កម្ពុជាគួរបង្ហាញតម្លាភាពនៅកំពង់ផែរាមជាជាងប្រកាសប្រាប់អន្តរជាតិថា កម្ពុជាគ្មានវត្តមានមូលដ្ឋានយោធាបរទេស

អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជារិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលអះអាងថា កម្ពុជាតែងប្រកាន់ជំហរគោលនយោបាយអព្យាក្រឹត្យ និងប្រឆាំងចំពោះបរទេសណាដែលមានបំណងរំលោភអធិបតេយ្យភាពកម្ពុជា តាមរយៈការពង្រីកមូលដ្ឋានទ័ពលើទឹកដីកម្ពុជា។ អ្នកឃ្លាំមើលលើកឡើងថា បើត្រឹមការប្រកាសរបស់កម្ពុជា លើវេទិកាអន្តរជាតិ នឹងមិនអាចលាងជម្រះមន្ទិលសង្ស័យរបស់ប្រទេសលោកសេរី អំពីវត្តមានមូលដ្ឋានទ័ពចិននៅកំពង់ផែរាម បានឡើយ។
ក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅចំពោះមុខអង្គការសហប្រជាជាតិពីជំហរអព្យាក្រឹត្យរបស់កម្ពុជា ជាពិសេសជុំវិញការអះអាងថា កម្ពុជាមិនអនុញ្ញាតឱ្យបរទេសដាក់មូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជានោះ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលោក ស្រ៊ុន ស្រ៊ន ថ្លែងប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ ខែកញ្ញា ថា ការលើកឡើងរបស់រដ្ឋាភិបាលអាណត្តិថ្មីនៅក្នុងអង្គការសហប្រជាជាតិមិនឆ្លុះបញ្ចាំងពីការពិត និងពុំមានភស្តុតាងជាក់ស្ដែងបង្ហាញថា កម្ពុជាមានជំហរអព្យាក្រឹត្យនោះទេ។ លោករិះគន់ថា ទន្ទឹមនឹងរដ្ឋាភិបាលកម្ពុជាព្យាយាមប្រកាសប្រាប់អន្តរជាតិថា ខ្លួនឯករាជ្យ ប៉ុន្តែបែរជាទទួលជំនួយក្នុងការសាងសង់មូលដ្ឋានទ័ពពីប្រទេសចិនតែម្ខាង និងឱបក្រសោបចិនស្ទើរគ្រប់វិស័យ។
លោក ស្រ៊ុន ស្រ៊ន ព្រមានថា ប្រសិនបើចិនសម្រេចបាននូវមហិច្ឆតាពង្រីកមូលដ្ឋានកងទ័ពខ្លួននៅកម្ពុជាជាស្ថាពរ កម្ពុជាគឺជាអ្នកខាតបង់ធំធេងតាមរយៈការធ្លាក់ចូលអន្ទាក់ភូមិសាស្ត្រនយោបាយ ដែលអាចអូសទាញកម្ពុជាធ្លាក់ក្នុងសភាពគ្រោះថ្នាក់នៃភូមិសាស្ត្រនយោបាយដូចក្នុងពេលអតីតកាល។
លោក ស្រ៊ុន ស្រ៊ន៖ «គណៈរដ្ឋមន្ត្រីថ្មីរបៀបនៃការប្រើភាសាការទូតរបស់ខ្លួនបើពិតជាចង់ឱ្យសកលលោក ឬគ្រប់ប្រទេសនានាជឿថា ខ្លួនគឺជាប្រទេសអព្យាក្រឹត្យហ្នឹងខ្លួនត្រូវតែបង្ហាញឱ្យឃើញជាតម្លាភាព ទំនាក់ទំនងកម្ពុជាជាមួយបរទេសណាទាំងអស់ ជាពិសេសចិនដែលកំពុងកសាងមូលដ្ឋានយោធានៅសមុទ្ររាម គឺយកគោលការណ៍កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ និងសណ្ដាប់ធ្នាប់ពិភពលោកនានាដែលកម្ពុជាបានចុះសច្ចាប័ន ដើម្បីមកធានាដល់អព្យាក្រឹត្យរបស់ខ្លួន។ មិនមែនត្រឹមតែនិយាយថា យើងជាប្រទេសអព្យាក្រឹត្យ នាយករដ្ឋមន្ត្រីគាត់និយាយបាន ឧបនាយករដ្ឋមន្ត្រីក៏និយាយបាន រដ្ឋមន្ត្រីក្រសួងការបរទេសក៏និយាយបាន ព្រោះគ្រាន់តែនិយាយ។ ប៉ុន្តែយកអីជាគោល?»។
