លោក ហ៊ុន សែន អះអាងថា ការរឹបអូសផ្ទះពីអ្នកបង់រំលោះនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាប្រឈម គ្រោះថ្នាក់
2023.06.10
មន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលដាក់ចេញវិធានការជាក់លាក់ ដើម្បីដោះស្រាយបញ្ហាម្ចាស់បុរីរឹបផ្ទះរបស់អ្នកបង់រំលស់ឱ្យមានប្រសិទ្ធភាព ខណៈវិបត្តិសេដ្ឋកិច្ចទាញឱ្យពលរដ្ឋខ្មែរជាប់បំណុលវ័ណ្ឌក។ សំណើនេះធ្វើឡើងបន្ទាប់ពីពលរដ្ឋមួយចំនួនដែលទិញផ្ទះបង់រំលស់ត្រូវបានឈ្មួញរកស៊ីលក់អចលនទ្រព្យរឹបអូសយកផ្ទះវិញជាបន្តបន្ទាប់ ក្រោយពេលពួកគាត់គ្មានលទ្ធភាពបង់ប្រាក់តាមពេលកំណត់។ ចំណែក លោក ហ៊ុន សែន អំពាវនាវដល់ក្រុមឧកញ៉ាដែលជាម្ចាស់បុរីបញ្ឈប់សកម្មភាពនោះ ពីព្រោះលោកយល់ថា និន្នាការបែបនេះធ្វើឱ្យពលរដ្ឋរងការឈឺចាប់ ហើយនាំឱ្យសេដ្ឋកិច្ចកម្ពុជាជួបវិបត្តិធ្ងន់ធ្ងរ។
មន្ត្រីសង្គមស៊ីវិលពិនិត្យឃើញថា បច្ចុប្បន្ននេះពលរដ្ឋប្រឈមទៅនឹងការបាត់បង់ដីធ្លី និងផ្ទះសម្បែងដែលរដ្ឋាភិបាលត្រូវដាក់ចេញវិធានការដោះស្រាយឱ្យទាន់ពេលវេលា ស្របពេលបញ្ហាវិបត្តិសេដ្ឋកិច្ច និងបំណុលឈានទៅដល់ចំណុចធ្ងន់ធ្ងរដែលគួរឱ្យព្រួយបារម្ភ។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា កន្លងទៅម្ចាស់បំណុល ឬម្ចាស់បុរីលក់ផ្ទះមិនសូវយោគយល់ដល់អតិថិជននោះទេ ក្រៅពីវិធីដាក់សម្ពាធរឹបអូសយកទ្រព្យសម្បត្តិពីពលរដ្ឋ ខណៈម្ចាស់អចលនទ្រព្យដែលជាឧកញ៉ាខ្លះបានក្ស័យធនជាបន្តបន្ទាប់។ លោកបន្តថា វិបត្តិសេដ្ឋកិច្ចនៅកម្ពុជាសព្វថ្ងៃនេះបណ្ដាលមកពីរងផលប៉ះពាល់ពីឥទ្ធិពលជំងឺរាតត្បាតកូវីដ១៩ ដែលបានធ្វើឱ្យពលរដ្ឋពិបាករកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និងសងបំណុលដែលគំរាមកំហែងទៅដល់ទ្រព្យសម្បត្តិ ដីស្រែ ផ្ទះសម្បែងរបស់ពួកគាត់។
លោក វណ្ណ សុផាត៖ «ម្ចាស់បំណុលនិងកូនបំណុលចុងបញ្ចប់ករណីហ្នឹងត្រូវបញ្ជូនទៅតុលាការ ហើយបើតុលាការមិនយល់ពីស្ថានភាពទេ ហើយលោកកាត់ក្តីតាមកុងត្រា ឬកិច្ចសន្យាហ្នឹងដោយគ្មានស៊ើបអង្កេតពីស្ថានភាពជាក់ស្តែងនៃជីវភាពកូនបំណុលឱ្យច្បាស់ទេ អាហ្នឹងអនុវត្តតាមនីតិវិធីវាត្រូវរឹបអូស ឬត្រូវបង្កកទ្រព្យសម្បត្តិ ឬក៏ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ កន្លងមកមានករណីកើតឡើងជាបណ្តើរៗហើយ អ្នកខ្លះស្រែកយំមិនដឹងទៅរកទេវតាណាជួយទេ ពីព្រោះអស់ដី អស់ផ្ទះ យើងរស់ទោះបីយ៉ាងមិចក៏ដោយឱ្យតែមានដីមានផ្ទះយើងគ្រាន់បើបន្តិច បើសិនខ្វះប្រាក់ចំណូលយើងអត់ដីអត់ផ្ទះទៀតអាហ្នឹង(ពលរដ្ឋ)មិនដឹងក្លាយជាស្អីទេ»។
ការលើកឡើងរបស់មន្ត្រីអង្គការសង្គមស៊ីវិលដូច្នេះបន្ទាប់ពីអ្នកទិញផ្ទះបង់រំលស់ជាច្រើននាក់បានបង្ហោះរូបថតអមដោយសារបង្ហាញពីអារម្មណ៍ឈឺចាប់នៅលើបណ្តេញសង្គមហ្វេសប៊ុកជុំវិញករណីម្ចាស់បុរីមួយចំនួនបានរឹបអូស និងកំណត់ពេលឱ្យពួកគេរើឥវ៉ាន់ចេញពីផ្ទះ បន្ទាប់ពីពួកគេខកខានបង់ប្រាក់តាមថ្ងៃកំណត់ដោយសារគ្រួសារជួបវិបត្តិសេដ្ឋកិច្ច។ ទន្ទឹមនឹងការរឹបអូសយកផ្ទះវិញនេះ ម្ចាស់ក្រុមហ៊ុនបុរី មិនផ្តល់ប្រាក់ដើមឱ្យអតិថិជនសូម្បីតែ១រយរៀលនោះទេ បើទោះអ្នកខ្លះបានបង់ទាំងប្រាក់ដើម និងការអស់រាប់ម៉ឺនដុល្លារក្នុងរយៈពេល ៤ឆ្នាំទៅ ៦ឆ្នាំក៏ដោយ។
