ពលរដ្ឋ​រិះគន់​លោក ហ៊ុន សែន ថា ការ​ថ្លែង​សារ​របស់​លោក​មិន​បាន​ផ្ដល់​ប្រយោជន៍​ដល់​ជាតិ​ឡើយ

ដោយ ឡេង ម៉ាលី
2022.10.26
ពលរដ្ឋ​រិះគន់​លោក ហ៊ុន សែន ថា ការ​ថ្លែង​សារ​របស់​លោក​មិន​បាន​ផ្ដល់​ប្រយោជន៍​ដល់​ជាតិ​ឡើយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពេលជួប​ពលរដ្ឋ​រងគ្រោះ​ដោយ​សារ​ទឹក​ជំនន់​ និង​ចែក​ស្រូវ​ពូជ នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី២៦ ខែតុលា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ប្រជា​ពលរដ្ឋ និង​អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា​រិះគន់​លោក ហ៊ុន សែន​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ លោក ហ៊ុន សែន​បាន​ថ្លែង​សារ​នយោបាយ​បែប​គំរាម​កំហែង​បំផ្លាញ​ពន្លក​លទ្ធិ​ប្រជាធិបតេយ្យ ដែល​ធ្វើ​ឱ្យ​ប្រជា​ជាតិ​ខ្មែរ​កាន់​តែ​បែក​បាក់​សាមគ្គី​ជាតិ។

ប្រជា​ពលរដ្ឋ និង​ក្រុម​យុវជន ចាត់​ទុក​ការ​ថ្លែង​សារ​របស់​មេ​ដឹក​នាំ​នៃ​របប​ឯកបក្ស​ថា មិន​បាន​ជួយ​ជ្រំ​ជ្រែង​ឱ្យ​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួកគាត់​មើល​ឃើញ​ថា លោក ហ៊ុន សែន ការ​ពារ​ប្រយោជន៍​បក្ស​កាន់​អំណាច​របស់​លោក និង​ឆ្លៀត​ឱកាស​ដើម្បី​ថ្លែង​គំរាម​កំហែង​ដល់​គណបក្ស​នយោបាយ​ណា​ដែល​កំពុង​មាន​ប្រជា​ប្រិយ​ភាព។ អ្នក​តាម​ដាន​បញ្ហា​សង្គម​យល់​ថា ការ​ដែល​មេដឹក​នាំ​ប្រទេស​ប្រើ​ពាក្យ​សម្ដី​គ្មាន​ក្រម​សីលធម៌ ព្រម​ទាំង​មាន​គំរាម​កំហែង​អ្នក​នយោបាយ​ជា​គូរ​ប្រកួត​ប្រជែង​បែប​នេះ វា​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​សង្គម ជាពិសេស​ជា​សញ្ញា​បំផ្លាញ​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​បន្ថែម​ទៀត។

ពលរដ្ឋ​រស់​នៅ​ខេត្ត​ឧត្តរ​មានជ័យ លោក សុគន្ធ សំរឹទ្ធ លើក​ឡើង​ថា លោក ហ៊ុន សែន ដែល​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ប្រទេស​នោះ គួរ​តែ​គិត​គូរ​អំពី​ប្រយោជន៍​ជាតិ​ជា​ធំ និង​រក​ដំណោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ជា​ច្រើន​ដែល​កំពុង​រង​ទុក្ខ​វេទនា មិន​មែន​ឆ្លៀត​ឱកាស​វាយ​ប្រហារ​អ្នក​នយោបាយ​ដែល​ជា​ដៃ​គូរ​ប្រកួត​ប្រជែង​បែប​នេះ​ឡើយ។ លោក​សង្កេត​ឃើញ​ថា ការ​ថ្លែង​សារ​របស់​លោក ហ៊ុន សែន នៅ​តាម​វេទិកា​នានា មិន​បាន​បង្ហាញ​អំពី​ចក្ខុវិស័យ​ណា​មួយ ឬ​លើកឡើង​នូវ​គោល​នយោបាយ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​ដូច​ជា​វិបត្តិ​នយោបាយ​កំពុង​ជាប់​គាំង និង​ពលរដ្ឋ​ដែល​កំពុង​ត្រូវ​បាន​អ្នក​មាន​អំណាច​រំលោភ​យក​ដី​ធ្លី​នោះ​ទេ។ លោក​រិះគន់​ថា ការ​ថ្លែងសារ​របស់​លោក ហ៊ុន សែន ភាគ​ច្រើន​គិត​គូរ​ផ្ដោត​តែ​ការ​ពង្រឹង​បក្ស​កាន់​អំណាច ដោយ​មិន​បាន​គិត​គូរ​អំពី​ប្រយោជន៍​ជាតិ​ជា​ធំ​ឡើយ៖