ការលើកឡើងរបស់អ្នកអត្ថាធិប្បាយខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី២២ ខែកញ្ញាថា កម្ពុជារក្សាជំហរនយោបាយការបរទេសដោយឯករាជ្យ អព្យាក្រឹត្យ និងបន្តស្វាគមន៍ក្នុងកិច្ចសហប្រតិបត្តិទាំងផ្នែកបច្ចេកទេស និងហិរញ្ញប្បទានជាមួយបណ្ដាប្រទេសទាំងឡាយណាជាមិត្ត ដើម្បីជំរុញការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព។ លោក ហ៊ុន ម៉ាណែត អះអាងទៀតថា កម្ពុជាប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែករដ្ឋឯករាជ្យ និងមិនអនុញ្ញាតឱ្យបរទេសណាមួយសាងសង់មូលដ្ឋានទ័ពនៅកម្ពុជាឡើយ។
លោក ហ៊ុន ម៉ាណែត៖ «កម្ពុជាប្រឆាំងដាច់ខាតចំពោះការគំរាមប្រើប្រាស់ ឬប្រើកម្លាំងក្នុងទំនាក់ទំនងអន្តរជាតិការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងឈ្លានពានរដ្ឋឯករាជ្យណាមួយ។ កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយ ឬក្រុមណាមួយប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំងនឹងប្រទេសផ្សេងទៀត។ កម្ពុជា នឹងខិតខំបន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសទូទាំងពិភពលោក តាមរយៈក្របខណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ»។
ទោះបីជាយ៉ាងណាអ្នកឃ្លាំមើលលើកឡើងថា ប្រទេសចិនកំពុងពង្រីកឥទ្ធិពលរបស់ខ្លួននៅលើទឹកដីកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិទ្វេភាគីក្របខណ្ឌវិស័យយោធា និងតាមរយៈការផ្ដល់ជំនួយផ្នែកយោធា និងការធ្វើសមយុទ្ធយោធាទ្វេភាគី។ ក្នុងឆ្នាំ២០២៣ កម្ពុជា និងចិន បានធ្វើសមយុទ្ធយោធាចំនួនពីរលើក ក្នុងនោះសមយុទ្ធយោធានាគមាស និងទេវតាសន្តិភាពឆ្នាំ២០២៣ ខណៈកម្ពុជាមិនទាន់មានការចរចាឡើងវិញក្នុងការធ្វើសមយុទ្ធពហុភាគី ជាពិសេសជាមួយបណ្ដាប្រទេសលោកសេរី បន្ទាប់ពីកម្ពុជាបានលុបចោលដោយឯកតោភាគីក្នុងការសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលី កាលពីឆ្នាំ២០១៧។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានសម្រេចមិនចូលរួមធ្វើសមយុទ្ធយោធាអាស៊ានដឹកនាំដោយឥណ្ឌូណេស៊ី ជាលើកដំបូងផងដែរ ទំនងជាដោយសារខ្លាចប្រទេសចិនអន់ចិត្ត។
