មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​បញ្ជាក់​ជា​ថ្មី​ថា គណបក្ស​​នេះ​គ្មាន​ទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី ទេ

ដោយ ជាតិ ចំណាន
2023.08.04
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​បញ្ជាក់​ជា​ថ្មី​ថា គណបក្ស​​នេះ​គ្មាន​ទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី ទេ លោក រ៉ុង ឈុន អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ថ្លែង​ក្នុង​ពិធីជួបជុំ​សមាជិក​គណបក្ស កាល​ពី​ថ្ងៃ​ទី២២ ខែមេសា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន បញ្ជាក់​ជំហរ​ជាថ្មី​ដែល​ជា​ការ​ឆ្លើយ​តប​ការ​ចោទប្រកាន់​របស់​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន​សែន ថា គណបក្ស​នេះ​គ្មាន​ទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី ទេ។ ការ​លើកឡើង​នេះ ក្រោយ​ពេល​លោក ហ៊ុន សែន ព្រមាន​រំលាយ​គណបក្ស​នេះ​ជា​ថ្មី​ទៀត ប្រសិនបើ​ លោក សម រង្ស៊ី បន្ត​វាយ​ប្រហារ​លើ​លោក ហ៊ុន​ សែន។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន លើកឡើង​ថា ការ​ព្រមាន​រំលាយ​គណបក្ស​ភ្លើង​ទៀន ពី​សំណាក់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ម្ដង​ហើយ​ម្ដង​ទៀត គឺ​ជា​ចេតនា​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ រីឯ​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​ថា គណបក្ស​កាន់អំណាច​​នៅតែ​ចាត់​ទុក​គណបក្ស​ភ្លើង​ទៀន ជា​ឧបសគ្គ​នៃ​ការ​គ្របគ្រង​អំណាច​របស់​ខ្លួន​ទើប​​លោក ហ៊ុន សែន ព្រមាន​រំលាយ​​គណបក្ស​ភ្លើង​ទៀន និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​នេះ​ជា​បន្តបន្ទាប់​។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី៤ ខែ​សីហា​​ថា បើ​ទោះ​ជា​គណបក្ស​ភ្លើង​ទៀន មាន​ប្រវត្តិ​​ចេញ​ពី​​លោក សម រង្ស៊ី​ ដែល​ជា​អ្នក​បង្កើត​គណបក្ស​នេះ​ក្ដី ប៉ុន្តែ​រចនាសម្ព័ន្ធ​របស់​គណបក្ស​ភ្លើង​ទៀន ​ដែល​បាន​តម្កល់​ទុក​​នៅ​ក្រសួង​មហាផ្ទៃ​ មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក សម រង្ស៊ី ទេ។ លោក រ៉ុង ឈុន យល់​ថា សារ​ព្រមាន​របស់​លោក ហ៊ុន សែន ពេល​នេះ ហាក់​មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​ទេ តែ​មាន​ចរិត​នយោបាយ​ច្រើន​ជាង។ លោក​បន្ត​ទៀត​ថា បើ​ទោះជា​លោក ហ៊ុន សែន អាច​រំលាយ​គណបក្ស​ភ្លើង​ទៀន តាម​ចិត្ត​ចង់​របស់​លោក​ក្ដី តែ​លោក ហ៊ុន សែន ឬ​រដ្ឋាភិបាល​របស់​គណបក្ស​កាន់អំណាច​ក៏​ត្រូវ​ប្រឈម​នឹង​ការ​ថ្កោលទោស​ពី​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​ដែរ។

លោក រ៉ុង ឈុន៖ «សុទ្ធ​សឹង​តែ​រឿង​នយោបាយ​ទាំង​អស់​បាទ មិនមែន​ការ​អនុវត្ត​ច្បាប់ ហើយ​យើង​ដឹង ប្រព័ន្ធ​ច្បាប់ ​ប្រព័ន្ធ​តុលាការ​គ្រាន់តែ​ជា​ការ​លំអ​សម្រាប់​តែ​អ្នក​មាន​អំណាច មាន​ឥទ្ធិពល​នៅ​ក្នុង​ស្រុក​យើង​ទេ​​ មិន​អាច​ការពារ​យុត្តិធម៌​ជូន​អ្នក​ទន់ខ្សោយ​បាន​ទេ»

ប្រតិកម្ម​របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន នៅ​ពេល​នេះ​​ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៣ ខែ​សីហា ព្រមាន​ រំលាយ​គណបក្ស​ភ្លើង​ទៀន​ចោល។ លោក ហ៊ុន សែន ចោទប្រកាន់​ថា គណបក្ស​នេះ​មាន​ទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី។ បើទោះជា​លោក ហ៊ុន សែន តែងតែ​អះអាង​ថា លោក​មាន​ភស្តុតាង​ស្ដីពី​ទំនាក់ទំនង រវាង​លោក សម រង្ស៊ី ជាមួយ​គណបក្ស​ភ្លើងទៀន​​ក្ដី​ ប៉ុន្តែ លោក ហ៊ុន សែន មិន​ដែល​បង្ហាញ​ភស្តុតាង​នោះ​ម្ដង​ណា​ឡើយ គិត​មក​ដល់​ពេល​នេះ​។

