ក្រុមយុវជនខ្មែររស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូងចង់ឃើញរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត បើកលំហសិទ្ធិសេរីភាព និងគោរពលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ការលើកឡើងរបស់យុវជននេះ គឺបន្ទាប់ពីពួកគាត់បានចូលរួមសន្និសីទស្ដីពីអនាគតប្រជាធិបតេយ្យ (Future Democracy) និងមើលឃើញពីការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋនៅកម្ពុជា។
ក្រុមយុវជនខ្មែររស់នៅប្រទេសកូរ៉េខាងត្បូង ប្រមាណ ៦០នាក់ នៅទីក្រុងអាន់សាន់ (Ansan) នាំគ្នាផ្សព្វផ្សាយអំពីលទ្ធិប្រជាធិបតេយ្យ និងលើកអំពីបញ្ហារំលោភសិទ្ធិមនុស្ស ការរឹតត្បិតសិទ្ធិសេរីភាពនយោបាយ និងការធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយ និងសកម្មជនសង្គម ដែលធ្វើឱ្យប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ។
អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ដែលបានចូលរួមសន្និសីទប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៨ ខែមករា ថា គោលបំណងនៃការផ្សព្វផ្សាយអំពីប្រជាធិបតេយ្យនេះគឺ ដើម្បីរួមកម្លាំងអ្នកស្រឡាញ់ប្រជាធិបតេយ្យ និងរួបរួមសាមគ្គីគ្នា ដើម្បីការគោរពសិទ្ធិមនុស្ស។ អ្នកស្រីបន្តថា បើទោះជារដ្ឋាភិបាលកម្ពុជាចោទប្រកាន់អ្នកស្រីជាជនក្បត់ជាតិយ៉ាងក្តី ក៏អ្នកស្រីមិនបោះបង់ការស្វែងរកលទ្ធិប្រជាធិបតេយ្យឡើយ។
អ្នកស្រី មូរ សុខហួរ៖ «ហើយជាចុងក្រោយសារខ្ញុំជូនទៅដល់អ្នកប្រជាធិបតេយ្យទាំងអស់គឺយើងត្រូវតែមានទិសដៅជាមួយគ្នា ដែលយើងមានហើយៗ តាំងចិត្តថា ដំណើរនេះជាដំណើរវែងឆ្ងាយក៏ប៉ុន្តែ ប្រសិនបើយើងរួមកម្លាំងជាមួយគ្នា យើងគិតអំពីការផ្សះផ្សាជាតិ យើងគិតអំពីផលប្រយោជន៍ជាតិ ខ្ញុំយល់ឃើញថា ដំណើរនេះមិនឆ្ងាយទេ»។
អ្នកស្រី មូរ សុខហួរ នឹងធ្វើដំណើរទៅប្រទេស នូវែលហ្សេឡង់ (New Zealand) អូស្ត្រាលី (Australia) និងជប៉ុន(Japan ) បន្តទៀត ដើម្បីផ្សព្វផ្សាយ និងកៀរគរអ្នកស្រឡាញ់ប្រជាធិបតេយ្យ។
ដោយឡែកប្រធានចលនាប្រជាធិបតេយ្យរួបរួមជាតិ លោក លូន វិបុល ថ្លែងថា លោកចង់ឃើញរដ្ឋាភិបាលដឹកនាំដោយ លោក ហ៊ុន ម៉ាណែត មានការគោរពសិទ្ធិមនុស្សពិតប្រាកដ និងជួយដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋ។ លោកបន្តថា បញ្ហាសេដ្ឋកិច្ចនៅកម្ពុជាកំពុងប្រឈមនឹងវិបត្តិធ្ងន់ធ្ងរ គឺដោយសារតែកម្ពុជាមិនគោរពសិទ្ធិមនុស្ស ដែលធ្វើឱ្យបាត់បង់អ្នកវិនិយោគធំៗ មកបណ្ដាក់ទុន។
លោក លូន វិបុល៖ «យើងក្រឡេកទៅមើលគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៣ ២០១៧ហ្នឹង កាលពីគេមិនទាន់រំលាយហ្នឹង គឺស្រុកខ្មែរយើងហ្នឹង ទាំងសេដ្ឋកិច្ចក្តីរាងល្អប្រសើរ យើងមិនថាល្អប្រសើរឥតខ្ចោះ ១០០ភាគរយទេ ក៏ប៉ុន្តែ ល្អប្រសើរវាខុសពីឥឡូវ។ ក៏ប៉ុន្តែ នៅពេលដែលគេរំលាយគណបក្សសង្គ្រោះជាតិទៅ តំណាងរាស្ត្រ ក៏គាត់អត់មានអភ័យឯកសិទ្ធិក្នុងការចូលរួមដោះស្រាយបញ្ហារួមហ្នឹង អ៊ីចឹង ជីវភាពរបស់ប្រជាពលរដ្ឋ ក៏វាធ្លាក់ទៅតាមហ្នឹង ហើយអាបញ្ហារំលោភសិទ្ធិមនុស្ស ក៏វាកាន់តែកើតឡើងអាក្រក់ឡើង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៨ ខែមករា។
ជុំវិញបញ្ហានេះអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា កត់សម្គាល់ថា កម្ពុជាមិនទាន់មានការគោរពសិទ្ធិមនុស្សពេញលេញនៅឡើយទេ។ លោកបន្តថា ការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មាន ការបំបិទសិទ្ធិគណបក្សភ្លើងទៀនមិនឱ្យចូលរួមការបោះឆ្នោតសុទ្ធតែជាបញ្ហាប្រឈមដែលធ្វើឱ្យកម្ពុជាឆ្ពោះទៅរកការបែកបាក់ជាតិ។
លោក ស៊ឹង សែនករុណា៖ «ហើយយើងចង់ឱ្យប្រទេសយើងដោយមិនប្រើការកាប់សម្លាប់គ្នា យកគ្នាជាសត្រូវទេអ៊ីចឹងកាលណាយកគ្នាជាសត្រូវយកជាខ្មាំង យកជាពួកឧទ្ទាម យកអីចេះវាមិនមែនជាគោលការណ៍ដើមនៅក្នុងរដ្ឋធម្មនុញ្ញទេ អ៊ីចឹងគួរតែងាកមកវិញពលរដ្ឋកម្ពុជាយើង គឺចង់ឃើញចង់បាននូវប្រជាធិបតេយ្យ ចង់បានការប្រកួតប្រជែងមួយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ចង់បានការចូលរួមគ្នាសហការគ្នាមកអភិវឌ្ឍន៍ប្រទេសកម្ពុជាយើងឱ្យជឿនលឿន»។
កាលពីថ្ងៃទី១១ ខែមករា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញរបាយការណ៍ពិភពលោកបង្ហាញថា កម្ពុជាបានផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មីក៏ពិតមែន ប៉ុន្តែមិនបានផ្លាស់ប្ដូររបៀបដឹកនាំ ដែលគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើយ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា នៅតែប្រើប្រាស់ប្រព័ន្ធតុលាការយាយីលើអ្នករិះគន់ រារាំងគណបក្សភ្លើងទៀនមិនឱ្យចូលរួមការបោះឆ្នោត រឹតត្បិតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងប្រើអំពើហិង្សាចាប់ចងក្រុមអ្នករិះគន់ឥតស្រាកស្រាន្តជាដើម។
ក្រុមយុវជនខ្មែរនៅកូរ៉េខាងត្បូងនៅតែទទូចដល់រដ្ឋាភិបាលដឹកនាំដោយ លោក ហ៊ុន ម៉ាណែត ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ មានប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស និងតុលាការឯករាជ្យពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។