
វិស័យទេសចរណ៍ ដែលកាលពីឆ្នាំ២០១៧ ត្រូវបានគេ ប៉ាន់ស្មានថាតំណាងឱ្យ ១ភាគ៣ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) របស់កម្ពុជា បានធ្លាក់ចុះ ៣៣% ក្នុងត្រីមាសទី១នៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ វិស័យកាត់ដេរ ដែលកាលពីឆ្នាំទៅមិញមានមនុស្ស ៧សែន៥ម៉ឺននាក់បម្រើការងារ និងតំណាងឱ្យ ១ភាគ៣ ផ្សេងទៀតនៃ ផ.ស.ស របស់កម្ពុជា ក៏កំពុងតែប្រឈមនឹងការលំបាកដូចគ្នា ក្នុងនោះកម្មករកាត់ដេរ ៥ម៉ឺននាក់ បានបាត់បង់ការងារធ្វើកាលពីខែមីនាឆ្នាំនេះ។
ក៏ប៉ុន្តែ គឺវិស័យអចលនទ្រព្យ និងសំណង់ ដែលអាចឱ្យគេទស្សន៍ទាយដឹងជាមុនអំពីវិបុលភាពនៅក្នុងប្រទេសកំពុងតែអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនេះទៅវិញទេ ដែលជាភាពប្រឈមនឹងបញ្ហាទាំងស្រុងនៃវិបត្តិសេដ្ឋកិច្ច អាចត្រូវបានគេមើលឃើញ។
បញ្ហាទាំងនេះកំពុងប៉ះពាល់ដល់គ្រប់វិស័យទាំងអស់នៅក្នុងសង្គម រាប់ចាប់តាំងពីអ្នកមានបំផុតរហូតដល់អ្នកក្រីក្របំផុត។ បញ្ហាទាំងនេះក៏កំពុងធ្វើឱ្យធនាគារនានាដែលកំពុងកាន់កាប់ចំនួនកម្ចីមិនទាន់សង ព្រួយបារម្ភ។ ការណ៍នេះអាចជាប្រផ្នូលនៃវិបត្តិហិរញ្ញវត្ថុ នេះបើយោងតាមធនាគារពិភពលោក (World Bank)។

ពេលវេលាដ៏លំបាកលំបិន
កាលពីដើមខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យម្ចាស់បុរីទាំងអស់បញ្ឈប់ការរឹបអូសផ្ទះពីអតិថិជនដោយតម្រូវឱ្យមានការសម្របសម្រួលរៀបចំការបង់រំលស់ឡើងវិញ ខណៈចំនួនអ្នកអសមត្ថភាពមិនអាចបង់រំលស់ផ្ទះកើនឡើងច្រើន។
សម្រាប់ពលរដ្ឋកម្ពុជាដូចជាលោកស្រី ពត ស្រីពៅ ជាអ្នកលក់ដូរដែលថ្មីៗនេះទើបតែត្រូវបានគេរឹបអូសយកផ្ទះនៅបុរីថ្មីក្នុងក្រុងភ្នំពេញ ប្រាក់បង់រំលស់ផ្ទះចំនួន១ពាន់ដុល្លារក្នុងមួយខែ គឺច្រើនហួសហេតុពេកដែលលោកស្រីមិនអាចទប់ទល់បានទេ។
ក្រោយពីបានបង់រំលស់សងថ្លៃផ្ទះបានអស់ជិតពាក់កណ្ដាលក្នុងរយៈពេល៣ឆ្នាំជាប់គ្នា លោកស្រីត្រូវបានគេបដិសេធមិនឱ្យរៀបចំឥណទានឡើងវិញដែលអាចនឹងជួយលោកស្រីឱ្យរក្សាទុកផ្ទះនេះបាន។
លោកស្រីនិយាយថា៖ « ចាប់តាំងពីខ្ញុំបានទិញផ្ទះនេះមក ខ្ញុំមិនដែលមានថ្ងៃឈប់សម្រាក ឬនាំកូនចេញទៅដើរលេងកម្សាន្តនៅខាងក្រៅម្តងឡើយ »។
