មន្ត្រីសង្គមស៊ីវិលអំពាវនាវឱ្យតុលាការដោះលែងអ្នកទោសមនសិការឱ្យមានសេរីភាពវិញ
2023.04.18

ក្រុមអង្គការសង្គមស៊ីវិលចំនួន៣ស្ថាប័ននៅថ្ងៃទី១៧ មេសា បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ស្នើដល់រដ្ឋាភិបាល និងអ្នកគាំទ្រគណបក្សគ្រប់និន្នាការ ងាកមកបង្កើតវប្បធម៌នយោបាយឈរលើគោលការណ៍បង្រួបបង្រួមជាតិ ចេះអត់ឱនផ្សះផ្សាគ្នា ព្រមទាំងដោះលែងអ្នកទោសមនសិការឱ្យមានសេរីភាពវិញ ក្រុមអង្គការទាំងនោះរំពឹងថា ឆ្នាំថ្មីនេះអាចនឹងបន្ទន់ចិត្ត ឱ្យអ្នកនយោបាយចេះយកគំរូតាមទេវតា ដែលប្ដូរវេនគ្នា ឬក៏ធ្វើអ្វីថ្មីៗ និងចេះយកវប្បធម៌ជជែកគ្នាថែរក្សាកម្ពុជា។
ក្រុមអង្គការសង្គមស៊ីវិលដែលស្នើឱ្យរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយរួមមាន សមាគមបណ្ដាញយុវជនកម្ពុជា (CYN) សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និង សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA)។
ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) លោក កើត សារ៉ាយ សង្កេតឃើញថា ស្ថានភាពសិទ្ធិមនុស្សកាន់តែធ្លាក់ចុះ ដោយសារតែមានសកម្មជន សហជីព សកម្មជនដីធ្លី និងសកម្មជនសង្គមមួយចំនួនត្រូវចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់ ។ លោកចង់ឃើញរដ្ឋាភិបាលធ្វើការរួបរួម និងសហការគ្នាដោយមិនប្រកាន់បក្ខពួកដើម្បីធ្វើឱ្យកម្ពុជាមាននីតិរដ្ឋមួយល្អប្រសើរ។
លោក កើត សារ៉ាយ៖ «សេចក្ដីថ្លែងការណ៍របស់អង្គការសមាគមមិនមែនរដ្ឋាភិបាលវាមិនមានទម្ងន់អ្វីឱ្យរដ្ឋាភិបាលធ្វើតាមនោះទេ ប៉ុន្តែទម្ងន់ដែលអាចធ្វើឱ្យរដ្ឋាភិបាល ឬគណបក្សផ្សេងៗអាចចេះបត់បែន បន្ទាន់ឥរិយាបថ មករកនយោបាយថ្មី គេហៅថាវប្បធម៌យោគយល់ និងអត់ឱនគ្នានេះគឺលើកលែងតែបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់រួមគ្នា ស្នើទាំងអស់គ្នាចង់ឃើញខ្មែរ និងខ្មែរសាមគ្គី ប្រកួតប្រជែងគ្នាដោយត្រឹមត្រូវសេរី និងយុត្តិធម៌»។
គិតមកទល់ពេលនេះ រដ្ឋាភិបាល លោក ហ៊ុន សែន បានចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្មជននយោបាយ និងតស៊ូមតិជាង៧០នាក់ដាក់ពន្ធនាគារ ដោយសារអ្នកទាំងនោះប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន ក្នុងការរិះគន់បញ្ហាដែលកើតឡើងក្នុងសង្គម។ ក្រៅពីនេះសកម្មជនគណបក្សប្រឆាំង រាប់សិបនាក់ និងអ្នកតស៊ូមតិជាច្រើននាក់ទៀត បានភៀសខ្លួនទៅក្រៅប្រទេស ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការស្រាយបំភ្លឺ ពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី១៧ មេសា ។ ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកសំណើរបស់អង្គការស៊ីវិលនេះជារឿងអត់ប្រយោជន៍ពីព្រោះនៅកម្ពុជាគ្មានអ្នកទោសមនសិការ ឬអ្នកទោសនយោបាយទេ គឺមានតែអ្នកទោសដែលលោកអះអាងថា ឧទ្ទាមក្រៅច្បាប់បម្រើផលប្រយោជន៍ឱ្យបរទេស។
