យុវជន​កម្ពុជា​តំណាង​បក្ស​នយោបាយ​ទៅ​ស្វែងយល់​អំពី​ការ​ដឹកនាំ​បែប​ប្រជាធិបតេយ្យ​នៅ​ជប៉ុន

0:00 / 0:00

យុវជន​គណបក្ស​ប្រឆាំង​ចង់​ឃើញ​កម្ពុជា​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស និង​បើ​ក​លំហ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ដូច​នឹង​ប្រទេស​ជប៉ុន​ដែរ។ ការ​លើក​ឡើង​នេះ​ធ្វើឡើង​បន្ទាប់​ពី​តំណាង​យុវជន​គណបក្ស​មួយ​ចំនួន​នៅ​កម្ពុជា ទៅ​ទស្សនកិច្ច​ស្វែងយល់​អំពី​របៀប​ដឹកនាំ​ប្រទេស​តាម​បែប​ប្រជាធិបតេយ្យ​រយៈ​ពេល ១សប្តាហ៍​នៅ​ជប៉ុន។

យុវជន​កម្ពុជា ១០នាក់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ភ្លើង​ទៀន គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន រួម​ជាមួយ​គណបក្ស​នយោបាយ​ផ្សេង​ទៀត​បាន​ចូលរួម​កម្ម​វិធី​ស្វែង​យល់​អំពី​ការដឹកនាំ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​ជប៉ុន​ចាប់​ពី​ថ្ងៃ​ទី៣០ ដល់​ថ្ងៃ​ទី៧ ខែកុម្ភៈ។

កម្មវិធី​ផ្លាស់​ប្ដូរ​យុវជន​ពាក់ព័ន្ធ​នយោបាយ​លើក​ទី៦នេះ​រៀបចំ​ឡើង​ដោយ​ក្រសួង​​ការបរទេស​ជប៉ុន​តាមរយៈ​កម្ម​វិធី​ផ្លាស់​ប្ដូរ​និស្សិត និង​យុវជន​ជប៉ុន-អាស៊ី​បូព៌ា​ហៅ​កាត់​ថា​ជេនេស៊ី (JENESYS) នឹង​ផ្តល់​ឱកាស​ឱ្យ​យុវជន​ទាំង​នោះ​ចូល​ទស្សន​កិច្ច​នៅ​រដ្ឋសភា ការ​ផ្លាស់​ប្ដូរ​យោបល់​ជាមួយ​តំណាង​រាស្ត្រ​​ជប៉ុន និង​សង្កេត​មើល​ដំណើរ​ការបោះឆ្នោត​សភា​នៅ​ក្រុង​ម៉ែបាស៊ី (Maebashi) និង​សិក្សា​ស្វែង​យល់​អំពី​សកម្មភាព​លើក​ស្ទួយ​ក្រុង​នេះ​ជា​ដើម។

ប្រធាន​ចលនា​យុវជន​ថ្នាក់​ជាតិ​របស់​គណបក្ស​ភ្លើង​ទៀន លោក ថន ចន្ថា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២ ខែកុម្ភៈ​ថា ដំណើរ​ទស្សន​កិច្ច​នេះ​បាន​ផ្តល់​ចំណេះ​ដឹង សំខាន់​សម្រាប់​យុវជន​ស្វែង​យល់​ពី​ដំណើរការ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស ការ​អភិវឌ្ឍ ប្រពៃណី ជាពិសេស ការ​បែង​ចែក​អំណាច​ទាំង៣ ដាច់​ពី​គ្នា គឺ​អំណាច​នីតិប្បញ្ញត្តិ នីតិ​ប្រតិបត្តិ និង​តុលាការ។ លោក​មើល​ឃើញ​ថា​ជប៉ុន​ឱ្យ​តម្លៃ​លើ​សេរីភាព​បញ្ចេញ​មតិ​ដោយ​អ្នក​នយោបាយ​ប្រទេស​នេះ​ពុំ​មាន​អ្នក​ជាប់​គុក​ច្រវាក់​ដោយសារ​ទស្សនៈ​ផ្ទុយ​នោះ​ទេ។ លោក​ឱ្យ​ដឹង​ថា​នៅ​ពេល​ជជែក​សួរ​ដេញ​ដោល​រវាង​យុវជន​កម្ពុជា​ជាមួយ​ក្រុម​តំណាង​រាស្ត្រ​ជប៉ុន​មក​គណបក្ស​ជម្រុះ​នោះ លោក​បាន​លើកឡើង​ករណី​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា​ដូចជា​ការ​បំបិទ​សិទ្ធិ​ផ្នែក​នយោបាយ និង​ករណី​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា ជា​ដើម។ លោក​អះអាង​ថា​តំណាងរាស្ត្រ​ជប៉ុន​បាន​​ប្រាប់​ទៅ​យុវជន​កម្ពុជា​ថា​ពួកគាត់​បាន​ដឹង​អំពី​ស្ថានភាព​នយោបាយ និង​ព្រួយបារម្ភ​ដល់​អនាគត​ប្រជាធិបតេយ្យ​របស់​កម្ពុជា​ដែល​រឿង​នេះ​ជា​មូលហេតុ​ធ្វើ​ឱ្យ​អ្នក​វិនិយោគិន​របស់​ជប៉ុន​ជា​ច្រើន​អល់អែក​ចូល​ទៅ​បណ្ដាក់​ទុន។

