គណបក្សភ្លើងទៀនសម្រេចជ្រើសយកគណបក្សឆន្ទៈខ្មែរជាគណបក្សទី១ នៃគណបក្សនៅក្នុងសម្ពន្ធភាពនយោបាយរបស់ខ្លួនដើម្បីចូលរួមការបោះឆ្នោតអសកលចំនួនពីរនៅក្នុងឆ្នាំ២០២៤ ខាងមុខ។ ឆ្លើយតបនឹងការសម្រេចចិត្តនេះមន្ត្រីជាន់ខ្ពស់គណបក្សឆន្ទៈខ្មែរថា ខ្លួនពេញចិត្តក្នុងការចាប់ដៃគ្នាជាមួយគណបក្សភ្លើងទៀនដើម្បីចូលរួមការបោះឆ្នោតជាមួយគ្នានៅពេលខាងមុខ។
គណបក្សភ្លើងទៀនបើកកិច្ចប្រជុំសំខាន់ពីរនៅថ្ងៃទី៣១ ខែតុលាទី១ កិច្ចប្រជុំគណៈអចិន្ត្រយ៍ ជាលទ្ធផល គណៈអចិន្ត្រយ៍សម្រេចជ្រើសយកគណបក្សឆន្ទៈខ្មែរជាគណបក្សទី១ នៃគណបក្សនៅក្នុងសម្ពន្ធភាពនយោបាយរបស់ខ្លួនដើម្បីចូលរួមការបោះឆ្នោតនៅក្នុងឆ្នាំ២០២៤ ខាងមុខ។ នៅថ្ងៃដដែលនេះដែរ គណបក្សនេះ បន្តប្រជុំគណៈកម្មការនាយកដើម្បីសម្រេចជាផ្លូវការលើការសម្រេចចិត្តរបស់គណៈអចិន្ត្រយ៍ តែកិច្ចប្រជុំនេះមិនទាន់អាចចេញសេចក្ដីសម្រេចរួមរបស់គណបក្សបាននៅឡើយទេ ព្រោះគណៈកម្មការនាយកចូលរួមប្រជុំមិនគ្រប់ចំនួននៅឡើយ។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ ឱ្យវិទ្យុអាស៊ីសេរីដឹងនៅល្ងាចថ្ងៃទី៣១ ខែតុលាថា គណបក្សភ្លើងទៀន នៅតែគោរពការសម្រេចរបស់កិច្ចប្រជុំគណៈអចិន្ត្រយ៍ដដែល ហើយគណបក្សនឹងបន្តកិច្ចប្រជុំគណៈកម្មការនាយកបន្តទៀត នៅពេលខាងមុខ។ លោកបន្តថា មូលហេតុដែលគណៈអចិន្ត្រយ៍គណបក្សភ្លើងទៀន សម្រេចជ្រើសយកគណបក្សឆន្ទៈខ្មែរជាជម្រើសទី១ ព្រោះគណបក្សឆន្ទៈខ្មែរមានប្រវត្តិតស៊ូ និងលះបង់ស្ទើរគ្រប់បែបយ៉ាង ក្នុងគ្រាលំបាកកន្លងមក ជាមួយគណបក្សភ្លើងទៀន។ លោកបន្តទៀតថា គណៈអចិន្ត្រយ៍គណបក្សភ្លើងទៀន មិនមែនត្រឹមតែជ្រើសយកគណបក្សឆន្ទៈខ្មែរតែមួយនោះទេ គណបក្សភ្លើងទៀនក៏សម្រេចជ្រើសយកគណបក្សមួយផ្សេងទៀត ដែលស្ថិតនៅក្នុងសម្ពន្ធភាពរបស់ខ្លួន ធ្វើជាគណបក្សទី២ ដើម្បីបន្តដំណើរទៅមុខផងដែរ ប៉ុន្តែ លោក គីមសួរ ភីរិទ្ធ ថា លោកមិនទាន់បង្ហាញឈ្មោះគណបក្សទី២ នៅពេលនេះបាននៅឡើយទេ។
លោក គីមសួរ ភីរិទ្ធ៖«គណបក្សឆន្ទៈខ្មែរដោយសារយើងគោរព យើងត្រូវគិតពីគុណបំណាច់។ ទី២ គឺការលះបង់របស់គាត់ប្រឈមបញ្ហាអីខ្លះ យើងឃើញហើយណា។ គុណបំណាចយើងមិនអាចភ្លេចបានទេ ហើយកុំថា គ្មានអ្នកណាទៅលះបង់ជាងគាត់ប៉ុន្មានទេ គណបក្សដែលយើងត្រូវឈរបញ្ជីបេក្ខជនគឺគណបក្សសម្ពន្ធភាពមួយ ឬក៏អាចទៅពីរអីអ៊ីចឹងទៅតាមស្ថានភាពជាក់ស្ដែង ព្រោះយើងត្រូវបើកចំហបន្តិច»។
គណបក្សភ្លើងទៀនបានចងសម្ពន្ធភាពនយោបាយជាមួយគណបក្សឆន្ទៈខ្មែរ គណបក្ស កែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បង្កើតជាសម្ពន្ធភាពឆ្ពោះទៅអនាគត ដើម្បីធ្វើដំណើររួមគ្នាប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា។
