ជនភៀសខ្លួននយោបាយនៅប្រទេសថៃដែលគេចពីការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរកម្ពុជាកន្លងទៅ បានធ្វើបុណ្យភ្ជុំបិណ្ឌដោយអារម្មណ៍សោកសៅ នឹករលឹកឪពុកម្តាយបងប្អូននៅមាតុភូមិ ដោយសារពួកគាត់មិនអាចទៅជួបជុំគ្នាដូចគ្រួសារពលរដ្ឋទូទៅបាន។ មន្ត្រីសិទ្ធិមនុស្សជំរុញដល់អ្នកនយោបាយខ្មែរដោះស្រាយជម្លោះនយោបាយឱ្យបានឆាប់ដើម្បីជៀសវាងការគុំគួនសងសឹក ព្រោះតែវប្បធម៌បង្កើតការឈឺចាប់ និងការពង្រាត់គ្រួសាររបស់ពួកគេ។
សកម្មជនគណបក្សប្រឆាំង និងសកម្មជនសង្គមដែលរត់ភៀសខ្លួននៅប្រទេសថៃបាននាំគ្នាប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តផះយ៉ាសុរេន្ទ្រ ក្នុងក្រុងបាងកក នៅថ្ងៃទី១៥ ខែតុលា ដើម្បីឧទ្ទិសកុសលដល់ជីដូនជីតារបស់ពួកគេដែលបានចែកឋានទៅ។ ទន្ទឹមនឹងនេះពួកគេបានត្រឹមបង្ហាញអារម្មណ៍ស្រងេះស្រងោច ដោយសារគ្មានវាសនាបានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារដូចក្រុមគ្រួសារអ្នកកាន់អំណាច និងពលរដ្ឋទូទៅដែលកំពុងជួបជុំគ្នាសប្បាយរីករាយក្នុងឱកាសបុណ្យទាននេះ។ ពួកគេស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ស្តារប្រជាធិបតេយ្យ ហើយបើកឱកាសឲ្យពួកគេបានវិលត្រឡប់ទៅរស់នៅជួបជុំក្រុមគ្រួសារវិញ។
សមាជិកស្ត្រីថ្ងៃសុក្រលោកស្រី ហុង អាន ដែលបង្ខំចិត្តចាកចេញពីប្រទេសរយៈពេលជិត ២ឆ្នាំ ដើម្បីគេចពីការធ្វើបាបរបស់អាជ្ញាធរកម្ពុជារៀបរាប់ថា រដូវបុណ្យភ្ជុំបិណ្ឌនេះ លោកស្រីមានអារម្មណ៍នឹកគ្រួសារលាយឡំទុក្ខក្រៀមក្រំខ្លាំងបំផុតដែលមិនអាចវិលចូលប្រទេសកម្ពុជា។ ទោះបីខកខានជួបជុំគ្រួសារ និងទៅវត្តធ្វើបុណ្យរួមគ្នានៅស្រុកកំណើតយ៉ាងណាក្តី លោកស្រី ហុង អាន ដែលធ្លាប់ជាប់ពន្ធនាគារក្នុងសំណុំរឿងនយោបាយ កាលពីឆ្នាំ២០២០នៅតែសួងឱ្យកម្ពុជាគេចផុតពីការដឹកនាំបែបផ្ដាច់ការ និងអំពើរំលោភសិទ្ធិមនុស្ស។
លោកស្រី ហុង អាន៖ «ខ្ញុំជាប់ពន្ធនាគារពេលចេញមកក៏អត់បាននៅស្រុកទេ គឺខ្ញុំចាកចេញមកថៃ ខ្ញុំមានការសោកស្តាយមែនទែនចំពោះពលរដ្ឋខ្មែរដូចជាពួកខ្ញុំគ្រាន់តែស្រឡាញ់ជាតិ ទាមទារគេកុំឱ្យបំផ្លាញជាតិ ឱ្យគេគោរពសិទ្ធិមនុស្ស និងក្នុងនាមជាប្រជាពលរដ្ឋខ្មែរសុំឱ្យមានសិទ្ធិដើរហើរ និងរស់នៅលើទឹកដីខ្មែរត្រូវគេតាមធ្វើទុក្ខបុកម្នេញ គេតាមសម្លាប់ និងតាមចាប់ខ្លួនដាក់ពន្ធនាគារដូច្នេះវាមិនសមទាល់តែសោះ»។
ស្រដៀងគ្នានេះដែរ សកម្មជនសង្គមកញ្ញា សូ មេត្តា រៀបរាប់ទាំងអួលដើមកថា កញ្ញាមិនជួបជុំឪពុកម្តាយបងប្អូននៅកម្ពុជាបែបនេះ បានធ្វើឲ្យកញ្ញា និងសកម្មជនផ្សេងទៀតដែលចូលរួមពិធីបុណ្យភ្ជុំបិណ្ឌហូរទឹកភ្នែក ពីព្រោះអ្នកធ្វើការសម្រាប់បុព្វហេតុសង្គមជាតិគ្រាន់តែមាននិន្នាការផ្ទុយនឹងរដ្ឋាភិបាលបែរជារងការធ្វើទុក្ខបុកម្នេញ តាមចាប់ខ្លួនបណ្តាលឱ្យព្រាត់ប្រាសគ្រួសារ។