លោក ហ៊ុន សែន៖ «ភស្តុតាង​មាន​គ្រប់គ្រាន់​អំពី​អ្នកណា​ខ្លះ​គេ​បង្កើត​ឆានែល​សប្បាយ​ តេឡេក្រាម (Telegram) ខ្ញុំ​បាន​ចូល​ខំមិន (បញ្ចេញ​មតិ) ផ្ទាល់​នៅ​ក្នុង​ហ្នឹង​ ហើយ​យើង​រក​ឃើញ​មុខសញ្ញា​មួយ​ចំនួន​ដែល​ចេញ​ពី​ស្រុក​ក្រៅ​ចូល​មក​ក្នុង​បក្ស​នយោបាយ​មួយ​អ៊ីចឹង​ទេ តើ​បក្ស​នេះ​គួរ​ត្រូវ​បាន​រំលាយ​ឬ​អត់​បើ​ចៅហ្វាយ​របស់​បក្ស​នេះ​ ពី​ក្រៅ​លើក​ដៃ​កាប់​មក​លើ​យើង យើង​ក៏​មិន​ញញើត​ជាមួយ​នឹង​ផ្ដាច់​ឫស​គល់​ក្រវាត់​ចោល​ដែរ»

លោក សម រង្ស៊ី គឺ​ជា​ស្ថាបនិក​គណបក្ស​ភ្លើង​ទៀន និង​ជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង ត្រូវ​តុលាការ​នៃ​​របប​ក្រុង​ភ្នំពេញ កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ជា​ច្រើន​សំណុំរឿង។

នេះ​មិនមែន​ជា​លើក​ទី១​ទេ ដែល​លោក ហ៊ុន សែន ព្រមាន​រំលាយ​គណបក្ស​ភ្លើងទៀន។ កាល​ពី​ខែ​តុលា ឆ្នាំ​២០២២ លោក ហ៊ុន សែន ក៏​មាន​រំលាយ​គណបក្ស​នេះ​ដែរ ដោយ​លោក​ចោទប្រកាន់​ករណី​ដូច​គ្នា​នេះ​ដែរ។

បើ​ទោះ​ជា​ការ​ប្រកាស​មាន​វិធានការ​ផ្លូវ​ច្បាប់​លើ​គណបក្ស​​ភ្លើង​ទៀន ដែល​មាន​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​ជិត​២​លាន​នាក់​នេះ​ក្ដី តែ​ លោក ហ៊ុន សែន បែរ​បង្ហាញ​របៀប​អនុវត្ត​ច្បាប់​របស់​លោក គឺ​អាស្រ័យ​​ទៅ​លើ​ឥរិយាបថ​របស់​លោក សម រង្ស៊ី ទៅ​វិញ។ លោក​ថា បើ​លោក សម រង្ស៊ី នៅតែ​វាយប្រហារ​មក​លោក​ទៀត លោក ក៏​មិន​ទុក​គណបក្ស​ភ្លើង​ទៀន​នោះ​ដែរ។

