ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ស្នើ​សុំ​រដ្ឋាភិបាល​​ឱ្យ​អភិវឌ្ឍ​ខេត្តទាំង៤ ដោយខ្លួនឯង​

0:00 / 0:00

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ស្តាប់​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​បញ្ឈប់​ដាក់​ខេត្ត​ខ្មែរ​ចំនួន៤​ នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស​ (CLV) ​ជាមួយ​ប្រទេស​វៀតណាម (Vietnam) និង​ឡាវ(Lao)។ ​ការ​ស្នើ​សុំ​នេះ​គឺ​បន្ទាប់ពី​ប្រជាពលរដ្ឋ​​ខ្មែរ​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស បង្ហាញ​ក្តី​កង្វល់​ថា ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​​ CLV នេះ នឹង​អាច​នាំ​ឲ្យ​កម្ពុជា​បាត់​បង់​ធនធាន​ធម្មជាតិ និង​ទឹក​ដី​របស់​ខ្លួន​ដ៏​ធំធេង​ទៅ​ឲ្យ​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ខាង​មុខ។

រយៈពេល​ជាង​មួយ​សប្តាហ៍​ហើយ​ ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ នៅតែ​មាន​ក្តី​កង្វល់​ចំពោះ​បញ្ហា​ទឹកដី​ និង​​ទាមទារ​ឲ្យ​រដ្ឋាភិបាល ​ដក​ខេត្ត​ខ្មែរ​ទាំង៤​ចេញ​ពី​កិច្ច​សហ​ប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស​ (CLV) ​ជាមួយ​ប្រទេស​វៀតណាម​ (Vietnam) និង​ឡាវ (Lao) ជាបន្ទាន់ ដើម្បី​កុំ​​ឲ្យ​រង​ការ​ឈ្លានពាន​ទឹកដី​និង​សេដ្ឋកិច្ច​ពី​ប្រទេស​វៀតណាម​ ដូច​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​កន្លងមក​។

ដោយ​មើល​ឃើញ​ និង​យល់​ស្របតាម​ការ​បញ្ចេញមតិ​​របស់​ប្រជាពលរដ្ឋ​ខ្មែរ​បែប​នេះ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ខ្លី​មួយ​នៅ​ថ្ងៃទី​១ ខែ​សីហា​ ដោយ​ស្នើសុំ​រដ្ឋាភិបាល​កម្ពុជា​ថា ត្រូវ​​អភិវឌ្ឍ​ខេត្ត​ទាំង​៤ ​នៅ​ភាគឦសាន​​ដោយ​ខ្លួនឯង ប្រសើរ​ជាងការដាក់ខេត្តទាំង៤​ នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រី​កោណ។

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯក​រាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែង​ថា បើ​ទោះ​បី​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​បកស្រាយ​រួច​ហើយ​ក្តី ក៏​អ្នកស្រី យល់ថា រដ្ឋាភិបាលគួរតែ​ស្ដាប់​សំឡេង​របស់​ប្រជាពលរដ្ឋ​​ឡើង​វិញ។

អ្នកស្រី អ៊ុក ឆាយ៉ាវី៖«ខ្ញុំ​សង្ឃឹម​ជឿ​ជាក់​ថា រដ្ឋាភិបាល​នឹង​ទទួល​យក​នូវ​អ្វី ដែល​ប្រជាពលរដ្ឋ​យើង​បាន​លើក​ឡើង។អ៊ីចឹង គាត់​ក្នុង​នាម​ជា​មាតាបិតា​នៃ ប្រទេស​ខ្មែរ អ៊ីចឹង ជឿ​ជាក់​ថា គាត់​នឹង​យក​ទៅ​ពិចារណា ហើយ​ធ្វើ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង(អភិវឌ្ឍ​ដោយ​ខ្លួន​ឯង)ដើម្បី​ឲ្យ​បេះដូង​ប្រជាពលរដ្ឋ​នៅតែ​ស្រឡាញ់​គាត់​ដដែល»។

Ouk_Chhayavy_100520_1.jpg
(រូថតឯកសារ) អ្នកស្រី អ៊ុក ឆាយ៉ាវី សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯក​រាជ្យ។ រូបពីពលរដ្ឋ/2020-10-05

