របបក្រុងភ្នំពេញ បង្កើនថវិកាឃុំ/សង្កាត់ ទាប​ជាង ៤ដង​នៃ​អ្វី​ដែល​គណបក្ស​ប្រឆាំង​ធ្លាប់​ទាមទារ

0:00 / 0:00

លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថ្លែង​ថា​ រដ្ឋាភិបាល​នឹង​ដំឡើង​កញ្ចប់​ថវិកា​ ឃុំ/សង្កាត់​នីមួយៗ ប្រមាណ​ ១២ម៉ឺន​ ២ពាន់​ដុល្លារ (១២២.០០០) នៅ​ឆ្នាំ​ ២០២០​ ដើម្បី​អភិវឌ្ឍ​ថ្នាក់​មូលដ្ឋាន។ ការ​តម្លើង​ថវិកានេះ នៅ​ទាប​ជាង ៤ដង​ នៃកញ្ចប់​ថវិកា ដែលគណបក្សសង្គ្រោះជាតិ ធ្លាប់​​សន្យា​ថា នឹង​​តម្លើង​​ឲ្យ​​បាន​​ពេល​គណបក្ស​នេះ​​ឈ្នះ​​ឆ្នោត​ ដឹក​នាំ​​រដ្ឋាភិបាល។ ម​ន្ត្រី​សង្គម​ស៊ីវិល​ថា ពិបាក​ទុក​​​ចិត្ត​​អាជ្ញាធរ​​ឃុំ​/សង្កាត់​ ក្នុង​​ការ​ចាយ​វាយ​កញ្ចប់​ថវិកា​នេះ​ ដោយសារ​គ្មាន​បក្ស​ប្រឆាំង​​ចូលរួម​​តាម​ដាន។

លោក​ ហ៊ុន សែន បាន​ថ្លែង​អំពី​ការ​ដំឡើង​កញ្ចប់​ថវិកា​ ឃុំ/សង្កាត់​ ​ នៅ​ថ្ងៃ​ខួប​លើក​ទី​ ៤១ឆ្នាំ​ នៃ​ទិវា​ជ័យជម្នះ ៧​ មករា​ ដែល​ប្រារព្ធ​នៅ​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី៧ មករា៖ «ក្នុងឆ្នាំ ២០២០ ឃុំ/សង្កាត់​នីមួយៗ នឹង​ទទួល​បាន​ថវិកា​សរុប​ជា​ធម្យម​ប្រមាណ ១២ម៉ឺន ២ពាន់​ដុល្លារ ក្នុង​នោះ​ថវិកា​ផ្នែក​អភិវឌ្ឍន៍​មូលដ្ឋាន​មាន​ប្រមាណ ៧ម៉ឺន​ដុល្លារ ហើយ​ថវិកា​ផ្នែក​អភិវឌ្ឍន៍​មូលដ្ឋាន​នេះ​នឹង​​ត្រូវ​​បង្កើន​​ជា​​រៀងរាល់​​ឆ្នាំ រហូត​​ដល់​​ឆ្នាំ២០២៣ រដ្ឋបាល​ឃុំ/សង្កាត់​នីមួយៗ នឹង​​ទទួល​​ថវិកា​​សរុប​​ជា​​មធ្យម​​ជាង ១៣ម៉ឺន ២ពាន់​​ដុល្លារ​»។

មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា​ ដំណើរ​ការ​​អនុវត្ត​​ប្រជាធិបតេយ្យ​​នៅ​​តាម​​ឃុំ​/សង្កាត់​​នៅ​​មាន​កម្រិត​ អាច​​ជួប​​បញ្ហា​​អវិជ្ជមាន​ ដោយសារ​តែ​រឿង​​​រំលាយ​​គណបក្ស​​សង្គ្រោះ​​ជាតិ​ ដែល​​អាច​​ជា​​ផ្នែក​មួយ​ ធ្វើ​ឱ្យ​ការ​សម្រេច​ចិត្ត​អភិវឌ្ឍន៍​ និង​ការ​ប្រើ​ប្រាស់​ថវិកា​ឃុំ​/សង្កាត់​ គ្មាន​តម្លាភាព​ និង​​អាច​​មាន​អំពើ​​ពុក​រលួយ​​ជា​ដើម​។ ​

