គណបក្ស​ភ្លើងទៀន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ឃុំ-សង្កាត់​ អាណត្តិទី៥

ដោយ មាន ឫទ្ធិ
2022.06.06
គណបក្ស​ភ្លើងទៀន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ឃុំ-សង្កាត់​ អាណត្តិទី៥ (ពី​ឆ្វេង​ទៅ​ស្តាំ) លោក ថាច់ សេដ្ឋា អ្នក​នាំ​ពាក្យគណបក្ស, លោក សុន ឆ័យ អនុប្រធានគណបក្ស និង​លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការ​គណបក្សភ្លើងទៀន។
រូប៖ គណបក្សភ្លើងទៀន

គណបក្ស​ភ្លើងទៀន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ឃុំ ​សង្កាត់​អាណត្តិទី៥ ដោយ​សារ​លទ្ធផល​ដែល​ចេញ​ពី​ការ​បោះឆ្នោត​នោះ​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​ពលរដ្ឋ និង​រំលោភ​បំពាន​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ​ដែល​បង្ហាញ​ពី​សកម្មភាព​នៃ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។ ប៉ុន្តែ​គណៈកម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​អះអាង​ថា ដំណើរ​ការ​នៃ​ការបោះឆ្នោត​​បាន​ប្រព្រឹត្តទៅ​ជា​ប្រក្រតី​ ត្រឹមត្រូវ ​មាន​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ល្អ។

គណបក្ស​ភ្លើងទៀន​បាន​ចេញ​សេចក្តីថ្លែងការណ៍​នៅថ្ងៃទី៦ ខែមិថុនា ថា​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​មាន​បរិយាកាស​មិន​ស្មើភាព​ដោយ​សារ​ពលរដ្ឋ​ពុំ​មាន​សេរីភាព​ក្នុង​ការ​ចូលរួម​ផ្នែក​នយោបាយ និង​ការ​បញ្ចេញ​មតិគណបក្ស​ភ្លើង​ទៀន​មើល​ឃើញ​ថា មន្រ្តីស្ថាប័ន​បោះឆ្នោត​ពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​ក្រោម​សុទ្ធសឹង​ជា​មន្រ្តី​មក​ពី​គណបក្ស​ប្រជាជាកម្ពុជា។ បេក្ខជន និង​អ្នក​សង្កេតការណ៍​របស់​គណបក្ស​ភ្លើងទៀន​ត្រូវ​ទទួល​រងការ​គាប​សង្កត់ និង​ការ​បំភិតបំភ័យ។​ ទន្ទឹម​នឹង​នេះ ក៏​មាន​សកម្មភាព​គៀងគរ​ពលរដ្ឋ​តាមរយៈ​ការ​ទិញ​សន្លឹក​ឆ្នោត ការ​តាម​ដាន ការ​សំឡុត ការ​គំរាម​កំហែង​ជា​ហូរហែរ​ដោយ​មិន​មាន​ការ​អង្កេត និង​ទប់​ស្កាត់​ពី គ.ជ.ប ឡើយ។

គណបក្ស​ភ្លើងទៀន​លើកឡើងថា នៅថ្ងៃបោះឆ្នោត​ស្ទើរគ្រប់​មណ្ឌល​បោះឆ្នោត​ទូទាំង​ប្រទេស​បាន​បិទទ្វារ​ចាក់សោ​របង ចាប់​ពី​ម៉ោង​៣​រសៀល​ដោយ​បណ្តេញ​ពលរដ្ឋ​ចេញ​ មិន​ឱ្យ​តាម​ដាន​ការ​រាប់​សន្លឹកឆ្នោត​ និង​បណ្តេញ​ភ្នាក់ងារ​មកពី​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ចេញ​ពី​ការិយាល័យ​បោះឆ្នោត​ជាដើម​ ហើយ​ករណី​ខ្លះ​គណៈកម្មការ​ឃុំសង្កាត់​រៀបចំ​ការ​បោះឆ្នោត មិន​អនុញ្ញាត​ឱ្យ​ថត​លទ្ធផល​បោះឆ្នោត ដែល​បិទ​នៅ​ការិយាល័យ​បោះឆ្នោត​ទៀត​ផងផ្ទុយ​ទៅវិញ​អាជ្ញាធរ​មូលដ្ឋាន​ និង​តំណាង​អង្គការ​សង្កេតការណ៍​ របស់​បក្សកាន់​អំណាច​មាន​សិទ្ធិ​នៅក្នុង​បរិវេន​ទីតាំង​ទាំង​នោះ​ដោយ​សេរី។ គណបក្ស​ភ្លើង​ទៀន ចាត់​ទុក​ការរំលោភ​បំពាន​ទាំង​នេះ រួមទាំង​ករណី​រំលោភ​បំពាន​ជាច្រើន​ទៀត​ថា បង្ហាញ​ពី​សកម្មភាព​នៃ​ការ​លួច​សន្លឹក​ឆ្នោត។

