អ្នកជំនាញថា ទាល់តែកម្ពុជាខ្លាំងខ្លួនឯង ទើបរក្សាបានអធិបតេយ្យជាតិពេញលេញ
2021.06.09

ក្រុមអ្នកតាមដានស្ថានការណ៍នៅតែមើលឃើញថា មានតែការពង្រឹងខ្លួនឯងឱ្យរឹងមាំ និងអនុវត្តគោលនយោបាយការបរទេសអព្យាក្រឹត្យទេ ទើបអាចជួយឱ្យកម្ពុជាមានឯករាជ្យ និងអធិបតេយ្យជាតិពេញលេញបាន។
សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកជំនាញភូមិសាស្ត្រនយោបាយបណ្ឌិត រ៉ូ វណ្ណៈ មានប្រសាសន៍ថា គោលនយោបាយការបរទេសឆ្លាតវៃសម្រាប់ប្រទេសតូច ដូចជាកម្ពុជា គឺការប្រកាន់យកគោលនយោបាយអព្យាក្រឹត្យនៅចំពោះមុខប្រទេសចិន និងសហរដ្ឋអាមេរិក។ លោកថា កម្ពុជាមិនអាចពឹងផ្អែកលើប្រទេសចិន ឬសហរដ្ឋអាមេរិកផ្តាច់មុខនោះទេ ពីព្រោះវានឹងធ្វើឱ្យកម្ពុជារងសម្ពាធពីមហាអំណាចម្ខាងទៀត។ លោកសង្កត់ធ្ងន់ថា ចំណុចសំខាន់មួយទៀតនោះ គឺកម្ពុជាត្រូវមានឯកភាពជាតិ និងកសាងស្ថាប័ននយោបាយឱ្យរឹងមាំ៖ «ពេលយើងកសាងរដ្ឋរបស់យើងឱ្យកាន់តែខ្លាំង លំហូរនៃការកៀរគរនៃការវិនិយោគ កៀរគរការអភិវឌ្ឍជាតិ កៀរគរពីការចាប់អារម្មណ៍របស់មហាអំណាច វាកាន់តែបានច្រើន ហើយកាត់បន្ថយសម្ពាធពីមហាអំណាចក៏បានកាន់តែច្រើនដែរ ដូចពាក្យស្លោកគេថា ព្រះជួយអ្នកណាដែលជួយខ្លួនឯង។ អ៊ីចឹងមានន័យថា យើងជួយខ្លួនឯងឱ្យខ្លាំង ហើយឆ្លៀតយកឱកាសនៃការប្រជែងភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិក និងចិន ដើម្បីមកធ្វើទំនើបកម្មប្រទេសរបស់យើង ដោយឈប់ពឹងអាស្រ័យទៅលើបារមីរបស់មេដឹកនាំ ហើយគួរនាំគ្នាផ្តោតអារម្មណ៍កសាងស្ថាប័ននិយម ការឱ្យតម្លៃទៅលើស្ថាប័នជាតិ»។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយលើកឡើងបែបនេះ បន្ទាប់ពីរដ្ឋាភិបាលចិន តាមរយៈរដ្ឋមន្ត្រីការបរទេសលោក វ៉ាង យី (WANG YI) បានអះអាងជាថ្មីទៀតថា ចិនបន្តគាំទ្រដល់ការអភិវឌ្ឍជាតិរបស់កម្ពុជា។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលក្រុងប៉េកាំងនឹងបន្តជួយការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានបញ្ជាក់បែបនេះទៅកាន់រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី០៨ ខែមិថុនា អំឡុងពេលលោកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសអាស៊ាន-ចិន និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៦។
ក្រសួងការបរទេសកម្ពុជាឱ្យដឹងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៨ ខែមិថុនាថា ក្រៅពីការរំលឹកឡើងវិញអំពីការប្តេជ្ញាចិត្តរបស់ចិនក្នុងការបន្តជួយដល់កម្ពុជានេះ ភាគីចិនក៏បានសន្យាថា នឹងនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ និងស្វាយ។ ជាមួយគ្នានេះ ភាគីចិនសន្យាថា នឹងបន្តបរិច្ចាគវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងសម្ភារៈវេជ្ជសាស្ត្របន្ថែមទៀតដល់កម្ពុជា។
ក្រសួងការបរទេសអះអាងទៀតថា ភាគីកម្ពុជា-ចិន ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹង និងធ្វើឱ្យចំណងមិត្តភាពកាន់តែស៊ីជម្រៅ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋប្រទេសទាំងពីរ និងសំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង និងអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីសាកសួរបន្ថែមអំពីរឿងនេះបានទេ នៅថ្ងៃទី០៩ ខែមិថុនា ដោយទូរស័ព្ទចូលតែពុំមានអ្នកទទួល។
