បក្ស​ភ្លើងទៀន​ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​អ្នក​ស្លាប់​​ក្នុង​របប​ខ្មែរ​ក្រហម

0:00 / 0:00

គណបក្ស​ភ្លើងទៀន ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល ជូន​ទៅ​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ជា​រឿង​ល្អ​តាម​បែប​ប្រពៃណី​ខ្មែរ ដែល​គណបក្ស​នយោបាយ ធ្វើ​ពិធី​បង្សុកូល​ដើម្បី​រំលឹក​ដល់​ជនរងគ្រោះ​ក្នុង​របប​អាវ​ខ្មៅ​មួយ​នេះ។ ពួកគេ​អំពាវនាវ​ដល់​អ្នកនយោបាយ​ទាំង​អស់​ឈប់​លាប​ពណ៌​គ្នា ដើម្បី​ជៀសវាង​ការ​សម្លាប់​ខ្មែរ​គ្នា​ឯង​ដូច​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។

គណបក្ស​ភ្លើងទៀន​នៅ​ព្រឹក​ថ្ងៃទី១៧ ខែមេសា ប្រារព្ធ​ពិធី​បង្សុកូល រាប់​បាត​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​កុសល ជូន​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ដែល​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។ ពិធី​បុណ្យ​បង្សុកូល​នេះ នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង ៦:៣០នាទី ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ២០០នាក់​នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើង​ឯក។

អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក រ៉ុង ឈុន មាន​ប្រសាសន៍ថា គោលបំណង​នៃ​កម្មវិធី​បង្សុកូល​នេះ គឺ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ទៅ​ដល់​អ្នក ដែល​បាត់បង់​ជីវិត​ក្នុង​សម័យ​ខ្មែរ​ក្រហម។ លោក​បន្ថែម​ថា ការ​ធ្វើ​ពិធី​បង្សុកូល​នេះ​ក៏​ដើម្បី​ផ្ញើរ​សារ​ជូន​ទៅ​អ្នក​នយោបាយ​ទាំងអស់ កុំ​ឲ្យ​ដើរ​ជាន់​លើ​ដាន​ប្រវត្តិសាស្ត្រ​ចាស់ ព្រោះ​កាលណា​អ្នកនយោបាយ​សម្រេច​ចិត្ត​ខុស​សូម្បី​តែ​បន្តិច​នោះ នឹង​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​រាប់​លាន​នាក់​បាត់បង់​ជីវិត និង​បែក​បាក់​គ្រួសារ។

លោក រ៉ុង ឈុន៖«វិធី​ល្អ​អ្នកនយោបាយ​ទាំង​គណបក្ស​កាន់​អំណាច និង​បក្ស​មិន​កាន់​អំណាច យើង​ត្រូវ​មាន​ការ​ប្រកួតប្រជែង​តាម​ការ​បោះឆ្នោត ហើយ​ការ​ប្រកួតប្រជែង​ហ្នឹង​ត្រូវ ស្មើ​មុខ​ស្មើ​មាត់​គ្នា។ រដ្ឋាភិបាល​កម្ពុជា​ហ្នឹង​ត្រូវតែ គេ​ហៅ​ថា បើក​លំហ​សេរីភាព ទៅ​ដល់​គណបក្ស​ដៃគូ​ហ្នឹង​ធ្វើ​យ៉ាង​ដូចម្ដេច​ឲ្យ​មាន​ឱកាស​ចុះ​ជួប​ជា​មួយ​ម្ចាស់​ឆ្នោត ក៏​ដូចជា​បើក​លំហ​ធ្វើ​យ៉ាង​ដូចម្ដេច ការ​បញ្ចេញ​ទស្សនៈ ផ្ញើ​សារ​កុំ​ឲ្យ​មាន​ការ​បំភិតបំភ័យ ការ​គំរាមកំហែង ទៅ​ដល់​សកម្មជន​គណបក្ស ជាពិសេស​ការ​ដែល​ប្រើ​អំពើ​ហិង្សា​កន្លង​មក​ហ្នឹង​កុំ​ឲ្យ​កើត​មាន ត្រូវ​ចេះ​អត់ឱន។ គ្រាន់​តែ សកម្មជន​ក៏​ដូចជា​សង្គម​ស៊ីវិល ក៏​ដូចជា​ប្រជាពលរដ្ឋ​បញ្ចេញ​មតិ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ក្ដី ត្រូវ​ទទួល​យក»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​ថា ការ​ធ្វើ​ពិធី​ឧទ្ទិស​កុសល​ដល់​អ្នក​ដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម គឺ​ជា​សីលធម៌​សង្គម​មួយ ដែល​មើល​ឃើញ​ពី​មនោសញ្ចេតនា និង​ការ​បាត់បង់​ជីវិត​របស់​ប្រជាជន​ខ្មែរ។ លោក​បន្ថែម​ថា ពាក់ព័ន្ធ​នឹង​ការ​ចាប់​ទោស​អូស​ដំណើរ​ដល់​សកម្មជន គណបក្ស​ប្រឆាំង​កន្លង​ទៅ គឺ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​តែងតែ​អត់ឱន និង​បាន​ឲ្យ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​កំហុស​ទាំង​នោះ ចេញ​មុខ​មក​សុំទោស​ជា​សាធារណៈ នោះ​បញ្ហា​នឹង​ត្រូវ​បាន​បញ្ចប់។

