ពលរដ្ឋរងភាពអយុត្តិធម៌ក្នុងសង្គម គ្មានជំនឿលើរដ្ឋាភិបាលថ្មីថា នឹងគោរពរដ្ឋធម្មនុញ្ញ
2023.09.24
ពលរដ្ឋរងភាពអយុត្តិធម៌ក្នុងសង្គម គ្មានជំនឿថា រដ្ឋាភិបាលថ្មីនឹងគោរពតាមរដ្ឋធម្មនុញ្ញ ក្នុងការការពារផលប្រយោជន៍ពួកគេនោះទេ។ អ្នកវិភាគនយោបាយថា ប្រសិនបើរដ្ឋាភិបាល គោរពរដ្ឋធម្មនុញ្ញ នោះកម្ពុជានឹងមានសណ្ដាប់ធ្នាប់ និងយុត្តិធម៌សង្គមប្រសើរជាងពេលបច្ចុប្បន្ន។
ការលើកឡើងរបស់ពលរដ្ឋ និងអ្នកវិភាគនយោបាយនេះ គឺនៅចំខួបលើកទី៣០ឆ្នាំ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃកម្ពុជា នៅថ្ងៃទី២៤ កញ្ញា។
សកម្មជនសិទ្ធិមនុស្សកំពុងភៀសខ្លួននៅប្រទេសថៃ (Thailand) កញ្ញា អេង ម៉ាឡៃ ហៅ សូមេត្តា ដែលធ្លាប់ជាប់ពន្ធនាគារអស់រយៈពេលជាង ១ឆ្នាំ ដោយការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួន ប្រាប់អាស៊ីសេរី នៅថ្ងៃទី២៤ កញ្ញា ថា កញ្ញាគ្មានជំនឿលើរដ្ឋាភិបាលថ្មីថា នឹងមិនដឹកនាំកម្ពុជា តាមរដ្ឋធម្មនុញ្ញនោះទេ។
កញ្ញា អេង ម៉ាឡៃ៖ «រដ្ឋាភិបាលគួរតែបើកលំហលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ហើយគួរតែគោរពច្បាប់ដែលបានចែងមក ព្រោះច្បាប់យើងចែងមកល្អមែនទែន ហើយរដ្ឋាភិបាលគួរតែគោរព និងអនុវត្តច្បាប់ទាំងអស់នោះឲ្យបានត្រឹមត្រូវ កុំអនុវត្តច្បាប់ដែលស្តង់ដារពីរ»។
ស្រដៀងគ្នានេះដែរ តំណាងប្រជាសហគមន៍ភូមិសំរោងត្បូង ដែលមានទំនាស់ដីធ្លីជាមួយអាជ្ញាធរនៅបឹងតាមោក រាជធានីភ្នំពេញ និងកំពុងភៀសខ្លួននៅប្រទេសថៃ គឺលោកស្រី ប្រាក់ សុភា ថ្លែងថា លោកស្រីគ្មានជំនឿលើការដឹកនាំរបស់រដ្ឋាភិបាលថ្មីថា នឹងដឹកនាំប្រទេសតាមរដ្ឋធម្មនុញ្ញដែរនោះទេ ព្រោះកន្លងទៅរដ្ឋាភិបាលមិនដែលយកច្បាប់មកអនុវត្តនោះទេ។
លោកស្រី ប្រាក់ សុភា៖ «បងដូចជាអត់មានជំនឿលើពួកគាត់ទេអូន ព្រោះអីតាំងពីមុនគាត់មិនទាន់ឡើងគឺបងស្នើ បងទទូច ប៉ុន្តែគាត់នៅតែមិនឮ នៅតែមិនដឹង អ៊ីចឹងបងមិនដឹងថា និយាយយ៉ាងម៉េចអ៊ីចឹងហា»។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចទាក់ទងប្រធានអង្គភាពនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការឆ្លើយតបចំពោះការលើកឡើងនេះ នៅឡើយទេ នៅថ្ងៃទី២៤ កញ្ញា។
ចែងកំណត់ក្នុងរដ្ឋធម្មនុញ្ញកម្ពុជាប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។
រដ្ឋធម្មនុញ្ញបច្ចុប្បន្ន ត្រូវបានអនុម័តដោយសភាធម្មនុញ្ញ នៅក្រោយសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស និងបានប្រកាសឲ្យប្រើប្រាស់នៅថ្ងៃទី២៤ កញ្ញា ១៩៩៣ ដែលគិតមកដល់ពេលនេះមានអាយុ៣០ឆ្នាំគត់។
ទាក់ទងនឹងរដ្ឋធម្មនុញ្ញនេះ អ្នកវិភាគនយោបាយចាស់វស្សា លោកបណ្ឌិត ឡៅ ម៉ុងហៃ បង្ហោះសារនៅលើទំព័រហ្វេសប៊ុក (Facebook) នៅចំខួបលើកទី ៣០ ឆ្នាំ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញកម្ពុជានៅថ្ងៃទី២៤ កញ្ញាថា មេៗដែលលោកសំដៅទៅកាន់ថ្នាក់ដឹកនាំកំពូលៗនៅក្នុងប្រទេស ស្បថស្បែថា គោរពរដ្ឋធម្មនុញ្ញ។ លោកបន្ថែមថា បើជាការពិតមែន «យើងនឹងបានសុខ មានសណ្ដាប់ធ្នាប់សង្គម យុត្តិធម៌ និងមានឯកភាពជាតិជាអាទិ៍»។
រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ជាតិ ប៉ុន្តែក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ គិតចាប់ពីឆ្នាំ១៩៩៣ រហូតដល់២០២៣ច្បាប់កំពូលមួយនេះ ត្រូវបានធ្វើវិសោធនកម្ម ឬកែប្រែមិនតិចជាង១០ដងនោះទេ។ វិសោធនកម្មភាគច្រើនត្រូវអ្នកច្បាប់ និងអ្នកឃ្លាំមើលនយោបាយយល់ថា គឺដើម្បីតែការពារផលប្រយោជន៍ និងអំណាចរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ ការកែប្រែ រដ្ឋធម្មនុញ្ញជាច្រើនលើកច្រើនសាតាមតែអំពើចិត្តរបស់បក្សកាន់អំណាច កំពុងធ្វើឱ្យច្បាប់កំពូលមួយនេះបាត់បង់នូវគុណតម្លៃរបស់ខ្លួន ហើយពលរដ្ឋក៏បាត់បង់ជំនឿទៅលើការអនុវត្តច្បាប់កំពូលមួយនេះដែរ ដោយសារតែវាត្រូវបានអ្នកមានអំណាចប្រើប្រាស់ ការពារតែផលប្រយោជន៍របស់ពួកគេ ខណៈគោលការណ៍សំខាន់ៗក្នុងច្បាប់កំពូលនេះ ដូចជាការលើកកំពស់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងការគោរពសិទ្ធិសេរីភាពពលរដ្ឋជាដើម មិនត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់អនុវត្តឲ្យបានពេញលេញនោះទេ ដែលជាការបំពានលើរដ្ឋធម្មនុញ្ញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។