អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងចាត់ទុកការព្រមានរបស់ភាគីចិនបង្ក្រាបសំឡេងអ្នករិះគន់លើទំនាក់ទំនងកម្ពុជា-ចិន គឺដើម្បីការពារអំណាចផ្ដាច់ការរបស់បក្សកុម្មុយនិស្តចិន និងរដ្ឋាភិបាលក្រុមគ្រួសារត្រកូល«ហ៊ុន»។ ប្រតិកម្មបែបនេះធ្វើឡើងបន្ទាប់ពីភាគីចិនប្រកាសថា នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមចិនមួយចំនួន ដែលនិយាយរិះគន់លើទំនាក់ទំនងកម្ពុជា និងចិន។
មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលមួយចំនួនមិនភ្ញាក់ផ្អើលចំពោះការព្រមានរបស់ប្រទេសចិនក្នុងការបង្ក្រាបសំឡេងក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមចិន វីមេឌា (WeMedia) ដែលនិយាយរិះគន់ទំនាក់ទំនងរវាងកម្ពុជា និងចិននោះទេ ព្រោះពួកគេថាផែនការកម្ចាត់សំឡេងអ្នករិះគន់នេះ គឺជាបំណងប្រាថ្នារបស់បក្សកុម្មុយនិស្តចិន និងរដ្ឋាភិបាលក្រុមគ្រួសារត្រកូល«ហ៊ុន»។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក ម៉ែន សុថាវរិន្ទ្រ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៩ ខែកុម្ភៈថា កម្ពុជាក្រោមការដឹកនាំដោយក្រុមគ្រួសារត្រកូលហ៊ុន នឹងនាំឱ្យប្រទេសជាតិកាន់តែជួបវិបត្តិ និងការបែកបាក់ឯកភាពជាតិកាន់តែធ្ងន់ធ្ងរ ដោយសារតែការបន្តសហការជាមួយរដ្ឋាភិបាលកុម្មុយនិស្តចិនក្នុងការបង្ក្រាបសំឡេងអ្នករិះគន់។
លោក ម៉ែន សុថាវរិន្ទ្រ៖«ចិន និងកម្ពុជា គឺដូចគ្នាគឺពុម្ពតែមួយកុម្មុយនិស្តដូចគ្នា ប៉ុន្តែចិនគាត់កែប្រែយ៉ាងណាក៏មិនបានដែរព្រោះចិនមានបញ្ហាច្រើនណាស់សព្វថ្ងៃនេះ។ ខ្ញុំជឿជាក់ថា ចិនគាត់ចេញតវ៉ាហ្នឹងដោយសារតែលើកមុខមាត់លោក ហ៊ុន សែន ព្រោះចិនកំពុងប្រឈមបញ្ហាច្រើនណាស់។ រឿងខុសច្បាប់វាខុសហើយ ខុសច្បាប់គឺខុសមែនទែនហើយ ប្រទេសកម្ពុជាតាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសមក គឺដើម្បីឱ្យមានរដ្ឋធម្មនុញ្ញបានចែងឱ្យមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស រាស្ត្រមានសិទ្ធនិយាយ មានសិទ្ធិទិតៀន សំខាន់ប្រជាពលរដ្ឋជាម្ចាស់អំណាចក្នុងរដ្ឋធម្មនុញ្ញមានហើយប៉ុន្តែអត់បានអនុវត្តទេ ហើយអធិបតេយ្យជាតិរបស់យើងអត់មានទេ និយាយឱ្យចំទៅក្រោមបញ្ជាចិន និងក្រោមបញ្ជាយួន»។
ប្រតិកម្មរបស់មន្ត្រីគណបក្សប្រឆាំងបែបនេះធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យក្រសួងការបទេសចិនលោក ហ្គូវ ចៀគុន (Guo Jiakun) ថ្លែងក្នុងសន្និសីទកាសែតប្រចាំថ្ងៃទី៦ ខែកុម្ភៈថា ប្រទេសចិននឹងចាត់វិធានការតាមផ្លូវច្បាប់ និងមិនអនុញ្ញាតឱ្យមានការនិយាយមួលបង្កាច់ដោយចេតនាប្រឆាំងនឹងទំនាក់ទំនងរវាងកម្ពុជា និងចិននោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងបែបនេះ ឆ្លើយតបនឹងសំណួររបស់សារព័ត៌មានគ្រប់គ្រងដោយរដ្ឋអំណាចចិនឈ្មោះ គ្លូបល ថាមស៍ (Global Times) ដែលចោទសួរពាក់ព័ន្ធនឹងក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមចិនឈ្មោះ វីមេឌា (WeMedia) ដែលបានលើកឡើងថា មេដឹកនាំកម្ពុជាកំពុងជ្រើសរើសរវាងចិន និងសហរដ្ឋអាមេរិក និងរិះគន់ថា គម្រោងសហប្រតិបត្តិការសំខាន់ៗរវាងចិន និងកម្ពុជាកំពុងជាប់គាំង។
