សមាគម​គ្រូបង្រៀន​ទទូច​ឱ្យ​ក្រសួង​ផ្ដល់​ក្របខ័ណ្ឌ​ដល់​ក្រុម​គ្រូបង្រៀន ១៣​នាក់​វិញ

0:00 / 0:00

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ស្នើ​យ៉ាង​ទទូច​ឱ្យ​ក្រសួង​អប់រំ​ផ្ដល់​ក្របខ័ណ្ឌ​ជាថ្មី​ឡើងវិញ​ដល់​ក្រុម​គ្រូបង្រៀន ១៣​នាក់ ដែល​ត្រូវ​បាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ។ ក្រសួង​អប់រំ​បញ្ជាក់​ថា ក្រសួង​មិន​កែប្រែ​សេចក្ដី​សម្រេច​របស់​ខ្លួន​ឡើយ ហើយ​ដំណោះស្រាយ​យ៉ាងណា​ទៀត​នោះ អាស្រ័យ​លើ​តុលាការ​ជា​អ្នក​សម្រេច។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី នៅតែ​ចាត់​ទុក​វិធានការ​លុបឈ្មោះ​ក្រុម​គ្រូបង្រៀន​ថា ​ជា​រឿង​នយោបាយ មិនមែន​ជា​ការអនុវត្ត​តាម​បែបបទ​ផ្លូវច្បាប់​ត្រឹមត្រូវ​ឡើយ​។ អ្នកស្រី​អះអាង​ថា ក្រុម​គ្រូបង្រៀន​សុទ្ធតែ​បាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់ មិនមែន​អវត្តមាន​ដោយ​គ្មាន​ការអនុញ្ញាត​ដូច​ការ​អះអាង​របស់​ក្រសួង​នោះ​ទេ​។ អ្នកស្រី​បញ្ជាក់​ថា សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នឹង​បន្ត​រក​យុត្តិធម៌​ជូន​សមាជិក​របស់​ខ្លួន​ទាំង​១៣ នាក់​នោះ ទៅ​តាម​ផ្លូវ​ច្បាប់៖ «ក្រសួង​ស្ថាប័ន​ត្រូវតែ​ដោះស្រាយ​តាម​នីតិវិធី ព្រោះ​គាត់​ធ្វើការ គាត់​មិនមែន​អត់​ធ្វើការ​ទេ​។ បើ​គាត់​យក​ការងារ​ទៅ​ដើរលេង​មិន​ចូល​បម្រើ​ការងារ ទើបបាន​គាត់​បោះបង់​ការ​បង្រៀន ប៉ុន្តែ​នេះ​ជា​រឿង​នយោបាយ​សុទ្ធសាធ ដែល​សមាគម​ត្រូវតែ​រក​យុត្តិធម៌​ជូន​សមាជិក ក៏ដូចជា លោកគ្រូ​អ្នកគ្រូ​ទូទាំង​ប្រទេស»។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លុបឈ្មោះ​គ្រូបង្រៀន​គាំទ្រ​បក្ស​ប្រឆាំង​ចំនួន ១៣​នាក់ ចេញ​ពី​ក្របខ័ណ្ឌ កាល​ពី​ដើម​ឆ្នាំ២០១៨ កន្លងទៅ ក្រោម​ហេតុផល​​ថា ពួកគាត់​បាន​បោះបង់ចោល​ការងារ និង​មួយ​ចំនួន​ទៀត អវត្តមាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។

ទោះជា​យ៉ាងណា ក្រុម​គ្រូបង្រៀន​បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ និង​ថា ក្រសួង​អប់រំ​បាន​ប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​ច្បាប់​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល។ ក្រុម​គ្រូបង្រៀន​ជឿជាក់​ថា ចំណាត់​ការ​របស់​ក្រសួង​អប់រំ​នេះ គឺ​ដោយសារ​ពួកគាត់​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក រស់ សុវាចា អះអាង​ថា វិធានការ​លើ​ក្រុម​គ្រូបង្រៀន​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នោះ មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ។ លោក​បញ្ជាក់​ថា ក្រសួង​បាន​បាន​សម្រេច​លុប​ឈ្មោះ​ក្រុម​គ្រូបង្រៀន​ទាំងនោះ​រួចហើយ ដូច្នេះ​​លោក​​ថា ប្រសិនបើ​ក្រុម​គ្រូបង្រៀន​មិន​ពេញចិត្ត ក្រសួង​ទុក​​លទ្ធភាព​នេះ​ជូន​ទៅ​ស្ថាប័ន​តុលាការ៖ «ខ្ញុំ​អាច​បញ្ជាក់​បាន​ថា មិន​មាន​ពាក់ព័ន្ធ​ទៅ​​នឹង​​ករណី​​នយោបាយ​​លើ​​គ្រូ​បង្រៀន​​របស់​យើង ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ខាង​​លើ​​នេះ​​ទេ។ បើ​គាត់​តវ៉ា​ទៅ​ខាង​តុលាការ នោះ​គឺជា​តួនាទី​របស់​ខាង​តុលាការ»។

ក្រុម​គ្រូ​បង្រៀន ១១​នាក់ ក្នុងចំណោម​ ១៣នាក់ បាន​ដាក់​បណ្ដឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​ករណី​នេះ ក៏ប៉ុន្តែ​តុលាការ​ជាន់​ទាប​មួយ​នេះ​បានសម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ កាលពី​ចុងខែ​មេសា កន្លងទៅ​។ ក្រុម​គ្រូបង្រៀន​ក៏បាន​ប្ដឹង​ទាស់​សេចក្តី​សម្រេច​នេះ ហើយ​បច្ចុប្បន្ន​សំណុំ​រឿង​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​សាលាឧទ្ធរណ៍។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​តាម​ករណី​នេះ ស្នើ​ដល់​សាលាឧទ្ធរណ៍​​ឱ្យ​ពិនិត្យ​សំណុំ​រឿង​នេះ​ឱ្យ​បាន​ហ្មត់ចត់ និង​ពិចារណា​ផ្ដល់​ក្របខ័ណ្ឌ​ដល់​ក្រុម​គ្រូបង្រៀន​វិញ។ សង្គម​ស៊ីវិល​ពិនិត្យ​ឃើញ​ថា គ្រូបង្រៀន​ជា​បុគ្គល​សំខាន់​ក្នុង​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​ជួយ​ដល់​ការ​អភិវឌ្ឍ​ជាតិ ដូច្នេះ​ពួកគាត់​មិន​គួរ​ត្រូវ​បាន​រើសអើង ឬ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ ដោយសារតែ​ហេតុផល​នយោបាយ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។