អនុប្រធាន​គណបក្ស​ភ្លើងទៀន​លោក សុន ឆ័យ ថ្លែង​ក្នុង​សន្និសីទ​​នៅ​រសៀល​​ថ្ងៃ​​០៦ ខែ​​មិថុនា​ ដោយចាត់​ទុកការ​បោះឆ្នោត​ថ្នាក់​ឃុំ សង្កាត់​នេះ​ថា មិន​ប្រព្រឹត្ត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​នោះទេ​ ដោយសារ​គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត​មិន​ឯករាជ្យ និង​ហាក់​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច ខណៈ អាជ្ញាធរ​មិន​អព្យាក្រិត្យលោក​បញ្ជាក់​ថា គណបក្ស​ភ្លើងទៀន​ មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់ដែល​មិន​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈរបស់​ពលរដ្ឋ​ឡើយ។ ប៉ុន្តែ​លោក​ថា ជំហរ​របស់​គណបក្ស​មិន​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ដូច​លើក​មុនៗ​នោះ​ទេ។

ទោះ​យ៉ាង​ណា លោករំពឹងថា លទ្ធបោះឆ្នោត​នេះ​នឹង​បើក​ផ្លូវ​ចរចា​ជាមួយ​គណបក្ស​កាន់​អំណាច ដើម្បី​ឈាន​ដោះស្រាយ​បញ្ហា​នយោបាយ​ និង​កែលម្អ​ស្ថានប័ន​បោះឆ្នោត​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ៖ «យើង​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា​យើង​អត់​មាន​ផែន​ការ​ធ្វើ​បាតុ​កម្មទេ ប៉ុន្តែ​យើង​ត្រូវ​លើក​ឡើង​នូវ​បញ្ហា កង្វល់​របស់​យើង ឬ​កង្វល់​របស់​ពល​រដ្ឋម្ចាស់​ឆ្នោត​ដែរ ពី​ភាព​មិន​ប្រកតី​ដែល​ប៉ះពាល់​ដល់​ឆន្ទៈ​របស់​លោក ហើយ​យើងសូម​ឱ្យ​មាន​ការ​កែ​លម្អ ដូច្នេះ​គណបក្ស​ភ្លើង​មាន​ជំហរ​ចង់​ដោះ​ស្រាយ និង​ជជែកគ្នា»។

ឆ្លើយ​តប​រឿង​នេះ អ្នកនាំពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប)​លោក ហង្ស ពុទ្ធា អះអាង​ថា ដំណើរ​ការ​នៃ​ការបោះឆ្នោត​នេះ​បាន​ប្រព្រឹត្តទៅ​រលូន មាន​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ល្អ ដែលធ្វើឱ្យ​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​បាន​ចេញ​សេចក្តីថ្លែងការណ៍​ទទួល​ស្គាល់​ មិន​ដូចការ​ចោទ​ប្រកាន់​របស់​គណបក្ស​ភ្លើង​ទៀន​នោះ​ទេប៉ុន្តែលោក​ថា គ.ជ.នឹង​ទទួល​យក​អនុសាសន៍​ទាំង​អស់ ដើម្បី​ឱ្យ​ការ​បោះឆ្នោត​ល្អ​ប្រសើរ៖ «ការ​ទទួល​យក​បាន ឬ​ទទួល​យក​មិន​បាន​មិន​អាស្រ័យ​លើភាសា​នយោ​បាយ​របស់​គណបក្ស​នយោ​បាយ​ណា​មួយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មានគណ​បក្ស និង​អ្នក​សង្កេត​ការណ៍​ជាតិ​ និង​អន្តរ​ជាតិ​ជា​ច្រើន​បាន​បង្ហាញ​ការ​អបអរ​ចំពោះ​ការ​រៀបចំ​ឱ្យ​មាន​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​នេះ»

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់​ទង​អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​លោក សុខ ឥសាន ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយនៅ​ថ្ងៃទី៦ ខែមិថុនា។ ប៉ុន្តែលោក សុខ ឥសាន ​អះអាង​នៅក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​វិទ្យុអាស៊ីសេរី​កាលពី​យប់​ថ្ងៃទី៥ ខែមិថុនា​ ថា​ការ​បោះឆ្នោត​នេះ គឺ​ជាការ​បោះឆ្នោត «ដ៏ល្អបំផុត»

ទោះយ៉ាងណា នៅមុនការបោះឆ្នោតនេះ ការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​សម្តែង​ការព្រួយ​បារម្ភ ដោយសារ​តែ​ឃើញ​មាន​លំនាំ​នៃ​ការ​គំរាមកំហែង ការ​បំភិតបំភ័យ និង​ការ​ចាប់​ខ្លួន​បេក្ខជន​មួយ​ចំនួន​ដាក់​ពន្ធនាគារ។ យ៉ាងហោចណាស់ មាន​បេក្ខជន និង​សកម្មជន​គណបក្ស​ភ្លើងទៀន​ចំនួន ៦នាក់​ត្រូវអាជ្ញាធរ​ចាប់ខ្លួន​នៅមុន និង​ក្នុងអំឡុងពេល​យុទ្ធនាការឃោសនា​បោះឆ្នោត។