កញ្ញា សូ មេត្តា៖ «ខ្ញុំសោកស្តាយ និងឈឺចាប់មែនទែន ម្នាក់ៗគឺក្តុកក្តួលណាស់ពេលយើងជួបមុខគ្នា គឺយើងហូរទឹកភ្នែកដោយយើងមិនគួរណាត្រូវឃ្លាតឆ្ងាយពីសាច់ញាតិ ទឹកដីកំណើត យើងគ្រាន់តែជាពលរដ្ឋនិយាយទាក់ទងពីសិទ្ធិ ការពារទឹកដី ការពារប្រជាពលរដ្ឋ ការពារសិទ្ធិមនុស្សត្រូវបានគេគំរាមកំហែង ចាប់ដាក់គុក ម្នាក់ៗពេលចេញពីគុកភ្លាមត្រូវភៀសខ្លួនដូចខ្ញុំអ៊ីចឹង»។
មកដល់ពេលនេះមានសកម្មជនសកម្មជនបក្សប្រឆាំង សកម្មជនសង្គម និងសកម្មជនសិទ្ធិមនុស្ស ព្រមទាំងអ្នកសារព័ត៌មានជាង១០០នាក់បានរត់ភៀសខ្លួនទៅប្រទេសថៃ។ ការរត់គេចនេះដោយសារតែអាជ្ញាធរក្រុងភ្នំពេញតាមធ្វើបាបដោយការបង្ខំឲ្យចុះចូល ជាមួយគណបក្សកាន់អំណាច ការប្រើប្រាស់ប្រព័ន្ធតុលាការជាអាវុធតាមចាប់ចង ចោទប្រកាន់ និងការប្រើអំពើហិង្សាដោយលបវាយប្រហារលើរាងកាយជាដើម។ ករណីទាំងនេះ សហគមន៍ជាតិនិងអន្តរជាតិតែងតែចាត់ទុកថាជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ដើម្បីឆ្លើយតបរឿងនេះបានទេ នៅថ្ងៃទី១៥ ខែតុលា។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ពិធីបុណ្យភ្ជុំបិណ្ឌបង្កើតឡើងក្នុងបំណងសម្រាប់ការជួបជុំក្រុមគ្រួសារ ឯកភាពជាតិដែលរដ្ឋាភិបាលគួរយកឱកាសបុណ្យភ្ជុំបិណ្ឌមកផ្សះផ្សាជាតិ ដោះលែងអ្នកទោសមនសិការ បើកឱកាសឲ្យអ្នកភៀសខ្លួននយោបាយអាចវិលទៅជួបជុំក្រុមគ្រួសារឡើងវិញក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
លោក ស៊ឹង សែនករុណា៖ «យើងឃើញថា រូបភាពនេះខ្មែរមិនទាន់មានឯកភាពជាតិនៅឡើយទេ គឺនៅមាននិន្នាការរើសអើង ប្រកាន់គ្នា ហើយធ្វើទុក្ខបុកម្នេញគ្នានៅឡើយ អ៊ីចឹងកម្ពុជាមិនមានផលចំណេញអ្វីទេ ផ្ទុយទៅវិញធ្វើឱ្យប្រជាពលរដ្ឋ ឬអ្នកដែលមាននិន្នាការផ្សេងនៅតែរងទុក្ខទោស ហើយអ្នកខ្លះព្រាត់ប្រាសគ្រួសារទៅនៅក្រៅប្រទេសបែបនេះ វាជារឿងមួយបង្កឱ្យសង្គមហ្នឹងមិនអាចរស់នៅបានសុខទេ គឺរស់នៅក្នុងក្តីគុំគួនគ្នាទៅវិញទៅមក មិនអាចឱ្យសង្គមហ្នឹងល្អប្រសើរបានទេ»។
មន្ត្រីសង្គមស៊ីវិលបញ្ជាក់ថា ច្បាប់ជាតិ និងអន្តរជាតិសុទ្ធតែធានាពីសិទ្ធិសេរីភាពខាងនយោបាយរបស់ប្រជាពលរដ្ឋ។ ហេតុដូច្នេះ រដ្ឋាភិបាលត្រូវបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសកម្មជនប្រឆាំង ហើយងាកទៅដោះស្រាយបញ្ហានយោបាយ ដើម្បីស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដើម្បីឱ្យប្រជាពលរដ្ឋមានសេរីភាពឡើងវិញក្នុងប្រើប្រាស់សិទ្ធិសេរីភាពដែលពួកគាត់ពេញចិត្ត និងដើម្បីនាំមកនូវការអភិវឌ្ឍ និងគោរពសិទ្ធិមនុស្សស្របតាមគោលការណ៍ប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។