ កក្កដា ក្នុង​ពេល​ចាប់​ខ្លួន​លោក ចៅ វាសនា ដែរ។ ក្នុង​នោះ មាន​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ចំនួន ២នាក់ និង ៣នាក់​ផ្សេង​ទៀត​ជា​ប្រជាពលរដ្ឋ។ ចំពោះ​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ទាំង ២នាក់​នោះ គឺ​ក្រុម​ប្រឹក្សា​ឃុំ​នៃ​គណបក្ស​ភ្លើង​ទៀន​ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម លោក ជឹម សុជាតិ និង​អនុប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​ប៉ៃលិន លោក ឡោ ធន។ ប៉ុន្តែ​អាជ្ញាធរ​បាន​ដោះលែង​ពួកគាត់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ហើយ។

ក្រុម​ប្រឹក្សា​ឃុំ​នៃ​គណបក្ស​ភ្លើង​ទៀន​ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម លោក ជឹម សុជាតិ ប្រាប់​សារព័ត៌មាន​វីអូអេ (VOA) ថា លោក​ត្រូវ​បាន​អាជ្ញាធរ ឃាត់​ខ្លួន​ពេល​កំពុង​ឈរ​ថតរូប ខណៈ​មន្ត្រី គ.ជ.ប ​រាប់​សន្លឹក​ឆ្នោត​កាល​ពី​ម៉ោង ៣រសៀល​ថ្ងៃអាទិត្យ ទី២៣ កក្កដា ប៉ុន្តែ​សមត្ថកិច្ច​បាន​ដោះលែងលោក​វិញ​ នៅ​យប់​ថ្ងៃ​ដដែល។

ចំណែក​ឯ​អនុប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​ប៉ៃលិន លោក ឡោ ធន មាន​ប្រសាសន៍​ថា អំឡុង​ពេល​ដែល​អាជ្ញាធរ ឃាត់​ខ្លួន​លោក​នោះ គឺ​បាន​សួរ​លោក អំពី​ការ​ណែនាំ​ពលរដ្ឋ​ឱ្យ​គូស​បំផ្លាញ​សន្លឹក​ឆ្នោត តែ​លោក​បញ្ជាក់​ថា លោក​មិន​បាន​ធ្វើ​នោះ​ទេ។

លោក ឡោ ធន៖«គេ​មក​ហៅ​ឆៅៗ ហ្មង​ហ្នឹង។ ពេល​ទៅ​ដល់​ហ្នឹង​មើល​ទៅ​ប្រធានបទ​ហ្នឹង ឃើញ​ថា គេ​សួរ​នាំ​ពី​រឿង​ករណី​បំផ្លាញ​សន្លឹក​ឆ្នោត​ហ្នឹង​ហា តើ​យើង​បាន ចង់​និយាយ​ថា បាន​ណែនាំ ឬ​ក៏​បាន​បទ​បញ្ជា​ពី​ណា​មក ហើយ​គេ​ផ្ដោត​លើ​លោក ខឹម មុនីកុសល ហាណា បាន​ណែនាំ​អីៗ ទាក់ទិន​នឹង​ការ​គូស​សន្លឹក​ឆ្នោត​ចោល​អី​ហ្នឹង ប៉ុន្តែ​យើង​អត់​បាន​ប្រព្រឹត្ត»។

លោក ឡោ ធន ត្រូវ​បាន​សមត្ថកិច្ច​ជាង ១០នាក់ ឃាត់​ខ្លួន​ដោយ​គ្មាន​បង្ហាញ​ដីកា​ពី​តុលាការ និង​ដឹក​ដោយ​រថយន្ត​នាំ​ទៅ​សាកសួរ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន កាល​ពី​ព្រឹក​ថ្ងៃ​ទី២៤ កក្កដា ។ ក្រោយ​ពី​សមត្ថកិច្ច​សាកសួរ និង​មិន​មាន​តម្រុយ​ដាក់​បន្ទុក​លោក ​ឡោ ធន​ បាន សមត្ថកិច្ច​បាន​ដោះ​លែង​លោក​​វិញ នៅ​រសៀល​ថ្ងៃ​ទី២៤ កក្កដា។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង ស្នង​ការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន លោក​ សេង សុគន្ធ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​ការ​ឃាត់ខ្លួន​ទៅ​សួរនាំ​ដោយ​គ្មាន​ដីកា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៥ កក្កដា។

ទាក់ទងនឹងរឿងនេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី ការ​ឃាត់​ខ្លួន និង​នាំ​ខ្លួន​ដោយ​គ្មាន​ដីកាបង្គាប់​បញ្ជា​ពី​តុលាការ គឺ​ជា​អំពើ​រំលោភ​លើ​នីតិវិធី​ច្បាប់ និង​ប៉ះ​ពាល់​ដល់​សិទ្ធិ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​បុគ្គល។

លោក យិន ម៉េងលី៖ «យើង​ចាប់​មនុស្ស​យក​ទៅ​ហើយ បាន​យើង​ចាប់​ផ្ដើម​ស្វែងរក​បទល្មើស ចាប់​មនុស្ស​យក​ទៅ​ចាប់​ផ្ដើម​ឆែក​មើល​ទូរស័ព្ទ​របស់​គាត់។ យើង​សួរ​ថា ដែល​ចាប់​គាត់​ទៅ​ហ្នឹង​គាត់​មាន​បទល្មើស​អី​?យើង​សួរ​សិន​ណា។ ត្រូវ​ប្រាប់​ពី​បទ​ល្មើស ដល់​ពេល​ឆែក​ទូរស័ព្ទ​ទៅ​វា​អត់​មាន​អ្វី ឲ្យ​មក​វិញ​ ឲ្យ​គាត់​មក​វិញ ទៅ​ដក​ទូរស័ព្ទ​របស់​គាត់។ ចុះ​អា​ពាក់ព័ន្ធ​ទៅ​នឹង​សិទ្ធិ​របស់​គាត់ ពាក់ព័ន្ធ​ទៅ​នឹង​សេចក្ដី​ថ្លៃថ្នូរ​របស់​គាត់ ដែល​យើង​ធ្វើ​អញ្ចឹង​ថា តើ​គេ​ដែល​រស់​នៅ​ជិត​ខាង គេ​នាំ​គ្នា​មាន​ការ​ភ្ញាក់ផ្អើល ការ​ព្រួយបារម្ភ ។ អញ្ចឹង​សមត្ថកិច្ច​ខ្លួន​ឯង ក៏​ត្រូវ​តែ​អនុវត្តន៍​ទៅ​តាម​នីតិវិធី​ដែរ មិន​មែន​សមត្ថកិច្ច​អត់​អនុវត្តន៍​តាម​ច្បាប់ ហើយ​បែរ​ជា​ទៅ​ឲ្យ​តែ​ប្រជាពលរដ្ឋ​អនុវត្តន៍​អា​ហ្នឹង​វា​ធ្វើ​អីចឹង វា​អត់​ត្រឹមត្រូវ​ទេ អា​ហ្នឹង​វា​ជា​ការ​រំលោភ​ទៅ​លើ​ច្បាប់ វា​រំលោភ​ទៅ​លើ​សិទ្ធិ​មនុស្ស»។

ដោយ​ឡែក​ករណីពលរដ្ឋ ៣នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ឃាត់​ខ្លួន កាល​ពី​ថ្ងៃ២៣ កក្កដា គឺ​មាន ២នាក់ ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ ក្នុង​នោះ​យុវជន​ម្នាក់ ត្រូវ​បាន​មន្ត្រី គ.ជ.ប ឆែក​ទូរស័ព្ទ​រក​ឃើញ​រូបភាព​គូស​ខ្វែង​សន្លឹក​ឆ្នោត ហើយ​បាន​ឃាត់​ខ្លួន​បញ្ជូន​ទៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​ទី២ និង​ពលរដ្ឋ​ម្នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ក្រោយ​ពី​ពលរដ្ឋ​ម្នាក់​នោះ មិន​បាន​យក​សន្លឹក​ឆ្នោត​ដាក់​ចូល​ទៅ​ក្នុង​ហិប​ឆ្នោត។ រីឯ​ពលរដ្ឋ​ម្នាក់​ទៀត​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន ក្រោយ​ពី​គាត់​មិន​ព្រម​ជ្រលក់​ដៃ ក្រោយ​បោះ​ឆ្នោត​រួច។