បើ​ទោះ​ជា លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២៣ ខែកក្កដា បាន​បក​ស្រាយ​ថា កិច្ច​សហ​ប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស​នេះ នឹង​មិន​ធ្វើ​ឲ្យ​បាត់បង់​ទឹក​ដី​ខ្មែរ​ទៅ​វៀតណាម និង​ព្រមាន​ពី​ការ​ប្រើប្រាស់​គុកច្រវ៉ាក់​ចំពោះ​ពលរដ្ឋ​​ដែល​ហ៊ាន​បញ្ចេញ​មតិ​រឿង​ទឹក​ដី​នេះ​ក្តី ក៏​ពលរដ្ឋ​ខ្មែរ នៅ​តែ​មិន​ជឿ​ជាក់ និង​មិន​ចុះញ៉ម​ចំពោះ​ការ​គំរាម​នេះ​ឡើយ។

ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរ​គ្រប់​និន្នាការ​នយោបាយ​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស នៅតែ​ប្រតិកម្ម​ខ្លាំងៗ និង​ធ្វើ​យុទ្ធនាការ​ទាមទារ​លោក ហ៊ុន សែន ឱ្យ​ប្រកាស​ដក​កម្ពុជា​ចេញ​ពី​កិច្ច​សហ​ប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រី​កោណ​ពិសេស។ លើស​ពី​នេះ ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដូច​ជា​នៅ​កូរ៉េខាងត្បូង​និង​ប្រទេស​អូស្ត្រាលី​ជាដើម ក៏​នឹង​ធ្វើ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ ដើម្បី​ប្រឆាំង​នឹង​គំនិត​របស់​លោក ហ៊ុន សែន ដែល​ដាក់​ខេត្ត​ខ្មែរ​ទាំង៤ អភិវឌ្ឍ​រួមគ្នា​ជាមួយ​វៀតណាម និង​ឡាវ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​លោក សុខ ឥសាន បានទេ នៅ​ថ្ងៃ​ទី១ ខែសីហា។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស និង​សង្គម លោក ស៊ឹង សែន​ករុណា ថ្លែង​ថា ប្រសិនបើ​រដ្ឋាភិបាល អនុវត្ត​តាម​គោល​ការណ៍​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នោះ គួរតែ​ស្ដាប់​ក្តី​កង្វល់ និង​ការ​ស្នើសុំ​របស់​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​កុំ​ឲ្យ​ទឹកដី​ខ្មែរ​បន្ត​របូត​​ទៅ​វៀតណាម ដូច​ប្រវត្តិ​សាស្ត្រ​កន្លង​មក។ លោក​យល់​ថា ប្រសិនបើ​លោក ហ៊ុន សែន ប្រកាស​ឈប់​ចូលរួម​ក្នុង​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស​នៅ​ពេល​នេះ លោក​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ឡើង​វិញ ទឹកដី​ខ្មែរ​នឹង​គង់វង្ស ហើយ​វៀតណាម ក៏​មិន​ហ៊ាន​រក​រឿង​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​មាន​ចិន ជា​ខ្នង​បង្អែក​នោះ​ដែរ។

លោក ស៊ឹង សែន​ករុណា៖«ថ្នាក់​ដឹកនាំ​ប្រទេស ជាពិសេស លោក ហ៊ុន សែន និង​កូន​ប្រុស​របស់​ខ្លួន​ជា​នាយក​រដ្ឋមន្ត្រី​នោះ បើ​សម្រេច​ថា ចាប់​យក​ចិន ហើយ​មិន​បន្ត​គម្រោងCLVគឺ​មាន​សាទរ​ពី​ប្រជាពលរដ្ឋ​ហើយ ព្រោះ​យើង​និយាយ​ពី​ចិន ទោះ​បី​ជា​មាន​ការ​ទាញ​យក​ផល​ប្រយោជន៍​សេដ្ឋកិច្ច​អី​ខ្លះ​មែន ក៏​ប៉ុន្តែ មិន​មាន​ការ​ភ័យ​ព្រួយ​រឿង​ទឹកដី​ទេ។ ប៉ុន្តែ បើ​សិន​ចាប់​យក​ប្រទេស​វៀតណាម​វិញ កម្ពុជា​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​បាត់បង់​ទឹកដី ហើយមិនប្រាកដថាអត់ត្រឹម៤ខេត្តទេ គឺ​អាច​នឹង​បន្ត​បន្ទាប់​រហូត​ដល់​កម្ពុជា​ទាំង​មូល»។

