លោក ហ៊ុន សែន ប្រកាសផ្អាកកិច្ចសហប្រតិបត្តិការស្វែងរកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជា
2017.09.14
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការស្វែងរកអដ្ឋិធាតុទាហានអាមេរិក បាត់ខ្លួននៅកម្ពុជា កាលពីសម័យសង្គ្រាមនៅទសវត្ស៧០ ជាថ្នូរនឹងការណ៍ដែលរដ្ឋាភិបាលអាមេរិក បានដាក់ទណ្ឌកម្មមិនផ្ដល់ទិដ្ឋាការធ្វើដំណើរដល់មន្ត្រីការទូតជាន់ខ្ពស់របស់កម្ពុជា។ ការប្រកាសរបស់លោក ហ៊ុន សែន នេះ ហាក់ផ្ទុយទៅនឹងសេចក្ដីថ្លែងការណ៍ចុងក្រោយរបស់ក្រសួងការបរទេសកម្ពុជា ដែលបានទទូចឲ្យសហរដ្ឋអាមេរិក លុបចោលការដាក់ទណ្ឌកម្មនេះ។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយនឹងសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល ហ្រេ្វស ញូវ (Fresh News) កាលពីព្រលប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសផ្អាកកិច្ចសហប្រតិបត្តិការជាមួយអាមេរិក ក្នុងការស្វែងរកអដ្ឋិធាតុទាហានអាមេរិក ដែលបានបាត់ខ្លួននៅកម្ពុជា កាលពីសម័យសង្គ្រាម។
លោក ហ៊ុន សែន បញ្ជាក់ថា ក្រសួងការបរទេសកម្ពុជា នឹងផ្ញើកំណត់ទូតទៅសហរដ្ឋអាមេរិក នៅពេលឆាប់ៗខាងមុខអំពីបញ្ហានេះ។
លោក ហ៊ុន សែន ត្រូវបានសារព័ត៌មានដដែលនេះស្រង់ប្រសាសន៍បន្តថា កិច្ចសហប្រតិបត្តិការនៃការស្វែងរកនេះ ត្រូវផ្អាកសិន រង់ចាំការដោះស្រាយបញ្ហាផ្សេងៗរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានប្រសើរមកវិញ។ បញ្ហាផ្សេងៗដែលលោក ហ៊ុន សែន លើកឡើងនេះ គឺគ្មានអ្វីក្រៅពីការណ៍ដែលសហរដ្ឋអាមេរិក សម្រេចដាក់ទណ្ឌកម្មមិនផ្ដល់ទិដ្ឋាការធ្វើដំណើរដល់មន្ត្រីការទូតជាន់ខ្ពស់របស់កម្ពុជា នោះឯង ដោយសារតែកម្ពុជា មិនទទួលយកការបញ្ជូនជនជាតិខ្មែរមានពិរុទ្ធពីអាមេរិក មកកាន់កម្ពុជាវិញ។ កន្លងមក លោក ហ៊ុន សែន ធ្លាប់បានហៅទង្វើនេះថា អមនុស្សធម៌ និងជាការបំបែកបំបាក់ក្រុមគ្រួសារ។
ភ្នាក់ងារសារព័ត៌មានអាមេរិក អេ.ភី រាយការណ៍ថា យោងតាមបញ្ជីផ្លូវការរបស់រដ្ឋាភិបាលអាមេរិក បច្ចុប្បន្ននៅមានអដ្ឋិធាតុទាហានអាមេរិក ចំនួន ៤៨នាក់ទៀត ដែលមិនទាន់ត្រូវបានគេរកឃើញនៅឡើយនៅក្នុងប្រទេសកម្ពុជា។