«ហើយ​ការ​រិះគន់ ការ​វាយ​ប្រហារ​គណបក្ស​ប្រឆាំង ផ្សេងៗ​ហ្នឹង ខ្ញុំ​គិត​ទៅ​គឺ​គាត់ [លោក ហ៊ុន សែន] មិន​គួរ​មក​ប្រើ ឬ​យក​មក​គាប​សង្កត់​មក​លើ​គណបក្ស​ប្រឆាំង​ទេ ព្រោះ​រឿង​អ្វីៗ អំណាច​លើ​ដៃ​គាត់​ហើយ គាត់​គួរ​តែ​ធ្វើ​ល្អ សម្រាប់​ប្រជាពលរដ្ឋ​រៀង​រាល់​ថ្ងៃ​ទៅ​ខ្ញុំ​គិត​ថា ល្អ​បាត់ គួរ​តែ​យក​ផល​ប្រយោជន៍​ជាតិ​ជា​ធំ កុំ​យក​ផល​ប្រយោជន៍​បក្ស​ជា​ធំ ព្រោះ​វា​មិន​ផ្ដល់​ផល​ប្រយោជន៍​ឱ្យ​ប្រជាពលរដ្ឋ។ ប្រទេស​កម្ពុជា​យើង​ដឹង​ហើយ​រួច​ផុត​ពី​ភ្លើង​សង្គ្រាម​ក៏​ពិត​មែន សព្វ​ថ្ងៃ​ទោះ​បី​ជា​យើង​មាន​សន្តិភាព​ក៏​ពិត​មែន ក៏​ប៉ុន្តែ សន្តិភាព​ផ្លូវ​ចិត្ត​ពលរដ្ឋ​វា​អត់​មាន​ពិត​ប្រាកដ ប្រជាធិបតេយ្យ​ក៏​វា​អត់​មាន​ពិត​ប្រាកដ​ទេ»

ចំណែក ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ខេត្ត​កំពង់ចាម លោក​ស្រី ញ៉ែ សុភឿន ថ្លែង​ថា ការ​ថ្លែង​សារ​អ្នក​កាន់​អំណាច​សព្វ​ថ្ងៃ ឆ្លុះ​បញ្ចាំង​អំពី​ការ​រើស​អើង​បក្ស​នយោបាយ​ប្រឆាំង ដែល​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ លើស​ពី​នេះ លោក​ស្រី​ថា​រិះគន់​ថា ការ​ថ្លែង​សារ​របស់​លោក ហ៊ុន សែន បែប​គំរាម ព្រម​ទាំង​ប្រើ​ពាក្យ​សម្ដី​អសុរ​នៅ​តាម​វេទិកា​សាធារណៈ នោះ​វា​នឹង​ជះឥទ្ធិពល​នៃ​ការ​ធ្លាក់​ចុះ​សីលធម៌​ក្នុង​សង្គម៖

