កូនៗ​របស់​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ដែល​ភៀសខ្លួន​នៅ​ថៃ​បាត់បង់​ឱកាស​រៀន​សូត្រ

0:00 / 0:00

កូនៗ​របស់​អ្នក​នយោបាយគណបក្ស​សង្គ្រោះជាតិដែលរស់​នៅ​ភៀសខ្លួន​ក្នុង​ប្រទេសថៃ​បាត់​បង់​ឱកាស​រៀន​សូត្រព្រោះ​ឪពុកម្ដាយ​រវល់​តែ​លាក់ខ្លួន​ក្នុង​ទីសុវត្ថិភាពនិង​ផ្លាស់ប្តូរ​ទី​កន្លែង​រស់​នៅ​ញឹកញាប់​ដើម្បី​គេច​ពី​ការ​ធ្វើទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​ខ្មែរ។ ពួកគាត់​សង្ឃឹម​លើ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​នៅ​ប្រទេស​ថៃបញ្ជូន​គ្រួសារ​ពួកគាត់​ទៅ​ប្រទេស​ទី៣ដើម្បី​ឲ្យ​កូនៗ​មាន​ឱកាស​ចូល​រៀន។

សកម្មជន​គណបក្ស​សង្គ្រោះជាតិដែល​កំពុង​រស់​នៅ​លាក់ខ្លួន​ក្នុង​ប្រទេស​ថៃ​មិនហ៊ាន​បញ្ជូន​កូន​ទៅរៀន​នោះ​ទេព្រោះ​បារម្ភ​ពី​សុវត្ថិភាពនិង​ដោយ​សារ​តែ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ។ ពួកគាត់​រង់ចាំ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​បញ្ជូន​ទៅ​រស់​នៅ​ប្រទេសទី៣ដើម្បី​ឲ្យ​កូន​បាន​ចូល​រៀន​ទៀង​ទាត់។

លោក ដួង ចន្ត្រា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ខេត្តកំពង់ឆ្នាំងដែលរស់​នៅ​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ៥​ឆ្នាំ​មក​ហើយនិង​មាន​កូន​៤នាក់​ក្នុង​បន្ទុកប្រាប់​វិទ្យុអាស៊ី​សេរី​កាល​ថ្ងៃទី១៩ ខែវិច្ឆិកាថា ចាប់​ពី​ថ្ងៃ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន រម្លាយ​គណបក្ស​សង្គ្រោះជាតិ​មក​លោក​ត្រូវ​តុលាការ​ខេត្តកំពង់ឆ្នាំង​ចោទ​ប្រកាន់​ពី​បទ​រួមគំនិតក្បត់ ផ្ដួល​រំលំ​រដ្ឋាភិបាលហើយ​លោក​ក៏​នាំ​ប្រពន្ធ​កូន​រត់​គេច​មក​ថៃ។ លោកបន្ត​ថានៅទីនេះ​កូនគាត់​មិន​បាន​ទៅ​រៀននៅ​សាលាថៃ​នោះទេ​ដោយ​កូន​បង​របស់​គាត់​ជា​អ្នក​បង្រៀន​ប្អូនៗហើយម្យ៉ាង​ទៀត​លោក​ក៏កំពុង​ជួប​ប្រទះ​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ​ផង​ដែរ។ ទោះបី​យ៉ាង​ណាលោក​មិន​បោះបង់​ការ​តស៊ូក្នុង​ឆាក​នយោបាយដើម្បី​ធ្វើឲ្យ​ប្រទេស​កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​នោះ​ទេ៖

«អ៊ីចឹង​ទេ​យើង​នៅ​តែ​ស៊ូទ្រាំ​បន្តដើម្បី​ជាមេរៀន​មួយ​សម្រាប់​ឲ្យកូនចៅ​យើង​ជំនាន់​ក្រោយ​ឲ្យ​គាត់​មើល​ឃើញហើយ​ត្បិត​តែ​យើង​មក​ដល់​ពេល​នេះ​ទោះបី​ធ្វើ​កើតឬ​មិន​កើត​យ៉ាង​ណាក៏​ដោយយើង​ជាអ្នកនាំ​ផ្លូវ​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​មាន​ការ​តស៊ូដូច​យើង​ដើម្បី​ឈាន​ទៅ​រក​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា។បើយើង​នាំគ្នា​បោះចោល​មាន​បញ្ហា​ជួបការ​លំបាក​ហើយ​យើង​បោះចោល​ធ្វើឲ្យ​ក្មេង​ជំនាន់​ក្រោយ​ធ្វើ​តាមដូច្នេះ​ធ្វើ​ឲ្យ​ការ​តស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បរាជ័យ​រហូត​បាទ​!។