សាស្ត្រាចារ្យខាងវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិលោក ឯម សុវណ្ណារ៉ា សង្កេតឃើញថា ចិន និងសហរដ្ឋអាមេរិក មានជំហរផ្សេងគ្នាក្នុងការលើកឡើងអំពីបញ្ហាអធិបតេយ្យរបស់កម្ពុជា។ លោកយល់ថា ចិនចេញមុខធានាការពារអធិបតយ្យកម្ពុជា គឺដើម្បីកុំឱ្យរដ្ឋាភិបាលកម្ពុជាព្រួយបារម្ភចំពោះការដាក់សម្ពាធពីសំណាក់សហរដ្ឋអាមេរិក ហើយចិនចង់ទាញកម្ពុជាឱ្យងាកទៅរកឥទ្ធិពលរបស់ខ្លួន។ ផ្ទុយទៅវិញ សហរដ្ឋអាមេរិកត្រឹមចង់ឱ្យកម្ពុជាអនុវត្តគោលនយោបាយអព្យាក្រឹត្យ មិនមែនទាញកម្ពុជាឱ្យស្ថិតក្រោមឥទ្ធិពលរបស់សហរដ្ឋអាមេរិកនោះទេ។ លោក ឯម សុវណ្ណារ៉ា បន្ថែមថា ក្នុងបរិបទបែបនេះ កម្ពុជាត្រូវប្រកាន់ខ្ជាប់នូវគោលនយោបាយអព្យាក្រឹត្យដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ បើពុំដូច្នេះទេកម្ពុជាមិនអាចទាញប្រយោជន៍បានច្រើនពីការប្រជែងឥទ្ធិពលគ្នារបស់កំពូលមហាអំណាចទាំងពីរបានឡើយ៖ «កម្ពុជាគួរតែឈរយកអត្ថប្រយោជន៍នយោបាយនៃយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ហើយនិងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់ចិន។ ហើយខ្ញុំគិតថា នៅឆ្នាំក្រោយហ្នឹងប្រហែលជាលេចចេញគំនិតនយោបាយប៉ាស៊ីហ្វិកមួយទៀតរបស់សហភាពអឺរ៉ុប ដែលផ្តោតមកលើតំបន់អាស៊ានហ្នឹង អ៊ីចឹងកម្ពុជាគួរតែឈរអព្យាក្រឹតទើបបានអត្ថប្រយោជន៍ច្រើន ពីព្រោះកម្ពុជាពឹងផ្អែកលើអត្ថប្រយោជន៍ពាណិជ្ជកម្មជាមួយអឺរ៉ុប និងអាមេរិកច្រើនជាងចិន ហើយនិងផលប្រយោជន៍នយោបាយការទូត ក៏ត្រូវការការគាំទ្រពីលោកខាងលិចច្រើនជាងចិនដែរ ព្រោះចិនមានតែមួយសំឡេង»។
កម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញជំហរលម្អៀងទៅរកប្រទេសចិន ដោយឥតលាក់លៀម ទាំងលើវិស័យយោធា សេដ្ឋកិច្ច និងការអភិវឌ្ឍ។ នៅពេលត្រូវបានចោទសួរអំពីទំនាក់ទំនងដ៏ជិតស្និទ្ធិនេះក្នុងវេទិកាអន្តរជាតិកាលពីចុងខែឧសភា លោក ហ៊ុន សែន មានប្រសាសន៍ថា លោកមិនដឹងទៅពឹងប្រទេសណានោះទេ ក្រៅពីពឹងចិន ដើម្បីឱ្យជួយអភិវឌ្ឍកម្ពុជា។ ជាងនេះទៅទៀត រដ្ឋាភិបាលរបស់លោក បានអនុញ្ញាតឱ្យចិនជួយអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានទ័ពជើងទឹករាម ក្រោយបានវាយកម្ទេចចោលសំណង់អគារដែលជាជំនួយរបស់សហរដ្ឋអាមេរិកទៀតផង។ ការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាមនោះ គឺជាជំនួយឥតសំណងរបស់ចិន ហើយកងកម្លាំងរបស់ចិនក៏ចូលរួមក្នុងកិច្ចការនោះដែរ។
ជាការឆ្លើយតប សហរដ្ឋអាមេរិកបានសម្តែងកង្វល់ជាបន្តបន្ទាប់អំពីវត្តមានកងទ័ពចិន និងការកសាងបរិក្ខារយោធាចិននៅមូលដ្ឋានទ័ព្ទជើងទឹករាមនោះ។ ក្នុងជំនួបជាមួយលោក ហ៊ុន សែន នាពេលថ្មីៗនេះ អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) បានលើកឡើងថា មូលដ្ឋានកងទ័ពចិននៅកម្ពុជា នឹងប៉ះពាល់ដល់អធិបតេយ្យកម្ពុជា គំរាមកំហែងដល់សន្តិសុខតំបន់ និងប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ មន្ត្រីជាន់ខ្ពស់ការបរទេសអាមេរិករូបនេះ ជំរុញថ្នាក់ដឹកនាំរបបក្រុងភ្នំពេញ ឱ្យរក្សាគោលនយោបាយការបរទេសប្រកបដោយតុល្យភាព និងឯករាជ្យ ដោយតម្កល់ផលប្រយោជន៍ពលរដ្ឋខ្មែរជាធំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។