«ការ​និយាយ​ចេញ​មក​របស់​គាត់ [លោក ហ៊ុន សែន] ជូន​កាល​ពលរដ្ឋ​យើង​មាន​ការ​ភ័យ​ខ្លាច។ គាត់ [លោក ហ៊ុន សែន] តែង​តែ​លើក​ឡើង​ថា​ប្រទេស​មាន​សន្តិភាព​ក្រោម​ការ​ដឹក​នាំ​របស់​គាត់ មាន​សន្តិភាព​ណាស់ តែ​ការ​លើកឡើង​និយាយ​របស់​គាត់​វា​ខុស។ គាត់ [លោក ហ៊ុន សែន] ថា​មាន​លទ្ធិប្រជាធិបតេយ្យ​ណាស់ សន្តិភាព​ណាស់ តែ​ទង្វើ​ដែល​គាត់​ធ្វើ កូន​ចៅ​គាត់​ធ្វើ​ក្រោមៗ​អី គំរាម​កំហែង សម្លុត​ពលរដ្ឋ សូម្បី​តែ​ពលរដ្ឋ​តាម​ភូមិ​ក៏​ដោយ។ អត់​ចោល​ទេ​អា​រឿង​គំរាម​កំហែង​មិន​ថា តាំង​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម​ទេ»

នា​រយៈ​ពេល​មួយ​សប្ដាហ៍​កន្លង​មក​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចុះ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដើម្បី​ជួប​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​អាសន្ន​ដោយ​សារ​ទឹក​ជំនន់។ ទោះ​បី​យ៉ាង​ណា ក្នុង​គ្រា​ដែល​ពលរដ្ឋ​ជួប​គ្រោះ​ភ័យ​ដោយ​សារ​ទឹក​ជំនន់​នេះ លោក ហ៊ុន សែន ដែល​ជា​មេដឹកនាំ​ប្រទេស​កម្ពុជា​ជិត ៤០ឆ្នាំ​មិន​ថ្លែង​សារ​ក្នុង​ការ​រក​មធ្យោបាយ ដើម្បី​ទប់​ស្កាត់​បញ្ហា​គ្រោះ​ទឹក​ជំនន់​នេះ​ទេ។ លោក ហ៊ុន សែន បាន​ផ្តល់​អំណោយ​ដល់​ពលរដ្ឋ​ដូចជា​ស្រូវ​ពូជ មី ត្រី​ខ ដើម្បី​ជា​ថ្នូរ​ឱ្យ​ពួកគាត់​អង្គុយ​ស្ដាប់​សារ​នយោបាយ​បែប​គំរាម​កំហែង​របស់​លោក ព្រម​ទាំង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ថ្កោល​ទោស​មេ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​លោក​ចោទ​ថា​ក្បត់​ជាតិ និង​បាន​ប្រមាថ​ព្រះ​មហាក្សត្រ។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន ក៏​បាន​ឆ្លៀត​ឱកាស​យក​វេទិកា​ចែក​ស្រូវ​ពូជ​ជូន​ពលរដ្ឋ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដើម្បី​ឃោសនា​រក​សន្លឹក​ឆ្នោត​ខុស​រដូវកាល​ឃោសនា ដែល​ទង្វើ​នេះ​ផ្ទុយ​ពី​ច្បាប់ និង​លក្ខន្តិក​នៃ​ការ​ឃោសនា​រក​សន្លឹក​ឆ្នោត​របស់​គណបក្ស​នយោបាយ។