ការរឹបអូសយកផ្ទះទាំងនេះ គឺជាសញ្ញាមួយនៃបញ្ហាជំពាក់បំណុលតាមខ្នងផ្ទះដ៏សម្បើមដែលបានប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមកម្ពុជាគ្រប់ជាន់ថ្នាក់។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោក អត្រាជាមធ្យមនៃបំណុលតាមខ្នងផ្ទះ ធៀបទៅនឹងចំណាយតាមខ្នងផ្ទះនៅកម្ពុជា ឈរក្នុងកម្រិត ៦៥% ក្នុងឆ្នាំ២០១៩ ដែលជា«កម្រិតខ្ពស់ខុសពីធម្មតា»សម្រាប់ប្រទេសមួយស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍ដូចជានៅកម្ពុជា។
របាយការណ៍ដដែលព្រមានថា បំណុលទាំងនេះមិនត្រូវបានគេយកប្រើប្រាស់ប្រកបដោយផលិតភាពនោះទេ។ នេះមានន័យថា បំណុលទាំងនេះមិនបានបង្កើតឱ្យមានជាចំណូលមកវិញដែលអាចត្រូវបានគេយកទៅប្រើប្រាស់ដើម្បីដោះបំណុលនោះទេ។ ការណ៍នេះ គឺ« នាំឱ្យមានកង្វល់ដែលថាការសុំខ្ចីបុលច្រើនហួសហេតុពេក អាចបង្ខំឱ្យមនុស្សធ្លាក់ចូលក្នុងអន្ទាក់បំណុលដ៏គ្រោះថ្នាក់មួយ »។
ទន្ទឹមនឹងនេះ កម្ចីមិនទាន់សងទាំងនេះបានស្ទុះកើនឡើងពីត្រឹមតែ ៩,៦%នៃ ផ.ស.ស កាលពីឆ្នាំ២០០៩ រហូតដល់ ១៨០% ក្នុងខែមករា ឆ្នាំ២០២៣។ របាយការណ៍ដដែលកត់សម្គាល់ថាស្ថាប័នស្រាវជ្រាវដ៏ធំមួយ « មើលឃើញពីការពង្រីកឥណទានដ៏ឆាប់រហ័សថាជាប្រផ្នូលនៃវិបត្តិហិរញ្ញវត្ថុ »។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP) លោក យង់ គិមអេង មានប្រសាសន៍ថា រដ្ឋាភិបាលបានស្នើឱ្យម្ចាស់បុរីអនុញ្ញាតឱ្យអតិថិជនរៀបចំឥណទានឡើងវិញ ហេតុដូច្នេះហើយរដ្ឋាភិបាលគួរតែចាត់វិធានការតឹងរ៉ឹងប្រឆាំងនឹងក្រុមហ៊ុននានាដែលនៅតែបន្តរឹបអូសយកផ្ទះពីអតិថិជនរបស់ពួកគេ។
ក៏ប៉ុន្តែ វាទំនងដូចជាថាខាងភាគីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក៏គួរតែទទួលបាននូវការផ្តល់ការលើកទឹកចិត្តខ្លះដែរ ដែលពួកគេក៏កំពុងប្រឈមនឹងបញ្ហាផ្នែកហិរញ្ញវត្ថុដូចគ្នាដែរ។
លោកនិយាយថា៖ « ក្រុមហ៊ុនមួយចំនួនកំពុងបាត់បង់ប្រាក់ដូចគ្នា។ ពួកគេអាចប្រឈមនឹងការក្ស័យធន »។

ការប្រឹងប្រែងទប់ទល់នឹងស្ថានភាពដ៏លំបាកលំបិនរបស់ក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ
វិស័យអចលនទ្រព្យ និងសំណង់ តំណាងឱ្យប្រមាណ ១៥%នៃសេដ្ឋកិច្ចកម្ពុជា គិតត្រឹមខែមករា ឆ្នាំ២០២៣។
ប៉ុន្តែទីផ្សារដែលតម្លៃអចលនទ្រព្យចេះតែឡើងថ្លៃ បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយវិបត្តិជំងឺរាតត្បាតសាកលកូវីដ១៩ ដែលអាចនឹងមិនងាយងើបឡើងវិញមកក្នុងកម្រិតខ្ពស់ដូចកាលពីមុនពេលមានវិបត្តិនេះឡើយ។