លោក សុខ ឥសាន៖«ការ​គ្រាន់​តែ​មាន​មតិ​ប៉ះពាល់​ដល់​រដ្ឋាភិបាល ដែល​កំពុង​កាន់​អំណាច​បច្ចុប្បន្ន​នេះ វា​អត់​មាន​ជា​បញ្ហា​ទោសពៃរ៍​អ្វី​ទេ ដែល​អ្នក​ដែល​មាន​ទោស​ប៉ី​ដូច​ករណី លោក សុន ឆ័យ អ៊ី អាហ្នឹង​មិន​មែន​ជា​ការ​មាន​មតិ​ប៉ះពាល់​ទេ វា​ជា​ការ​វៃ​ប្រហារ​ដោយ​ចេតនា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​និង​ស្ថាប័ន​ផ្សេង​ទៀត​ដូចជា គ.ជ.ប​ជាដើម។ ការ​ចោទ​ប្រកាន់​គេ​ថា ជា​ចោរ​លួច​សន្លឹក​ឆ្នោត​ដូច​ចោរ​លួច​គោរ​លួច​ក្របី​មិន​មែន​ជា​ការ​និយាយ​ប៉ះពាល់​បន្តិច​បន្តួច​ដល់​គណបក្ស​ប្រជាជន​ហើយ​និង​គ.ជ.ប​ទេ អាហ្នឹង​វា​ជា​ការ​វៃ​ប្រហារ​ដោយ​ចេតនា​ខាង​នយោបាយ​តែ​ប៉ុណ្ណោះ»។

ពាក់ព័ន្ធ​ករណី​នេះ ប្រធាន​សមាគមន៍​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា(ADHOC) លោក នី សុខា មានប្រសាសន៍ថា ការ​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល ជូន​ដល់​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ គឺ​ជា​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ។ មួយវិញទៀត លោក​ថា ការ​ធ្វើ​ពិធី​បង្សុកូល​នេះ ក៏​ជា​ការ​បង្ហាញ​អំពី​ការ​យកចិត្តទុកដាក់ របស់​អ្នក​នយោបាយ​ខ្មែរ ចំពោះ​បញ្ហា​ការ​បាត់បង់​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​នា​សម័យ​ខ្មែរ​ក្រហម​ផង​ដែរ។ លោក​បន្ត​ថា ការ​ធ្វើ​ពិធី​បង្សុកូល​នេះ ក៏​ជា​ការ​រំលឹក​ដាស់តឿន​ដល់​អ្នក​នយោបាយ​ខ្មែរ អំពី​ការ​កាប់​សម្លាប់​ដ៏​ឃោរឃៅ ដែល​កើត​មាន​ឡើង​ក្នុង​ប្រវត្តិសាស្ត្រ គឺ​បណ្ដាល​មក​ពី​វិបត្តិ​នយោបាយ និង​ការ​សងសឹក​គ្នា​មិន​ចេះ​ចប់ មិន​ចេះ​ហើយ​របស់​អ្នក​នយោបាយ​ខ្មែរ។

លោក នី សុខា៖ «ការ​ចង​អាឃាត​គ្នា ការ​ចង​គំនុំ​គ្នា ការ​ធ្វើទុក្ខបុកម្នេញ​គ្នា​ខាង​ផ្លូវ​នយោបាយ​នោះ វា​អត់​មាន​ជា​ផ្លូវ​ល្អ​នោះ​ទេ។ យើង​ឃើញ​ហើយ កម្ពុជា​យើង​រងគ្រោះ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​គឺ​ដោយសារ​តែ​នយោបាយ​ចង​អាឃាត នយោបាយ​ដែល​មាន​គំនុំ​ក្លាយ​ទៅ​ជា​អំពើ​ហិង្សា បាន​មក​ដល់​ដំណាក់កាល​នេះ គឺ​ដោយសារ​តែ​យើង​មាន​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស យើង​មាន​ស្មារតី​រដ្ឋធម្មនុញ្ញ​ដែល​ល្អ ដូច្នេះ​អ្នក​នយោបាយ​ទាំង​អស់​គួរ​តែ ងាក​ទៅ​ធ្វើ​ការ​ដោះស្រាយ​ចរចា​បញ្ហា​នយោបាយ ផ្សះផ្សា​ខាង​នយោបាយ​ដើម្បី យក​ឱកាស​ហ្នឹង​មក​ធ្វើការ​កសាង​ប្រទេស​ជាតិ​ដើម្បី​ប្រទេស​ចំរុង​ចម្រើន ប្រជាពលរដ្ឋ​មាន​ភាព​សុខសប្បាយ មាន​សន្តិភាព សន្តិសុខ​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​បាទ»។

របប​ខ្មែរ​ក្រហម ឬ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ចាប់​ផ្ដើម​ឡើង​នៅ​ថ្ងៃទី​១៧ មេសា ឆ្នាំ​១៩៧៥ គឺ​ជា​ថ្ងៃ​ចាប់​ផ្ដើម​នៃ​ប្រវត្តិសាស្ត្រ​កាប់​សម្លាប់​ពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់ ទម្រាំ​របប​នេះ​ដួល​រលំ នៅ​ខែ​មករា ឆ្នាំ ១៩៧៩។ គិត​ចាប់​តាំង​ពី​របប​ខ្មែរ​ក្រហម​ដួល​រលំ​ក្នុង​ឆ្នាំ ១៩៧៩ មកទល់​នឹង​ឆ្នាំ២០២៣​នេះ គឺ​មាន​រយៈពេល ៤៤ឆ្នាំ​ហើយ។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​នៅ​រស់រាន​មាន​ជីវិត​ក្រោយ​ពី​របប​អាវ​ខ្មៅ​មួយ​នេះ ចងចាំ​មិន​ភ្លេច​អំពី​ទុក្ខវេទនា ការ​កាប់​សម្លាប់ និង​ការ​និរាស​ព្រាត់ប្រាស​ចាក​ឆ្ងាយ​ពី​ក្រុម​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។