ប្រទេសចិនកុម្មុយនិស្តបានបញ្ជូននាវាចម្បាំងរបស់ខ្លួនមកដល់មូលដ្ឋានកំពង់ផែរាម ស្របពេលមេទ័ពចិនមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ភាគីទាំងពីរអះអាងថា ការចូលចតរបស់នាវាចិននៅពេលនេះគឺ ដើម្បីរឹតចំណងទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការយោធា។ អ្នកឃ្លាំមើលព្រួយបារម្ភថា កិច្ចសហប្រតិបត្តិការយោធាកាន់តែស្អិតល្មួតនៃទំនាក់ទំនងកម្ពុជាចិនអាចនឹងជះផលអវិជ្ជមានដល់អធិបតេយ្យកម្ពុជា។
ការបញ្ជូននាវាចម្បាំងរបស់ប្រទេសចិននេះ គឺស្របពេលអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមបក្សកុម្មុយនិស្ដចិន លោក ហ៊ឺ វេទុង (HE WEIDONG) ដឹកគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពរំដោះប្រជាជនចិន មកបំពេញទស្សនកិច្ចនៅកម្ពុជា។ មន្ត្រីចិនថា ដំណើរនេះធ្វើឡើង ដើម្បីពង្រឹងចំណងមិត្តភាព និងដើម្បីត្រៀមហ្វឹកហាត់កងទ័ពជើងទឹកកម្ពុជា។
កាលពីថ្ងៃទី៣ ខែធ្នូ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា ឱ្យដឹងតាមទំព័រហ្វេសប៊ុក (Facebook) ថា លោក និងអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ដែលជាឪពុក បានទៅពិនិត្យមើលនាវាចូលសំចតនៅកំពង់ផែសមុទ្ររាម ដើម្បីត្រៀមហ្វឹកហ្វឺននាវឹកកងទ័ពជើងទឹកកម្ពុជា។ ក្រៅពីនេះ លោក ទៀ សីហា និងលោក ទៀ បាញ់ ក៏បានពិនិត្យការសាងសង់មូលដ្ឋានទ័ពរាមលើសំណង់នានា ដោយលោក ទៀ បាញ់ បញ្ជាក់ថា ផែនការសាងសង់មូលដ្ឋានកំពុងដំណើរការយ៉ាងសកម្ម។
រូបភាពពីផ្កាយរណបរបស់ក្រុមហ៊ុនរូបភាព Planet Labs កាលពីថ្ងៃទី៣ ខែធ្នូ បង្ហាញថា នាវាពីរដែលសង្ស័យជាប្រភេទនាវាចម្បាំង ខវែត (Corvettes) ឬ ហ្វ្រីហ្គែត (Frigates) ចូលចតនៅកំពង់ផែរាមនៅទិសខាងលិចនៃមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម។
នេះជាលើកទីមួយហើយដែលចិនបានបញ្ជូននាវាចម្បាំងរបស់ខ្លួនមកចតនៅមូលដ្ឋានកងទ័ពជើងទឹករាម ខណៈគម្រោងនេះគ្រោងបិទបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤ ខាងមុខ។ ភាគីកម្ពុជាមិនទាន់ប្រាប់លំអិតនៃរយៈពេល និងចំនួននាវិកចិន និងកម្ពុជា ត្រៀមហ្វឹកហ្វឺន ជាមួយនាវាចម្បាំងចិននៅឡើយទេ។
ពាក់ព័ន្ធនឹងរឿងនេះ អ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា នាវាចម្បាំងរបស់ចិនចុះចតនៅកំពង់ផែរាមនេះ អាចជាយុទ្ធសាស្ត្ររបស់ក្រុងប៉េងកាំងក្នុងការសម្ញែងនាវាចម្បាំង និងក្រុមនាវិករបស់ខ្លួនលើទឹកដីកម្ពុជា។ លោកព្រួយបារម្ភថា ប្រសិនការបញ្ជូននាវាចម្បាំងចិនមកកម្ពុជាមានផ្ទុកដោយភស្តុភារយោធា ហើយក្រុមនាវិកចិនមិនត្រូវបានបញ្ជូនទៅប្រទេសចិនវិញនោះ ភាពតានតឹងកម្ពុជាជាមួយបណ្ដាប្រទេសក្នុងតំបន់ និងលោកសេរី កាន់តែមានភាពអាក្រក់។
លោក លោក គឹម សុខ៖ «បើរដ្ឋាភិបាលចិនបញ្ជូននាវា ឬកងទ័ពមកធ្វើសមយុទ្ធ ឬបង្វឹកកងទ័ពកម្ពុជាមិនជាខុសអ្វីទេ បើមានការស្រាវជ្រាវឃើញមានការលាក់អាវុធ ឬតាំងកងទ័ពចិនជាសម្ងាត់ មិនបញ្ជូនទៅចិនវិញបន្ទាប់ពីហ្វឹកហាត់នោះ ជាការបង្កើតបញ្ហាកាន់តែធំហើយ និងអាចវិវត្តន៍កាន់តែអាក្រក់រវាងទំនាក់ទំនងកម្ពុជា និងជាមួយបស្ចិមលោក»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា ដើម្បីសាកសួរជុំវិញរឿងនេះបានទេ នៅថ្ងៃទី៦ ខែធ្នូ។
ទោះបីជាយ៉ាងណា ក្នុងជំនួបទ្វេភាគីជាមួយលោក ហ៊ឺ វេទុង (HE WEIDONG) កាលពីថ្ងៃទី៣ ខែធ្នូ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា លើកឡើងថា ការពង្រឹង និងពង្រីកចំណងទាក់ទងសាមគ្គីភាព និងមិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរបានរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ លោក ទៀ សីហា រំពឹងថា ទស្សនកិច្ចរបស់មេទ័ពចិនលើកនេះ កងទ័ពនៃប្រទេសទាំងពីរកាន់តែទទួលបានសមត្ថភាពតាមរយៈកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងវិស័យការពារជាតិ។
នៅមុនពេលជិតបញ្ចប់ការសាងសង់មូលដ្ឋានកងទ័ពជើងទឹករាមនេះ ភាគីមេទ័ពចិន និងកម្ពុជា នារយៈពេលប៉ុន្មានខែចុងក្រោយនេះ បានផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្នាជាញឹកញាប់ ហើយជំនួបទ្វេភាគីរវាងមេទ័ពកម្ពុជា និងចិន ភាគច្រើនពិភាក្សាគ្នាផ្ដោតសំខាន់លើការជំរុញ និងពង្រីកការអភិវឌ្ឍសមត្ថភាពកងទ័ពនៃប្រទេសទាំងពីរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។