ការប្រកាសអំពីចំណាត់ការរបស់លោក ហ៊ុន សែន ប្រឆាំងតបនឹងអាមេរិកនេះ ធ្វើឡើងភ្លាមៗ ដែលហាក់ផ្ទុយពីសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ដែលមានបំណងចង់សម្របសម្រួលជាមួយអាមេរិក អំពីបញ្ហានេះ។ ក្នុងរយៈពេលមិនដល់ពីរថ្ងៃផង ក្រោយពេលសហរដ្ឋអាមេរិកបានប្រកាសជាផ្លូវការអំពីការដាក់ទណ្ឌកម្មមិនផ្ដល់ទិដ្ឋាការធ្វើដំណើរប្រភេទ B1 ឬ B2 ដល់មន្ត្រីការទូតនៃក្រសួងការបរទេសកម្ពុជា ក្រសួងការបរទេស បានចេញនូវសេចក្ដីថ្លែងការណ៍ផ្ទួនៗរហូតដល់ទៅពីរលើក សម្ដែងក្តីសោកស្ដាយរបស់ខ្លួនចំពោះចំណាត់ការដ៏ឆាប់រហ័សរបស់សហរដ្ឋអាមេរិក នៅពេលនេះ។
ក្នុងសេចក្ដីថ្លែងការណ៍ចុងក្រោយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា រដ្ឋាភិបាលកម្ពុជា បានសម្ដែងភាពភ្ញាក់ផ្អើលរបស់ខ្លួនចំពោះការណ៍ដែលសហរដ្ឋអាមេរិកចោទថា កម្ពុជាមិនបានផ្ដល់កិច្ចសហការ មិនយល់ព្រម ឬពន្យារពេលទទួលយកការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរដែលមានពិរុទ្ធ ហើយត្រូវសហរដ្ឋអាមេរិកសម្រេចបណ្ដេញចេញពីទឹកដីរបស់ខ្លួន។
បើទោះជាលើកនេះ រដ្ឋាភិបាលថា ការដាក់កំហិតទិដ្ឋាការគឺជា «សិទ្ធិសម្រេចរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក» ក៏ដោយ ហើយថា ការផ្សារភ្ជាប់បញ្ហានេះជាមួយនឹងបញ្ហាការបញ្ជូនពលរដ្ឋខ្មែរដែលមានពិរុទ្ធត្រឡប់មកកម្ពុជាវិញ ជា «ការមិនសមហេតុសមផល និងផ្ទុយពីកិច្ចសហប្រតិបត្តិការល្អប្រសើររវាងសហរដ្ឋអាមេរិក និងកម្ពុជាលើបញ្ហានេះ» លើកនេះ រដ្ឋាភិបាលកម្ពុជា ហាក់បន្ទន់ឥរិយាបថរបស់ខ្លួន ដោយសម្ដែងកាយវិការចង់សម្រុះសម្រួលជាមួយរដ្ឋាភិបាលអាមេរិក លើបញ្ហានេះ។ រដ្ឋាភិបាលបញ្ជាក់ច្បាស់ៗហើយថា កម្ពុជា មិនដែលបានផ្តាច់កិច្ចសហការ មិនបានបដិសេធ ហើយក៏មិនបានពន្យារពេលដោយមិនសមហេតុផលចំពោះការទទួលពលរដ្ឋរបស់ខ្លួន ដែលសហរដ្ឋអាមេរិក បានសម្រេចបណ្ដេញចេញនោះទេ។
ជំហរច្បាស់លាស់របស់កម្ពុជា គឺនៅតែត្រៀមលក្ខណៈទទួលយកពលរដ្ឋរបស់ខ្លួន ដែលអាមេរិកនឹងបញ្ជូនមក ហើយថែមទាំងអះអាងថា កម្ពុជានឹងខិតខំធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឲ្យពលរដ្ឋខ្មែរទាំងនោះធ្វើសមាហរណកម្មក្នុងសង្គមជាតិដោយជោគជ័យ និងចាប់ផ្ដើមជីវិតថ្មីរបស់ពួកគេប្រកបដោយភាពសមរម្យ និងថ្លៃថ្នូរបំផុត។ ក្រៅពីជំហរខាងលើនេះ កូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ក៏បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរ ដោយលើកឡើងថា៖ «យើងជួយខ្មែរសោះ បែរជាអាមេរិកាំងដាក់ទណ្ឌកម្មយើង»។
