«កម្ពុជា​គួរ​បកស្រាយ​ការ​ធ្វើ​លំហាត់​យោធា​កម្ពុជា ឡាវ វៀតណាម ឱ្យ​ច្បាស់» ស្រប​ពេល​ពលរដ្ឋ​កំពុង​រិះគន់​រឿង CLV

ដោយ ខាន់ លក្ខិណា
2024.09.18
«កម្ពុជា​គួរ​បកស្រាយ​ការ​ធ្វើ​លំហាត់​យោធា​កម្ពុជា ឡាវ វៀតណាម ឱ្យ​ច្បាស់» ស្រប​ពេល​ពលរដ្ឋ​កំពុង​រិះគន់​រឿង CLV រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ឡាវ លោក ចាន់សាម៉ន ចាន់យ៉ាឡាត (Chansamone Chanyalath) (ឆ្វេង) និង​រដ្ឋមន្ត្រីការពារជាតិ​កម្ពុជា លោក ទៀ សីហា កាលពីថ្ងៃទី១៣ កញ្ញា ២០២៤។
រូប៖​ ហ្វេសប៊ុកក្រសួងការពារជាតិ

អ្នក​ឃ្លាំមើល​ជំរុញ​រដ្ឋាភិបាល​បកស្រាយ​ឱ្យ​បាន​ច្បាស់ អំពី​រឿង​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​កង​ទ័ព​កម្ពុជា ឡាវ វៀតណាម នៅ​ខែ​វិច្ឆិកា​ខាង​មុខ ដើម្បី​កុំ​ឱ្យ​​ប្រជា​ពលរដ្ឋ​ភ័ន្ត​ច្រឡំ។ ការ​ជំរុញ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កំពុង​រង​ ការ​រិះគន់​ពី​ពលរដ្ឋ​រឿង​ដាក់​ខ្មែរ​ចំនួន ៤ នៅ​ភាគ​ឦសាន​ក្នុង​គម្រោង​តំបន់​ ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​ឡាវ​និង​វៀតណាម។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍ​ផ្នត់​គំនិត និង​ការ​សិក្សា​ស្រាវជ្រាវ​លោក សេក សុជាតិ យល់​ថា ការ​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​នេះ ជា​រឿង​ធម្មតា​នៃ​ប្រទេស​ទាំង​បី ប៉ុន្តែ​ប្រសិន​បើ​រដ្ឋាភិបាល​មិន​មាន​ការ​បកស្រាយ​ឱ្យ​បាន​ច្បាស់​ទេ អាច​នឹង​ធ្វើ​ឱ្យ​ ប្រជាពលរដ្ឋ​មាន​ការ​ភ័ន្ត​ច្រឡំ​ថា ការ​ហ្វឹកហ្វឺន​នេះ អាច​ពាក់ព័ន្ធ​រឿង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍។

លោក សេក សុជាតិ«ក៏​ប៉ុន្តែ​គ្រាន់​តែ​វា​មាន​ភាព​ចម្រូងចម្រាស​ជាមួយ​នឹង​ទិដ្ឋភាព​នយោបាយ ដែល​ធ្វើ​ឱ្យ​ភាគី​ផ្សេងៗ​ទៀត​ក្រៅ​រដ្ឋាភិបាល ឬ​ក៏​ខុស​ពី​គណបក្ស​បក្ស​ប្រឆាំង​ហ្នឹង​មើល​ឃើញ​ជា​រឿង​អវិជ្ជមាន ដែល​កំពុង​កើត​មាន​នៅ​តំបន់​ភូមិភាគ ឦសាន​ហ្នឹងដូច្នេះហើយការ​រៀបចំ​នេះ បើ​សិន​ជា​រដ្ឋាភិបាល​ឬ​​ក៏​ក្រសួង​ការពារ​ជាតិ​មិន​មាន​ហេតុ​ផល​ច្បាស់លាស់​ទេ ប្រហែល​អាច​នឹង​ទទួល​រង​ការ​រិះគន់​ពី​ភាគី​ផ្សេងៗ​ទៀត បើ​សិន​ក្នុង​ករណី​មិន​មាន​មូល​ហេតុ​ត្រឹមត្រូវ​មិន​អាច​ពន្យល់​ភាគី​ផ្សេងៗ អាច​ទទួល​យក​បាន​អ៊ីចឹង»

ចំពោះ​រឿង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​វិញ​លោក សេក សុជាតិ ថា រដ្ឋាភិបាល​គួរ​ធ្វើ​សមាជជាតិ ដើម្បី​ជម្រះ​មន្ទិល និង​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ។

អ្នក​ឃ្លាំមើល​លើក​ឡើង​ថា លំហាត់​ហ្វឹកហ្វឺន​កង​ទ័ព​កម្ពុជា ឡាវ វៀតណាម នៅ​ខែ​វិច្ឆិកា ខាង​មុខ​អាច​មិន​ពាក់ព័ន្ធ​ជាមួយ​នឹង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នោះ​ទេ ពីព្រោះ​លំហាត់​ហ្វឹកហ្វឺន​កង​ទ័ព​នេះ គឺ​ជា​ទំនាក់ទំនង​ត្រី​ភាគី​រវាង​ប្រទេស​ទាំង​បី។

