"ទស្សនកិច្ចក្រុមសមាជិកសភាអាមេរិក ជាការផ្ដល់ឱកាសចុងក្រោយឱ្យលោក ហ៊ុន សែន ស្ដារលទ្ធិប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្សឡើងវិញ"
2023.08.04

មន្ត្រីបក្ស ប្រឆាំង និងអ្នកវិភាគយល់ឃើញដូចគ្នាថា ដំណើរទស្សនកិច្ចរបស់សមាជិកសភាអាមេរិកមួយក្រុមនៅកម្ពុជា ជាការមកបញ្ជាក់និងផ្ដល់ឱកាសចុងក្រោយឱ្យកម្ពុជា ស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ មុនពេលសហរដ្ឋអាមេរិកសម្រេចផ្លូវការដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើរដ្ឋាភិបាលលោក ហ៊ុន សែន និងកូនប្រុសរបស់លោក។ ការលើកឡើងពីមន្ត្រីបក្សប្រឆាំងនិងអ្នកវិភាគនេះ ស្របពេលក្រុមសមាជិកសភាសហរដ្ឋអាមេរិក មកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលោក ហ៊ុន សែន។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប៉ាទ្រីក ម័រហ្វី (Patrict Murphy) បង្ហោះក្នុងប្រព័ន្ធ ទ្វីតធឺ (Twitter) កាលពីថ្ងៃទី៣ សីហា បញ្ជាក់ពីដំណើរទស្សនកិច្ចរបស់សមាជិកសភាអាមេរិកមួយក្រុមមានគ្នា ៨នាក់មកកាន់កម្ពុជា ដែលដឹកនាំដោយប្រធានគណៈកម្មាធិការរបៀប និងមធ្យោបាយនៃសភាអាមេរិកលោក ហ្យេសុន ស្មិត (Jason Smith) តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ។
លោក ប៉ាទ្រីក ម័រហ្វី គ្រាន់តែបញ្ជាក់ថា គណៈកម្មាធិការរបៀប និងមធ្យោបាយនៃសភាអាមេរិក បានដើរតួនាទីសំខាន់ស្ដីពីបញ្ហាពាណិជ្ជកម្ម និងពន្ធ ប៉ុន្តែលោកមិនបានលើកឡើងពីគោលបំណងរបស់ក្រុមសមាជិកសភាទាំងនោះ ធ្វើដំណើរមកកម្ពុជាឡើយ។ លោក ប៉ាទ្រីក ម័រហ្វី បានបង្ហោះរូបភាព៤សន្លឹក គឺរូបភាពនៅពេលលោកទៅទទួលស្វាគមន៍ក្រុម តំណាងរាស្ត្រទាំងនោះនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងរូបថតរបស់ក្រុមសមាជិកសភាទាំងនោះ ទៅជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្ដ កាលពីថ្ងៃទី២សីហា។ នៅក្នុងជំនួបជាមួយក្រុមសមាជិកសភាអាមេរិក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរស័ក្ដ ស្នើសុំឱ្យសភាអាមេរិកបន្តឡើងវិញនូវការអនុគ្រោះពន្ធ GSP សម្រាប់ទំនិញសំលៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ជាដើម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរឡើងវិញ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោកស្រី អាំប៉ារ៉ូ ហ្កាស្យៀ (Amparo Garci) ថ្លែងប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកនៅថ្ងៃទី៤ សីហា ថា ការអនុគ្រោះពន្ធ GSP បានផុតកំណត់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ហើយសភាសហរដ្ឋអាមេរិក មិនទាន់សម្រេចផ្ដល់ការអនុគ្រោះពន្ធនេះមកកម្ពុជាវិញនៅឡើយទេ។ លោកស្រីបន្តថា ប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍យ៉ាងធំធេងពីទីផ្សារសហរដ្ឋអាមេរិក ដោយសារ៤០ភាគនៃការនាំចេញសរុបរបស់កម្ពុជា គឺទៅកាន់សហរដ្ឋអាមេរិក។ លោកស្រីបញ្ជាក់ថា សហរដ្ឋអាមេរិកជាទីផ្សារធំបំផុតតែមួយគត់របស់កម្ពុជា និងមានចំនួនលើសពីការនាំចេញរបស់កម្ពុជាទៅទីផ្សារសហភាពអឺរ៉ុប អាស៊ាន ចិន ជប៉ុន និងចក្រភពអង់គ្លេស ដែលរួមបញ្ចូលគ្នាទៅទៀត។ មន្ត្រីស្ថានទូតដដែលបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជានិងសហរដ្ឋអាមេរិក គួរតែមានផលប្រយោជន៍សម្រាប់គ្នាទៅវិញទៅមក តម្លាភាព តុល្យភាព និងប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់បំផុត ក្នុងនោះរួមទាំងការគោរពសិទ្ធិការងារផងដែរ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី អាំប៉ារ៉ូ ហ្កាស្យៀ ក៏មិនអាចបញ្ជាក់ពីគោលបំណងសំខាន់ នៃក្រុមសមាជិកសភាទាំង៨នាក់ មកបំពេញទស្សនកិច្ចនៅកម្ពុជាឡើយ ដោយលោកស្រី ជំរុញឱ្យទៅសួរក្រុមសមាជិកសភាអាមេរិកទាំងអស់នោះវិញ។
ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ក្រុមសមាជិកសភាអាមេរិកទាំងនេះ វិទ្យុអាស៊ីសេរី ក៏មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អាន សុខឿន និងប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បានទេនៅថ្ងៃទី៤ សីហា។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ប្រាប់អាស៊ីសេរី នៅថ្ងៃទី៤ សីហាថា មូលហេតុក្រុមសមាជិកសភាអាមេរិកទាំងនេះ ធ្វើដំណើរមកកម្ពុជា ពីព្រោះចង់មកស្ទាបស្ទង់ពីគោលជំហរកម្ពុជាជាលើកចុងក្រោយ មុនពេលសហរដ្ឋអាមេរិកសម្រេចដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើរបបដឹកនាំរបស់លោក ហ៊ុន សែន និងកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត។
លោក អ៊ុំ សំអាន៖ «ខ្ញុំយល់ថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីមកស្ទាបស្ទង់ ឬគេចង់ឱ្យកម្ពុជាហ្នឹង ងាកមកផ្លូវប្រជាធិបតេយ្យ មុនគេដាក់ទណ្ឌកម្ម ពីព្រោះអាមេរិកមុននឹងដាក់ទណ្ឌកម្មអ្វីមួយ គេទុកផ្លូវឱ្យប្រទេសផ្ដាច់ការ ឬប្រទេសរំលោភសិទ្ធិមនុស្សហ្នឹង កែប្រែក្នុងរយៈពេលប៉ុន្មានអ៊ីចឹងៗ»។
ដំណើរទស្សនកិច្ចរបស់ក្រុមសមាជិកសភាអាមេរិកទាំងនេះ កើតឡើងបន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកប្រកាសឱ្យដឹង កាលពីថ្ងៃទី២៥ កក្កដា ពីការសម្រេចផ្អាកការផ្ដល់ជំនួយកម្មវិធីអភិវឌ្ឍដល់កម្ពុជា ក្នុងមួយឆ្នាំ១៨ លានដុល្លារ និងអាចបន្តនៅឆ្នាំខាងមុខៗទៀត រួមទាំងរឹតត្បិតទិដ្ឋាការ ឬវីសា សម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី២៣កក្កដា ដែលសហរដ្ឋអាមេរិកចាត់ទុកថា មិនសេរីនិងយុត្តិធម៌ រួមទាំងការធ្វើទុក្ខបុកម្នេញគ្រប់រូបភាពលើសង្គមស៊ីវិល មន្ត្រីនិងសកម្មជនគណបក្សប្រឆាំង តាមរយៈការចោទប្រកាន់មានចរិតជានយោបាយ ជាពិសេសលើការឃុំខ្លួនខុសច្បាប់កញ្ញា សេង ធារី មេធាវីអន្តរជាតិ និងជាសកម្មជនសិទ្ធិមនុស្សខ្មែរអាមេរិកាំង និងការរារាំងមិនឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតជាដើម។