ទាក់ទងការសម្រេចរបស់គណបក្សភ្លើងទៀននៅពេលនេះ មន្ត្រីជាន់ខ្ពស់គណបក្សឆន្ទៈខ្មែរ លោក ផល ស៊ីថុន ឱ្យវិទ្យុអាស៊ីសេរីដឹងថា ការសម្រេចចិត្តផ្ទៃក្នុងរបស់គណបក្សភ្លើងទៀននៅពេលនេះ គឺជាលទ្ធផលជំហានទី១។ លោកបន្តទៀតថា ជំហានទី២ គណបក្សសម្ពន្ធភាពទាំង៤ គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី១ ខែវិច្ឆិកា ដើម្បីឱ្យជ្រើសរើសយកការសម្រេចរួមគ្នាក្នុងនាមជាគណបក្សសម្ព័ន្ធមិត្តទាំង៤។ មន្ត្រីជាន់ខ្ពស់គណបក្សឆន្ទៈខ្មែររូបនេះ ឱ្យដឹងទៀតថា ប្រសិនបើគណបក្សសម្ពន្ធភាពទាំង៤ សម្រេចជ្រើសរើសយកគណបក្សឆន្ទៈខ្មែរ ដូចការសម្រេចរបស់គណបក្សភ្លើងទៀនដែរនោះ គណបក្សឆន្ទៈខ្មែររបស់លោកនឹងទុកលទ្ធភាពច្រើនបំផុតឱ្យគណបក្សភ្លើងទៀន ក្នុងការដាក់បញ្ជីបេក្ខជនចូលរួមការបោះឆ្នោតខាងមុខ។
លោក ផល ស៊ីថុន៖«មានន័យថា គាត់(គណបក្សភ្លើងទៀន)ចំណាយពេលទាំងកម្លាំងចិត្តកម្លាំងថវិកា ទាំងការលំបាកផ្សេងៗ អ៊ីចឹងជាគុណធម៌ក៏យើងត្រូវផ្ដល់តម្លៃឱ្យគាត់ច្រើន បាទច្រើនមែនទែន បាទយើងមិនអាចប្រាប់ភាគរយទេ ពីព្រោះគ្នាតស៊ូច្រើនមកហើយក្នុងការរៀបចំបេក្ខជនព្រឹទ្ធសភាក៏ដោយការរៀបចំបេក្ខជនក្រុមប្រឹក្សារាជធានី ស្រុក ខណ្ឌក៏ដោយយើងត្រូវតែគោរពគណបក្សភ្លើងទៀនជាមូលដ្ឋាន»។
ទាក់ទងរឿងនេះដែរ អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត សង្កេតឃើញថា គណបក្សឆន្ទៈខ្មែរ មានភាពជិតស្និទ្ធជាមួយគណបក្សភ្លើងទៀនជាងជាមួយគណបក្សសម្ព័ន្ធមិត្ត ៣ផ្សេងទៀត។ លោកបន្តទៀតថា ការវិវឌ្ឍន៍នយោបាយចុងក្រោយនៃក្រុមគណបក្សក្រៅរដ្ឋាភិបាលនៅពេលនេះ នឹងធ្វើឱ្យពលរដ្ឋទទួលបានផលប្រយោជន៍នៃការប្រកួតប្រជែងមួយដែលមានគណបក្សប្រឆាំងពិតប្រាកដចូលរួមការបោះឆ្នោត ហើយក៏អាចធ្វើឱ្យស្ថាប័នរដ្ឋសំខាន់ៗ អាចនឹងមានសំឡេងពហុបក្សឡើងវិញផងដែរ។
លោក វ៉ន ចាន់ឡូត៖«កម្ពុជាពិតជាត្រូវការ ហើយជាពិសេសគឺត្រូវការនូវគណបក្សប្រឆាំងមួយដែលគាត់មានឆន្ទៈ និងឧត្ដមគតិពិតប្រាកដនៅក្នុងការពារផលប្រយោជន៍របស់សង្គមជាតិ ដើម្បីធ្វើយ៉ាងម៉េចអាចជួយជំរុញឬក៏ត្រួតពិនិត្យទៅនឹងការអនុវត្តគណបក្សកាន់អំណាច ឬគណបក្សដែលមានសំឡេងភាគច្រើននៅក្នុងសភាហ្នឹង ហើយក៏ដូចជាការអនុវត្តរបស់រដ្ឋាភិបាល ក្នុងករណីមាននូវភាពមិនប្រក្រតីណាមួយហ្នឹង»។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត លើកឡើងទៀតថា ប្រសិនបើគណបក្សសម្ពន្ធភាពទាំង៤ សម្រេចជ្រើសរើសគណបក្សឆន្ទៈខ្មែរ ដូចគណបក្សភ្លើងទៀនសម្រេចដែរនោះជាការបង្ហាញថា សម្ពន្ធភាពរបស់គណបក្សទាំង៤ នៅតែរក្សាឆន្ទៈរួម និងសម្ពន្ធភាពរឹងមាំដដែល។ ទាក់ទងរឿងនេះវិទ្យុអាស៊ីសេរីមិនទាន់សុំការអត្ថាធិប្បាយពីស្ថាបនិក និងជាអនុប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន និងប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ បានទេ នៅថ្ងៃទី៣១ ខែតុលា។ បើទោះជាសព្វថ្ងៃនេះក្ដី គណបក្សភ្លើងទៀន បាត់លិខិតចុះបញ្ជីច្បាប់ដើម ដែលជាឧបសគ្គមិនអាចឱ្យគណបក្សនេះចូលរួមការបោះឆ្នោត នាពេលខាងមុខបានក្ដី ប៉ុន្តែគណបក្សភ្លើងទៀនសង្ឃឹមថា ខ្លួននឹងចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០២៤ ខាងមុខ ដោយគណបក្សនេះសម្រេចជ្រើសយកគណបក្សសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីរៀបចំបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតអសកលខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។