បើ​ទោះ​បី​ជា​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម គឺ​ជា​បញ្ហា​ដ៏​រសើប​មួយ​ដោយ សារ​​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ តែង​បង្ក្រាប​លើ​អ្នក​ឈឺ​ឆ្អាល​រឿង​បូរណភាព​ទឹក​ដី​ក្តី ក៏​ចុង​ក្រោយ​នេះ ប្រជាពលរដ្ឋ​កម្ពុជា រួម​មាន​ទាំង​យុវជន និង​អ្នក​នយោបាយ​ផង បាន​ងាក​មក​ចាប់​អារម្មណ៍​ពី​បញ្ហា​ព្រំដែន​នៅ​ទិស​ខាង​កើត​នេះ​យ៉ាង​ផុលផុស​ឡើង​វិញ។ លើកលែង​តែ​មនុស្ស ដែល​ភ័យ​ខ្លាច និង​មនុស្ស ដែល​នៅ​បាន​ផល​ប្រយោជន៍​ពី​រដ្ឋាភិបាល​ត្រកូល ''ហ៊ុន''ប៉ុណ្ណោះ ដែល​គាំទ្រ​គំនិត​របស់​លោក ហ៊ុន សែន។

ទំនង​​ជា​មាន​ប្រតិកម្ម​ពី​មហាជន​បែបនេះ​ហើយ ទើប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី៣០ កក្កដា ជិះ​ឡាន​ទំនើប និង​ថត​ដាក់​ហ្វេសប៊ុក ដោយ​បង្ហាញ​ថា លោក​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ជីវភាព​​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​បណ្តោយ​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ភូមិសាស្ត្រ​ខេត្ត​ក្រចេះ ​និង​ខេត្ត​មណ្ឌលគិរី។ លោក ហ៊ុន ម៉ាណែត បង្ហោះ​សំណេរ​ថា មាន​តែ​កម្លាំង​ប្រជាជន​ទេ ដែល​អាច​ការពារ បូរណភាព​ទឹកដី ជា​ពិសេស តាម​បណ្ដោយ​ព្រំដែន ប្រកប​ដោយ​ប្រសិទ្ធភាព និង​យូរ​អង្វែង​បំផុត។ ហេតុ​ដូច្នេះ លោក​ថា ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម រួម​ទាំង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ និង​ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដោយ​ព្រំដែន គឺ​ជា​ការ​ចាំបាច់។

ទោះ​ជា​យ៉ាង​ណា​ក្ដី លោក ស៊ឹង សែនករុណា យល់​ថា របៀប​ដែល​លោក ហ៊ុន ម៉ាណែត ធ្វើ​នេះ គឺ​ជា​នយោបាយ​ប្រជាភិថុតិ ដើម្បី​សម្រួល​ស្ថានការណ៍​ឡើង​វិញ។

លោក​ពិនិត្យ​ឃើញ​ថា ក្រោយ​លោក ហ៊ុន សែន ត្រូវ​បាន​វៀតណាម​លើក​បន្តុប​ឲ្យ​គ្រប់គ្រង​ប្រទេស​កម្ពុជា​ជាង ៤០ឆ្នាំ​មក​នេះ លោក មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម​នោះ​ទេ។ លោក ស៊ឹង សែនករុណ បន្ត​ថា ពលរដ្ឋ​នៅ​តាម​ព្រំដែន ជួប​ការ​លំបាក​ខ្លាំង ដោយសារ​ខ្វះ​ផ្លូវ​ថ្នល់ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធ​ភ្លើង និង​ខ្វះ​ប្រព័ន្ធ​ធារាសាស្ត្រ ព្រមទាំង​គ្មាន​ទីផ្សារ​លក់​កសិផល​ជា​ដើម រហូត​ដល់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ជួល​ដី​ស្រែ​ចម្ការ​ឲ្យ​ពលរដ្ឋ​វៀតណាម​ធ្វើ​ទៀត​ផង។