លោក សុខ ឥសាន៖ «ត្រូវណែនាំអ្នកដល់អ្នកបម្រើនយោបាយនៃក្រុមឧទ្ទាមក្រៅច្បាប់កុំឱ្យប្រព្រឹត្តខុសច្បាប់ឱ្យឈប់ធ្វើសកម្មភាពបម្រើក្រុមឧទ្ទាមក្រៅច្បាប់ដែលជាសកម្មភាពប៉ុនប៉ងបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ ក៏ដូចជាសេចក្ដីសុខរបស់ប្រជាពលរដ្ឋនៅកម្ពុជាបើគាត់នៅតែមិនអប់រំឱ្យបងប្អូនខាងហ្នឹងឈប់សកម្មភាពល្មើសច្បាប់ទេ ការចាត់វិធានការតាមផ្លូវច្បាប់របស់រដ្ឋាភិបាលគឺនៅតែមាន»។
បើទោះបីជា លោក សុខ ឥសាន ខិតខំថ្លែងការពាររដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បែបណាក៏ដោយ ក៏អង្គការជាតិ និងអន្តរជាតិជាច្រើនបានថ្កោលទោស លោក ហ៊ុន សែន ថា បានបង្ក្រាបទៅលើសកម្មជនគណបក្សប្រឆាំង និងសកម្មជនសិទ្ធិមនុស្សកាន់តែខ្លាំង តាមរយៈការបង្កើតបទចោទប្រកាន់ក្លែងក្លាយទៅលើថ្នាក់ដឹកនាំសហជីព សកម្មជននយោបាយ និងសកម្មជនសិទ្ធិមនុស្សផ្សេងៗទៀត ។ ការរំលោភសិទ្ធិមនុស្ស ការធ្វើទុក្ខបុកម្នេញលើអ្នកមានមនសិការជាតិបែបនេះហើយ ដែលធ្វើឱ្យកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និង GSPរបស់សហរដ្ឋអាមេរិក ។ សភាសហភាពអឺរ៉ុបកាលពីពេលថ្មីៗនេះក៏បានគំរាមកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ បន្ថែមទៀតបើកម្ពុជានៅតែបន្តរំលោភសិទ្ធិមនុស្ស និងធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា លោកសោកស្ដាយដែលអ្នកនាំពាក្យគណបក្សកាន់អំណាចឆ្លើយតបអវិជ្ជមានបែបនេះ។ លោកបន្តថា រដ្ឋាភិបាលគួរតែពិចារណាឡើងវិញនូវសំណើរបស់អង្គការសង្គមស៊ីវិល ពីព្រោះការទាមទារឱ្យកម្ពុជាដោះលែងអ្នកទោស និងឱ្យគ្រប់គណបក្សនយោបាយទាំងអស់ចេះរួបរួមគ្នា គឺដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងការពារសិទ្ធិមនុស្សស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលកម្ពុជាបានចុះហត្ថលេខា។
លោក នី សុខា៖ «ស្នើទៅរដ្ឋាភិបាលជាពិសេសគណបក្សកាន់អំណាចហ្នឹងគួរតែពិចារណាឱ្យបានដិតដល់ព្រោះតែបើសិនបើយើងមិនអាចបន្តការបោះឆ្នោត មិនអាចរៀបចំការបោះឆ្នោតមួយឱ្យល្អត្រឹមត្រូវនៅពេលខាងមុខហ្នឹងទេ នោះវិបត្តិក្នុងប្រទេសកម្ពុជាអាចនឹងមានវិបត្តិជាពិសេសគឺការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិមកលើកម្ពុជាបន្ថែមទៀត ហើយប្រជាពលរដ្ឋនៅកម្ពុជាគឺជាប្រជាពលរដ្ឋដែលធ្លាប់រងគ្រោះខ្លាំងជាងគេក្នុងចំណោមពលរដ្ឋនៅលើពិភពលោក»។
ក្រុមអង្គការសង្គមស៊ីវិលនៅតែទទូចស្នើឱ្យរដ្ឋាភិបាលស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ ហើយបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល និងចង់ឃើញគណបក្សនយោបាយទាំងអស់ចេះយោគយល់គ្នា តាមរយៈការជជែកគ្នាដោយសន្តិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។