គណបក្សភ្លើងទៀន ប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសល ជូនទៅដល់វិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ជារឿងល្អតាមបែបប្រពៃណីខ្មែរ ដែលគណបក្សនយោបាយ ធ្វើពិធីបង្សុកូលដើម្បីរំលឹកដល់ជនរងគ្រោះក្នុងរបបអាវខ្មៅមួយនេះ។ ពួកគេអំពាវនាវដល់អ្នកនយោបាយទាំងអស់ឈប់លាបពណ៌គ្នា ដើម្បីជៀសវាងការសម្លាប់ខ្មែរគ្នាឯងដូចនៅក្នុងប្រវត្តិសាស្ត្រ។
គណបក្សភ្លើងទៀននៅព្រឹកថ្ងៃទី១៧ ខែមេសា ប្រារព្ធពិធីបង្សុកូល រាប់បាតប្រគេនចង្ហាន់ព្រះសង្ឃដើម្បីឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលស្លាប់នៅក្នុងរបបខ្មែរក្រហម។ ពិធីបុណ្យបង្សុកូលនេះ នឹងចាប់ផ្ដើមនៅម៉ោង ៦:៣០នាទី ដែលមានអ្នកចូលរួមប្រមាណ ២០០នាក់នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។
អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន មានប្រសាសន៍ថា គោលបំណងនៃកម្មវិធីបង្សុកូលនេះ គឺដើម្បីឧទ្ទិសកុសលជូនទៅដល់អ្នក ដែលបាត់បង់ជីវិតក្នុងសម័យខ្មែរក្រហម។ លោកបន្ថែមថា ការធ្វើពិធីបង្សុកូលនេះក៏ដើម្បីផ្ញើរសារជូនទៅអ្នកនយោបាយទាំងអស់ កុំឲ្យដើរជាន់លើដានប្រវត្តិសាស្ត្រចាស់ ព្រោះកាលណាអ្នកនយោបាយសម្រេចចិត្តខុសសូម្បីតែបន្តិចនោះ នឹងបណ្ដាលឲ្យប្រជាពលរដ្ឋរងគ្រោះរាប់លាននាក់បាត់បង់ជីវិត និងបែកបាក់គ្រួសារ។
លោក រ៉ុង ឈុន៖«វិធីល្អអ្នកនយោបាយទាំងគណបក្សកាន់អំណាច និងបក្សមិនកាន់អំណាច យើងត្រូវមានការប្រកួតប្រជែងតាមការបោះឆ្នោត ហើយការប្រកួតប្រជែងហ្នឹងត្រូវ ស្មើមុខស្មើមាត់គ្នា។ រដ្ឋាភិបាលកម្ពុជាហ្នឹងត្រូវតែ គេហៅថា បើកលំហសេរីភាព ទៅដល់គណបក្សដៃគូហ្នឹងធ្វើយ៉ាងដូចម្ដេចឲ្យមានឱកាសចុះជួបជាមួយម្ចាស់ឆ្នោត ក៏ដូចជាបើកលំហធ្វើយ៉ាងដូចម្ដេច ការបញ្ចេញទស្សនៈ ផ្ញើសារកុំឲ្យមានការបំភិតបំភ័យ ការគំរាមកំហែង ទៅដល់សកម្មជនគណបក្ស ជាពិសេសការដែលប្រើអំពើហិង្សាកន្លងមកហ្នឹងកុំឲ្យកើតមាន ត្រូវចេះអត់ឱន។ គ្រាន់តែ សកម្មជនក៏ដូចជាសង្គមស៊ីវិល ក៏ដូចជាប្រជាពលរដ្ឋបញ្ចេញមតិរិះគន់ក្នុងន័យស្ថាបនាក្ដី ត្រូវទទួលយក»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា ការធ្វើពិធីឧទ្ទិសកុសលដល់អ្នកដែលបានស្លាប់ក្នុងរបបខ្មែរក្រហម គឺជាសីលធម៌សង្គមមួយ ដែលមើលឃើញពីមនោសញ្ចេតនា និងការបាត់បង់ជីវិតរបស់ប្រជាជនខ្មែរ។ លោកបន្ថែមថា ពាក់ព័ន្ធនឹងការចាប់ទោសអូសដំណើរដល់សកម្មជន គណបក្សប្រឆាំងកន្លងទៅ គឺថ្នាក់ដឹកនាំគណបក្សប្រជាជនតែងតែអត់ឱន និងបានឲ្យបុគ្គលដែលបានប្រព្រឹត្តកំហុសទាំងនោះ ចេញមុខមកសុំទោសជាសាធារណៈ នោះបញ្ហានឹងត្រូវបានបញ្ចប់។