សមាជិក​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អួត ឡាទីន យល់​ឃើញ​ថា អ្នក​នយោបាយ​គួរ​មាន​ភាព​ចាស់​ទុំ និង​ត្រូវ​តម្កល់​ជាតិ​ជា​ធំ​ជាង​បញ្ហា​ផ្ទាល់​ខ្លួន ដើម្បី​ផ្តល់​គំរូ​ដល់​យុវជន​បន្ត​វេន​ជំនាន់​ក្រោយ។ ទោះ​បី​ជា​យ៉ាង​ណា លោក​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​នៅ​តែ​មាន​ការ​រឹតត្បិត ជាពិសេស​សេរីភាព​ពលរដ្ឋ​ក្នុង​ការ​ចូល​រួម​ជីវភាព​នយោបាយ​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​ជា​បន្ត​បន្ទាប់។ ក្រៅ​ពី​នេះ លោក​ថា ការ​ថ្លែង​សារ​នយោបាយ​របស់​អ្នកនយោបាយ​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​បក្ស​កាន់​អំណាច ក៏​កាន់​រួម​តូច​ចង្អៀត ខណៈ​រដ្ឋាភិបាល​អាច​យក​ឱកាស​ក្នុង​វេទិកា​ជាតិ​ឃោសនា​រក​សន្លឹក​ឆ្នោត​ដល់​បក្ស​កាន់​អំណាច​បាន​ដោយ​សេរី៖

«ក្រៅ​តែ​ពី​គណបក្ស​កាន់​អំណាច គណបក្ស​ផ្សេងៗ​ដែល​ជា​គណបក្ស​ដែល​អាច​លទ្ធភាព​ក្នុង​ការ​ប្រកួត​ប្រជែង​ជា​មួយ​គណបក្ស​កាន់​អំណាច គាត់​មាន​តែ​បរិយាកាស​នយោបាយ​ហ្នឹង​មិន​ល្អ​ទេ ហើយ​សូម្បី​តែ​សកម្មជន​ក៏​មាន​បញ្ហា​ជា​បន្ត​បន្ទាប់។ អ៊ីចឹង​កន្លែង​នេះ​វា​ឆ្លុះ​បញ្ចាំង​ថា សេរីភាព​ក្នុង​ការ ចូល​រួម​ប្រកួត​ប្រជែង​ខាង​នយោបាយ​ហ្នឹង​ត្រូវ​បាន​រឹតត្បិត​យ៉ាង​ធ្ងន់​ធ្ងរ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២៦ ខែតុលា។

ចំណែក អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក យល់​ថា ការ​ថ្លែង​សារ​នយោបាយ​របស់​លោក ហ៊ុន សែន កន្លង​មក​នេះ​គឺ​ជា​គំរាម​កំហែង​ដល់​អ្នក​នយោបាយ​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​បក្ស​កាន់​អំណាច ដែល​ជា​ហេតុ​នាំ​ឱ្យ​មាន​ការ​បំផ្លាញ​ពន្លក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បន្ថែម​ទៀត៖

«ជាពិសេស​គឺ​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​គំរាម​កំហែង មុន​ការ​បោះឆ្នោត។ ជាពិសេស ការ​ឃោសនា មុន​ការ​បោះឆ្នោត​រហូត​ដល់​គំរាម​ថា ប្រសិន​បើ​មិន​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ កើត​មាន​សង្គ្រាម។ ខ្ញុំ​គិត​ថា អ្វី​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន លើកឡើង​នៅ​ពេល​នេះ គឺ​វា​ពាក់​ព័ន្ធ​ទៅ​នឹង​អ្វី​ដែល​លោក​ព្រួយ​បារម្ភ អំពី​ស្ថានភាព​នយោបាយ ជាពិសេស​នោះ​ការ​កើន​ឡើង​នៃ​ការ​គាំទ្រ របស់​គណបក្ស​ភ្លើង​ទៀន»

ទាក់​ទង​នឹង​រឿង​នេះ​ដែរ អ្នក​វិភាគ​ចាស់​វស្សា​បណ្ឌិត ឡៅ ម៉ុងហៃ បញ្ចេញ​ទស្សនៈ​នៅ​លើ​ហ្វេស​ប៊ុក (Facebook) របស់​លោក​ថា បើ​នៅ​ឡប់​តប់​ប្រមល់​វិល​វល់​តែ​រឿង​អ្នក​នយោបាយ​ព្រួត​ដៃ​វ៉ៃ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ នឹង​នៅ​តែ​អ័ព្ទ​បញ្ញា​មិន​អាច​រក​គំនិត​អ្វី ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​សង្គម​បាន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។