រដ្ឋាភិបាល​កម្ពុជា​ជំពាក់​បំណុល​ចិន​សរុប​ជិត​៣​ពាន់​លាន​ដុល្លារ​អាមេរិក

ដោយ មាន ឫទ្ធិ
2017.04.21
ហ៊ុន សែន ចិន ៨៥៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង​ទី​១) និង​គណៈប្រតិភូ​កម្ពុជា ពេល​ជួប​ប្រជុំ​ជាមួយ​ភាគី​ចិន នៅ​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៦។
Photo from PM Hun Sen Facebook

គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៦ នេះ រដ្ឋាភិបាល​កម្ពុជា ជំពាក់​បំណុល​ប្រទេស​ចិន សរុប​ជិត ៣​ពាន់​លាន ឬ ៣​ប៊ីលាន​ដុល្លារ​អាមេរិក។ បំណុល​ទាំង​នេះ​មិន​ទាន់​រាប់បញ្ចូល​ពី​បំណុល​ចាស់​ដែល​បន្សល់ទុក​ដោយ​រដ្ឋាភិបាល​ជំនាន់​មុន​ជំពាក់​ប្រទេស​ចិន មុន​ឆ្នាំ​១៩៩៣ នៅ​ឡើយ​ទេ។

​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា  ជំពាក់​បំណុល​ប្រទេស​ចិន ច្រើន​ជាង​ប្រទេស​ណាៗ​ទាំង​អស់។ គិត​ត្រឹម​បំណាច់​ឆ្នាំ​២០១៦ កម្ពុជា​ជំពាក់​ចិន សរុប ២.៨១៨,៣៧ លាន​ដុល្លារ​អាមេរិក។ តួលេខ​ដដែល​ឲ្យ​ដឹង​ទៀត​ថា សរុប​ត្រឹម​ឆ្នាំ​២០១៦ រដ្ឋ​ទូទាត់​បំណុល​សង​ទៅ​ប្រទេស​ចិន វិញ បាន​សរុប​ចំនួន​ជិត ២៦០​លាន​ដុល្លារ​អាមេរិក។

ក្រៅ​ពី​ម្ចាស់បំណុល​ចិន រដ្ឋ​ក៏​កំពុង​ជាប់​ជំពាក់​បំណុល​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ប្រទេស​ធំៗ​ដទៃ​ទៀត​ជា​ច្រើន​ផង​ដែរ។ សម្រាប់​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ រដ្ឋ​ជំពាក់​រួម​មាន ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ចំនួន​ជិត ១.១៣០​លាន​ដុល្លារ​អាមេរិក (១.១២៨,៩១) ធនាគារ​ពិភពលោក (WB) ចំនួន​ជាង ៥១៨​លាន​ដុល្លារ​អាមេរិក (៥១៨,១៤) មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD) ចំនួន​ជាង ៥១​លាន​ដុល្លារ​អាមេរិក (៥១,២៨) មូលនិធិ​អូប៉ិច​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (OFID) ចំនួន​ជាង ៣៣​លាន​ដុល្លារ​អាមេរិក (៣៣,៤៦) និង​មូលនិធិ​អភិវឌ្ឍន៍​ន័រឌឹក (NDF) ចំនួន​ជាង ៩​លាន​ដុល្លារ​អាមេរិក (៩,២៤)។

ក្រៅ​ពី​ចិន កម្ពុជា​ក៏​ជំពាក់​ប្រាក់​ប្រទេស​កូរ៉េ​ខាងត្បូង នៅ​លំដាប់​ទី​ពីរ​សរុប​ជា​ប្រាក់ ២៨០​លាន​ដុល្លារ​អាមេរិក។  ប្រទេស​ជប៉ុន ឈរ​ក្នុង​លំដាប់​ទី​បី​ដែល​កម្ពុជា ជំពាក់​សរុប​ចំនួន​ជាង ២០៨​លាន​ដុល្លារ​អាមេរិក (២០៨,៣៦) ប្រទេស​បារាំង សរុប​ចំនួន​ជាង ៥៨​លាន​ដុល្លារ​អាមេរិក (៥៨,៤០) និង​ប្រទេស​ឥណ្ឌា សរុប​ចំនួន​ជាង ៤២​លាន​ដុល្លារ​អាមេរិក (៤២,២៣)។

ក្រៅ​ពី​ប្រទេស​ធំៗ​ដែល​បាន​រៀបរាប់​ពី​ខាង​លើ​នេះ កម្ពុជា​ក៏​បាន​ជំពាក់​បំណុល​ប្រទេស​ជិត​ខាង​ភូមិ​ផង​របង​របស់​ខ្លួន​ផង​ដែរ។ រដ្ឋ​ជំពាក់​ប្រទេស​ថៃ ជាង ៥៤​លាន​ដុល្លារ​អាមេរិក (៥៤,៣២) និង​ប្រទេស​វៀតណាម សរុប​ចំនួន​ជាង ២៥​លាន​ដុល្លារ​អាមេរិក (២៥,៦២)។