អាជីវករកម្ពុជាមួយរូបដែលស្នើសុំមិនបញ្ចេញឈ្មោះព្រោះបារម្ភពីសុវត្ថិភាព បាននិយាយថា៖ « សូមកុំជឿលើអ្វីដែលអ្នកមើលឃើញឱ្យសោះ ដូចជាឡានទំនើបៗ គេហដ្ឋានប្រណីតៗ និងសន្តិសុខយាមកាមជាដើម។ អ្វីៗអស់ទាំងអស់នោះគឺសុទ្ធសឹងតែជាកម្ចីទាំងស្រុងនោះទេ »។ អាជីវកររូបនោះបន្តថា ក្រុមអ្នកមានឥឡូវនេះកំពុងតែបង្ខំចិត្ត« លក់អចលនទ្រព្យរបស់ពួកគេក្នុងតម្លៃក្រោមទីផ្សារពាក់កណ្តាល ឬទាបជាងនេះក៏ថាបាន »។
អស់រយៈពេលជាច្រើនឆ្នាំមុនពេលមានវិបត្តិជំងឺរាតត្បាតសាកលកូវីដ១៩ ទីផ្សារអចលនទ្រព្យត្រូវបានជំរុញឡើងដោយអ្នកទិញជនជាតិចិនដែលស្វែងរកសុវត្ថិភាពសម្រាប់រក្សាទុកប្រាក់របស់ពួកគេ។ នៅឆ្នាំ២០១៦ ប្រាក់យ័ន (Yuan) របស់ចិនបានដាំក្បាលចុះ ៧ភាគរយ ធៀបនឹងប្រាក់ដុល្លារ។ ជាលទ្ធផល ក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជាបានសាងសង់អគារខុនដូខ្ពស់ៗយ៉ាងឆាប់រហ័ស ដែលវិនិយោគិនរបស់ចិនចាប់អារម្មណ៍យ៉ាងខ្លាំងដើម្បីទប់ទល់នឹងការហក់ឡើងចុះនៃរូបិយប័ណ្ណ។ ជាញឹកញយ ពួកគេបានចំណាយប្រាក់ជាសាច់ប្រាក់សម្រាប់ទិញអចលនទ្រព្យដែលពួកគេមិនដែលធ្លាប់បានឈានជើងចូល។
ព្រឹត្តិការណ៍ចំនួនពីរជាប់គ្នាយ៉ាងឆាប់រហ័ស បាននាំឱ្យធ្លាយវិបត្តិពពុះអចលនទ្រព្យនៅកម្ពុជា។ កាលពីខែសីហា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសហាមប្រាមមិនឱ្យបើកបនល្បែងកាស៊ីណូអនឡាញ (online)។
វែបសាយភ្នាល់ល្បែងអនឡាញរបស់ចិនដែលប្រតិបត្តិការជាចម្បងចេញពីទីក្រុងកំពង់ផែធំជាងគេរបស់កម្ពុជា គឺក្រុងព្រះសីហនុ ពីមុនធ្លាប់ជាកម្លាំងចលករជំរុញឱ្យមានគម្រោងសាងសង់ដែលត្រូវបានគេអនុម័តក្នុងតម្លៃជាទឹកប្រាក់ ៥,៨ពាន់លានដុល្លារក្នុងចន្លោះឆ្នាំ២០១៩-២០២០។ នេះបើយោងតាម ធនាគារពិភពលោក។ ត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះ ឧស្សាហកម្មដែលទ្រទ្រង់សេដ្ឋកិច្ចរបស់ទីក្រុងកំពង់ផែមួយនេះបានបាត់បង់ទៅវិញភ្លាមៗ។
បន្ទាប់មកទៀត ជំងឺរាតត្បាតសាកលកូវីដ១៩បានវាយលុក។ ការឆ្លើយតបរបស់ក្រុងប៉េកាំង(Beijing) ចំពោះជំងឺរាតត្បាតសាកលក្នុងឆ្នាំ២០២០ បានជំរុញឱ្យមានការនាំចេញខ្ពស់ និងកាត់បន្ថយយ៉ាងសម្បើមនូវការធ្វើដំណើរជាលក្ខណៈអន្តរជាតិ។ ហេតុការណ៍នេះបានទប់ស្កាត់អ្នកវិនិយោគិន និងសមត្ថភាពរបស់ពួកគេក្នុងការវិនិយោគប្រាក់នៅក្រៅប្រទេសរបស់ពួកគេ។
លទ្ធផលពីហេតុការណ៍នេះបានធ្វើឱ្យវិស័យអចលនទ្រព្យនៅកម្ពុជាធ្លាក់ចុះយ៉ាងគំហុក។ ការអនុម័តសម្រាប់គម្រោងសាងសង់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅឆ្នាំ២០២២ បានធ្លាក់ចុះជិតពាក់កណ្តាលធៀបនឹងឆ្នាំមុន ពោលគឺពី ៥,៣ពាន់លានដុល្លារ មកនៅ ត្រឹម ២,៩៧ពាន់លានដុល្លារ។