ចំណែក​អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) ក៏​បាន​​ថ្កោលទោស​ចំពោះ​យុទ្ធនាការ​យាយី និង​បំភិតបំភ័យ​លើ​សមាជិក​គណបក្ស​ប្រឆាំង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​ ជាពិសេសការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​បេក្ខជន​គណបក្ស​ភ្លើង​ទៀន។ សមាជិក​សភា​ម៉ាឡេស៊ី និង​ជា​សមាជិក​នៃ​អង្គការ APHR អ្នកស្រី ម៉ារៀ ជិន អាប់ឌុលឡា (Maria Chin Abdullah) លើក​ឡើង​ថា វា​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច​នោះ​ទេ ក្នុងការ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ ក្នុង​បរិយាកាស​មួយដែល​ពោរពេញ​ទៅ​ដោយ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​នយោបាយ​ប្រឆាំង។ អ្នកស្រី​បន្ត​ថា ថ្វីបើ​គណបក្ស​ចំនួន១៧ ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្ដី ដំណើរ​ការ​ទាំងមូល​មិន​អាច​ចាត់​ទុក​ថា ជា​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ និង​ពហុបក្ស​បាន​ឡើយ នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន មិន​ព្រម​ឱ្យ​អ្នក​ដែល​ចូលរួមប្រកួតប្រជែង ធ្វើ​យុទ្ធនាការ​ឃោសនា​បាន​ដោយ​សេរី និង​មាន​សុវត្ថិភាព​នោះ។

គ.ជ.ប អះអាងថា តួលេខ​ចុង​ក្រោយ​បង្ហាញថា មាន​ពលរដ្ឋជាង ៨០% ឬស្មើនឹង​ជាង ៧លាន៣សែន​នាក់​បាន​ចេញទៅបោះឆ្នោត ក្នុងចំណោម​ពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជីបោះឆ្នោត​សរុបជាង ៩លាន​២សែននាក់។ ផ្អែកតាម​តួលេខនេះ ចំនួន​ពលរដ្ឋ​ចេញទៅបោះឆ្នោត​ឃុំ-សង្កាត់​នៅ​អាណត្តិ​នេះ បាន​ធ្លាក់ចុះ​ប្រមាណជាង ១០% បើធៀបនឹង​ចំនួន​ពលរដ្ឋ​ចេញទៅបោះឆ្នោត​នៅមុន​ពេល​រម្លាយ​គណបក្ស​សង្គ្រោះជាតិ​កាលពី​អាណត្តិ​ទី៤ ដែលមាន​រហូតដល់​ជាង ៩០%។ 

លទ្ធផល​បឋម​ចេញផ្សាយ​ដោយ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត ហៅកាត់ថា គ.ជ.ប គិតត្រឹមល្ងាចថ្ងៃទី៦ ខែមិថុនា ឱ្យដឹង​ថា គណបក្ស​ភ្លើងទៀន​កំពុង​មានប្រៀបជាង​បក្សកាន់អំណាច​តែ៤ឃុំ​ប៉ុណ្ណោះ ក្នុងចំណោម​ឃុំសង្កាត់​ទាំង ១.៦៥២ ដែល​គណបក្សនេះ​អាច​ឈ្នះ​តំណែង​មេឃុំ រួមមាន ៣ឃុំ​នៅខេត្តកំពង់ធំ គឺឃុំចំណាលើ​នៅ​ស្រុកស្ទោង ឃុំដូង និងឃុំក្រយា​នៅស្រុកប្រាសាទបល្ល័ង្គ និង​១ឃុំ​នៅខេត្តកំពង់ចាម គឺឃុំផ្តៅជុំ​ក្នុងស្រុកជើងព្រៃ។ ក្រៅពីនោះ គណបក្ស​ប្រជាជនកម្ពុជា​កំពុង​នាំមុខ​ទាំងស្រុង ហើយពុំមាន​គណបក្ស​ដទៃទៀត​ណា​មួយ​ទទួល​បាន​សំឡេងឆ្នោត​នាំមុខបក្ស​កាន់អំណាច​នៅតាម​ឃុំ-សង្កាត់​ដទៃទៀត​នៅ​ទូទាំង​ប្រទេស​ឡើយ។ មន្រ្តីគណបក្សភ្លើងទៀនបញ្ជាក់ថា គណបក្ស​ភ្លើងទៀន​អាច​ទទួល​បាន​អាសនៈក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ជាង​២​ពាន់​អាសនៈ​ក្នុង​ចំ​ណោម​អាសនៈ​សរុប​ចំនួន​ជាង​១ម៉ឺន (១១៦២២)។ ដូច្នេះ គណបក្ស​ប្រជាជនកម្ពុជា​អាច​ទទួល​បាន​អាសនៈ​ឃុំ សង្កាត់​ជាង​៩ពាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។