ក្រសួងការបរទេសកម្ពុជា បានប្រតិកម្មជាថ្មីម្ដងទៀតប្រឆាំងវៀតណាម បន្ទាប់ពីរកឃើញថា វៀតណាមបានជីកស្រះទឹកចូលក្នុងអធិបតេយ្យភាពដែនដីរបស់កម្ពុជា។ ជុំវិញរឿងនេះ ប្រធានគណបក្សសង្គ្រោះជាតិ បង្ហាញជំហរគាំទ្រសកម្មភាពរដ្ឋាភិបាលក្នុងការចេញកំណត់ទូតនេះ ដោយចាត់ទុកថា អ្វីដែលក្រសួងការបរទេសកម្ពុជា ធ្វើនៅពេលនេះ ក្នុងផ្លូវត្រូវ និងចំណេញដល់ជាតិ គឺលោកត្រូវតែគាំទ្រ។
នេះជាកំណត់ទូតលើកទីពីរហើយ និងជាការកម្រ ដែលរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មប្រឆាំងរដ្ឋាភិបាលវៀតណាម ដែលជាមិត្តដ៏ជិតស្និទ្ធរបស់ខ្លួន តាមរយៈស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា ក្រោយពីរកឃើញថា វៀតណាមពិតជាបានរំលោភចូលក្នុងអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា នៅលើចំណុចដែលពុំទាន់បានព្រមព្រៀងគ្នាជាផ្លូវការនៅឡើយនោះ។
កំណត់ទូតចុះថ្ងៃទី១៤ ខែមិថុនា របស់ក្រសួងការបរទេសកម្ពុជា ដែលផ្ញើទៅរដ្ឋាភិបាលវៀតណាម បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសនៃគណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជា និងអាជ្ញាធរកម្ពុជា នៅខេត្តរតនគិរី បានរកឃើញស្រះទឹកចំនួន ៣បន្ថែមទៀតដែលកំបាំងក្នុងព្រៃ ហើយស្រះទឹកនោះជីកដោយវៀតណាម។ កំណត់ទូតបន្តថា ស្រះទឹកដែលរកឃើញថ្មីបន្ថែមទៀតនេះ គឺជីកចន្លោះបង្គោលឡាកលេខ ៣០ និងបង្គោលឡាក ៤០ ស្ថិតក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលទីតាំងនោះមិនបានកំណត់ខណ្ឌសីមាព្រំដែននៅឡើយ។
ជុំវិញរឿងរ៉ាវនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកន្លងទៅតែងវាយប្រហារដោយមិនសំចៃមាត់ប្រឆាំងគោលនយោបាយរបស់រដ្ឋាភិបាលរឿងបូរណភាពទឹកដីនេះ ក៏ប៉ុន្តែឥឡូវនេះវិញ លោកបានបង្ហាញជំហរគាំទ្រចំណាត់ការរបស់រដ្ឋាភិបាល ដោយចាត់ទុកថា នេះជាយន្តការដែលល្អ និងជាការកម្រក្នុងប្រវត្តិនយោបាយកម្ពុជា ដែលរដ្ឋាភិបាលខ្មែរហ៊ានបញ្ចេញប្រតិកម្ម ដោយផ្ញើចេញកំណត់ទូតប្រឆាំងការប៉ុនប៉ងម្ដងជាពីរដងរបស់វៀតណាម ដែលរំលោភដីកម្ពុជា នេះ៖
«ខ្ញុំនិយាយមិញគាំទ្រ ទង្វើរដ្ឋាភិបាល។ រដ្ឋាភិបាលលោក ហ៊ុន សែន ដែលហ៊ានតតាំងជាមួយយួន។ យើងគាំទ្រ មិនអ៊ីចឹងបងប្អូន? គេធ្វើល្អអ្នកណាហ៊ានតតាំង។ ដូច្នេះអ្នកណាធ្វើអីល្អយើងគាំទ្រ និងលើកទឹកចិត្ត។ លើកទឹកចិត្តអ្នកស្នេហាជាតិ ពីខាងណាក៏ដោយ ឲ្យតែធ្វើល្អ»។
រយៈពេល ៣ថ្ងៃប៉ុណ្ណោះ ដែលកម្ពុជា បានផ្ញើកំណត់ជាថ្មីទៀត បន្ទាប់ពីការចេញកំណត់ទូតដ៏កម្រ កាលពីថ្ងៃទី១២ ខែមិថុនា។ នៅក្នុងកំណត់ទូតដែលកម្ពុជា អះអាងថា បានរកឃើញស្រះទឹក ៣បន្ថែមពីទៀត ស្ថិតក្នុងទីកំបាំងក្នុងចំណោមស្រះទឹកចំនួន ៥ ដែលបានរកឃើញលើកមុននោះ បានសរសេរថា ផ្អែកលើផែនទីដែលមានខ្នាត ១/១០០.០០០ (១លើ១០០ពាន់) ស្រះទឹកទាំង៣ គឺជីកចូលដីកម្ពុជា យ៉ាងជ្រៅ ដោយស្រះទឹកទី១ មានចម្ងាយប្រមាណ ៣១៥ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដែន។ស្រះទឹកទី២ ជីកចូលចម្ងាយ ៤២៥ម៉ែត្រ និងស្រះទឹកទី៣ ចម្ងាយ ៣៩០ម៉ែត្រពីខ្សែបន្ទាត់ព្រំដែន។
