បក្ស​ភ្លើង​ទៀន​ថា អាជ្ញាធរ​មូលដ្ឋាន​គាប​សង្កត់​សិទ្ធិ​សេរីភាព​នៃ​ការ​ជួប​ប្រជុំ​របស់​ពួក​គេ

ដោយ នៅ វណ្ណារិន
2023.03.22
Share on WhatsApp
Share on WhatsApp
បក្ស​ភ្លើង​ទៀន​ថា អាជ្ញាធរ​មូលដ្ឋាន​គាប​សង្កត់​សិទ្ធិ​សេរីភាព​នៃ​ការ​ជួប​ប្រជុំ​របស់​ពួក​គេ សមាជិក​គណបក្ស​ភ្លើង​ទៀនថត​នៅ​មុខ​ទីស្នាក់ការ​របស់​ខ្លួន​ នៅ​ខេត្តត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី៦ ខែមីនា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន

គណបក្ស​ភ្លើង​ទៀន​អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​តាម​គាប​សង្កត់​សិទ្ធិ​សេរីភាព​នៃ​ការ​ជួប​ប្រជុំ​របស់​ពួក​គេ ដែល​ធ្វើ​ប៉ះពាល់​ដល់​ទឹក​ចិត្ត​របស់​អ្នក​គាំទ្រ​ជា​ខ្លាំង។ មន្ត្រី​គណបក្ស​ភ្លើង​ទៀន និង​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ទង្វើ​ទាំង​នេះ​ថា ជា​ការ​រឹត​ត្បិត​សិទ្ធិ​នយោបាយ ហើយ​ទាមទារ​ឱ្យ​ក្រសួង​មហាផ្ទៃ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធ​ភាព ដើម្បី​ធានា​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។

ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី៧ កាន់​តែ​ខិត​ជិត​ចូល​មកដល់​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​ក៏​កាន់​តែ​ចូល​ស្ដាប់​ ឃ្លាំមើល​ និង​ថតរូប​ពលរដ្ឋ​ដែល​ទៅ​ចូល​រួម​កម្មវិធី​ជួប​សំណេះសំណាល​របស់​គណបក្ស​ភ្លើង​ទៀន​នៅ​ខេត្តត្បូង​ឃ្មុំ ​ខេត្ត​ព្រៃ​វែង​ ប៉ៃលិន​ និង​សៀមរាប​ជា​បន្ត​បន្ទាប់។ ជាមួយ​គ្នា​នេះ គណបក្ស​ភ្លើង​ទៀន​បាន​រិះ​គន់​អាជ្ញាធរ​ថា បាន​រំខាន​សកម្មភាព​ជួប​ប្រជុំ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ផ្លូវ​ចិត្ត​របស់​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​សកម្មភាព​ជាមួយ​គណបក្ស​នយោបាយ។​

អនុប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​ត្បូង​ឃ្មុំ លោក ស៊ូ យាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២១ ខែ​មីនា​ថា រយៈ​ពេល​ចុង​ក្រោយ​មាន​ករណី​ប៉ូលិស​ស្លៀក​ពាក់​ឯកសណ្ឋាន និង​ស៊ីវិល​បាន​បន្លំ​ខ្លួន​ចូល​ថត​សកម្មភាព​របស់​បក្ស​ភ្លើង​ទៀន​ស្ទើរ​គ្រប់​វេទិការ​ដោយ​គ្មាន​ការ​អនុញ្ញាត ហើយ​សូម្បី​តែ​កិច្ចប្រជុំ​រៀបចំ​នៅ​ទីស្នាក់ការ​បក្ស​ក៏​តាម​ដាន​មិន​លើកលែង​នោះ​ទេ។ លោក​សង្កេត​ឃើញ​ថា ពួកគេ​ហាក់​ចិត្ត​ចង្អៀត​ចង្អល់​នឹង​បក្ស​ភ្លើង​ទៀន​ធ្វើ​សកម្មភាព​ផុលផុស​ទេ ប៉ុន្តែ​លោក​មិន​ដឹង​ថា មន្ត្រី​ប៉ូលិស​ទាំង​នោះ​អនុវត្ត​ដោយ​បំពាន​តួនាទី​ក្នុង​គោល​បំណង​អ្វី ឬ​រាយការណ៍​ទៅ​ណា​នោះ​ទេ។ លើស​ពី​នេះ លោក ស៊ូ យាន ឱ្យ​ដឹង​ថា ជន​មិន​ស្គាល់​មុខ​បាន​គោះទ្វារ និង​គប់​ដុំ​ថ្ម​ចូល​ផ្ទះ ដើម្បី​បំភិត​បំភ័យ​ដល់​គ្រួសារ​លោក​សា​ជា​ថ្មី​ទៀត កាល​ពី​ប្រហែល​ម៉ោង ១១យប់ ថ្ងៃ​ទី២០ ខែ​មីនា។ លោក​ចាត់​ទុក​ទង្វើ​ទាំង​នេះ​ថា​ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ ហើយ​លោក​ស្នើ​ដល់​សមត្ថកិច្ច​ទាន់​ចាត់​វិធានការ​ផ្លូវច្បាប់​ឱ្យ​មាន​ប្រ​ប្រសិទ្ធភាព។