កាលពីឆ្នាំ២០១៧ នៅ​ពេល​គណបក្ស​កាន់អំណាច ដែល​ព្យាយាម​កម្ចាត់​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​ឆាក​នយោបាយ ពេល​នោះ​រដ្ឋាភិបាល​ធ្វើ​ឱ្យ​លោក ហ៊ុន សែន បាន​កែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដោយ​ហាម​គ្រប់​គណបក្ស​នយោបាយ​មិន​ត្រូវ​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយ​លក្ខណ៍​អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ ឬ​ពី​បទ​មជ្ឈិម ដើម្បី​ជា​ផល​ប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​របស់​ខ្លួន​ឡើយ។ ច្បាប់​ដដែល​នោះ ក៏​ចែង​ដាក់​ទោស​ទណ្ឌ ឬ​បិទ​សិទ្ធិ​ គណបក្ស​នយោបាយ​ផង​ដែរ ប្រសិនបើ​ត្រូវ​តុលាការ រក​ឃើញ​ថា​ បាន​ល្មើស​ច្បាប់​នេះ។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត សង្កេត​ឃើញ​ថា បើ​ទោះ​ជា​ពេល​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ទាន់​រំលាយ​គណបក្ស​ភ្លើង​ទៀន​ក្ដី ប៉ុន្តែ ក៏​ស្មើ​នឹង​ការ​រំលាយ​គណបក្ស​នេះ ព្រោះ​គ..ប បាន​បិទ​សិទ្ធិ​​មិន​ឱ្យ​គណបក្ស​នេះ​អាច​ចូលរួម​ការបោះឆ្នោត​កាល​ពី​ថ្ងៃ​ទី២៣ កក្កដា ម្ដង​រួច​​ហើយ។ លោក វ៉ន ចាន់ឡូត បន្ត​ទៀត​ថា សារ​ព្រមាន​របស់​លោក ហ៊ុន សែន ពេល​នេះ ស្មើ​នឹង​យុទ្ធសាស្ត្រ​ជីក​ស្មៅ​ត្រូវ​ជីក​ទាំង​ឫស ព្រោះ​ដោយសារ​គណបក្ស​កាន់អំណាច​នៅតែ​មើល​ឃើញ​ថា គណបក្ស​ភ្លើង​ទៀន គឺ​ជា​​គណបក្ស​ដែល​​មាន​ឥទ្ធិពល។ លោក​បន្ត​ថា ប្រសិនបើ​គណបក្ស​ភ្លើង​ទៀន អាច​ចូលរួម​ការ​បោះ​ឆ្នោត​អ​សកល​នៃ​ការ​ជ្រើសរើស​ក្រុមប្រឹក្សា​ស្រុក ខណ្ឌ​ខេត្ត​រាជធានី និង​ ការ​បោះ​ឆ្នោត​​ព្រឹទ្ធសភា នៅ​ពេល​ខាង​មុខ គណបក្ស​នេះ​​នៅតែ​មាន​កម្លាំង​រឹត​តែ​ខ្លាំង ដែល​បញ្ហា​នេះ ​ជា​ការ​គំរាមកំហែង​​ដល់​ការ​កាន់អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក វ៉ន ចាន់ឡូត៖ «ដោយសារ​តែ​ភ្លើង​ទៀន មាន​ប្រភព​ចេញ​ពី​លោក សម រង្ស៊ី ទី២ អ្នក​តំណាងរាស្ត្រ​មួយ​ចំនួន​ក៏​មនុស្ស​ដែល​មាន​ភក្ដីភាព​ឬ​ភាព​ស្និទ្ធស្នាល​ជាមួយ​នឹង​លោក សម រង្ស៊ី ហើយ​ទី៣ ភ្លើង​ទៀន ជា​បក្ស​ប្រឆាំង​មួយ​ដែល​លេចធ្លោ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន ​អ៊ីចឹង​ហេតុផល​បី​ហ្នឹង​ដែល​ខ្ញុំ​មើល​ឃើញ​ថា មិន​ធ្វើ​ឱ្យ​អ្នក​កាន់អំណាច​គាត់​សប្បាយ​ចិត្ត»

ទាក់ទង​​ករណី​គណបក្ស​ភ្លើង​ទៀន​នេះ​ដែរ គណបក្ស​ភ្លើង​ទៀន បាន​ដាក់​លិខិត​សុំ​ជួប​​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បី​ស្នើ​ក្រសួង​មហាផ្ទៃ ចេញ​លិខិត​បញ្ជាក់​ស្ដី​ពី​លិខិត​​ច្បាប់​ដើម​នៃ​ការ​ចុះ​បញ្ជី​​របស់​គណបក្ស​ភ្លើង​ទៀន​នៅ​ក្រសួង​មហាផ្ទៃ ប៉ុន្តែ លោក ស ខេង មិន​ព្រម​ជួប​នោះ​ទេ។ លោក រ៉ុង ឈុន ប្រាប់​ថា មូលហេតុ​ដែល​ភាគី​ខាង​ក្រសួង​មហាផ្ទៃ​មិន​ព្រម​ជួប​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន ដោយ​ក្រសួង​មហាផ្ទៃ​អះអាង​ថា ត្រូវ​រង់ចាំ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​សិន។

គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (..) ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់​អំណាច​ហាម​មិន​ឱ្យ​ចូលរួម​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី២៣ ខែ​កក្កដា កន្លង​ទៅ​នេះ​ទេ ព្រោះ​ករណី​គ្មាន​លិខិត​ចុះ​បញ្ជី​ច្បាប់​ដើម។ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន អះអាង​ថា គណបក្ស​ភ្លើង​ទៀន នឹង​ស្វះស្វែង​ធ្វើ​ការ​ជាមួយ​អង្គទូត​នានា​ដើម្បី​ស្នើ​ទៅ​អង្គទូត​ទាំង​នោះ​ជួយ​អន្តរាគមន៍​ទៅ​ក្រសួង​មហាផ្ទៃ​​ឱ្យ​ចេញ​សេចក្ដី​ចម្លង​​​​លិខិត​ចុះ​បញ្ជី​របស់​គណបក្ស​នេះ​នៅ​ក្រសួង​មហាផ្ទៃ សម្រាប់​គណបក្ស​នេះ​​យក​ទៅ​ប្រើប្រាស់​បម្រើ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។