លោក ដួង ចន្រ្តា ត្រូវ​តុលាការ​ខេត្តកំពង់ឆាំង​ចោទ​ប្រកាន់​ពី​បទ រួមគំនិតក្បត់ តាមមាត្រា៤៥៣ នៃ​ក្រម​ព្រហ្មទណ្ឌ​របស់​កម្ពុជាពាក់ព័ន្ធ​នឹង​ករណី​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ លោក​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

ស្រដៀងគ្នានេះដែរ សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​ទៀតដែល​រស់​នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​ថៃ​កន្លះ​ឆ្នាំមាន​កូន៥នាក់​ក្នុង​បន្ទុក លោក ជា ជីវ ប្រាប់ថា លោកចង់​ឲ្យ​កូនៗ​ទៅរៀន​ដែរតែពួក​គាត់​មិន​ព្រម​ទៅព្រោះ​ពិបាក​ក្នុងការ​ទំនាក់ទំនង​ជាមួយ​គ្រូ​ជន​ជាតិ​ថៃ ហើយ គ្រួសារ​លោក​តែង​ផ្លាស់​កន្លែង​រស់​នៅទើបធ្វើឲ្យ​កូនៗ​លោក​មិន​ចង់​ទៅ​សាលា។ លោកព្រួយខ្លាច​កូនៗ​រៀន​មិន​ទាន់​គេពេល​បាន​ចូលរៀន​នៅ​ថ្ងៃមុខព្រោះ​ពួកគាត់​ឈប់​រៀន​យូរ​ពេក៖

«បាទ!ខ្ញុំពិតជា​បារម្ភបាទបារម្ភហើយ​ខ្ញុំខ្លាច​អនាគត​របស់​ក្មេងៗអត់​ទទួល​បាន​ការ​សិក្សា​អប់​រំ​ល្អ។ទាល់​តែ​យើង​ទៅដល់​ប្រទេស​ដែល​យូអិន(អង្គការ​សហប្រជាជាតិ)គាត់បាន​បញ្ជូន​ស្នើ​ទៅ​ដាក់​ទៅ​ស្ថានទូតទូតគេបានយើង​ឲ្យ​គាត់​ទៅ​រៀនសូត្រហើយទទួល​ការ​អប់រំ​ដិតដល់​ចំពោះ​ការ​សិក្សា​របស់​គាត់​បាទ!គឺប្រទេស​ទី៣បាទ»។

លោក ជា ជីវ ក៏ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញបានផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​៦​ឆ្នាំទាក់ទង​បទ​ចោទ​រួមគំនិត​ក្បត់​ដែរ។លោក ជា ជីវ ក៏បដិសេធ​ការចោទ​ប្រកាន់​នេះ​ដែរ។

ជុំវិញរឿង​នេះ​ដែរប្រធាន​ផ្នែក​ប្រយុទ្ធប្រឆាំងការ​ជួញដូរ​មនុស្សនិង​ទេសន្តរប្រវេសន៍​នៃអង្គការ​សង់ត្រាល់ លោក ឌី ថេហូយ៉ា លើកឡើងថា កុមារ​គឺ​ជា​ពន្លក​នៃការ​អភិវឌ្ឍប្រទេស​បើ​ពួកគាត់​មិន​បាន​ទទួលការ​អប់រំ​ត្រឹមត្រូវនោះធនធាន​មនុស្ស​របស់​ជាតិ​នឹង​បាត់បង់៖

«នេះប្រសិន​បើមិន​ទទួល​បាន​ការរៀនសូត្រ​នៅប្រទេស​ថៃទេ​វាបង្ក​ឲ្យមាន​គេហៅ​ផលប៉ះពាល់​យូរ​អង្វែង​សម្រាប់​ប្រទេស​ជាតិ​យើង​ផ្នែក​ធនធានមនុស្ស។ហើយ​​វា​ផ្ដល់​ផលប៉ះពាល់យូរអង្វែង​យ៉ាង​ម៉េចគឺ​ជាទូទៅ​ក្មេង​ត្រូវ​ការ​លូតលាស់​ទាំង​កាយ​សម្បទាទាំង​ចំណេះដឹងគេ​ហៅថាការ​វិវឌ្ឍ​ផ្នែក​ខួរ​ក្បាល​អីហ្នឹង»។

សមាជិក​របស់​គណបក្ស​សង្គ្រោះជាតិដែល​បាន​ចុះ​ក្នុង​បញ្ជីជនភៀសខ្លួន​នយោបាយ​នៅ​ថៃ​មាន​ជិត៤០​នាក់​សព្វ​ថ្ងៃ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។