លោក សុខ ឥសាន៖«ការគ្រាន់តែមានមតិប៉ះពាល់ដល់រដ្ឋាភិបាល ដែលកំពុងកាន់អំណាចបច្ចុប្បន្ននេះ វាអត់មានជាបញ្ហាទោសពៃរ៍អ្វីទេ ដែលអ្នកដែលមានទោសប៉ីដូចករណី លោក សុន ឆ័យ អ៊ី អាហ្នឹងមិនមែនជាការមានមតិប៉ះពាល់ទេ វាជាការវៃប្រហារដោយចេតនាដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា ហើយនិងស្ថាប័នផ្សេងទៀតដូចជា គ.ជ.បជាដើម។ ការចោទប្រកាន់គេថា ជាចោរលួចសន្លឹកឆ្នោតដូចចោរលួចគោរលួចក្របីមិនមែនជាការនិយាយប៉ះពាល់បន្តិចបន្តួចដល់គណបក្សប្រជាជនហើយនិងគ.ជ.បទេ អាហ្នឹងវាជាការវៃប្រហារដោយចេតនាខាងនយោបាយតែប៉ុណ្ណោះ»។
ពាក់ព័ន្ធករណីនេះ ប្រធានសមាគមន៍ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា(ADHOC) លោក នី សុខា មានប្រសាសន៍ថា ការធ្វើពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់អ្នកដែលបានចែកឋានទៅ គឺជាប្រពៃណីទំនៀមទម្លាប់ខ្មែរ។ មួយវិញទៀត លោកថា ការធ្វើពិធីបង្សុកូលនេះ ក៏ជាការបង្ហាញអំពីការយកចិត្តទុកដាក់ របស់អ្នកនយោបាយខ្មែរ ចំពោះបញ្ហាការបាត់បង់ជីវិតប្រជាពលរដ្ឋខ្មែរនាសម័យខ្មែរក្រហមផងដែរ។ លោកបន្តថា ការធ្វើពិធីបង្សុកូលនេះ ក៏ជាការរំលឹកដាស់តឿនដល់អ្នកនយោបាយខ្មែរ អំពីការកាប់សម្លាប់ដ៏ឃោរឃៅ ដែលកើតមានឡើងក្នុងប្រវត្តិសាស្ត្រ គឺបណ្ដាលមកពីវិបត្តិនយោបាយ និងការសងសឹកគ្នាមិនចេះចប់ មិនចេះហើយរបស់អ្នកនយោបាយខ្មែរ។
លោក នី សុខា៖ «ការចងអាឃាតគ្នា ការចងគំនុំគ្នា ការធ្វើទុក្ខបុកម្នេញគ្នាខាងផ្លូវនយោបាយនោះ វាអត់មានជាផ្លូវល្អនោះទេ។ យើងឃើញហើយ កម្ពុជាយើងរងគ្រោះពីមួយជំនាន់ទៅមួយជំនាន់គឺដោយសារតែនយោបាយចងអាឃាត នយោបាយដែលមានគំនុំក្លាយទៅជាអំពើហិង្សា បានមកដល់ដំណាក់កាលនេះ គឺដោយសារតែយើងមានស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស យើងមានស្មារតីរដ្ឋធម្មនុញ្ញដែលល្អ ដូច្នេះអ្នកនយោបាយទាំងអស់គួរតែ ងាកទៅធ្វើការដោះស្រាយចរចាបញ្ហានយោបាយ ផ្សះផ្សាខាងនយោបាយដើម្បី យកឱកាសហ្នឹងមកធ្វើការកសាងប្រទេសជាតិដើម្បីប្រទេសចំរុងចម្រើន ប្រជាពលរដ្ឋមានភាពសុខសប្បាយ មានសន្តិភាព សន្តិសុខផ្លូវកាយ និងផ្លូវចិត្តបាទ»។
របបខ្មែរក្រហម ឬរបបកម្ពុជាប្រជាធិបតេយ្យ ដែលចាប់ផ្ដើមឡើងនៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ គឺជាថ្ងៃចាប់ផ្ដើមនៃប្រវត្តិសាស្ត្រកាប់សម្លាប់ពលរដ្ឋកម្ពុជារាប់លាននាក់ ទម្រាំរបបនេះដួលរលំ នៅខែមករា ឆ្នាំ ១៩៧៩។ គិតចាប់តាំងពីរបបខ្មែរក្រហមដួលរលំក្នុងឆ្នាំ ១៩៧៩ មកទល់នឹងឆ្នាំ២០២៣នេះ គឺមានរយៈពេល ៤៤ឆ្នាំហើយ។ ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលនៅរស់រានមានជីវិតក្រោយពីរបបអាវខ្មៅមួយនេះ ចងចាំមិនភ្លេចអំពីទុក្ខវេទនា ការកាប់សម្លាប់ និងការនិរាសព្រាត់ប្រាសចាកឆ្ងាយពីក្រុមគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