វិទ្យុ​អាស៊ីសេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា និង​អ្នក​នាំ​ពាក្យ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ​ដើម្បី​សាកសួរ​ពី​ការ​ឃាត់​ខ្លួន​ពលរដ្ឋ​ទាំង​នោះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៥ កក្កដា។

ទន្ទឹម​នឹង​នេះ អាជ្ញាធរ​ក៏​បាន​គំរាម​ចាត់​វិធាន​ការ​ច្បាប់ ចំពោះ​អ្នក​បង្ហោះ​សារ​គូស​ខ្វែង​លើ​សន្លឹក​ឆ្នោត ឬ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​គូស​ខ្វែង​លើ​សន្លឹក​ឆ្នោត។

ប្រតិកម្ម​របស់​អាជ្ញាធរ​នេះ គឺ​បន្ទាប់​ពី​អ្នក​ទៅ​បោះឆ្នោត​ដែល​បាន​គូស​ខ្វែង​លើ​សន្លឹក​ឆ្នោត និង​បាន​ផ្ញើ​សារ​ឲ្យ​ពលរដ្ឋ​ដទៃ ចូល​ទៅ​គូស​ខ្វែង​លើ​សន្លឹក​ឆ្នោត​នៅ​ក្នុង​បណ្ដាញ​សង្គម​តេលេក្រាម (Telegram) ដែល​មាន​ឈ្មោះ​ថា សប្បាយ (Sbai)។ អាជ្ញាធរ​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ​ថា ជា​អ្នក​ធ្វើ​សកម្មភាព​ញុះញង់ពលរដ្ឋ​ឱ្យ​​បំផ្លាញ​​សន្លឹក​​ឆ្នោត ជាមួយ​លោក សម រង្ស៊ី គឺ​មាន​ចំនួន ៤៤នាក់។

គិតត្រឹមថ្ងៃទី២៣ កក្កដា អាជ្ញាធរ​បាន​កំណត់​មុខ​សញ្ញា ដែល​អាជ្ញាធរ​អះអាង​ថា ជា​អ្នក​បាន​ធ្វើ​សកម្មភាព​ញុះញង់​ឲ្យ​ពលរដ្ឋ​បំផ្លាញ​សន្លឹក​ឆ្នោត​ជាមួយ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មាន​ចំនួន ៤៤នាក់។

ទោះ​បី​ជា​បែប​នេះ​ក្ដី អគ្គ​លេខាធិការ គ.ជ.ប លោក​ទេព នី​ថា ថ្លែង​ថា គ.ជ.ប មិន​មាន​វិធី​ស្វែងរក​អ្នក​គូស​សន្លឹក​ឆ្នោត​ចោល​នោះ​ទេ ប៉ុន្តែ​អ្នក​គូស​សន្លឹក​ឆ្នោត​ចោល ហើយ​យក​ទៅ​បង្ហោះ ទើប​សមត្ថកិច្ច​រក​ឃើញ​បុគ្គល​នោះ។

ទោះជា​យ៉ាង​ណា ក្រុម​អ្នក​ជំនាញ​ការ​បោះឆ្នោត​ថា ការ​គូស​សន្លឹក​ឆ្នោត​ចោល និង​ការ​បង្ហោះ​សន្លឹក​ឆ្នោត ការ​គូស​ខ្វែង​សន្លឹក​ឆ្នោត ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ពុំ​បំពាន​ច្បាប់​អ្វី​ទេ។

ជុំវិញ​រឿង​នេះ​ដែរ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​រាជធានី​ភ្នំពេញ បើក​សវនាការ​លើ​សំណុំរឿង​ចំនួន២១ ពី​បទ​ណែនាំ និង​ញុះញង់​ពលរដ្ឋ​ឲ្យ​បំផ្លាញ​សន្លឹក​ឆ្នោត នៅ​ថ្ងៃ​ទី២៥ កក្កដា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។