មន្ត្រី​​សង្គម​​ស៊ីវិល​​និង​​មន្ត្រី​​បក្ស​​ភ្លើង​​ទៀន​​រិះគន់​​ថា មន្រ្តីរាជការ​​មួយ​​ចំនួន​​ចុះ​​ឃោសនា​​រក​​សំឡេង​​ឆ្នោត​​ឱ្យ​​គណបក្ស​​កាន់​​អំណាច​​ក្នុង​​ម៉ោង​​ការងារ

ដោយ យន់ សាមៀន
2022.05.30
មន្ត្រី​​សង្គម​​ស៊ីវិល​​និង​​មន្ត្រី​​បក្ស​​ភ្លើង​​ទៀន​​រិះគន់​​ថា មន្រ្តីរាជការ​​មួយ​​ចំនួន​​ចុះ​​ឃោសនា​​រក​​សំឡេង​​ឆ្នោត​​ឱ្យ​​គណបក្ស​​កាន់​​អំណាច​​ក្នុង​​ម៉ោង​​ការងារ គណបក្សប្រជាជនកម្ពុជា​ខណ្ឌព្រែកព្នៅ ធ្វើយុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាល​ពី​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។
រូប៖ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

មន្ត្រី​សង្គម​​ស៊ីវិល​និង​​មន្ត្រី​​បក្ស​ភ្លើង​ទៀន​​រិះគន់​​មន្រ្តី​​រាជការ​​មួយ​​ចំនួន​​ថា ចុះ​​ឃោសនា​​រក​​សំឡេង​​ឆ្នោត​​ឱ្យ​គណបក្ស​កាន់​អំណាច​ក្នុង​ម៉ោង​ការងារ​ថា ជា​​ទង្វើ​ខុស​ច្បាប់។ មន្រ្តី​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​តប​​ថា ការ​​ចុះ​ឃោសនា​រក​សំឡេង​ឆ្នោត​នេះ​មិន​ខុស​ច្បាប់​នោះ​ទេ ព្រោះ​មន្រ្តី​រាជការ​ក៏​ជា​ពលរដ្ឋ ហើយ​អាច​សុំព្យួរ​ការងារ​ដើម្បី​ចុះធ្វើ​ឃោសនា​ឱ្យ​គណបក្ស​នយោបាយ​ផ្សេងៗ​បាន​នៅ​ពេល​ជិត​ការ​បោះ​ឆ្នោត។​

នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជាច្រើន​ថ្ងៃកន្លង​មកនេះ​មាន​គណបក្ស​នយោបាយ​នានា​បាន​ចូលរួម​ឃោសនា​យ៉ាង​សកម្ម​ដើម្បី​ផ្ញើសារ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ឱ្យ​ត្រៀម​បោះឆ្នោត​ឃុំ​-​សង្កាត់​ពេល​ខាង​មុខ។ មន្ត្រី​សង្គមស៊ីវិល និង មន្ត្រី​គណបក្ស​ភ្លើងទៀនមើល​ឃើញ​ថា មាន​មន្រ្តីរាជការ​មួយ​ចំនួន​បាន​លួច​យក​ម៉ោង​ការងារ​រដ្ឋ​ចុះឃោសនា​ឱ្យ​គណបក្ស​កាន់​អំណាច ថា​ជា​រឿង​ខុស​ច្បាប់

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​លោក ប៉ិច ពិសី ប្រាប់​វិទ្យុអាស៊ី​សេរី​នៅ​ថ្ងៃទី៣០ ខែឧសភា ថា មន្រ្តីរាជការ​នៅម៉ោង​ធ្វើការ​ចុះ​ឃោសនា​រក​សំឡេង​ឆ្នោត​ឱ្យ​គណបក្ស​នយោបាយ ជាទង្វើខុស​ច្បាប់​ ហើយ​គណៈកម្មការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ត្រូវ​តែ​ពិនិត្យ​ឡើង​វិញ។ លោក​បន្ត​ថា មន្រ្តី​រាជ​ការ​អាច​ចូលរួម​សកម្មភាព​បក្ស​នយោបាយ​បាន​ចំពោះ​តែ​ក្រៅ​ម៉ោង​ការងារ​ប៉ុណ្ណោះ៖ «ជារូម​កាល​ណា​យើង​លួចម៉ោង​ពេល​វេលា​ធ្វើការ​ផ្លូវទៅ​ធ្វើការ​បក្ស​អាហ្នឹង​ខុស​ហើយ​គឺ​ខុស​ច្បាប់​ការងារ ខុស​ក្រមសីលធម៌ ខាត​បង់​ប្រយោជន៍​ជាតិ​ច្រើន​ណាស់ ​ព្រោះ​ឥឡូវ​នឹង​តាម​ការ​សិក្សា តាម​របាយការណ៍​ផ្សេងៗ គឺ​ពលរដ្ឋ​នៅ​ការ​​ព្រួយ​បារម្ភ​ច្រើន​ ពី​កម្សោយ​ភាព​សេវា​សាធារណៈ​ការផ្ដល់​សេវាជូន​ពលរដ្ឋ​នៅមិន​ទាន់​មាន​ប្រសិទ្ធភាព​ មាន​ភាព​មិន​ប្រក្រតី​ ការព្រឹត្ត​អំពើ​ពុក​រលួយ ការស៊ី​សំណួក​សូកប៉ាន់​ច្រើន​ពលរដ្ឋមិន​ពេញ​ចិត្ត​ការ​ផ្ដល់​សេវា​គ្រប់​ស្ថាប័ន​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ច្រើន»