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ​ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ លោក វន់ ពៅ ថ្លែង​ថា​ លោក​ពិបាក​ទុក​ចិត្ត​​ចំពោះ​ការ​ចាយ​វាយ​កញ្ចប់​ថវិកា​ឃុំ​/សង្កាត់​នេះ​ ដោយសារ​រដ្ឋាភិបាល​បាន​រំសាយ​គណបក្ស​ប្រឆាំង​។ លោក​ថា​ ការចាយវាយ​កញ្ចប់​ថវិកា​ឃុំ​/សង្កាត់​កន្លង​ទៅ​ អាជ្ញាធរ​ឃុំ​/សង្កាត់​នី​មួយ​ៗ មិនបាន​បើកទូលាយ​ ឱ្យ​ពលរដ្ឋ​បាន​ដឹង​ឮ​នោះ​ទេ​ ហើយ​ការ​អភិវឌ្ឍ​ ក៏​មិន​បង្ហាញ​ពី​កញ្ចប់​ថវិកា​ជា​សាធារណៈ​នោះ​ដែរ​។ លោក​ផ្តល់​ទស្សន​ថា​ ដើម្បី​បង្ហាញ​ពី​តម្លាភាព​ ការប្រើ​ប្រាស់​កញ្ចប់​ថវិកា​ឃុំ​/សង្កាត់​គួរតែ​ រៀបចំ​ឱ្យ​មាន​តំណាង​ពលរដ្ឋ​ និង​មន្ត្រី​សង្គម​ស៊ីវិល​វិល​ចូលរួម​តាមដាន​និង​ដឹងឮ​៖ «ការចំណាយថវិកាឃុំ/សង្កាត់វាមិនច្បាស់លាស់ មិនតម្លាភាពអ៊ីចឹង អាហ្នឹងយើងឃើញថា មានការរអ៊ូរទាំ។ ការអភិវឌ្ឍ​ហ្នឹង​ទៀត ការ​អភិវឌ្ឍ​ដោយ​ដុំៗ ខ្សែ​​ខាង​​បក្ស​​ឃុំ​សង្កាត់​ច្រើន គេ​អភិវឌ្ឍន៍​តំបន់​នោះ។ ទម្លាក់​លុយ​ពី​ថ្នាក់​ជាតិ​ទៅ ក៏​ប៉ុន្តែ​ឃុំ/​សង្កាត់​មួយ​ចំនួន​អភិវឌ្ឍន៍​នៅ​មាន​កម្រិត នៅ​មាន​ការ​តិចតួច​នៅ​ឡើយ ហើយ​ប្រសិន​បើ​ជា​ទម្លាក់​កញ្ចប់​ថវិកា មើល​សិន​​គ្រប់​​ជ្រុងជ្រោយ ជា​​រឿង​​មួយ​​ដែល​​យើង​​គិត​​ថា មិន​អាច​មាន​ប្រសិទ្ធភាព​គ្រប់​គ្រាន់ ក្នុង​ការ​អភិវឌ្ឈ​ហ្នឹង​នៅ​ឡើយ​ទេ »។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​​ យល់ថា​ រដ្ឋាភិបាល​ត្រូវ​ធ្វើ​​យ៉ាង​ណា​ ឱ្យ​​កម្មវិធី​វិ​និយោគ​​​របស់​​​ឃុំ​/​សង្កាត់​ មាន​ការ​​ឆ្លើយ​តប​​ជា​មួយ​​គោល​ការណ៍​អភិបាលកិច្ច​​ល្អ​។ មាន​ន័យ​ថា​ ចាប់​​ផ្តើម​​ពី​​​ដំណាក់​​កាល​ពិគ្រោះ​​យោបល់​ ការ​​កសាង​​ផែនការ​ និង​​ការ​​ធ្វើ​​ផែនការ​​ថវិកា​ ត្រូវតែ​ឆ្លងកាត់​ការចូលរួម​ពី​ពលរដ្ឋ​នៅ​មូលដ្ឋាន​ ដើម្បី​ឱ្យ​សេច​ក្ដី​ត្រូវការ​របស់​ពលរដ្ឋ​ ត្រូវ​​បាន​​ដាក់​បញ្ចូល​​ក្នុង​​កម្មវិធី​វិនិយោគ​របស់​ឃុំ​/សង្កាត់​នី​មួយ​ៗ។ លោក​ថា​ រដ្ឋាភិបាល​គួរតែ​ពិនិត្យ​មើល​​អាទិភាព​​នៃ​​កម្មវិធី​វិនិយោគ​ឱ្យ​ច្បាស់លាស់​ ដូចជា​ កសាង​ផ្លូវថ្នល់​ជាដើម​ ត្រូវ​តែ​​​ពិនិត្យ​​​ពី​​​របៀប​​​ធ្វើ​​​ផ្លូវ​​​ឱ្យ​​​មាន​​គុណ​ភាព​​​ខ្ពស់​ និង​​ស្តង់ដារ​ គ្មាន​អំពើពុករលួយ៖ ​«ដំណើរការ​​ប្រជាធិបតេយ្យ​​នៅ​​តាម​​ឃុំ​ /​សង្កាត់​​នៅ​​មាន​កម្រិត​ អាច​ជួប​បញ្ហា​ដោយ​សារ​តែ​រឿង រំលាយ​គណបក្ស​សង្គ្រោះ​​ជាតិ។ អាហ្នឹងអាចជាជ្រុងមួយ ដែលគេមើលឃើញដែរ។ ចំណុច​​នេះ​​គេ​​កត់​​​សម្គាល់​​អំពី​​​ឥទ្ធិពល​​របស់​​អ្នក​​​សម្រេច​​​ចិត្ត ឬ​​ក៏​​ឥទ្ធិពល​​របស់​​មេ​​ឃុំ/​ចៅ​​សង្កាត់​​ជា​មួយ​នឹង​ការ​កៀរគរ​ការ​ចូល​រួម​​ពី​​ពលរដ្ឋ​​​ដែរ»។