លោក ស៊ូ យាន៖ «ខ្ញុំ​គិត​ថា វា​ជា​រូបភាព​គំរាម​កំហែង​មក​លើ​សកម្មជន​នៅ​មូលដ្ឋាន ហើយ​វា​ខុស​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ​ ដែល​ប្រជា​ពល​រដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ដោយ​សេរី​ មិន​មាន​ការ​គំរាម​កំហែង បំភិត​បំភ័យ។ ពួក​យើង​ជួប​ជុំ​គ្នា វា​ស្រប​ទៅ​តាម​ច្បាប់​អត់​មាន​អី​ខុស​ពី​ច្បាប់​រដ្ឋ​ទេ!​ ពួក​យើង​ចង់​ឱ្យ​ប្រទេស​ហ្នឹង​ដើរ​ទៅ​តាម​គោល​ការណ៍​ប្រជាធិបតេយ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ទៅ​តាម​សន្តិ​វិធី»

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២១ ខែមីនា​ថា ប៉ូលិស​នៅ​តាម​មូលដ្ឋាន​នៅ​តែ​តាម​ឃ្លាំមើល និង​ថតរូប​នៅ​តាម​វេទិកា​ និង​ការ​ជួប​ជុំ​របស់​គណ​បក្ស​ភ្លើង​ទៀន​ដែល​រឿង​នេះ​តែងតែ​កើត​ឡើង​ដដែល ទោះ​បី​កន្លង​មក រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ទាំងនោះ​ត្រូវ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​គណបក្ស​នយោបាយ​ធ្វើ​សកម្ម​ជួបជុំ​ដោយ​សេរី​យ៉ាង​ណា​ក្ដី នៅ​តែ​គ្មាន​ប្រសិទ្ធភាព។ លោក​យល់​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ទប់​ស្កាត់​រូបភាព​ខុស​ច្បាប់​បែប​នេះ​កុំ​ឱ្យ​កើត​ឡើង​បន្ត​ទៀត​ទេ ពីព្រោះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​សតិ​អារម្មណ៍​របស់​ពលរដ្ឋ​ដែល​ចូលរួម​ជា​មួយ​បក្ស​នយោបាយ ដែល​ពួក​គេ​ពេញ​ចិត្ត ​ជា​ពិសេស​ការ​សម្រេច​ចិត្ត​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុន​នេះ។