អ្នកសិក្សាផ្នែកច្បាប់ និងជាសកម្មជនសង្គម លោក លី ចាន់ដារ៉ាវុត យល់ឃើញថា បើកម្ពុជាត្រឹមតែប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធរឿងចម្រូងចម្រាសនៃការសាងសង់មូលដ្ឋាន និងធ្វើទំនើបកម្មកំពង់ផែរាម នោះវានឹងមិនអាចលាងជម្រះមន្ទិលសង្ស័យសហគមន៍អន្តរជាតិបាននោះឡើយ។ លោកជំរុញឱ្យរដ្ឋាភិបាលកម្ពុជាទទួលជំនួយពីគ្រប់ភាគីក្នុងការធ្វើទំនើបកម្មកំពង់ផែរាម និងអនុញ្ញាតឱ្យអន្តរជាតិចូលត្រួតពិនិត្យការសាងសង់មូលដ្ឋានទ័ពរាម ព្រមទាំងពន្លឿននូវយន្តការដោះស្រាយបញ្ហាដែលជាកង្វល់រួមរបស់អន្តរជាតិ។
លោក លី ចាន់ដារ៉ាវុត៖ «បើកម្ពុជាទទួលយកជំនួយផ្ដាច់មុខតែពីប្រទេសណាមួយ ឧទាហរណ៍ទទួលយកតែពីចិន ប៉ុន្តែមិនទទួលយកពីខាងលោកសេរីទេ ឬកម្ពុជាលម្អៀងខ្លាំងពេកទៅខាងណាមួយនោះប្រទេសកម្ពុជានឹងជួបបញ្ហាធំ ប្រទេសយើងនឹងធ្លាក់ចូលជម្លោះភូមិសាស្ត្រនយោបាយ។ មូលដ្ឋានកងទ័ពសមុទ្ររាមហ្នឹងឃើញដូចភស្តុតាងថ្មីៗ ដូចការសាងសង់ផែទឹកជ្រៅ សម្រាប់ដាក់នាវាផ្ទុកយន្តហោះហ្វូជៀន (Fujian) ថា អាចយកដាក់បាននៅសមុទ្ររាមវាធ្វើឱ្យមានការភ័យបារម្ភថា នឹងមានការសងសឹកពីប្រទេសជិតខាង ឬសហគមន៍អន្តរជាតិដែលមិនពេញចិននឹងមូលដ្ឋានទ័ពនៅក្នុងប្រទេសកម្ពុជា»។
ឯកសារយោធាសម្ងាត់របស់មន្ទីរបញ្ចកោណអាមេរិកដែលត្រូវបានបែកធ្លាយ ហើយត្រូវកាសែត ឌឹ វ៉ាស៊ីងតោន ប៉ុស្តិ៍ (The Washington Post) យកមកចុះផ្សាយកាលពីចុងខែមេសា កន្លងទៅ បង្ហាញថា ផ្នែកមួយនៃកំពង់ផែកងទ័ពជើងទឹករាម ត្រូវបានកងទ័ពរំដោះប្រជាជនចិន (PLA) កំណត់ទុកសម្រាប់ប្រើប្រាស់ធ្វើជាមូលដ្ឋានទ័ពនៃ «កងពល» របស់ខ្លួន និងជាផ្នែកមួយនៃបណ្ដាញគាំទ្រភស្តុភារយោធារបស់ចិននៅលើពិភពលោក។ ឯកសារដដែលនេះបង្ហាញថា មូលដ្ឋានទ័ពរបស់ចិននៅកំពង់ផែរាមនេះ ទំនងជាអាចផ្ទុកវត្តមានរបស់កងទ័ពចិនបានតិចជាងកំពង់ផែដែលចិនកំពុងសាងសង់នៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE)។ បើតាមឯកសារបែកធ្លាយដដែលនេះ ក្រោមគម្រោង ១៤១ (Project 141) កងទ័ពរំដោះប្រជាជនចិន ដាក់ផែនការបង្កើតមូលដ្ឋានទ័ពរបស់ខ្លួននៅក្រៅប្រទេសឱ្យបានយ៉ាងហោចណាស់ចំនួន ៥ និងទីតាំងគាំទ្រដល់ការផ្គត់ផ្គង់ភស្តុភារចំនួន ១០ ត្រឹមឆ្នាំ២០៣០ ដើម្បីសម្រេចនូវវត្ថុបំណងសន្តិសុខជាតិរបស់ក្រុងប៉េកាំង ដែលរួមមានទាំងការការពារអត្ថប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួននៅក្រៅប្រទេស ផងដែរ។
មូលដ្ឋានទ័ពជើងទឹករាមដែលអាមេរិកសង្ស័យមានវត្តមានយោធាចិននោះ បានប្រែប្រួលខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ហើយគម្រោងនេះគ្រោងបិទបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។