មន្ត្រីតុលាការរបបក្រុងភ្នំពេញ បានដឹកនាំកងកម្លាំងអាជ្ញាធរភូមិ និងសង្កាត់ច្រើននាក់ ចុះទៅឆែកឆេរទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី៨ វិច្ឆិកា ដើម្បីរកភស្តុតាងបន្ថែមទៀត ក្នុងសំណុំរឿងចោទប្រកាន់ក្រុមសន្តិសុខដេកយាមអគារទីស្នាក់ការគណបក្សសង្គ្រោះជាតិ និងពលរដ្ឋ សរុប ១០នាក់ ពីបទរួមគំនិតក្បត់ជាតិ ជាមួយមេដឹកនាំបក្សប្រឆាំង។ មេធាវីការពារក្ដីឱ្យមនុស្សទាំង១០នាក់ ប្រាប់ថា ភស្តុតាងបន្ថែម ដែលរឹបអូសបាន មិនអាចយកជាការបានទេ ដោយសារគ្មានវត្តមានភាគីក្រុមមេធាវីការពារក្ដីឱ្យជនសង្ស័យ។
ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បានចុះលើកំណត់ហេតុចាប់យកវត្ថុតាងថា អាជ្ញាធរមានសមត្ថកិច្ច ដកហូតបានទូដែកមួយគ្រឿង ឯកសារចំនួន ៥កេស និងឯកសារផ្សេងទៀត ចំនួន ៣បាវ។ អាជ្ញាធររបបក្រុងភ្នំពេញអះអាងថា ទូដែក និងឯកសារទាំងនោះ គឺជាតម្រុយវត្ថុតាងបន្ថែមទៀត។
ការចុះទៅឆែកឆេរនេះ ធ្វើឡើយក្រោយពេលតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហ៊ាង បានចោទប្រកាន់មនុស្សទាំង ១០នាក់ ពីបទរួមគំនិតក្បត់ជាតិ ហើយបញ្ជូនឱ្យចៅក្រមស៊ើបសួរ ឈ្មោះ កូយ សៅ ចេញដីកាបង្គាប់ឱ្យឃុំខ្លួន នៅពន្ធនាគារព្រៃស កាលពីថ្ងៃទី៧ វិច្ឆិកា។ មេធាវីការពារក្ដីក្នុងសំណុំរឿងនេះប្រាប់ថា មនុស្សទាំង ១០នាក់ ដែលត្រូវបានចាប់ខ្លួននោះ មានអ្នកខ្លះជាសន្តិសុខយាមទីស្នាក់ការគណបក្សសង្គ្រោះជាតិ ខ្លះជាអតីតអង្គរក្សលោក សម រង្ស៊ី និងខ្លះទៀត ជាពលរដ្ឋនៅក្បែរនោះ មកសុំបត់ជើងក្នុងបង្គន់ ហើយត្រូវសមត្ថកិច្ចចាប់ទាំងអស់ បញ្ជូនទៅតុលាការ។ ពួកគេទាំង ១០នាក់ ត្រូវបាននគរបាលចាប់ខ្លួនពីក្នុងអគារទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ កាលពីល្ងាច ថ្ងៃទី៥ វិច្ឆិកា ក្រោមហេតុផលថា អាជ្ញាធរខណ្ឌមានជ័យ ចុះធ្វើកិច្ចការរដ្ឋបាល។
ជុំវិញករណីចៅក្រមចុះឆែកឆេរអគារទីស្នាក់ការគណបក្សប្រឆាំង រកភស្តុតាងបន្ថែមនេះ អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែម ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និងអាជ្ញាធរពាក់ព័ន្ធក្នុងការចុះឆែកឆេរនេះបានទេ នៅថ្ងៃទី៨ វិច្ឆិកា។ តែយ៉ាងណា អធិការខណ្ឌមានជ័យ លោក ម៉េង វិមានតារា ប្រាប់ប្រព័ន្ធឃោសនាស្និទ្ធរបបក្រុងភ្នំពេញ (Freshnews) ថា វត្ថុតាង ដែលសមត្ថកិច្ចដកហូតបាន មានទូដែក១ ឯកសារ ៣បាវ និង ៥កេសនោះ ជាវត្ថុតាងសង្ស័យពាក់ព័ន្ធផែនការធ្វើរដ្ឋប្រហារ និងជាភស្តុតាង ដែលនាំឱ្យមានការឈានទៅដល់ការបិទទីស្នាក់ការបក្សប្រឆាំងនៅសង្កាត់ចាក់អង្រែលើជាបណ្ដោះអាសន្ន។
