លោក ហ៊ុន សែន ថា​កិច្ចប្រជុំ​រវាង​កម្ពុជា-ថៃ​ទទួល​បាន​ផ្លែផ្កា​លើ​វិស័យ​ជាច្រើន

ដោយ ថា កិត្យា
2017.09.07
ហ៊ុន សែន បា្រយុទ្ធ ចាន់អូចា ២០១៧ ៦២២ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​លោក​នាយក​រដ្ឋមន្ត្រី​ថៃ បា្រយុទ្ធ ចាន់អូចា (Prayut Chan-O-cha) ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៧។ Photo courtesy of Hun Sen's Facebook Page
Photo courtesy of Hun Sen's Facebook Page

កិច្ចប្រជុំ​រវាង​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​នាយក​រដ្ឋមន្ត្រី​ថៃ នៅ​វិមាន​សន្តិភាព ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ត្រូវ​បាន​មេ​ដឹកនាំ​ប្រទេស​ទាំង​ពីរ​អះអាង​ថា ជា​កិច្ចប្រជុំ​ប្រកប​ដោយ​ផ្លែផ្កា​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​លើ​វិស័យ​ជាច្រើន ដូចជា​សេដ្ឋកិច្ច សន្តិសុខ និង​ចំណង​ការទូត។ មេ​ដឹកនាំ​ទាំង​ពីរ​ក៏​រំពឹង​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ថៃ កាន់​តែ​រឹងមាំ​ថែម​មួយ​កម្រិត​ទៀត។

បន្ទាប់​ពី​ជំនួប​ពិភាក្សា​ទ្វេភាគី និង​បន្ទាប់​ពី​កិច្ចប្រជុំ​ចង្អៀត​គណៈរដ្ឋមន្ត្រី​ចម្រុះ​កម្ពុជា-ថៃ លើក​ទី​៣ ក្រោម​មូលបទ «ពង្រឹង​ភាព​ជា​ដៃគូ​ដើម្បី​សន្តិភាព និង​វិបុលភាព» លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​នាយក​រដ្ឋមន្ត្រី​ថៃ បា្រយុទ្ធ ចាន់អូចា (Prayut Chan-O-cha) បាន​ធ្វើ​សន្និសីទ​រួម​គ្នា ដោយ​បង្ហាញ​លទ្ធផល​ផ្លែផ្កា​ជាច្រើន​អំពី​កិច្ច​សន្ទនា​នោះ ទាក់ទង​នឹង​វិស័យ​សេដ្ឋកិច្ច សន្តិសុខ និង​ចំណង​ការទូត។

លោក ហ៊ុន សែន អះអាង​ថា ចំពោះ​បញ្ហា​សេដ្ឋកិច្ច ភាគី​ទាំង​ពីរ​នឹង​ពង្រីក​ការ​តភ្ជាប់​ទាំង​ផ្លូវ​ទឹក ផ្លូវ​គោក និង​ផ្លូវ​ដែក។ ចំណែក​ការ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​វិញ គឺ​ពង្រីក​ឲ្យ​កាន់​តែ​ធំ ដែល​ប្រទេស​ថៃ សន្យា​ជួយ​ទិញ​កសិផល​ពី​កម្ពុជា ខណៈ​បច្ចុប្បន្ន​នេះ ប្រទេស​ថៃ នាំ​ចូល​ទំនិញ ផលិតផល​មក​ទីផ្សារ​កម្ពុជា ៥ ឯ​កម្ពុជា នាំ​ចេញ​ទៅ​ថៃ វិញ​តែ ១​ប៉ុណ្ណោះ៖ «យើង​ក៏​គិតគូរ​ទៅ​ដល់​បញ្ហា​ផ្សេងៗ​ទៀត ទាក់ទង​នឹង​បញ្ហា​ពាណិជ្ជកម្ម វិនិយោគ ក៏​ដូចជា​សេដ្ឋកិច្ច​ជា​ទូទៅ។ ទៅ​ក្នុង​វិស័យ​បញ្ហា​ការ​ត​ភ្ជាប់ ទាក់ទិន​នឹង​បញ្ហា​ព្រំដែន យើង​ឯកភាព​ទៅ​លើ​ការ​បើក​ច្រក​បន្ថែម​ទៀត ដើម្បី​​សម្រួល​សម្រាប់​ទាំង​ប្រជាជន រាប់​ទាំង​សម្រួល​បញ្ហា​ពាណិជ្ជកម្ម ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន»