លោក រ៉ុង ឈុន៖ «ពេល​វេលា​បោះឆ្នោត​ដែល​មក​ដល់​នេះ​បាទ! ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​មាន​អារម្មណ៍ ភិតភ័យ បារម្ភ​សព្វ​បែប​យ៉ាង​អ៊ីចឹង! វា​មិន​ត្រូវ​ឱ្យ​កើត​មាន។ យើង​ចង់​ឱ្យ​ធ្វើ​ម៉េច ត្រូវ​តែ​អនុវត្តន៍ និង​គោរព​ច្បាប់​ទាំង​អស់​គ្នា​ ហើយ​ត្រូវ​លប់​បំបាត់​នូវ​រាល់​ការ​តាម​ឃ្លាំមើល ការ​តាម​ថត​រូប​សព្វ​បែប​យ៉ាង នៅ​តាម​វេទិកា​ ឬ​កិច្ច​ប្រជុំ​មួយៗ នៅ​ពេល​ដែល​ថ្នាក់​ដឹកនាំ​គណ​បក្ស​ភ្លើង​ទៀន​ចុះ​ជួប​ប្រជា​ពល​រដ្ឋ​ហ្នឹង​បាទ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរ​បាល​ជាតិ​លោក ឆាយ គឹមខឿន ដើម្បី​បក​ស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២១ ខែមីនា។

ប៉ុន្តែ​កាល​ថ្មីៗ នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ណែ​នាំ​ដល់​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ ត្រូវ​បើក​ចំហ​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​អាច​ធ្វើ​សកម្មភាព​បាន​ពេញលេញ និង​ស្មើភាព​គ្នា ជា​ពិសេស​ក្នុង​អំឡុង​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ពេល​ខាង​មុខ។

ទោះ​យ៉ាង​ណា​ក្ដី មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​ណែនាំ​ពី​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ហាក់​គ្មាន​ប្រសិទ្ធភាព ដោយ​សារ​អាជ្ញាធរ​នៅ​តែ​បង្ក​ការ​ភ័យខ្លាច​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ដដែល។ ជាក់​ស្ដែង​សកម្មជន​បក្ស​ភ្លើង​ទៀន​មួយ​ចំនួន ពិបាក​ធ្វើ​សកម្ម​ភាព​ដោយ​សារ​រូបភាព​បំភិត​បំភ័យ និង​ការ​គំរាម​កំហែង​ជា​បន្ត​បន្ទាប់ ដូចជា​ការ​ព្រួត​វាយ​ធ្វើ​បាប​ពី​ជន​មិន​ស្គាល់​មុខ ​ការ​គប់​ដុំ​ថ្ម​ចូល​ផ្ទះ និង​ការ​ជិះ​ម៉ូតូ​ដេញ​បុក​ប៉ុន​ប៉ង​សម្លាប់​ជា​ដើម ប៉ុន្តែ​ករណី​ទាំង​នោះ​ គឺ​ក្រសួង​មហាផ្ទៃ​ពុំ​ដែល​វែកមុខ​រក​ឃើញ​ជន​ល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឡើយ។

រដ្ឋធម្មនុញ្ញ​មាត្រា៣៥ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​ មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រ​ទេស​ជាតិ។ ប៉ុន្តែ​ច្បាប់​បោះ​ឆ្នោត​ បាន​ហាមឃាត់​ មិន​ឲ្យ​មន្ត្រី​សាធារណៈ​ប្រើ​ប្រាស់​តួនាទី ដើម្បី​កេង​ចំណេញ​ប្រយោជន៍​បក្ស​របស់​ខ្លួន​ដែល​ផ្ទុយ​នឹង ច្បាប់​ដែល​តម្រូវ​មន្ត្រី​រាជការ​ត្រូវ​មាន​អព្យាក្រឹត​ភាព​ក្នុង​សកម្មភាព​បំពេញ​ការងារ​របស់​ខ្លួន​ ស្រប​តាម​ច្បាប់។

