ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងនៅតែចេញធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត

ដោយ សេក បណ្ឌិត
2024.05.19
ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងនៅតែចេញធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត ក្រុមបាតុករ ប្រមូលផ្តុំនៅទីលានជាប់ចំណតរថភ្លើង ជុងកាក់ (Jonggak) ក្នុងទីក្រុងសេអ៊ូល (Seoul) ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ ដើម្បីចាប់ផ្ដើមធ្វើបាតុកម្មប្រឆាំងការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត។
រូប៖ ពលរដ្ឋ

យុវជន​ និង​ពលករ​ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​មួយ​ចំនួន​នៅ​តែ​បន្ត​រក្សា​គម្រោង​ធ្វើ​បាតុកម្ម​ដដែល​ គឺ​នៅ​ថ្ងៃ​អាទិត្យ​ទី​១៩​ ឧសភា​ បើ​ទោះ​បី​ពុំ​មាន​​វត្ត​មាន​លោក​ ហ៊ុន ម៉ាណែត ​នៅ​ទី​នោះ​ក្ដី​។ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ព្រមាន​ថា ពលករ​ ដែល​គាំ​ទ្រ​​រដ្ឋាភិបាល​ ក៏​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម​ រង្ស៊ី​ នៅ​ថ្ងៃ​អាទិត្យ​នេះ​ដែរ​។

ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ ​សហការ​ជា​មួយ​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​កូរ៉េ​ខាង​ត្បូង​ បាន​រៀប​ចំ​ធ្វើ​បាតុកម្ម​​ទាមទារ​រដ្ឋាភិបាល​កម្ពុជា​ ឱ្យ​រក្សា​គោល​ជំហរ​ឯករាជ្យ​ពី​នយោបាយ​បរទេស​ ព្រម​ទាំង​ដោះស្រាយ​វិបត្តិ​សង្គម​នៅ​កម្ពុជា​ប្រកប​ដោយ​ឆន្ទៈ​ពិត​ប្រាកដ​។​ ជា​មួយ​គ្នា​នេះ​ ក៏​នឹង​មាន​ការ​ចូល​រួម​ពី​សំណាក់​ ចលនា​បណ្ដាញ​យុវជន​សាកល​ និង​​សមាគម​បេះដូង​ខ្មែរ​ ព្រម​ទាំង​សមាជិក​​មក​ពី​បណ្ដា​អង្គការ​មួយ​ចំនួន​នៅ​កូរ៉េ​ផង​ដែរ​។

ក្រុម​បាតុករ​ដែល​មាន​គ្នា​ប្រមាណ​មួយ​ពាន់​នាក់​ បាន​ប្រមូល​ផ្តុំ​នៅ​ទីលាន​ជាប់​ចំណត​រថភ្លើង​ ជុងកាក់ (Jonggak) ក្នុង​ទីក្រុង​សេអ៊ូល (Seoul) ថ្ងៃ​អាទិត្យ​ ទី​១៩​ ខែឧសភា​។

ពួកគេ​ទាម​ទារ​ឲ្យ​រដ្ឋាភិបាលកម្ពុជា ​ត្រូវ​អនុវត្តច្បាប់អន្តោប្រវេសន៍​ និង​ពិនិត្យ​មើល​ឡើង​វិញ នូវ​បុរណភាព​ទឹក​ដី ​ដែលបាន​បាត់​បង់​ទៅប្រទេស​ជិត​ខាង​។ ​រក្សា​ជំហរ​ឯករាជ្យ​ អព្យាក្រឹត​ ស្រប​តាម​គោល​ការណ៍​រដ្ឋធម្មនុញ្ញ​ និងកិច្ច​ព្រមព្រៀងសន្តិភាព​ប៉ារីស។

ពួកគេ​រំពឹង​ថា ​នឹង​​ប្រមូលផ្ដុំ​ ពលករ​ អាជីវករ​ និស្សិត​ ស្ត្រី​រៀបការ​ស្វាមី​កូរ៉េ​ ដែល​មាន​ស្មារតី​ជាតិ​និយម​ ព្រម​ទាំង​អ្នក​ដែល​រង​គ្រោះ​ក្រោម​របប​ដឹកនាំ​តពូជ ​នឹង​មក​ចូលរួម​យ៉ាង​ច្រើន​កុះករ​ ដើម្បី​ជួយ​ស្ដារ​ប្រជាធិបតេយ្យ​ នៅ​កម្ពុជា​ឡើង​វិញ​។ ក្រុមបាតុករ ​ក៏​នឹង​ដើរ​ដង្ហែ​ក្បួន​យ៉ាង​វែង​ ចេញ​ពីទីលាន​បាតុកម្ម​ ឆ្ពោះ​ទៅ​កាន់​បរិវេណ​ម្តុំ​ក្បែរ​ស្ថានទូតអាមេរិក​ អម​ដោយសម្រែក​ទាមទារ​ ជា​មួយ​នឹង​ស្គរ​យ៉ាង​កង​រំពង​ តាម​ដង​ផ្លូវ​ដើម្បី​ឲ្យ​បាន​ឮ​ខ្ទរខ្ទារ​ដល់​របប​ក្រុង​ភ្នំពេញ​។