លោក ស៊ឹង សែនករុណ៖«បើ​និយាយ​អំពី​តំបន់​ព្រំដែន គឺ​តំបន់​ខ្លះ​មិន​អាច​ជិះឡាន​ទៅ​បាន​ទេ ឬ​ហៅ​ថា មិន​មែន​របៀប​ជិះ​សេះ​មើល​ផ្កា​អ៊ីចឹង​ទេ ព្រោះ​ថា តំបន់​ខ្លះ វា​ទាមទារ​ការ​ចុះ​ទៅ។ ខ្ញុំ​មើល​ហើយ​វីដេអូ​នោះ ឃើញ​មាន​រូបភាព​ឈរ ចាំ​ទទួល​អី​ទាំង​អស់​នោះ ព្រោះ​តាម​ជាក់​ស្ដែង មន្ត្រី​ទាំង​អស់​នោះ គ្មាន​ប្រចាំ​ការ នៅ​តាម​ព្រំដែន​ដូច ដែល​ទៅ​ឃើញ​ទេ ហើយ​ក៏​មិន​មែន​ពលរដ្ឋ​រស់នៅ​អ៊ូអរ​ដែរ។ គាត់(លោក ហ៊ុន ម៉ាណែត)ទៅ​ថត​តែ​កន្លែង​មាន​ប្រជាពលរដ្ឋ​ទេ។ កន្លែង​ដែល​គ្មាន​ប្រជាពលរដ្ឋ មិន​បាន​ថត​ឲ្យ​ឃើញ​ទេ។ នេះ​គឺ​ជា​រូបភាព​ប្រជាភិថុតិ​ទេ»។

មិន​មែន​តែ​ពលរដ្ឋ​ខ្មែរ​នោះ​ទេ សូម្បី​តែ​ទាហាន​ការពារ​ព្រំដែន​ខ្មែរ ក៏​ប្រឈម​ការ​លំបាក​ដែរ។ ប៉ុស្តិ៍​ការពារ​ព្រំដែន​ខ្មែរ​ភាគ​ច្រើន​មិន​រឹងមាំ​នោះ​ទេ ហើយ​កង​កម្លាំង​ការពារ​ព្រំដែន​មួយ​ចំនួន ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា ពួកគាត់ ពឹង​ផ្អែក​លើ​ជំនួយ​ដូច​ជា​ម្ហូបអាហារ និង​ប្រេងសាំង​ពី​អាជ្ញាធរ​វៀតណាម។ ក្រៅ​ពី​នេះ តំបន់​ដែល​មាន​ដីធ្លី និង​ព្រៃឈើ​នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម​ជា​ច្រើន​កន្លែង គឺ​រដ្ឋាភិបាល បាន​ផ្តល់​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​រយៈ​ពេល​រាប់​សិប​ឆ្នាំ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ដែល​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន រក​ឃើញ​ថា ជា​ក្រុមហ៊ុន​របស់​កងទ័ព ឬ​រដ្ឋាភិបាល​វៀតណាម។

កាល​នៅ​មាន​ជីវិត បណ្ឌិត កែម ឡី ធ្លាប់​ចុះ​ស្រាវជ្រាវ​តាម​ព្រំដែន និង​បង្ហាញ​ក្ដី​បារម្ភ​ថា កិច្ច​សហ​ប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស​នេះ មិន​ត្រឹមតែ​មិន​ផ្តល់​ផល​ចំណេញ​ដល់​កម្ពុជា​នោះ​ទេ ថែម​ទាំង​បង្ក​គ្រោះថ្នាក់​ដល់​បូរណភាព​ទឹកដី​កម្ពុជា​ថែម​ទៀត។ បណ្ឌិត​កែម ឡី ​ចាត់​ទុក​ថា អ្វី​ដែល​រដ្ឋាភិបាល​វៀតណាម កំពុង​ធ្វើ គឺ​ជា​អាណានិគម​បែប​ថ្មី​ដែល​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បូរណភាព​ទឹក​ដី​កម្ពុជា ពី​សំណាក់​ប្រទេស​ជិត​ខាង​តាម​រយៈ​យុទ្ធសាស្ត្រ​ច្រែះ​ស៊ី​ដែក ដែល​បាន​រៀបចំ​ទុក​ជា​យូរ​ណាស់​មក​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។