ជុំវិញរឿងនេះ លោក ហ៊ុន សែន ស្នើដល់ម្ចាស់បុរីទាំងអស់យោគយល់ដល់អ្នកដែលបានទិញផ្ទះបង់រំលស់ដោយសារតែជួបបញ្ហាប្រាក់ចំណូលនាំឱ្យគ្មានលទ្ធភាពបង់ប្រាក់តាមកិច្ចសន្យាកំណត់។ លោកបញ្ជាក់ថា បើបណ្តោយឱ្យម្ចាស់បុរីរឹបអូសយកផ្ទះពីអ្នកបង់រំលស់ណាមួយនោះនឹងធ្វើឱ្យពលរដ្ឋរងការឈឺចាប់ ហើយសេដ្ឋកិច្ចកម្ពុជានឹងដើរដល់ដំណាក់កាលគ្រោះថ្នាក់។
លោក ហ៊ុន សែន៖ «អ្នកដែលមិនបានរឹបអូសក៏មិនត្រូវមានការរឹបអូសតទៅទៀត តាមរយៈការរៀបចំឥណទានឡើងវិញ ពន្យាររយៈពេលសង បង់កាត់បន្ថយនូវចំនួនប្រាក់ត្រូវបង់ប្រចាំខែ ដូចជាពី៥រយដុល្លារមកនៅត្រឹម៣រយដុល្លារ ពន្យារពី១៥ឆ្នាំទៅ២០ឆ្នាំ ឬលើសពីនេះដែលអាចធ្វើទៅបាន ប៉ុន្តែសម្រាប់ករណីដែលបានរឹបអូសរួចហើយក្នុងពេលអ្នកខ្លះបានបង់អស់៥ម៉ឺនដុល្លារ៦ម៉ឺនដុល្លារហើយ ឥឡូវបើសិនទើបរឹបអូសថ្មីៗអញ្ជើញគាត់ត្រឡប់មកវិញ ឬយ៉ាងហោចណាស់ផ្តល់ឱ្យគាត់នូវប្រាក់ខ្លះបានទេ ខ្ញុំគិតថាអាចធ្វើទៅបាន»។
លោក ហ៊ុន សែន ណែនាំឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងប្រធានសមាគមអភិវឌ្ឍលំនៅឋានកម្ពុជាជួយអន្តរាគមន៍រៀបចំនីតិវិធី សម្រាប់ការឥណទានបង់រំលស់ផ្ទះឡើងវិញ ដើម្បីឱ្យពលរដ្ឋអាចបង់រំលស់ផ្ទះបន្តទៀតបាន។ លោកបន្ថែមថា ធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនក៏កំពុងរៀបចំឡើងវិញនូវគណនេយ្យ បង់រំលស់ផ្ទះរបស់ពលរដ្ឋរាប់សែននាក់ ដើម្បីពិនិត្យមើលនីតិវិធី ឬអូសបន្លាយរយៈពេលបង់រំលស់ផ្ទះផងដែរ។
ទោះយ៉ាងណាតាមរបាយការណ៍របស់អង្គការលីកាដូ (Licadho) ឲ្យដឹងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាច្រើនជាង ២លាន ៥សែននាក់ មានជាប់ជំពាក់កម្ចីខ្នាតតូច ជាមួយនឹងអត្រាកម្ចីជាមធ្យម ៣ពាន់ ៨រយដុល្លារ ( ៣.៨០០ដុល្លារ) ដែលជាចំនួនច្រើនជាងគេ នៅលើពិភពលោក។
កន្លងមក គណបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិល ធ្លាប់ចេញសេចក្តីថ្លែងការណ៍បង្ហាញការព្រួយបារម្ភស្រដៀងគ្នាថា ប្រសិនបើរដ្ឋាភិបាល មិនចាត់វិធានការជាក់លាក់ និងម៉ឺងម៉ាត់ ដើម្បីធានាឲ្យមានការពន្យារពេលព្យួរ ឬផ្អាកការសងបំណុលទាំងប្រាក់ដើម និងការប្រាក់របស់ប្រជាពលរដ្ឋដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាពពេញលេញទេ នឹងធ្វើឱ្យជីវភាពរស់នៅ សុខភាព និងសុវត្ថិភាពកម្មសិទ្ធិដីធ្លីរួមទាំងផ្ទះ សម្បែងរបស់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ ប្រឈមនឹងហានិភ័យខ្ពស់ ហើយអាចនឹងកើតមានវិបត្តិសង្គមផ្សេងៗដែលកាន់តែពិបាកដោះស្រាយនៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។