ទោះយ៉ាងណាក្ដី​ បាតុកម្ម​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ាណែត​ បាន​ដឹក​នាំ​គណៈប្រតិភូ​ធ្វើ​មាតុភូមិ​និវត្តន៍​ មក​ដល់​កម្ពុជា​វិញ​ហើយ​ បន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ ៤​ថ្ងៃ​ គឺ​ចាប់​ពី​ ថ្ងៃ​ទី​១៥​ ដល់​ ថ្ងៃ​ទី​១៨​ ខែ​ឧសភា​នៅ​ទី​ក្រុង​សេអ៊ូល​ សាធារណ​រដ្ឋ​កូរ៉េ ។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ លោក សូ ​ណារូ ក៏​បាន​បង្ហើប​ឲ្យ​ដឹង​តាម​បណ្ដាញ​សង្គម​របស់​លោក​ថា ថ្ងៃ​អាទិត្យ​ ទី​១៩​ ខែ​ឧសភា ​នឹង​មាន​ក្រុម​បាតុករ​ប្រឆាំង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ពី​សំណាក់យុវជន​នៅ​កូរ៉េ​ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ទី​ក្រុង​សេអ៊ូល​នេះ​ផង​ដែរ​ ទាក់ទង​នឹង​រឿង​លោក សម រង្ស៊ី ​បាន​ប្រឆាំង​គម្រោង​ការ​ជីក​ព្រែក​ជីក​ ហ្វូណន​តេជោ​។

ទាក់ទង​នឹង​រឿង​នេះ​ សហ​ប្រធាន​ដឹកនាំ​រៀបចំ​ធ្វើ​បាតុកម្ម នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូងគឺលោក យ៉ង់ ស៊ីណេត អះអាង​ថា ​រហូត​ដល់​ម៉ោង​ ១១​អាធ្រាត្រ​ ថ្ងៃ​សៅរ៍​ ទី​១៨ ​ខែ​ឧសភា​​ ពួក​លោក​មិន​ទាន់​ដឹង​ថា​ នឹង​មាន​បាតុកម្ម​ពី​ក្រុម​ណា​មួយ​ទៀត​មែន​នោះ​ទេ​។

ទោះ​បី​យ៉ាងណា​ក្ដី​ លោក​ អះអាង​ថា ​បើ​មាន​បាតុកម្ម​មួយ​ផ្សេង​ទៀត​ប្រឆាំង​នឹង​លោក សម រង្ស៊ី​ មែន​​នោះ​ លោក​ចាត់ទុកថា​ ជា​បាតុកម្ម​ ដែល​គេ​ជួល​​​ឲ្យ​ធ្វើ​ ដោយ​បង្ខិតបង្ខំ​ និង​គំរាម​កំហែង​គ្រប់បែប​យ៉ាង​។

លោក យ៉ង់ ស៊ីណេតោ៖ «ព្រោះ​យើង​ដឹង​ហើយ​ថា គេ​ហាន​ធ្វើ​សព្វ​បែប​យ៉ាង​ដើម្បី​រក្សា​អំណាច​របស់​គេ ​គំរាម​កំហែង​ដោយ​សារ​ខ្លះ​រហូត​និយាយ​ថា​ អ្នក​ទាំង​អស់​គ្នា​មិន​នៅ​កូរ៉េ​រហូត​ទេ​ គង់​នឹង​ត្រឡប់​ទៅ​ខ្មែរ​វិញ​ ពួក​គាត់​ខ្លះ​មាន​ការ​ភ័យ​ខ្លាច​ ចេះ​តែ​ទៅ​តាម​គេ​ទៅ ​ឲ្យ​តែ​បាន​រួច​ៗ​ទៅ​ ខ្លាច​ពេល​ត្រឡប់​ទៅ​វិញ​មាន​បញ្ហា​ផ្សេងៗ​...» ។

លោក ​យ៉ង់ ស៊ីណេត ​យល់ឃើញថា ​បាតុកម្ម​ដែល​មិន​កើត​ចេញ​បេះដូង​ និង​ឆន្ទៈ​ពិត​ប្រាកដ​នោះ​ទេ ​ការ​តវ៉ា​ ឬ​បាតុកម្ម​នោះ នឹង​គ្មាន​ឥទ្ធិពល​អ្វី​ដល់​យុវជន​ ពលករ​ និង​ពលរដ្ឋ​ខ្មែរ​ ដែល​ស្រលាញ់​ជាតិ​ និង​ប្រជាធិបតេយ្យ​នោះ​ឡើយ​ ហើយ​លោក​នឹង​ព្យាយាម​បញ្ចៀស ​មិន​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​នៅ​លើ​ទឹក​ដី​ប្រទេស​កូរ៉េ​នោះ​ជា​ដាច់​ខាត​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
គ្រួសារ​រៀបចំ​ពិធី​បញ្ចុះសព​លោក លិម គិមយ៉ា នៅ​ជាយ​ទីក្រុង​ប៉ារីស
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។