បន្ថែមពីលើនេះ ថ្លែងក្នុងពិធីបាឋកថាស្ដីពីការយល់ដឹងពីស្ថានការណ៍ពិភពលោកបច្ចុប្បន្ន និងការរៀបចំនយោបាយការបរទេសរបស់កម្ពុជា នៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១៤ ខែកញ្ញា នេះ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន អះអាងថា កម្ពុជាមានមន្ត្រីក្រសួងមហាផ្ទៃ ដែលទទួលបន្ទុករឿងនេះ ត្រៀមខ្លួនរួចជាស្រេចដើម្បីសម្ភាសពលរដ្ឋខ្មែរចំនួន ២៦នាក់ដែលរង់ចាំសម្ភាស ក្នុងគោលបំណងចង់ដឹងថា អ្នកទាំងនោះជាពលរដ្ឋខ្មែរ ឬមិនមែន។ ជាងនៅទៀត ប្រមុខការទូតកម្ពុជា រូបនេះឲ្យដឹងទៀតថា លោកក៏ធ្លាប់ស្នើទៅសហរដ្ឋអាមេរិក ឲ្យមានការយោគយល់ ដោយមុនបញ្ជូនអ្នកទាំងនោះមកគួរបណ្ដុះបណ្ដាលជំនាញ និងស្នើសុំគោលការណ៍ស្ម័គ្រចិត្តដែលមិនមែនជាការចាប់បង្ខំ ប៉ុន្តែសហរដ្ឋអាមេរិក ទាត់ចោលរាល់សំណើរបស់លោក។
លោក ប្រាក់ សុខុន៖ «អ៊ីចឹងយើងឃើញថា ទៅមុខមិនរួចទេ យើងបញ្ជាក់អះអាងថា ដើម្បីកុំឲ្យរអាក់រអួលកម្មវិធីហ្នឹង យើងប្រកាសថា យើងមានមន្ត្រីក្រសួងមហាផ្ទៃ ដែលត្រៀមខ្លួនជាស្រេចដើម្បីទៅសម្ភាស ២៦នាក់ដែលកំពុងរករង់ចាំ យើងមិនដែលបដិសេធទេ ព្រោះចង់ដឹងថា ជាខ្មែរមែនអត់។ កន្លងមកមានអ្នកខ្លះជាវៀតណាម ជាឡាវ»។
អាស៊ីសេរី កំពុងព្យាយាមសុំប្រតិកម្មតបពីមន្ត្រីនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក ជុំវិញការវិវត្តន៍នៃបញ្ហានេះ ប៉ុន្តែមិនទាន់ទទួលបាននូវការឆ្លើយតបណាមួយនៅឡើយ គិតមកត្រឹមម៉ោងផ្សាយនេះ។
យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក ធ្លាប់បានបញ្ជាក់ថា ការសម្រេចដាក់ទណ្ឌកម្មមិនផ្តល់ទិដ្ឋាការនេះ គឺដោយសារតែកម្ពុជា «រឹងទទឹង» មិនព្រមទទួលយក ឬព្យាយាមពន្យារពេលការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួនជាប់ពិរុទ្ធ ដែលត្រូវសហរដ្ឋអាមេរិក បណ្ដេញចេញ។ ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ស្ដីពីការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក មកកម្ពុជាវិញ ដែលបានអនុវត្តអស់រយៈពេលជិត ១៥ឆ្នាំមកនេះ មានពលរដ្ឋដើមកំណើតខ្មែរមិនតិចជាង ៥៥០នាក់ឡើយ ដែលជាប់ពិរុទ្ធនៅសហរដ្ឋអាមេរិក ត្រូវរដ្ឋាភិបាលសហរដ្ឋអាមេរិក ចាប់បញ្ជូនមកកម្ពុជាវិញ៕