មន្ត្រី​សង្គម​ស៊ីវិល​ចង់​ឃើញ​តុលាការ​ប្ដូរ​ដីកា​នាំ​ខ្លួន​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ

ដោយ ទីន ហ្សាការីយ៉ា
2022.04.26
Share on WhatsApp
Share on WhatsApp
មន្ត្រី​សង្គម​ស៊ីវិល​ចង់​ឃើញ​តុលាការ​ប្ដូរ​ដីកា​នាំ​ខ្លួន​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ
រូប៖ ហ្វេសប៊ុកគណបក្ស បេះដូងជាតិ

មន្ត្រី​សង្គម​ស៊ីវិល​ចង់​ឃើញ​តុលាការ​ចេញ​ដីកា​ឲ្យស្ថាបនិក​គណបក្ស​បេះដូង​ជាតិ គឺ លោក សៀម ភ្លុក ចូល​ខ្លួន​បំភ្លឺ​និង​លុបចោល​ដីកា​បង្គាប់​នាំ​ខ្លួន​លើអ្នកនយោបាយរូបនេះ។​ ការ​លើកឡើង​បែប​នេះ​ នៅ​ពេល​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​លោក​ សៀម​ ភ្លុក​ ត្រូវ​ផុត​កំណត់​ កាល​ពី​ថ្ងៃ​ទី២៥ ខែ​មេសា​កន្លង​ទៅ​ដែល​តុលាការ​អាច​នឹង​ចេញ​ដីកា​ថ្មី។

មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ថា សំណុំរឿង​ស្ថាបនិក​គណបក្ស​បេះដូងជាតិ លោក សៀម ភ្លុក គឺ តុលាការ​គួរ​ពិនិត្យ​ឡើង​វិញ នូវ​ដីកា​របស់​ខ្លួន ព្រោះ​ការ​ចេញ​ដីកា​ឲ្យ​នាំ​ខ្លួន លោក សៀម ភ្លុក ធ្វើ​ឲ្យ​សាមី​ខ្លួន​មាន​ការ​ភ័យ​ខ្លាច មិន​ហ៊ាន​ទៅ​បំភ្លឺ​នៅ​តុលាការ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក យល់​ថា តាម​នីតិវិធី​នៅពេល​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លោក សៀម ភ្លុក ត្រូវ​ផុត​កំណត់ កាល​ពី​ថ្ងៃ​ទី២៥ ខែ​មេសា​កន្លង​ទៅ តុលាការ​អាច​ចេញ​ដីកា​ថ្មី។ លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក នៅ​តែ​មាន​ឆន្ទៈ​ក្នុង​ការ​ចូល​បំភ្លឺ​នៅ​តុលាការ ដូច្នេះ​លោក​ថា តុលាការ​គួរ​បង្ក​បរិយាកាស​ឲ្យ​ធូរ​ស្រាល​ជាង​នេះ ដោយ​ប្រែ​ពី​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​មក​ជា​ដីកា​ឲ្យ​ចូល​បំភ្លឺ​វិញ៖ «គោលការណ៍​ច្បាប់​អ្នក​ណា​មាន​ទោស​ទាល់តែ​មាន​សវនាការ ឬ​ក៏​សាលក្រម​ចូល​ជា​ស្ថាពរ ដូច្នេះ​នៅ​ក្នុង​នីតិវិធី​យើង​ចង់​ឃើញ អ្នក​ពាក់ព័ន្ធ ជា​ពិសេស សាមី​ខ្លួន​អាច​ចូល​បំភ្លឺ​ នូវ​អ្វី​ដែល​ការ​ចោទ​ប្រកាន់ ដើម្បី​ជម្រះ​មន្ទិល ទៅ​ដល់​សាធារណៈ ក៏​ដូច​សំណុំរឿង​របស់​ខ្លួន​​ផង​ដែរ​បាទ»

ការ​លើកឡើង​របស់​មន្រ្តី​សង្គម​ស៊ីវិល​បែប​នេះ ខណៈ​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក សៀម ភ្លុក កំពុង​រង់​ចាំ​ការ​ឆ្លើយ​តប​ពី​តុលាការ​នៃ​ការ​សំណើ​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី២២ ខែ​មេសា​កន្លង​ទៅ ដោយ​សុំ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ឱ្យ​បញ្ឈប់​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​លោក សៀម ភ្លុក​ ទៅ​តុលាការ។