ជា​រួម បំណុល​សាធារណៈ​ក្រៅ​ប្រទេស​ដែល​រដ្ឋ​ជំពាក់​ទាំង​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ប្រទេស​ម្ចាស់​បំណុល គិត​ត្រឹម​បំណាច់​ឆ្នាំ​២០១៦ មាន​សរុប​ចំនួន​ជិត ៦​ពាន់​លាន​ដុល្លារ​អាមេរិក ឬ ៦​ប៊ី​លាន​ដុល្លារ​អាមេរិក។ តួលេខ​នេះ​រួម​បញ្ចូល​ទាំង​បំណុល​ចាស់​សរុប​ជា ៦៣៥​លាន​ដុល្លារ​អាមេរិក (៦៣៥,១៩) ដែល​ក្នុង​បំណុល​នេះ កម្ពុជា​ជំពាក់​បំណុល​សហរដ្ឋ​អាមេរិក កាល​ពី​សម័យ​សង្គ្រាម​សរុប​ទាំង​ដើម​ទាំង​ចុង​ចំនួន ៥០៥​លាន​ដុល្លារ​អាមេរិក ផង​ដែរ។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឲ្យ​និយមន័យ​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​ថា សំដៅ​ដល់​បំណុល​ក្រៅ​ប្រទេស​របស់​រដ្ឋ​ដែល​កើត​ឡើង​ស្រប​តាម​ច្បាប់​អនុញ្ញាត ដោយ​មិន​គិត​បញ្ចូល​បំណុល​ដែល​ពុំ​មាន​ការធានា​ពី​រដ្ឋ។ ក្នុង​បរិការណ៍​កម្ពុជា បច្ចុប្បន្ន​បំណុល​នេះ​មាន​តែ​ការខ្ចី​ឥណទាន​សម្បទាន​ពី​ដៃគូ​អភិវឌ្ឍន៍​ទ្វេ​ភាគី និង​ពហុភាគី​ក្រៅ​ប្រទេស​ប៉ុណ្ណោះ។ ដោយ​ឡែក​បំណុល​ចាស់ គឺ​សំដៅ​ដល់​បំណុល​ដែល​បន្សល់​ទុក​ដោយ​រដ្ឋាភិបាល​ជំនាន់​មុន​ជា​បំណុល​ដែល​បាន​កើត​ឡើង​មុន​ឆ្នាំ​១៩៩៣។ ភាគ​ច្រើន​នៃ​បំណុល​ទាំង​នេះ ត្រូវ​បាន​ចរចា​ដោះស្រាយ​ជាមួយ​ដៃគូ​រួច​រាល់​ហើយ ក្នុង​នោះ​មួយ​ចំនួន​ត្រូវ​បាន​ទូទាត់​សង​រួចរាល់​ជា​ស្ថាពរ និង​មួយ​ចំនួន​កំពុង​ត្រូវ​បាន​ទូទាត់​តាម​កម្មវិធី​សង​ក្នុង​កិច្ច​ព្រមព្រៀង។

គិត​ចាប់ពី​ឆ្នាំ​២០១៤ មក កម្ពុជា​ទូទាត់​សង​បំណុល​បរទេស​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំៗ​សរុប​មិន​តិច​ជាង ១៥០​លាន​ដុល្លារ​អាមេរិក។ របាយការណ៍​ដដែល​ឲ្យ​ដឹង​ថា យោង​តាម​ការ​ព្យាករ រដ្ឋាភិបាល​គ្រោង​នឹង​ខ្ចី​បំណុល​បន្ថែម​ពី​បរទេស​ជិត ១​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៧ នេះ និង​ឲ្យ​បាន​ជាង ១.០៧៧,៤៣​លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​ឆ្នាំ​២០១៨។ របាយការណ៍​ក៏​បាន​ព្យាករ​ផង​ដែរ​ថា នៅ​ត្រឹម​ឆ្នាំ​២០២១ បំណុល​ដែល​រដ្ឋ​នឹង​ជំពាក់​បរទេស និង​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​សរុប​នឹង​កើន​ឡើង​រហូត​ដល់​ទៅ​ជាង ១​ម៉ឺន​លាន​ដុល្លារ​អាមេរិក ឬ​ជាង ១០​ប៊ី​លាន​ដុល្លារ​អាមេរិក។

យ៉ាង​ណា​ក៏ដោយ របាយការណ៍​នេះ​មិន​បាន​បញ្ជាក់​លម្អិត​ពី​អត្រា​ការ​ប្រាក់​ដែល​ប្រទេស​ម្ចាស់​បំណុល​ទាំង​នោះ តម្រូវ​ឲ្យ​កម្ពុជា ចេញ​សង​ជាមួយ​នឹង​កម្ចី​ដើម​នោះ​ឡើយ។ គិត​ត្រឹម​យប់​ថ្ងៃ​ទី​២០ ខែ​មេសា នេះ អាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច ឬ​អ្នក​ឃ្លាំ​មើល​ស្ថានភាព​នយោបាយ​កម្ពុជា ដើម្បី​ស្នើ​សុំ​សេចក្ដី​ពន្យល់​លម្អិត និង​វិភាគ​អំពី​ករណី​នេះ​បាន​នៅ​ឡើយ​ទេ។

​បើ​ទោះ​ជា​ចំនួន​បំណុល​សរុប​ដែល​រដ្ឋាភិបាល​កម្ពុជា ជំពាក់​បរទេស​ចេះ​តែ​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ឥត​ឈប់ឈរ​យ៉ាង​ណា​ក៏ដោយ របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដដែល​អះអាង​តាម​រយៈ​ការ​សន្និដ្ឋាន​របស់​ខ្លួន​ថា "ដោយ​ផ្អែក​តាម​បទដ្ឋាន​បច្ចេកទេស​អន្តរជាតិ" ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា បច្ចុប្បន្ន​មាន "ចិរភាព" និង​មាន "ហានិភ័យ​កម្រិត​ទាប"៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។