យោងតាមគេហទំព័រ ក្រសួងការបរទេសចិន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គូវ ចៀគុន បានអះអាងថា ប្រទេសចិន និងប្រទេសកម្ពុជា គឺជាមិត្តដែកថែបដែលតែងជួយគាំទ្រគ្នាទៅវិញទៅមក និងចែករំលែកសុខ និងទុក្ខជាមួយគ្នា។ អ្នកនាំពាក្យរូបនេះជឿថា មិត្តភាពដែកថែបរវាងចិន និងកម្ពុជា នឹងគ្មានអ្វីអាចបង្អាក់បាននោះទេ។ លោកព្រមានថា ភាគីចិននឹងមិនអនុញ្ញាតឱ្យមានការនិយាយមួលបង្កាច់ដោយចេតនាណាមួយប្រឆាំងនឹងមិត្តភាពរវាងប្រទេសទាំងពីរឡើយ និងថា អ្នកដែលបញ្ចេញពាក្យចចាមអារ៉ាមជុំវិញទំនាក់ទំនងនេះនឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ និងទទួលរងនូវផលវិបាក។
កន្លងទៅ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមចិនមួយចំនួន បានផ្សព្វផ្សាយ និង ចោទប្រកាន់ថា មេដឹកនាំកម្ពុជាកំពុងជ្រើសរើសយករវាងក្រុងប៉េកាំង (Beijing) និងក្រុងវ៉ាស៊ីនតុន (Washington) ក្រោយពីមានដំណើរទស្សនកិច្ចជាបន្តបន្ទាប់របស់មន្ត្រីជាន់ខ្ពស់អាមេរិកទៅកម្ពុជា ក្នុងនោះក៏រួមមានអតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយ អូស្ទិន (Lloyd Austin) ផង។ ក្រៅពីនោះ សារព័ត៌មានអន្តរជាតិមួយចំនួន បានលើកឡើងថា ចិនបានដកថយ ឬមិនគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលមានតម្លៃប្រមាណ ១ពាន់ ៧រយលានដុល្លារ។ ក៏ប៉ុន្តែ ព័ត៌មាននេះត្រូវស្ថានទូតចិននៅកម្ពុជាបដិសេធ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី៩ ខែកុម្ភៈ។
ទោះជាយ៉ាងណា ការប្រកាសរបស់ភាគីចិនបែបនេះ ត្រូវបានអ្នកឃ្លាំមើលវាយតម្លៃថា គឺជាការពង្រឹងអំណាចផ្ដាច់ការសម្រាប់មេដឹកនាំចិន និងកម្ពុជាទៅវិញទៅមក និងទាញឱ្យកម្ពុជាកាន់តែប្រាសចាកពីគន្លងប្រជាធិបតេយ្យ។
អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ លើកឡើងថា ការចេញមុខប្រកាសបង្ក្រាបសំឡេងក្រុមអ្នករិះគន់តាមបណ្ដាញសង្គមចិន វីមេឌា ចំពោះទំនាក់ទំនងចិន និងកម្ពុជា ដោយភាគីចិនបែបនេះ គឺជាសារមួយជួយបង្ក្រាបស្មារតីពលរដ្ឋខ្មែរ និងជួយការពារអំណាចឱ្យក្រុមមេដឹកនាំនៅកម្ពុជា។
លោក គឹម សុខ៖«ការប្រកាសរបស់ភាគីចិននេះបញ្ជាក់ថា រដ្ឋាភិបាលត្រកូល ហ៊ុន ស្ថិតក្នុងមាត់ជ្រោះនៃការដួលរលំ ពីព្រោះភាគីចិនតែងតែបញ្ចេញប្រតិកម្មខ្លាំង ដើម្បីការពាររដ្ឋាភិបាលត្រកូល ហ៊ុន ខណៈពេលដែលរដ្ឋាភិបាលត្រកូល ហ៊ុន នេះស្ថិតក្នុងស្ថានភាពដែលពិបាកទប់ខ្លួននឹង។ ឧទាហរណ៍ក្រោយរម្លាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧ ពេលនោះមានការបារម្ភថា មានការតវ៉ាធំពីអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទូទាំងប្រទេស ចំពោះការរម្លាយគណបក្សសង្គ្រោះជាតិ ប៉ុន្តែភាគីចិនបានចេញប្រតិកម្ម ដើម្បីការពារអំណាចក្រុមគ្រួសារហ៊ុន ដោយនិយាយថា ចេញមុខថែរក្សាសន្តិសុខរបស់រដ្ឋាភិបាលត្រកូល ហ៊ុន ហ្នឹងតែម្ដង»។
កន្លងទៅស្ទើរតែគ្រប់ជំនួបរវាងក្រុមថ្នាក់ដឹកនាំ និងមន្ត្រីយោធាចិនជាមួយអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន តែងតែស្នើឱ្យភាគីចិនជួយបង្ក្រាបសំឡេងអ្នកប្រជាធិបតេយ្យ និងសំឡេងអ្នករិះគន់នៅប្រទេសកម្ពុជាដែលលោកហៅថា ជាក្រុមអ្នកប្រឆាំងជ្រុលនិយម តាមរយៈការផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។