ជុំវិញរឿងនេះ រដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ថា វៀតណាមគឺពិតជាបានរំលោភចូលមកក្នុងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ពិតមែន។
នេះជាលើកទីមួយហើយ ដែលរដ្ឋាភិបាលកម្ពុជា ចេញប្រតិកម្មដ៏កម្រជាមួយវៀតណាម ពីរឿងព្រំដែនម្ដងហើយម្ដងទៀតនេះ។ បន្ថែមពីលើនេះ រដ្ឋាភិបាលកម្ពុជា ស្នើឲ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវគោរពតាមខ្សែព្រំដែន ដែលមានខ្នាតផែនទី ១លើ១០០ពាន់ ដែលជាមូលដ្ឋាននៃសន្ធិសញ្ញា ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ដែលចុះហត្ថលេខារួមគ្នា កាលពីឆ្នាំ២០០៥ ដែលប្រទេសទាំងពីកំណត់ដែនគោក រវាងកម្ពុជា និងវៀតណាម។
ផ្ទុយពីការថ្លែងគាំទ្ររបស់លោក សម រង្ស៊ី ដោយឡែកសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ៅ ពិសេស វិញយល់ឃើញថា ការចេញកំណត់ទូតរបស់កម្ពុជា ដោយទាមទារឲ្យវៀតណាម គោរពសន្ធិសញ្ញា និងកិច្ចព្រមព្រៀងឆ្នាំ១៩៨៥ គឺពុំបានបម្រើឲ្យផលប្រយោជន៍កម្ពុជាទេ។ ជាងនេះទៀត កំណត់ទូតនេះ នឹងជំរុញឲ្យកម្ពុជា ត្រូវបាត់បង់ទឹកដីយ៉ាងច្រើនទៅវៀតណាម និងជាមធ្យោបាយធ្វើឲ្យសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីរវាងកម្ពុជា និងវៀតណាម រឹតតែពេញលេញទៅវិញ។
លោក ម៉ៅ ពិសេស នៅតែទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវជំរុញឲ្យវៀតណាម គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្ដីពីកម្ពុជាវិញ ដែលកិច្ចព្រមព្រៀងនោះ គឺបានធានាយ៉ាងច្បាស់នូវអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា៖
«សន្ធិសញ្ញាបំពេញបន្ថែម និងកិច្ចព្រមព្រៀងនេះ គឺវាធ្វើឲ្យប្រទេសកម្ពុជា បាត់បង់ទឹកដីអស់យ៉ាងច្រើន។ អ៊ីចឹងទេ យើងអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើកំណត់ទូតសាថ្មី គឺធ្វើកំណត់ទូតឲ្យវៀតណាម គោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហ្នឹងបានត្រឹមត្រូវ»។
កំណត់ទូតរបស់ក្រសួងការបរទេសកម្ពុជា ផ្ញើទៅកាន់ស្ថានទូតវៀតណាម ជាថ្មីទៀតនៅពេលនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបជាមួយសមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម លោក ឡេ ហុងអាញ់ (Lê Hồng Anh) កាលពីថ្ងៃទី៩ ខែមិថុនា។ ក្នុងជំនួបនោះ លោក ហ៊ុន សែន ក៏បានលើកឡើងពីការទន្ទ្រានរបស់ភាគីវៀតណាម មកលើទឹកដីកម្ពុជា និងស្នើឲ្យវៀតណាម បន្តរក្សាភាពស្ងប់ស្ងាត់ក្នុងរឿងព្រំដែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។