មន្ត្រីសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំងស្នើឱ្យរដ្ឋាភិបាលក្នុងអាណត្តិថ្មីពិនិត្យប្រសិទ្ធភាពការងាររបស់សមាជិករដ្ឋាភិបាលដែលមានចំនួនច្រើន បើធៀបនឹងចំនួនប្រជាពលរដ្ឋខ្មែរ។ ពួកគេ ថាដើម្បីឱ្យការងាររបស់រដ្ឋាភិបាលមានប្រសិទ្ធភាព រដ្ឋាភិបាលគួរដកចេញនូវមន្ត្រីទាំងឡាយណាដែលអសកម្ម និងរក្សានូវមន្ត្រីទាំងឡាយណាដែលស្នាដៃជូនជាតិ។
គិតត្រឹមបំណាច់ខែវិច្ឆិកា ចំនួនសមាជិករដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត បូករួមទាំងចំនួនទីប្រឹក្សា និងជំនួយការផងកើនឡើងដល់ជិត៤ពាន់ (៣.៩១៨)នាក់ហើយ។
ក្នុងសមាសភាពរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយរដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានសមាជិករដ្ឋាភិបាលជិត ១ពាន់៥រយ(១.៤៨៤) នាក់ រួមមាន ឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ទេសរដ្ឋមន្ត្រីចំនួន២១រូប រដ្ឋមន្ត្រីចំនួន៣០រូប និងរដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការចំនួនជាង ១ពាន់៤រយ (១.៤២២) នាក់។ ចំនួននេះ កើនឡើងជាង ២ដងបើធៀបនឹងអាណត្តិចុងក្រោយរបស់ឪពុកលោកគឺលោក ហ៊ុន សែន ដែលមានសមាជិករដ្ឋាភិបាលចំនួនជិត ៧រយ (៦៩៧) នាក់។
បើតាមលិខិតតែងតាំងដែលបានផ្សព្វផ្សាយជាសាធារណៈចំនួនទីប្រឹក្សា និងជំនួយការមានជិត២ពាន់ ៥រយ(២.៤៣៤) នាក់។ ការកើនឡើងនេះ តម្រូវឱ្យរដ្ឋាភិបាលគ្រោងបង្កើនចំណាយទៅលើចរន្ត ឬ ទៅលើប្រាក់បៀវត្ស និងប្រតិបត្តិការផ្សេងៗ ក្នុងឆ្នាំ២០២៤ រហូតជិត១៣ (១២,៩) ភាគរយ ខណៈការចំណាយទៅលើមូលធនដែលទាក់ទងការវិនិយោគសាធារណៈសម្រាប់កសាងហេដ្ឋារចនាសម្ពន្ធសំខាន់ៗ អាចធ្លាក់ចុះ៣១ ភាគរយ បើធៀបនឹងឆ្នាំ២០២៣។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន លើកឡើងថា មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលក្នុងអាណត្តិថ្មី មានចំនួនច្រើនបើធៀបនឹងបណ្ដាប្រទេសផ្សេងៗដូចជាប្រទេសថៃ និងប្រទេសវៀតណាមជាដើម។ លោក អ៊ុំ សំអាន កត់សម្គាល់ឃើញថា មន្ត្រីដែលត្រូវបានតែងតាំងទាំងនោះពុំបានបង្ហាញប្រសិទ្ធភាពការងារដែលពួកគេធ្វើនោះទេ ហើយលោកថា ការតែងតាំងមន្ត្រីច្រើនស្អេកស្កះ គឺជាការខ្ជះខ្ជាយថវិកាជាតិ និងជាការទម្លាក់បន្ទុកលើប្រជាពលរដ្ឋដែលជាអ្នកបង់ពន្ធកាន់តែធ្ងន់ធ្ងរស្របពេលបច្ចុប្បន្នជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែលំបាក។
លោក អ៊ុំ សំអាន៖ «ហើយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលដ៏ច្រើនសន្ធឹកសន្ធាប់ហ្នឹង ភាគច្រើនក៏គ្មានការងារធ្វើដែរ មួយចំនួនអត់ការងារធ្វើទៅគប់គិតជាមួយឈ្មួញលុបបឹង កាប់បំផ្លាញព្រៃឈើបំផ្លាញធនធានធម្មជាតិអ៊ីចឹង រកស៊ីខុសច្បាប់ ប្រព្រឹត្តអំពើពុករលួយ។ ដូច្នេះនៅពេលដែលតែងតាំងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ទីប្រឹក្សា ហើយជំនួយការដ៏ច្រើនសន្ធឹកសន្ធាប់នេះគឺយើងអាណិតដល់ប្រជាពលរដ្ឋដែលត្រូវបង់ពន្ធដើម្បីទៅបើកប្រាក់ខែឱ្យមន្ត្រីទាំងអស់នោះ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យនាយករដ្ឋមន្ត្រីលោក មាស សោភ័ណ្ឌ ដើម្បីសាកសួរអំពីបញ្ហានេះបានទេ នៅថ្ងៃទី២៩ វិច្ឆិកា។