សូម្បីតែនៅពេលដែលបម្រាមរឹតបន្តឹងការធ្វើដំណើរត្រូវបានគេដកចេញវិញក៏ដោយ ក៏សេដ្ឋកិច្ចដែលកំពុងជួបការលំបាករបស់ប្រទេសចិន ហាក់បីដូចជាបានកាត់បន្ថយអំណាចទិញរបស់ក្រុមអ្នកដែលចង់បណ្ដាក់ទុនវិនិយោគ។
លោក ថម អូស៊ូលីវ៉ាន់ (Tom O'Sullivan) ដែលគ្រប់គ្រងគេហទំព័រអចលនទ្រព្យមួយនៅកម្ពុជា បាននិយាយថា៖ « មានការធ្លាក់ចុះតម្រូវការ »។ លោកបន្តថា « អ្នកទិញចិនមិនបានស្ទុះងើបឡើងវិញដូចអ្វីដែលអ្នករាល់គ្នាគិតថានឹងកើតឡើងនោះទេ »។

រលកនៃផលប៉ះពាល់
ដោយមានអ្នកទិញតិចតួចពេក ក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលបានបង្កើនកម្ចី ត្រូវបង្ខំចិត្តបញ្ឈប់ការងារ ជាញឹកញាប់នៅពាក់កណ្តាលទីនៃការសាងសង់ ហើយស្ទើរតែប្រាកដទៅហើយដែលពួកគេមិនអាចសងបំណុលរបស់ពួកគេវិញបាន។
នៅចុងម្ខាងទៀតនៃឥទ្ធិពលនេះ គឺកម្មករសំណង់។ ពួកគេប្រឈមនឹងការបញ្ឈប់ពីការងារក្នុងចំនួនកាន់តែច្រើនឡើងៗ ដែលនាំឱ្យមានបញ្ហាមិនអាចសងបំណុលវិញបានកាន់តែច្រើននៅតាមបណ្តាខេត្តនានា។
ប្រជាជនកម្ពុជាប្រមាណ ២,១លាននាក់ កំពុងជាប់បំណុលមិនទាន់សងរួចជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយមានសមតុល្យនៅសល់ជាមធ្យមដែលត្រូវបង់សងវិញចំនួន ៤.៤៧៦ដុល្លារ។ ខណៈគ្រួសារជាច្រើននៅតាមជនបទពឹងផ្អែកលើការផ្ទេរប្រាក់ពីសាច់ញាតិនៅក្រៅប្រទេស ការធ្លាក់ចុះនៃវិស័យសំណង់នឹងប៉ះពាល់យ៉ាងខ្លាំងដល់ពួកគេ។
ស្ថានភាពនេះរឹតតែសោះកក្រោះមែនទែន គឺសូម្បីតែកម្មករឡឥដ្ឋដែលធ្លាប់ត្រូវគេបង្ខំឱ្យធ្វើការ ក៏កំពុងបាត់បង់ការងារធ្វើដែរ។ នេះបើយោងតាមលោក ឡូរី ផារសុនស៍ (Laurie Parsons) សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ រ៉ូយ៉ាល់ ហូឡូវ៉េ (Royal Holloway) នៅទីក្រុងឡុងដ៏ (London)ដែលសិក្សាអំពីកម្មករបែបទាសភាព។
កម្មករទាំងនោះដែលបានធ្លាក់ខ្លួនធ្វើការនៅឡឥដ្ឋដោយសារចំណងគ្រួសាររបស់ពួកគេ ហើយត្រូវបានគេបង្ខំឱ្យធ្វើការងារប្រកបដោយគ្រោះថ្នាក់ និងដ៏នឿយហត់រហូតទាល់តែពួកគេអាចសងបំណុលអស់ ឥឡូវនេះត្រូវបានគេផ្តល់ការងារឱ្យធ្វើបន្តិចបន្តួចម្ដងម្កាលប៉ុណ្ណោះ។

ភាគីអ្នកឱ្យខ្ចីប្រយ័ត្នប្រយែង ខណៈគ្មានដំណោះស្រាយងាយស្រួលនៅឡើយ
សម្រាប់ធនាគារនានា ការផ្លាស់ប្តូរទិសដៅសេដ្ឋកិច្ចបញ្ច្រាសទិសគ្នាដូច្នេះបាននាំឱ្យមានការថយចុះចំពោះការផ្តល់កម្ចី។
យោងតាមទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា នៅខែមករា និងខែកុម្ភៈ ការផ្តល់កម្ចីដោយធនាគារកម្ពុជាបានរួមតូច។ ការរួមតូចដូច្នេះមិនដែលធ្លាប់កើតមានឡើងក្នុងរយៈពេល២ខែជាប់គ្នានៅពេលណាមួយក្នុងមួយទសវត្សចុងក្រោយនេះទេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ទទូចថា ការធ្លាក់ចុះនៃការផ្តល់កម្ចីបែបនេះបង្ហាញឱ្យឃើញពីភាពប្រសើរឡើងផ្នែកហិរញ្ញវត្ថុ។ លោកនិយាយថា៖ « ប្រជាជនមិនត្រូវការសាច់ប្រាក់ទេ ដោយសារពួកគេមានស្ថានភាពហិរញ្ញវត្ថុកាន់តែប្រសើរ ដូច្នេះ ពួកគេមិនចាំបាច់ខ្ចីប្រាក់ពីធនាគារ ឬកម្ចីមីក្រូហិរញ្ញវត្ថុឡើយ »។
ប៉ុន្តែអ្នកវិភាគ និងអ្នកធ្វើការក្នុងអាជីវកម្មធនាគារ និយាយថា ការធ្លាក់ចុះនៃប្រាក់កម្ចីបង្ហាញថា ធនាគារមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការផ្តល់ប្រាក់កម្ចី ខណៈមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងការកើនឡើងនៃកម្រិតប្រាក់កម្ចីដែលមិនដំណើរការ រាប់ទាំងករណីកូនបំណុលបានខកខានមិនបានសងបំណុលក្នុងរយៈពេល ៩០ថ្ងៃ ឬច្រើនជាងនេះផង។
ទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា បង្ហាញឱ្យឃើញពីកម្ចីមិនដំណើរការ ដែលរាប់បញ្ចូលអ្វីៗទាំងអស់ចាប់ពីកម្ចីអាជីវកម្ម រហូតដល់កម្ចីទិញផ្ទះ ប័ណ្ណឥណទាន និងការដកសាច់ប្រាក់លើសឥណទានជាដើម ដែលបានកើនឡើងជិតទ្វេដង ពោលគឺពី៧០០លានដុល្លារក្នុងឆ្នាំ២០២១ ដល់ ១,៣ ពាន់លានដុល្លារនៅចុងឆ្នាំ២០២២ ស្មើនឹង ៣ភាគរយ នៃឥណទានទាំងអស់ដែលធនាគារបានពង្រីក។
អស់រយៈពេលជាង៣ទសវត្សហើយ ដែលគណបក្សប្រជាជនកម្ពុជាបានអួតអាងប្រាប់អ្នកបោះឆ្នោត ប្រទេសជិតខាង និងសហគមន៍អន្តរជាតិ ថាខ្លួនគឺជាអ្នកធានាស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចនៅកម្ពុជា។
ការបន្តនិរន្តរភាពផ្នែកនយោបាយ មើលទៅទំនងដូចជាមានការធានាតាមរយៈផែនការនៃការផ្ទេរអំណាចពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅឱ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត។ ក៏ប៉ុន្តែ ថាតើមនុស្សជំនាន់ក្រោយអាចកាន់អំណាចបាន ឬអត់នោះ គឺអាចអាស្រ័យទៅលើការណ៍ដែលថា តើលោក ហ៊ុន ម៉ាណែត អាចយកសញ្ញាប័ត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ចរបស់លោក មកដោះស្រាយវិបត្តិសេដ្ឋកិច្ចនេះបានល្អដែរឬទេ ខណៈគាត់នឹងហែលឆ្លងនូវបញ្ហាប្រឈមជាច្រើនមិនដូចអ្វីដែលឪពុករបស់គាត់ធ្លាប់ជួបប្រទះកាលពីពេលមុនទាល់តែសោះនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។