លោក ហ៊ុន សែន ឲ្យ​ដឹង​ដែរ​ថា ចំពោះ​បញ្ហា​សន្តិសុខ​ដូចជា​គ្រឿង​ញៀន ថៃ បាន​ជួយ​ដល់​កម្ពុជា ក្នុង​ការងារ​សាងសង់​មជ្ឈមណ្ឌល​បន្សាប​គ្រឿង​ញៀន​នៅ​ខេត្ត​ព្រះសីហនុ។ លើស​ពី​នេះ មេ​ដឹកនាំ​ទាំង​ពីរ​ក៏​មាន​គំនិត​ផ្ដួចផ្ដើម​ធ្វើ​ឲ្យ​មាន​តំបន់​ស​តាម​ព្រំដែន គឺ​តំបន់​គ្មាន​គ្រឿង​ញៀន និង​កិច្ច​សហការ​ជួយ​ប្រជាជន​ឆ្លង​ដែន រឿង​គ្រោះ​អគ្គីភ័យ ទឹក​ជំនន់ និង​ការ​ជួញដូរ​មនុស្ស។ ភាគី​ទាំង​ពីរ ក៏​នឹង​សម្រួល​ឲ្យ​ពលករ​ខ្មែរ​ធ្វើ​ការ​ស្រប​ច្បាប់​នៅ​ថៃ ដែរ ដើម្បី​ជៀសវាង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម។

ជា​ការ​ឆ្លើយតប​នាយក​រដ្ឋមន្ត្រី​ថៃ លោក បា្រយុទ្ធ ចាន់អូចា (Prayut Chan-O-cha) លើក​ឡើង​ថា ចំពោះ​សំណើ​សុំ​ឲ្យ​ថៃ ជួយ​បង្កើន​ការ​ទិញ​ទំនិញ ឬ​កសិផល​តាម​ព្រំដែន​នោះ គឺ​ប្រទេស​ថៃ យល់ព្រម។ ប្រទេស​ថៃ ក៏​ចង់​ឲ្យ​ពលករ​លើ​ទូក​នេសាទ​ស្រប​ច្បាប់​ដែរ និង​សន្យា​ជួយ​ពន្លឿន​ការ​សាងសង់​មជ្ឈមណ្ឌល​បន្សាប​គ្រឿង​ញៀន និង​បើក​ច្រក​ព្រំដែន។ លោក បា្រយុទ្ធ ចាន់អូចា (Prayut Chan-O-cha) ថា​នឹង​ខិតខំ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ពង្រឹង​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ៖ «ចំពោះ​ការ​អភិវឌ្ឍ​នៅ​តាម​ព្រំដែន​នោះ យើង​បាន​សហការ​គ្នា​ថា យើង​នឹង​បន្ត​នូវ​កិច្ច​សហប្រតិបត្តិការ​ដើម្បី​ជួយ​លើក​កម្ពស់​ការ​អភិវឌ្ឍ​នៅ​តាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស​យើង​ទាំង​ពីរ​ផង ហើយ​យើង​បាន​ប្ដេជ្ញា​ថា យើង​នឹង​ដឹក​នាំ​ប្រទេស​ជាតិ ឲ្យ​បាន​រំកិល​ទៅ​មុខ​ប្រកប​ដោយ​ចិរភាព និង​គ្រប់​ជ្រុង​ដូចជា​ករណី​ថៃ មក​១ ក៏​ដូចជា​កម្ពុជា មក​១ ដើម្បី​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ផ្សេងៗ​ទៀត​ឲ្យ​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត»

ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ថៃ នេះ គឺ​កើត​មាន​ឡើង​នៅ​ចំ​ពេល​មាន​ពាក្យ​ចចាមអារ៉ាម​ថា អតីត​នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ
(Yingluck Shinawatra) បាន​ភៀស​ខ្លួន​ចេញ​មក​ប្រទេស​កម្ពុជា មុន​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ទីក្រុង​ឌុយបៃ (Dubai) កាល​ពី​ខែ​មុន គឺ​នៅ​មុន​ពេល​ប្រកាស​សាលក្រម​របស់​តុលាការ ចំពោះ​គម្រោង​ឧបត្ថម្ភ​ធន​នៅ​ពេល​អ្នកស្រី​នៅ​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី។ ទោះ​យ៉ាង​ណា មន្ត្រី​រដ្ឋាភិបាល​ថា​ករណី​អ្នកស្រី យីងឡាក់ មិន​មាន​នៅ​លើ​របៀបវារៈ​នោះ​ទេ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ប្រទេស​ទាំង​ពីរ​គឺ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដូច​គ្នា។ ដូច្នេះ លោក​មិន​រំពឹង​ថា មាន​ចំណុច​ពិសេស​អ្វី​ក្នុង​ការ​កែប្រែ​គ្នា​ឡើយ។ ទន្ទឹម​គ្នា​នេះ លោក​បណ្ឌិត មាស នី ក៏​មិន​ទាន់​ជឿ​ថា ភាគី​ទាំង​ពីរ​នឹង​គោរព​តាម​ការ​ព្រមព្រៀង​ជាពិសេស​ពង្រឹង​ការ​អនុវត្ត​ឡើយ៖ «ការ​យក​រឿង​ព្រំដែន​មក​ជជែក​គ្នា ក៏​វា​ជា​រឿង​ល្អ​មួយ​ដែរ ព្រោះ​យើង​ឃើញ​ថា ខាន​ជជែក​គ្នា​យូរ​ហើយ​ដែរ រឿង​ព្រំដែន​ខ្មែរ និង​ថៃ​នេះ ហើយ​ការ​ពង្រឹង​ពាណិជ្ជកម្ម​នាំ​ចេញ​នាំ​ចូល​ឆ្លង​ព្រំដែន ក៏​ជា​រឿង​សំខាន់​ដែរ ដែល​ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​យើង ដែល​កំពុង​តែ​មាន​វិបត្តិ​ទីផ្សារ​លើ​ផលិតផល​កសិកម្ម។ ទោះ​យ៉ាង​ណា សម្រាប់​ការ​អនុវត្ត​ជាក់ស្ដែង​នោះ គឺ​អត់​ទាន់​ហ៊ាន​អះអាង​ថា​ម៉េច​នៅ​ឡើយ​ទេ ព្រោះ​យើង​ចាំ​មើល​សិន។ កិច្ចការ​អស់​នេះ មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ ជា​រឿង​មួយ​ដែល​ធ្លាប់​មាន​ការ​ជជែក​គ្នា ការ​ពិភាក្សា​ពី​មុន»

លោក​បណ្ឌិត មាស នី បន្ថែម​ថា បញ្ហា​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ក៏​នៅ​តែ​ជា​ក្តី​បារម្ភ​មួយ​ដែរ ដែល​ភាគី​ទាំង​ពីរ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ជា​ចាំបាច់​ក្នុង​ចំណោម​បញ្ហា​ផ្សេងៗ​ទៀត។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ កម្ពុជា-ថៃ ក៏​បាន​ចុះ​ហត្ថលេខា​លើ​ពិធីសារ​ចំនួន​ពីរ រួម​មាន​ទី​១ ការ​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ​លើក​ទី​៣។ ទី​២ ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ​ស្ដីពី​ការ​ចៀសវាង​ការ​យក​ពន្ធ​ត្រួត​គ្នា និង​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​ប្រាក់​ចំណូល។

លោក បា្រយុទ្ធ ចាន់អូចា (Prayut Chan-O-cha) បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា និង​បាន​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ វិញ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។