បើតាមច្បាប់​ថវិកាជាតិ​ប្រចាំ​ឆ្នាំ២០២០ ដែលកម្ពុជាគ្រោងចំណាយជាង ៨ពាន់លានដុល្លារ ថវិកាឃុំ/​សង្កាត់​ ដែល​របប​ក្រុង​ភ្នំពេញ​តម្លើង​នេះ គឺ​ស្មើ​នឹង​ជាង ២០០លាន​ដុល្លារ ឬ​មិន​ដល់ ២,៥% នៃ​ថវិកា​ជាតិ​សរុប​នោះ​ទេ។ ថវិកា​នេះ គឺ​ទាប​ជាង ៤ដង​​នៃ​ថវិកា ដែលគណបក្សសង្គ្រោះជាតិ ធ្លាប់​សន្យាថានឹង​ផ្តល់ដល់ឃុំ-សង្កាត់​ទាំង ១.៦៤៦​ នៅ​ទូទាំង​ប្រទេស ប្រសិន​បើ​​គណបក្ស​នេះ​​ជាប់​ឆ្នោត ដឹក​នាំ​រដ្ឋាភិបាល។​

គណបក្ស​សង្គ្រោះ​ជាតិ កាលមិនទាន់ត្រូវបាន​របបក្រុងភ្នំពេញ​រម្លាយ​ចោល បាន​សន្យា​ថា នឹង​ផ្ដល់​ថវិកា​កន្លះលាន​ក្នុង ១​ឆ្នាំ ទៅ​គ្រប់​ឃុំ/​សង្កាត់ ឱ្យ​ទាល់​តែ​បាន នៅ​ពេល​ដែល​គណបក្ស​នេះ​ ឈ្នះ​​ឆ្នោត​​ដឹក​​នាំ​​រដ្ឋាភិបាល នៅ​ឆ្នាំ​២០១៨។​ គណបក្ស​ប្រឆាំង​នេះ ក៏​​បាន​​យក​​បញ្ហា​​​តម្លើង​​ថវិកា​​​ឃុំ/​​សង្កាត់​​នេះ ដាក់​​ជា​​គោល​​នយោបាយ​ សម្រាប់​​ការ​​ឃោសនា​​បោះ​​ឆ្នោត​​ជ្រើស​រើស​​ក្រុម​​ប្រឹក្សា​ឃុំ​​/​សង្កាត់ កាល​ពី​​ខែ​ឧសភា ឆ្នាំ២០១៧។

ក្នុង​ការបោះឆ្នោតឃុំ/សង្កាត់​ កាលពី​ឆ្នាំ២០១៧ នោះ គណបក្ស​នេះ បាន​​​សំឡេង​ឆ្នោត​​គាំទ្រ​ជាង ៣លាន​​នាក់ ឬ​ស្មើ​នឹង​ជិត​​ពាក់​កណ្តាល​ប្រទេស និងឈ្នះអសនៈឃុំ​សង្កាត់​ជិត ៥០០ឃុំ​សង្កាត់ ក្នុងចំណោមឃុំ-សង្កាត់​ទាំង ១៦៤៦ នោះ។ ប៉ុន្តែ គណបក្សប្រឆាំង មិន​អាចបំពេញ​តាម​ការសន្យា ក្នុងការ​តម្លើងថវិកាឃុំ-សង្កាត់នេះ បាននៅឡើយ ក៏ត្រូវ​គណបក្ស​កាន់​អំណាច​រម្លាយ​ចោល​ទាំង​ស្រុង និង​​ដក​ហូត​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ/​សង្កាត់​​ជាប់​​ឆ្នោត​​ទាំង​អស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។