ក្រុមអ្នកឃ្លាំមើលនៅតែព្រួយបារម្ភចំពោះការកើនឡើងឥទ្ធិពលចិនកាន់តែខ្លាំងឡើង ស្របពេលកម្ពុជាបង្កើនទំនាក់ទំនងលើវិស័យយោធា និងគ្រោងបន្តធ្វើសមយុទ្ធយោធាជាមួយចិន។ ការព្រួយបារម្ភនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ប្រកាសថា កងទ័ពកម្ពុជា និងចិន នឹងគ្រោងបន្តធ្វើសមយុទ្ធយោធានាចុងខែមីនា ខាងមុខ។
អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា ចង់ឃើញកម្ពុជាមានកិច្ចសហប្រតិបត្តិការល្អផ្នែកវិស័យយោធាជាមួយបណ្ដាប្រទេសនានាជាពិសេសជាមួយក្រុមប្រទេសមហាអំណាចលោកសេរី ស្របពេលកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការផ្នែកវិស័យយោធាជាមួយចិនកាន់តែខ្លាំងឡើង។ ពួកគេ លើកឡើងថា កម្ពុជាគួររិះរកមធ្យោបាយក្នុងការស្ដារទំនាក់ទំនងល្អជាមួយប្រទេសលោកសេរី និងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកវិស័យយោធាឱ្យស៊ីជម្រៅដូចប្រទេសចិន ដើម្បីបញ្ចៀសការរិះគន់ថា កម្ពុជាពុំបានអនុវត្តនយោបាយអព្យាក្រឹត្យ និងលម្អៀងទៅប្រទេសចិនកុម្មុយនីស្ដតែម្ខាង។
អ្នកសិក្សាស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា យល់ថា ការធ្វើសមយុទ្ធយោធារវាងកងទ័ពកម្ពុជា និងចិន គឺជាពង្រឹងកិច្ចសហប្រតិបត្តិការនៃទំនាក់ទំនងផ្នែកវិស័យយោធារវាងភាគីកម្ពុជា និងចិនកាន់តែស្អិតល្មួតបន្ថែមទៀត។ ក្រៅពីនេះ លោកថា វាក៏ស្ថិតក្នុងក្របខ័ណ្ឌមួយក្នុងការជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងចិនតាមរយៈការហ្វឹកហ្វឺនសមយុទ្ធយោធា។ ទោះយ៉ាងណា លោកថា កម្ពុជា គួរតែបង្កើនទំនាក់ទំនងល្អ និងធ្វើសមយុទ្ធយោធាជាមួយប្រទេសមហាអំណាចផ្សេងទៀតដូចជាសហរដ្ឋអាមេរិក ដោយពុំគួរឱបក្រសោបប្រទេសចិនតែមួយឡើយ។
លោកយល់ថា បើកម្ពុជាអាចមានកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសមហាអំណាចធំៗដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ជាពិសេសឈានដល់ក្របខ័ណ្ឌការធ្វើសមយុទ្ធយោធា កម្ពុជាក៏អាចឆ្លើយតបបញ្ហាប្រឈមនានានៅក្នុងតំបន់ និងនៅអន្តរជាតិ៖
«បើកម្ពុជាអាចមានការបង្កើតសមយុទ្ធជាមួយបណ្តាលប្រទេសផ្សេងៗ ហាត់សមយុទ្ធជាមួយសហរដ្ឋអាមេរិកឡើងវិញ ជាមួយប្រទេសជប៉ុន និងឥណ្ឌា ក៏ដូចជាមហាអំណាចក្នុងតំបន់ឡើងវិញ ធ្វើដូច្នេះកម្ពុជាអាចចំណេញ ទាក់ទងនឹងការធ្វើវិបត្តិកម្មផ្នែកសន្ដិសុខ ក៏ដូចជាវិស័យការពារជាតិរបស់ខ្លួន ហើយធ្វើឱ្យកម្ពុជាមើលក្នុងរូបភាព កម្ពុជាជាប្រទេសមួយដែលមានទំនាក់ទំនងការបរទេស បែបចម្រុះពណ៌ជាមួយនឹងបណ្តាលប្រទេសផ្សេងៗទាំងអស់»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ បង្ហើបថា កម្ពុជា និងចិន គ្រោងបន្តធ្វើសមយុទ្ធយោធា «នាគមាស» ស្ថិតនៅបរិវេណភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំងក្នុងអំឡុងខែមិនា ខាងមុខ។ លោកប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី១៦ ខែកុម្ភៈថា គម្រោងធ្វើសមយុទ្ធនេះធ្វើឡើងទាក់ទងនឹងប្រធានបទ បោសសម្អាតគ្រាប់មីន ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការរក្សាសន្តិសុខ និងក្បួនធំៗ និងរបៀបសង្គ្រោះជនរងគ្រោះជួបឧបទ្ទវហេតុដោយសារគ្រោះធម្មជាតិ។ លោក ទៀ បាញ់ អះអាងថា ការធ្វើសមយុទ្ធរវាងកងទ័ពកម្ពុជា និងចិន ពុំបានគំរាមកំហែងប្រទេសណានោះទេ ប៉ុន្តែវាធ្វើឡើងក្នុងបំណងលើកកម្ពស់គុណភាព និងសមត្ថភាពរបស់កងទ័ព។