អ្នកវិភាគនយោបាយលោក គឹម សុខ ចាត់ទុក ដំណើរទស្សនកិច្ចរបស់ក្រុមសមាជិកសភាអាមេរិកទាំងនោះ ថាជាការធ្វើនយោបាយការទូតចង្អៀត ដែលមិនផ្សព្វផ្សាយពីរបៀបវារៈនៃការមកបំពេញទស្សនកិច្ចឱ្យបានជាក់លាក់ឡើយ គឺគ្រាន់តែមកនិយាយចំៗ ពីអ្វីដែលសហរដ្ឋអាមេរិកចង់បាន ទៅកាន់ក្រុមមន្ត្រីរដ្ឋាភិបាលលោក ហ៊ុន សែន មុនពេលសភាសហរដ្ឋអាមេរិកសម្រេចទម្លាក់ទណ្ឌកម្មធ្ងន់ធ្ងរនៅពេលខាងមុខ។
លោក គឹម សុខ៖ «ខ្ញុំគិតថា គឺជាដំណាក់កាលផ្ដល់ជម្រើសចុងក្រោយ ដល់រដ្ឋាភិបាលថ្មី ដែលខុសច្បាប់ កើតពីការបោះឆ្នោតខុសច្បាប់ហ្នឹង។ វាជានយោបាយការទូតចង្អៀតមួយ គេមិនបង្ហាញនូវរបៀបវារៈ ឱ្យច្បាស់លាស់ទេ ហើយរបៀបការទូតចង្អៀតហ្នឹង គេនិយាយចំៗតែម្ដង ថាអាមេរិកត្រូវការអ្វី ត្រូវការឱ្យរដ្ឋាភិបាលកែប្រែអ្វីខ្លះ ដើម្បីរក្សាទំនាក់ទំនងល្អជាមួយគ្នាវិញ»។
សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងបន្តដាក់ទណ្ឌកម្មជាជំហានៗ លើរដ្ឋាភិបាលកម្ពុជា ខណៈក្រុមសមាជិកសភាសហរដ្ឋអាមេរិកទាំងពីរគណបក្សទាំងនៅក្នុងសភាជាន់ទាប និងជាន់ខ្ពស់ កាលពីថ្ងៃទី១៤ កក្កដា ក៏បាននាំគ្នាដាក់ស្នើឡើងវិញ នូវច្បាប់ស្ដីពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យកម្ពុជា (Cambodia Democracy and Human Rights Act) ជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ទទួលខុសត្រូវរាល់ទង្វើរំលោភបំពាន និងអំពើពុករលួយ ដែលនាំឱ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ខណៈលោក ហ៊ុន សែន និងបក្ខពួក នៅតែបន្តវាយបង្ក្រាបឥតស្រាកស្រាន្តលើសិទ្ធិមនុស្ស ស្ថាប័នប្រជាធិបតេយ្យ និងគណបក្សប្រឆាំង។
មន្ត្រីបក្សប្រឆាំងយល់ឃើញថា ទណ្ឌកម្មធ្ងន់ធ្ងរដែលសភាអាមេរិកទាំងពីរថ្នាក់ត្រៀមអនុម័តដាក់មកលើកម្ពុជានោះ គឺការបង្កកទ្រព្យសម្បត្តិ និងរឹតបន្តឹងទិដ្ឋាការមិនឱ្យទៅជាន់ទឹកដីអាមេរិក លើក្រុមមន្ត្រីនយោបាយសំខាន់ៗស្ទើរទាំងអស់ របស់លោក ហ៊ុន សែន រួមទាំងលោក ហ៊ុន សែន និងកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត។ ទណ្ឌកម្មទាំងនោះ នឹងធ្វើឱ្យលោក ហ៊ុន សែន កាន់តែអាម៉ាស់មុខលើឆាកអន្តរជាតិបន្ថែមទៀត បន្ទាប់ពីការរៀបចំការបោះឆ្នោតបែបក្លែងក្លាយកាលពីថ្ងៃទី២៣ កក្កដា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។