លោក ថន ចន្ថា៖ «បើ​សិន​យើង​មើល​លំហ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ជប៉ុន គឺ​វា​ទូលាយ​ជាង ហើយ​យើង​ជា​យុវជន​ជំនាន់​ក្រោយ​យើង​យក​ចំណេះ​ដឹង បទពិសោធន៍​ដែល​យើង​បាន​រៀន​សូត្រ សិក្សា​នៅ​ប្រទេស​ជប៉ុន​យក​ទៅ​អនុវត្ត​នៅ​ប្រទេស​កម្ពុជា​គឺ​ច្បាស់លាស់​យើង​នឹង​អាច​កសាង​សង្គម​របស់​យើង​មួយ​ឱ្យ​ដើរ​តាម​ផ្លូវ​លទ្ធិ​ប្រជាធិបតេយ្យ​ល្អ​ដូច​គេ និង​អភិវឌ្ឍ​ដូច​គេ​ដែរ»។

ជប៉ុន​បាន​បង្កើត​កម្មវិធី​ការ​ផ្លាស់​ប្ដូរ​យុវជន​ពាក់ព័ន្ធ​នយោបាយ​កម្ពុជា​តាំង​ពី​ឆ្នាំ២០១៨ គឺ​ក្រោយ​ពេល​ស្ថានភាព​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ធ្លាក់​ចុះ​ខ្លាំង ដោយ​សារ​តែ​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​តំណាង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មុខងារ​សាធារណៈ​លោក សុខ សង្វារ ដើម្បី​សាក​សួរ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២ ខែកុម្ភៈ។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា​​ទស្សនកិច្ច​នេះ​គឺ​​មាន​សំខាន់​ដល់​ក្រុម​យុវជន​គ្រប់​និន្នាការ​គណបក្ស​នយោបាយ​ចម្រុះ​ដើម្បី​ជួយ​ឱ្យ​ពួកគេ​បាន​រៀន​សូត្រ​ពី​ទម្រង់​ប្រជាធិបតេយ្យ​ពិត​ប្រាកដ និង​យក​មក​កែ​លម្អ​ប្រព័ន្ធ​ដឹកនាំ​នៅ​ប្រទេស​កម្ពុជា​ឱ្យ​ដើម​តាម​គន្លង​ត្រឹមត្រូវ។

លោក ស៊ឹង សែនករុណា៖ «ជប៉ុន​រួម​ចំណែក​សំខាន់​ណាស់​ក្នុង​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា ក៏​ដូច​ពិភព​លោក​ដែរ ពីព្រោះ​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ច្បាស់លាស់​ត្រឹមត្រូវ យើង​ឃើញ​ហើយ​ភាគច្រើន​ណាស់​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ ប្រជាពលរដ្ឋ​របស់​គេ​រស់​នៅ​សុខដុមរមនា មាន​ជីវភាព​ល្អ​ប្រសើរ គោរព​សិទ្ធិ​មនុស្ស ប្រព័ន្ធ​ដឹកនាំ​គ្រប់គ្រង​សង្គម​ក៏​ធានា​ពី​សុខ​សុវត្ថិភាព​ល្អ​ដែរ។ យុវជន​បន្ត​វេន​កាលណា​យល់​ដឹង​ពី​ប្រជាធិបតេយ្យ​ជា​រឿង​ល្អ និង​ធ្វើ​ឱ្យ​ប្រទេស​រីកចម្រើន​ឡើង»។

ទន្ទឹម​នឹង​នេះ ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បញ្ជាក់​នៅ​​លើ​ហ្វេសប៊ុក​ថា កម្មវិធី​នេះ​រៀបចំ​ឡើង​ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​របស់​កម្ពុជា​តាម​រយៈ​ការ​ជំរុញ​ការសន្ទនា​រវាង​គណបក្ស​កាន់​អំណាច គណបក្ស​ប្រឆាំង និង​អ្នក​ដទៃ​ទៀត។ តាម​រយៈ​ពេល​កម្មវិធី​នេះ​ដែរ ជប៉ុន​រំពឹង​ថា​យុវជន​កម្ពុជា​ដែល​ពាក់ព័ន្ធ​នយោបាយ​ទាំងអស់​នឹង​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​កម្ពុជា​តាមរយៈ​ការប្រើប្រាស់​បទ​ពិសោធន៍ និង​បណ្ដាញ​មនុស្ស​ដែលគេ​ទទួល​បាន​នៅ​ប្រទេស​ជប៉ុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។