ជុំវិញ​រឿង​នេះ អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា មន្ត្រី​រាជការ​ស៊ីវិល កម្លាំង​​មាន​សមត្ថកិច្ច​ត្រូវ​ដើរ​តួនាទី​អព្យា​ក្រឹត្យ ដោយ​គ្មាន​ការ​រើស​អើង​ និង​ប្រកាន់​បក្ខពួក​ឡើយ។​ ទោះ​ជា​យ៉ាងណា​លោក​មើល​ឃើញ​ថា បច្ចុប្បន្ន​ពលរដ្ឋ​មួយ​ចំនួន​ហាក់​មិន​ទាន់​ជឿ​ជាក់​ចំពោះ​ការ​អនុវត្ត​តួនាទី​របស់​សមត្ថកិច្ច​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា បើ​សិន​មាន​អាជ្ញាធរ​រូប​ណា​ចូល​ថតរូប និង​ចូល​ស្ដាប់​កិច្ច​ប្រជុំ​រៀបចំ​ដោយ​បក្ស​នយោបាយ​គ្មាន​ការ​អនុញ្ញាត​នោះ ​គឺ​ចាត់​ទុក​ថា ជា​ការ​រឹតត្បិត​លើ​សេរីភាព​នៃ​ការ​ជួប​ជុំ​ដែល​ផ្ទុយ​អំពី​គោល​ការណ៍​ច្បាប់ ​ហើយ​ក្រសួង​មហាផ្ទៃ​ត្រួត​ពិនិត្យ​ដោះ​ស្រាយ​ឱ្យ​បាន​ឆាប់ ​ដើម្បី​រុញ​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​ប្រព្រឹត្តទៅ​ដោយ​សេរី ​ត្រឹម​ត្រូវ​ និង​យុត្តិធម៌។

លោក កន សាវាង្ស៖ «ទោះ​បី​ជា​ចំណុច​ណា​ក៏​ដោយ​ ក៏​គាត់​មិន​អាច​មក​អង្គុយ​ចាំ​ស្ដាប់​សម្រាប់​ជា​កិច្ចការ​អី​ទេ! ​ព្រោះ​ការងារ​បក្ស​ការងារ​ជួប​ជុំ​វា​ជា​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ​របស់​គណ​បក្ស​​មួយៗ​ វា​អត់​មាន​ត្រូវ​ការ​ ​តួនាទី​ភារកិច្ច​គាត់​ហ្នឹង​មក​អង្គុយ​ធ្វើ​ការ​សង្កេត​នៅ​ក្នុង​ហ្នឹង​ទៅ។ ហើយ​រឿង​សុវត្ថិភាព​ក៏​អញ្ចឹង​ដែរ​ បើ​គ្មាន​ហៅ អញ្ជើញ​គាត់​ឱ្យ​ចូល​រួម​នៅ​ក្នុង​ការ​ជួយ​ការពារ​នោះ​ទេ គឺ​ថា មិន​ចាំបាច់​គាត់​ហ្នឹង​ធ្វើ​ការ​មក​ចូល​រួម​ទេ»

គណៈកម្មាធិការ​ជាតិ​រៀបចំ ការ​បោះ​ឆ្នោត (..) បាន​ប្រកាស​ថា អ្នក​មាន​ឈ្មោះ ក្នុង​បញ្ជី​បោះ​ឆ្នោត​ផ្លូវការ ឆ្នាំ២០២២ មាន​ជាង ៩លាន ៧សែន​ម៉ឺន​នាក់ (.៧១០.៦៥៥) ស្មើ​នឹង ៨៩,២៨% នៃ​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ និង​មាន​ការិយាល័យ បោះឆ្នោត​ចំនួន ២៣.៧៨៩ការិយាល័យ។ គ..ប បាន​បញ្ជាក់​ថា​បញ្ជី​បោះ​ឆ្នោត​ផ្លូវ​ការ ឆ្នាំ២០២២ គឺ​ជា​បញ្ជី​បោះឆ្នោត​ផ្លូវការ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល ទី៧ ថ្ងៃអាទិត្យ ទី២៣ កក្កដា​ខាង​មុខ​នេះ។

គណបក្ស​ភ្លើង​ទៀន​ធ្លាប់​បញ្ជាក់​ថា​គណបក្ស​នេះ​ប្រឆាំង​ដាច់​ខាត ចំពោះ​ការ​គាប​​សង្កត់ ការ​គំរាម​កំហែង និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​គ្រប់​រូប​ភាព។ គណ​បក្ស​នេះ​ទាមទារ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់។ គណបក្ស​ភ្លើង​ទៀន អំពាវនាវ​ឲ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទាំង​អស់ ឲ្យ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ សេរី ពហុបក្ស​ឲ្យ​បាន​ត្រឹម​ត្រូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។