កម្ពុជាក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន បានរៀបចំសមយុទ្ធយោធាជាមួយកងទ័ពចិនចំនួន ៤លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១៦ ប៉ុន្តែរដ្ឋាភិបាលឯកបក្សបានលុបចោលដោយឯកតោភាគីសមយុទ្ធយោធារួមគ្នា «ឆ្មាំអង្គរ» ជាមួយសហរដ្ឋអាមេរិក និង «ដនគោព្រៃ» ជាមួយអូស្ត្រាលី កាលពីឆ្នាំ២០១៧។ អ្នកឃ្លាំមើល លើកឡើងថា ប្រទេសចិនកុម្មុយនីស្តហាក់កំពុងព្យាយាមពង្រីកឥទ្ធពលយោធារបស់ខ្លួនលើទឹកដីខ្មែរ តាមរយៈការផ្ដល់ជំនួយផ្នែកយោធាដល់កម្ពុជា និងស្ថិតក្រោមរូបភាពការធ្វើសមយុទ្ធយោធា ដើម្បីជាថ្នូរអាចសាងសង់មូលដ្ឋានទ័ពនៅកំពង់ផែសមុទ្ររាម។
ទាក់ទងនឹងរឿងនេះ ថ្វីត្បិតតែរដ្ឋាភិបាលលោក ហ៊ុន សែន តែងតែប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយប្រាប់ទៅអាមេរិកកុំបន្តសង្ស័យរឿងមូលដ្ឋានទ័ពនេះយ៉ាងណាក្ដី ក៏កម្ពុជាគ្មានឆន្ទៈក្នុងការបង្ហាញព័ត៌មានប្រកបដោយតម្លាភាពនៅឡើយ។ លើសពីនេះ កម្ពុជាហាក់យកចិត្តទុកក្នុងការពន្លឿនការសម្រេចនៃការសាងសង់ទំនើបកម្មនៅកំពង់ផែរាមទៅវិញ។ កាលពីថ្ងៃទី១ ខែកុម្ភៈ ក្នុងគ្រាដែលលោក ទៀ បាញ់ ចុះពិនិត្យការដ្ឋានសាងសង់មូលដ្ឋានសមុទ្ររាមលោកនិយាយថា កំពុងដំណើរការសាងសង់យ៉ាងសកម្មតាមផែនការគ្រោងទុក។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ការប្រកាសឯកតោភាគីរបស់កម្ពុជា គឺមិនអាចឱ្យអាមេរិកបញ្ឈប់ការសង្ស័យរឿងមូលដ្ឋាននៃវត្តមានកងទ័ពចិននៅកំពង់ផែរាមបានឡើយ។ លោកបន្តថា បើកម្ពុជាមានឆន្ទៈក្នុងការបង្ហាញតម្លាភាព កម្ពុជាគួរបង្កើតនូវកិច្ចសហការគ្នាក្នុងក្របខ័ណ្ឌស៊ីជម្រៅណាមួយ និងពិភាក្សាគ្នាបង្កើតទុកចិត្តដល់អាមេរិក និងអូស្ត្រាលី។ ម្យ៉ាងវិញទៀត លោកថា នេះក៏ជាមធ្យោបាយមួយក្នុងការស្ដារទំនាក់ទំនងល្អជាមួយអាមេរិក និងអូស្ត្រាលី ក្នុងក្របខ័ណ្ឌវិស័យយោធា ដែលអាចឈានឱ្យមានការធ្វើសមយុទ្ធយោធាឡើងវិញ៖
«វាមិនជាឧបសគ្គបញ្ហាអីទេការធ្វើសមយុទ្ធយោធា ឬកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយលោកខាងកើតចិន ហ្នឹងក៏ដោយវាអត់អីទេ ឱ្យតែកម្ពុជាហ្នឹងឈរលក្ខណៈអព្យាក្រឹត្យ ឈរលក្ខណៈកណ្ដាលតាមគោលការណ៍ច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាហ្នឹង ខ្ញុំគិតថា វាអាចបញ្ចៀសការរិះគន់ការលើកឡើងបានហើយ។ ប៉ុន្តែ អ្វីដែលជាក្ដបារម្ភដូចការសំខាន់គឺកម្ពុជាគួរតែធ្វើម៉េច កសាងទំនាក់ទំនងឱ្យបានល្អជាមួយលោកខាងលិច ដូចជាសហរដ្ឋអាមេរិកសហគមន៍អឺរ៉ុបជាដើមនៅក្នុងវិស័យយោធាដូចកម្ពុជាទាក់ទងឱ្យបានល្អជាមួយចិនទៅខ្ញុំគិតថា បញ្ហានឹងកាត់បន្ថយហើយ»។
ក្រុមអ្នកតាមដានស្ថានការណ៍អះអាងថា ចិនបានបង្កើនឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងតាមរយៈការធ្វើសមយុទ្ធ និងការផ្ដល់ជំនួយយោធាដ៏ច្រើនសន្ធឹកសន្ធាប់ពីមួយឆ្នាំទៅមួយឆ្នាំដល់រដ្ឋាភិបាលលោក ហ៊ុន សែន។ ទោះយ៉ាងណា ស្របពេលដែលទំនាក់ទំនងរវាងកម្ពុជាចិនលើវិស័យកាន់តែស្អិតល្មួត និងស៊ីជម្រៅ រដ្ឋាភិបាលនៅតែបន្តរងការចោទប្រកាន់ថា អនុញ្ញាតឱ្យចិនបោះទីតាំង មូលដ្ឋានទ័ពទៅកំពង់ផែរាមជាថ្នូរមកវិញចិនជួយការពារអំណាចឱ្យក្រុមគ្រួសារត្រកូល«ហ៊ុន»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។