មេធាវី​ការពារ​ក្ដី​ឱ្យ លោក សៀម ភ្លុក គឺ​លោក ជូង ជូងី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី២៦ ខែ​មេសា​ ថា តុលាការ​មិន​ទាន់​ឆ្លើយ​តប នូវ​សំណើ​របស់​លោក​នៅ​ឡើយ​ទេ មក​ដល់​ពេល​នេះ។ លោក​មេធាវី​ ឲ្យ​ដឹង​ទៀត​ថា កូន​ក្ដី​របស់​លោក​ត្រៀម​ខ្លួន​ចូល​បំភ្លឺ​នៅ​តុលាការ​ជា​និច្ច នៅ​ពេល​ទទួល​បាន​ដីកា​កោះហៅ​ថ្មី«បាទ​ត្រឹមត្រូវ​ហើយ​គាត់ (លោក សៀម ភ្លុក) ប្រាប់​ថា គាត់​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ពេល​មាន​ដីកា​កោះហៅ​ចូល​តាម​អាស័ដ្ឋាន​របស់​គាត់។ អ្វី​ដែល​ខ្ញុំ​មាន​ការ​កត់​សម្គាល់​ហ្នឹង​ពាក់ព័ន្ធ​នឹង​​ការ​ចោទ​ប្រកាន់​ក្លែងបន្លំ​ពាក់ព័ន្ធ​នឹង​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​អ៊ីចឹង​ប្រជាពលរដ្ឋ​ចូលរួម​ផ្ដិត​មេដៃ​គាំទ្រ​ឲ្យ​បង្កើត​គណបក្ស គឺ​ជា​ឆន្ទៈ​នយោបាយ​ក្នុង​ករណី​មាន​ការ​ខុស​ឆ្គង ពាក់ព័ន្ធ​ស្នាមមេដៃ​នោះ អត់​មាន​ធ្វើ​ខូចខាត​ដល់​អ្នក​ណា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ច្បាប់​ណា​ទេ»

ទាក់ទង​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​បំភ្លឺ​ ប្រធាន​លេខាធិការដ្ឋាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បាន​ទេវិទ្យុ​អាស៊ី​សេរី​ក៏​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ណា​មួយ​ពី​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​លោក សៀម ភ្លុក បាន​ទេ​នៅ​ថ្ងៃ​ទី២៦ ខែ​មេសា។

មេធាវី​ការពារ​ក្ដី​ឱ្យ​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​លោក សៀម ភ្លុក បាន​ស្នើ​សុំ​សាលាដំបូង​រាជធានី​ភ្នំពេញ​ឱ្យ​បញ្ឈប់​ដីកា​តាម​ចាប់​ខ្លួន ដោយ​ជំនួស​មក​វិញ​នូវ​ដីកា​បង្គាប់​ឱ្យ​ចូលខ្លួន​វិញ ដោយ​សំអាង​ហេតុផល​ថា សមត្ថកិច្ច​បាន​បញ្ជូន​ដីកា​ទៅ​កូន​ក្តី​របស់​​លោក​ដោយ​ខុស​អាស័យដ្ឋាន​ស្នាក់នៅ។ លិខិត​ដាក់​ទៅ​តុលាការ​លើក​ឡើង​ថា ហេតុ​ដែល​ធ្វើ​តុលាការ​ចេញ​ដីកា​បង្គាប់​នាំ​ខ្លួន​លោក សៀម ភ្លុក ព្រោះ​មាន​ការ​បញ្ជូន​ដីកា​កោះហៅ​លោក សៀម ភ្លុក ខុស​អាស័យដ្ឋាន។​

ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ សៀម ភ្លុក ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​បដិសេធ​មិន​ព្រមចុះ​បញ្ជី​ឲ្យ​គណបក្ស​របស់​លោក និង​ប្ដឹង​លោក​ទៅ​តុលាការ ពី​បទ​ចោទ «ក្លែងបន្លំ និងប្រើប្រាស់​លិខិត​ក្លែង» ក្នុង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ កាល​ពី​ឆ្នាំ២០២១។ ក្រោយ​ក្រសួង​មហាផ្ទៃ​ប្ដឹង​បែប​នេះ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក លិ សុខា បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួនលោក សៀម ភ្លុក ប្រគល់​ជូន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឱ្យ​បាន​មុន​ថ្ងៃ​ទី២៥ ខែមេសា ។

ជុំវិញរឿងនេះអ្នក​វិភាគ​នយោបាយ ដែល​កំពុង​ភៀសខ្លួន​នៅ​ ប្រទេស​ហ្វាំងឡង់ (Finland) លោក គឹម សុខ សង្កេត​ឃើញ​ថា ករណី​នេះ​ជា​រឿង​នយោបាយ​មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​ឡើយ។ លោក​បន្ត​ថា នៅ​ពេល​គណបក្ស​អំណាច មើល​ឃើញ​ថា គណបក្ស​បេះដូង​ជាតិ ឬ​គណបក្ស​នយោបាយ​ណាមួយ​មាន​បំណង​ប្រឆាំង ឬ​មាន​ទស្សនៈ​នយោបាយ​ស្រប​នឹង​គណបក្ស​កាន់​អំណាច គឺ​គណបក្ស​នេះ នឹង​ត្រូវ​លោក ហ៊ុន សែន បិទខ្ទប់​មិន​ឲ្យ​ធ្វើ​សកម្មភាព​បាន​ឡើយ«ក្នុង​ការ​ធ្វើ​ចលនា​ប្រឆាំង​ទោះ​ក្នុង​គណបក្ស​នយោបាយ ឬ​សង្គម​ស៊ីវិល ព្រោះ​ថា ក្ដី​បារម្ភ​របស់​គាត់ (លោក ហ៊ុន សែន) បើ​កាលណា​មាន​ចលនា​ប្រឆាំង​ជាមួយ​គាត់​ស្រប​ច្បាប់ ពេល​នោះ​ប្រជាពលរដ្ឋ​គាំទ្រ ហើយ​ចូលរួម​ពេល​នោះ លោក ហ៊ុន សែន គាត់​ដឹង​ថា ពិបាក​ទប់​ខ្លាំង​ណាស់​ ម៉្លោះ​ហើយ​លោក ខ្ទប់​ពី​ចរន្ត​តូចៗ ឲ្យ​ហើយ»

មេធាវី​ការពារ​ក្ដី​ឱ្យ លោក សៀម ភ្លុក លោក ជូង ជូងី រិះគន់​ថា ក្រសួង​មហាផ្ទៃ មាន​ការ​ប្រកាន់ និង​ចាប់​ទោស​អូស​ដំណើរលើ​លោក សៀម ភ្លុក ខ្លាំង​ពេក​ហើយ។ លោក​ថា ករណី​ចុះ​បញ្ជី​គណបក្ស​ ក្រសួង​តម្រូវ​ឲ្យ​មាន​ស្នាម​មេដៃ​គាំទ្រ​ចំនួន ៤ពាន់ (.០០០មេដៃ)។ លោក​បន្ត​ថា ស្នាម​មេដៃ​ដែល​គាំទ្រ​គណបក្ស​បេះដូង​ជាតិ​មាន​ជាង ៤ពាន់​ស្នាម​មេដៃ (.០០០មេដៃ) ហើយ​ក្នុង​នោះ​មាន​ស្នាម​មេដៃ ដែល​មាន​កំហុស​ជាង ២០០សំឡេង​នោះ ប៉ុន្តែ​លោក​ថា ទោះ​ដក​ស្នាម​មេដៃ​មាន​បញ្ហា​ទាំង​នោះ​ចេញ​ ក៏​គណបក្ស​​នេះ​នៅតែ​មាន​ស្នាម​មេ​ដៃ​គ្រប់គ្រាន់​ក្នុង​​ការ​ចុះ​បញ្ជី​​ដែរ ប៉ុន្តែ ក្រសួង​បែរ​ជា​មិន​ចុះ​បញ្ជី ហើយ​ថែម​ទាំង​ប្ដឹង​លោក សៀម ភ្លុក ទៅ​តុលាការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។