លោកបន្តថា សកម្មភាព​នៃការចូលរួម​ឃោសនា​រកសំឡេង​ឆ្នោត​ឱ្យបក្ស​កាន់​អំណាច​​របស់​​មន្រ្តីរាជការ ​គឺ​តែង​តែ​កើត​មាន​ជា​ហូរ​ហែ នៅពេល​ដល់​រដូវ​កាល​បោះឆ្នោត​ម្ដងៗលោកបន្ថែម​ថា ការលួច​ម៉ោង​ការងារ​បែបនេះ​ធ្វើឱ្យ​ខាតបង់​ថវិកា​ជាតិ​កាន់​តែ​ច្រើន​ ព្រោះជា​ពេល​វេលា​ដែល​ត្រូវ​បម្រើ​សេវាសាធារណៈ​ជូន​ពលរដ្ឋ។ លោកអះអាង​ថា ការ​ធ្វើបែប​នេះ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ​ ខណៈ​ដែល​ប្រាក់​ខែ​របស់​មន្រ្តីរាជការ​ទាំង​នោះ កើត​ចេញ​ពី​ការ​បង់​ពន្ធ​របស់​ពលរដ្ឋ។

អនុប្រធាន​បក្ស​ភ្លើង​ទៀនលោក ស៊ុន ឆ័យ ប្រាប់​វិទ្យុ​អាសេរី​ថា សកម្មភាព​មន្រ្តី​រាជការ​ចុះ​ឃោសនា​រក​សំឡេង​ឆ្នោត​ឱ្យ​បក្ស​កាន់​អំណាច​ក្នុង​ម៉ោង​ការងារ​នេះ បាន​កើត​ឡើង​នៅ​គ្រប់​ខេត្តរាជធានី ប៉ុន្តែ​ពុំមាន​អាជ្ញាធរ​ណា​ចាត់​វិធានការ​នោះ​ទេ៖ «ដូច្នេះ​ខ្ញុំគិត​ថា វា​ចាំបាច់​ត្រូវ​តែ​មាន​វិធានការ ​ដើម្បី​មន្រ្តី​ទាំង​នោះ​នៅ​ធ្វើ​ការ​ពេល​ម៉ោង​ធ្វើការតាម​ច្បាប់​មន្រ្តី​មាន​សិទ្ធិចូលរួម​គណបក្ស​នយោបាយ​នៅ​ក្រៅ​ម៉ោង​​ធ្វើការ ប៉ុន្តែ​ពេល​ម៉ោង​ធ្វើការ​មិន​អាច​ធ្វើការ​បម្រើ​បក្ស​ក្នុងការ​ឃោសនា​ទេ​ ព្រោះ​ចុះ​សេវា​ទាំង​ឡាយ​ដែល​អ្នក​ទាំង​នោះ​ត្រូវ​ផ្ដល់​ឱ្យ​ពលរដ្ឋ ​ពេល​ម៉ោង​ធ្វើការ​នឹង ​ថា​តើ​ឱ្យ​ពលរដ្ឋ​ទៅ​ពឹង​មន្រ្តី​ណា​មក​ធ្វើការ​ផ្ដល់​សេវា​ឱ្យ​គាត់។ អ៊ីចឹង វាជា​រឿង​ខុស​ច្បាប់​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ឱ្យមាន​វិធានការ​ទប់​ស្កាត់​ទង្វើ​ទាំង​នេះ»