មេធាវីការពារក្ដីឱ្យមនុស្សទាំង ១០នាក់នេះ គឺលោកមេធាវី សំ សុគង់។ លោកងឿងឆ្ងល់ពីនីតិវិធីតុលាការ ដែលចុះទៅឆែកឆេររកភស្តុតាង ដោយគ្មានជូនដំណឹងទៅក្រុមមេធាវីការពារជនសង្ស័យ។ លោកថា ក្នុងផ្លូវច្បាប់ ភស្តុតាង ដែលកើតចេញទង្វើ តែម្ខាងបែបនេះ មិនអាចយកជាការបានរួចបាត់ទៅហើយ។ ទោះយ៉ាងណា លោកថា ក្រុមមេធាវីនឹងពិភាក្សាគ្នា ប្ដឹងបដិសេធភស្តុតាងទាំងនេះ។
ពាក់ព័ន្ធនឹងការចោទប្រកាន់លើកូនក្ដីទាំង ១០នាក់វិញ លោកយល់ថា តំណាងអយ្យការ និងចៅក្រមស៊ើបសួរ សួររបៀបបង្គ្រប់កិច្ច និងបង្ហាញចេតនា សួរសំណួរដាក់បន្ទុកលើមនុស្សទាំង១០នាក់។ លោកមេធាវីថា មន្ត្រីតុលាការសួរកូនក្ដីលោក បានតែ ២នាក់ទេ តែសម្រេចចោទប្រកាន់ និងដាក់ពន្ធនាគារទាំង ១០នាក់ ពីបទចូលរួមគំនិតក្បត់ដូចគ្នា។ លោកថា ចៅក្រមស៊ើបសួរ លោក កូយ សៅ មិនបានប្រាប់ថា នឹងបន្តនីតិវិធីលើកូនក្ដីទាំង ១០នាក់របស់លោក នៅពេលណាតទៀតឱ្យប្រាកដទេ៖ «ក្រុមមេធាវីការពារយល់ឃើញថា បើកាលណា មានការឆកល្វែង ឬរំលោភនៅក្នុងនីតិវិធីនៃការឆែកឆេរនេះ គឺភស្តុតាងទាំងឡាយ ដែលតុលាការចោទប្រកាន់ ឬសមត្ថកិច្ចដកហូតបាន នៅពេលដែលមេធាវីមិនបានចូលរួមហ្នឹង គឺជាភស្តុតាងមិនអាចយកជាការបានទេ។ មិនអាចយកជាភស្តុតាងនៅក្នុងសំណុំរឿងហ្នឹងបានទេ»។
មកដល់ថ្ងៃទី៨ វិច្ឆិកា របបក្រុងភ្នំពេញ បានចាប់ខ្លួនសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិចំនួន ៨១នាក់ និងសកម្មជនចំនួន ១៩៩នាក់ផ្សេងទៀត ត្រូវរងដីកាបង្គាប់ឱ្យចាប់ខ្លួនពី បទបានចូលរួមអំពើក្បត់ជាតិ ជាមួយមេដឹកនាំគណបក្សប្រឆាំង។ គណបក្សសង្គ្រោះជាតិ និងក្រុមអង្គការសិទ្ធិមនុស្សធំៗ លើពិភពលោក ថ្កោលទោសរបបក្រុងភ្នំពេញ ក្នុងយុទ្ធនាការបង្ក្រាបលើសកម្មជនបក្សប្រឆាំងនេះ។
ទោះយ៉ាងណា លោក ហ៊ុន សែន មេដឹកនាំរបបក្រុងភ្នំពេញ មិនខ្វាយខ្វល់នឹងការថ្កោលទោសពីក្រុមលោកសេរីទេ។ លោកបានចេញបញ្ជាទៅសមត្ថកិច្ច កាលពីថ្ងៃទី៧ វិច្ឆិកា ឱ្យចាប់ខ្លួនសកម្មជនបក្សប្រឆាំងជាបន្តទៀត បើទោះនៅក្រោយថ្ងៃទី៩ វិច្ឆិកាក៏ដោយ បើសិនលោក សម រង្ស៊ី នៅតែបន្តផែនការវិលចូលប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។