ទោះជាយ៉ាងណាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងកាលថ្ងៃទី២២ វិច្ឆិកា ថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកបានធ្វើការងារជាច្រើនជួយឱ្យសេដ្ឋកិច្ចជាតិរីកចម្រើនតាមរយៈការងារលេចធ្លោមានដូចជា គម្រោងកម្ចីដើម្បីអភិវឌ្ឍន៍ ការទាក់ទាញវិនិយោគពីក្រៅស្រុកតាមរយៈក្រុមហ៊ុនផ្សេងៗ ការចរចាជាមួយបណ្ដាប្រទេសមួយចំនួនបើកច្រក ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាកម្ពុជាជាដើម។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ការរៀបចំសមាសភាពរដ្ឋាភិបាលធំមិនមែនជារចនាសម្ព័ន្ធល្អឡើយសម្រាប់ជាតិនោះទេ។ លោក ប៉ិច ពិសី បន្តថា កាលណាមានមន្ត្រីនយោបាយ ថ្នាក់ដឹកនាំ ទីប្រឹក្សា និងមន្ត្រីជំនាញ ច្រើននោះ ការចំណាយទៅលើប្រាក់បៀវត្ស និងប្រតិបត្តិការផ្សេងៗ ដែលជំរុញលើដំណើរការដឹកនាំរដ្ឋក៏ច្រើន ដែលធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគ សាធារណៈ ខណៈរដ្ឋគ្មានថវិកាគ្រប់គ្រាន់ សម្រាប់កសាង ហេដ្ឋារចនាសម្ពន្ធសំខាន់ៗ និងការកសាងខឿនសេដ្ឋកិច្ចជាតិ។
លោក ប៉ិច ពិសី បន្តថា នៅពេលដែលការតែងតាំងមន្ត្រីជាន់ខ្ពស់ក្នុងចំនួនច្រើនពេក អាចធ្វើឱ្យតួនាទីរបស់មន្ត្រីទាំងនោះជាន់គ្នា ដែលធ្វើឱ្យប៉ះពាល់ប្រសិទ្ធភាពការងារ និងដំណើរការងារមានដំណើរការស្មុគស្មាញទៅវិញ។
លោក ប៉ិច ពិសី៖ «ហើយមែនទែនទៅ យើងអាចពិនិត្យមើលលើប្រសិទ្ធភាពនៃការអនុវត្តការងាររបស់ពួកគាត់ ប្រសិនជាមន្ត្រីដែលសកម្ម មន្ត្រីដែលមានសមត្ថភាពធ្វើការ យើងគួរតែទុកឱ្យពួកគាត់ធ្វើកិច្ចការសំខាន់ៗ សម្រាប់ជាតិ ប៉ុន្តែបើមន្ត្រីដែលស្អុយ ដែលមិនបំពេញភារកិច្ច ឬប្រើប្រាស់តួនាទីដើម្បីតែធ្វើកិច្ចការផ្សេង ដែលនាំមានទំនាស់ផលប្រយោជន៍យើងគួរកាន់បន្ថយ»។
ចាប់តាំងពីឆ្នាំ២០១៧ រដ្ឋាភិបាលបានដំឡើងប្រាក់ខែ នាយករដ្ឋមន្ត្រីឡើងដល់ ១០លានរៀល ប្រាក់ខែរដ្ឋមន្ត្រី ឬទេសរដ្ឋមន្ត្រី ឡើងដល់ ៤លាន ៥សែនរៀល ប្រាក់ខែរដ្ឋលេខាធិការឡើងឡើង ៣លាន ៥សែនរៀល ប្រាក់ខែអនុរដ្ឋលេខាធិការឡើងដល់ ២លាន ៨សែនរៀល។
ការតែងតាំងមន្ត្រីទាំងអស់នោះក៏រងនូវការរិះគន់ថា អាចជាប់ពាក់ព័ន្ធអំពើពុករលួយ និងការជាប់សាច់ឈាមគ្នានោះដែរ។ វិទ្យុអាស៊ីសេរី រកឃើញថា ឧបនាយករដ្ឋមន្ត្រី៧នាក់ក្នុងចំណោមឧបនាយករដ្ឋមន្ត្រីទាំង ១០នាក់ សុទ្ធតែមានចំណងសម្ពន្ធភាពជាមួយគ្នាទៅវិញទៅមក និងជាមួយលោក ហ៊ុន ម៉ាណែត តាមរយៈចំណងជំនួញអាជីវកម្មក្ដី ចំណងអាពាហ៍ពិពាហ៍ក្តី ឬចំណងសាច់ឈាមនឹងគ្នាក្ដី។ អំណាច និងញាតិសន្តានដ៏ជិតដិតហ៊ុមព័ទ្ធចាក់ស្រេះបែបនេះ គឺជាប្រផ្នូលអាក្រក់សម្រាប់កម្ពុជា ដែលមានមេដឹកនាំនាំបង្កើតបក្សពួក សាច់ឈាមនិងគ្នា ហើយការពារអំណាចឱ្យគ្នាទៅវិញទៅមក ដែលជាឱកាសធ្វើឱ្យពួកគេប្រព្រឹត្តិអំពើពុករលួយកាន់តែងាយស្រួលជាងមុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។