លោកបន្តថា បើសិន​ជា​សកម្មភាព​ចុះឃោសនា​រកសំឡេង​ឆ្នោត​នេះកើត​លើ​មន្រី​រាជការ​ដែល​គាំទ្រ​បក្ស​ក្រៅ​រដ្ឋាភិបាល​ គឺប្រាកដ​ណាស់ គ.ជ.ប. និង​គណបក្ស​កាន់​អំណាច​នឹង​ចាត់​វិធានការ​មិន​ខាន ប៉ុន្តែ​សម្រាប់​បក្ស​ប្រជាជន​បែរ​ជា​រឿង​ត្រឹម​ត្រូវ ដែល​អនុវត្ត​ច្បាប់​ លំអៀង​ទៅ​រក​បក្ស​កាន់​អំណាច។

ប្រតិកម្មរបស់មន្ត្រី​សង្គម​ស៊ីវិល​និង​គណបក្ស​ភ្លើងទៀន​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ពួកគេ​សង្កេត​ឃើញ​ថា ​អំឡុងពេល​យុទ្ធនាការ​ឃោសនារក​សំឡេង​ឆ្នោត​របស់​គណបក្សនយោបាយ​នេះ មាន​មន្ត្រី​រាជការ​ជា​ច្រើន​នាក់​នៅ​គ្រប់​ខេត្ត​រាជធានី ចុះ​ជួប​ប្រជាពលរដ្ឋ​តាមផ្ទះ​រកសំឡេង​ឆ្នោត​ឱ្យ​គណបក្ស​​ប្រជាជនកម្ពុជា។

ទាក់ទង​នឹង​បបញ្ហានេះ អ្នកនាំពាក្យ​បក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា មន្រ្តីរាជការ​ដែល​ចុះ​ឃោសនា​រក​សំឡេង​ឆ្នោត​នោះ​មិន​មាន​អ្វី​ដែល​ខុស​ច្បាប់​នោះ​ទេ ព្រោះ​ពួកគេ​ក៏​ជា​ពលរដ្ឋដែរ។ លោក​បញ្ជាក់​ថា ដូច្នេះ​ពួកគេ​អាច​ព្យួរ​ការងារ​ដើម្បី​ទៅ​ជួយ​រក​សំឡេង​ឆ្នោត​ឱ្យ​បក្សកាន់​អំណាច​បាន៖ «មន្រ្តី​រាជ​ការ​ក៏​ជា​ពលរដ្ឋ​ដែរ​ គាត់​មាន​សិទ្ធិនយោបាយ​ដូច​គេ​ដូច​ឯង​អ៊ីចឹង។ ទី២​ច្បាប់​ហាម​ឃាត់​​គាត់​មិន​ឱ្យ​ស្លៀក​ពាក់​ជា​អង្គភាព ​ជា​ប្រដាប់​អាវុធ​ ឬ​មួយ​សម្ភារៈ​រដ្ឋ​មក​ប្រើប្រាស់ក៏ប៉ុន្តែ​នៅក្នុង​រយៈពេល​យុទ្ធនាការ​បោះឆ្នោត​ គេ​សុំ​ព្យួរ​ការងារអ៊ីចឹង​គេ​ទៅ​ជា​ពលរដ្ឋ​ធម្មតា​ហើយ គេ​សុំព្យួរការងារ​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ»

ច្បាប់ស្ដីពី​ការ​បោះឆ្នោត​មាត្រា​៧៣ ចែង​ថា​ មន្រ្តីរាជការ​ទាំង​អស់​អាច​ចូល​រួម​កិច្ចការ​ងារ​បក្ស​នយោបាយ​ ឬ​ចុះ​ឃោសនា​គណបក្ស​នយោបាយ បាន​ចំពោះ​តែ​ក្រៅ​ម៉ោង​ធ្វើការ​ប៉ុណ្ណោះ ​ចំណែក​កំឡុង​ពេល​ម៉ោង​ធ្វើការ​មិន​បាន​អនុញ្ញាត​នោះ​ទេ។ ប្រជាពលរដ្ឋ​សង្កេត​ឃើញ​ថា មាន​មន្រ្តីរាជការ​មួយ​ចំនួន​បាន​យក​ឡាន​ដែល​មាន​ផ្លាក​លេខ​រដ្ឋ​ទៅ​ប្រើប្រាស់​សម្រាប់​ឃោសនា​ឱ្យ​បក្ស​កាន់​អំណាច​ជា​ហូរ​ហែរ​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។