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ទំនាក់ទំនង​អន្តរជាតិ​លោក ឯម សុវណ្ណារ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ថា ការ​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​រួម​គ្នា​ជា​រឿង​ល្អ ដើម្បី​ពង្រឹង​លំហាត់​ប្រាណ​កង​ទ័ព​កម្ពុជា និង​ជំរុញ​ទំនាក់ទំនង​ត្រី​ភាគី​រវាង​ ប្រទេស​ទាំង​បី។ លោក​ថា វៀតណាម ឡាវ ក៏​ជា​សមាជិក​អាស៊ាន​ដែរ ដូច្នេះ​ លំហាត់​ហ្វឹកហ្វឺន​រួម​គ្នា​នេះ មិន​មាន​អ្វី​ខុស​ឆ្គង​នោះ​ទេ។

លោក ឯម សុវណ្ណារ៉ា៖ «ជា​ប្រទេស​ជាប់​ភូមិ​ផង​របង​ជាមួយ វា​អត់​មាន​អី​ប៉ះពាល់​ទៅ​​ដល់ CLV CLV ជា​រឿង​មួយ​ផ្សេង CLV ជា​រឿង​មួយ​ដែល​ពលរដ្ឋ​លើក​ឡើង​និង​កង្វល់​ពលរដ្ឋ។ នេះ ជា​កិច្ច​ការ​ប្រទេស​មួយ រដ្ឋ​មួយ​នៅ​ក្នុង​ស្រប​ខណ្ឌ​កាតព្វកិច្ច​ឬ​ក៏​កិច្ច​ការ​សហការ​ទ្វេភាគី​រវាង​កម្ពុជា-វៀតណាម! កម្ពុជា-ឡាវ អ៊ីចឹង​នៅ​ក្នុង​ក្របខណ្ឌ​ហ្នឹង វា​ល្អ​ហើយ​ឡាវ​វៀតណាម​ក៏​គិត​ដូច​កម្ពុជា​ដែរ។ អ៊ីចឹង​លក្ខណៈ​ត្រីភាគី​ហ្នឹង កាន់​តែ​ច្រើន​ពហុភាគី​ក៏​ល្អ​ដែរ វា​អត់​មាន​ទាល់​ខុស​ពី​ទេ»

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​កាល​ពី​ថ្ងៃទី១៥ ខែ​កញ្ញា ឱ្យ​ដឹង​ថា កម្ពុជា​នឹង​​រៀបចំ ធ្វើ​លំហាត់​ហ្វឹកហ្វឺន​រួម​គ្នា​រវាង​កង​ទ័ព​បី​ប្រទេស កម្ពុជា ឡាវ វៀតណាម នៅ​ខែ​វិច្ឆិកាឆ្នាំ២០២៤ ខាង​មុខ។

ការ​ប្រកាស​នេះ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក ទៀ សីហា បាន​ជួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឡាវ លោក ចាន់សាម៉ន ចាន់យ៉ាឡាត Chansamone Chanyalath) និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​វៀតណាម លោក ហ្វាន វ៉ាន់ហ្សាង (Phan Văn Giang អំឡុងចូលរួម​វេទិកា​ប៉េកាំង​សៀងសាន លើក​ទី​១១ នៅ​រដ្ឋធានី​ប៉េកាំង​ប្រទេស​ចិន​កាល​ពី​ថ្ងៃទី១៤ ខែកញ្ញា។

ក្រសួង​ការពារ​ជាតិ​បញ្ជាក់​ថា ក្នុង​ជំនួប​ទ្វេភាគី​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ឡាវ និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​វៀតណាម សុទ្ធ​តែ​បាន​បញ្ជាក់​អំពី​ការ​ត្រៀម​ខ្លួន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ និង​ការ​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​រួម​គ្នា​នៅ​កម្ពុជា​នៅ​ខែវិច្ឆិកា​ខាងមុខ។ តែយ៉ាងណា ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មិន​បាន​បញ្ជាក់​ទេ​ថា នឹង​យក​ខេត្ត​ណា ដើម្បី​ធ្វើ​លំហាត់ ហ្វឹកហ្វឺន​រួម​គ្នា​នេះ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត បានទេ នៅថ្ងៃទី១៧ ខែកញ្ញា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

យ៉ាងណា ការ​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​កង​ទ័ព​កម្ពុជា ឡាវ វៀតណាម​នេះ ស្រប​ពេល​ ដែល​ពលរដ្ឋ​កំពុង​រិះគន់​រឿង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង វៀតណាម និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល ដក​ខេត្ត​ខ្មែរ​នៅ​ភាគឦសាន​ចេញ​វិញ ដោយ​​ពួកគាត់​បារម្ភ​ថា គម្រោង​នេះ អាច​ធ្វើ​ឱ្យ​បាត់​ដី​ខ្មែរ​ទៅ​ប្រទេស​វៀតណាម​គ្រប់គ្រង​ដូច​អតីត​កាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។